Mon, 8 December 2014
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ សេង សូណា ដែលធ្លាប់ប្រកាសខ្លួនក្តែងៗថា ក្រោយពីបញ្ចប់ការថតសម្តែងរឿង «ឆ្នាំវក» នាងនឹងទៅសម្តែងនៅអាមេរិកបីខែនោះ ថ្មីៗនេះបានបញ្ជាក់ប្រាប់ ភ្នំពេញប៉ុស្តិ៍ ថា គម្រោងចេញទៅទឹកដីមហាអំណាចត្រូវបាននាងខ្លាចរអាលែងហ៊ានប្រាថ្នា។
តារាស្រីដែលលេចធ្លោលើវិថីសិល្បៈ ដោយសាររូបភាពថតបង្ហាញដើមទ្រូងសិចស៊ីគ្មានពីរសម្រាប់សិល្បៈខ្មែររូបនេះ បាននិយាយថា៖ «ខ្ញុំមិនហ៊ានគិតទេ សូម្បីតែស្រមៃក៏ខ្លាចដែរ»។
សេត គឹមសឿន
បរិយាយពីការប្រឹងបិទភ្នែកបំភ្លេចក្តីប្រាថ្នាចេញទៅកើបដុំដុល្លារនៅអាមេរិកដែលតារាណាក៏ចង់ទៅសម្តែងនោះត្រូវបានស្រីស្រស់ សេង សូណា រៀបរាប់ថា៖ «ពេលនេះខ្ញុំពិតជាមិនបានគិតដល់មែន រឿងដែលថាចេញទៅសម្តែងនៅអាមេរិកតាមស្ពុនស័រមួយដែលខ្ញុំធ្លាប់អះអាងប្រាប់គេឯងថា ពួកយើងស្គាល់គ្នាតាមហ្វេសប៊ុក ហើយថាធានាយកទៅសម្តែងនៅអាមេរិក រយៈពេលបីខែនោះ»។
តារាស្រីល្បីខាងសម្ដែងកាយវិការសិចស៊ីឥតសំចៃនេះបានពន្យល់ពីការសម្រេចចិត្តលុបគម្រោងរបស់នាងថា៖ «តារាៗមិនថាគេ មិនថាខ្ញុំទេ ចង់ចេញទៅសម្តែងនៅក្រៅប្រទេសណាស់ ពិសេសប្រទេសដែលមានបងប្អូនខ្មែររស់នៅច្រើនដូចជាអាមេរិកនេះ គឺចង់មែនទែន។ ចុះបើឱកាសហុចឲ្យខ្ញុំហើយ ម៉េចក៏ខ្ញុំលែងមិនហ៊ានតោង?»។
បញ្ជាក់ពីសំណួរដែលដាក់ជាចំណោទសួរខ្លួនឯងនោះ តារាសម្តែងសិចស៊ី ដែលទើបបញ្ចប់ការសម្តែងក្នុងតំណែងតួឯកឆ្នាសឆ្នើមក្នុងភាពយន្ត ឆ្នាំវក រូបនេះ ប្រាប់ថា៖ «មុននេះខ្ញុំមានទំនុកចិត្ត លើបុរសម្នាក់ស្គាល់តាមហ្វេសប៊ុកថានៅអាមេរិក ហើយថាធានាខ្ញុំទៅសម្តែង តែពេលដែលខ្ញុំស៊ើបថា គាត់មិនមែនជាអ្នកស្ពុនស័រនាំតារាទៅសម្តែងនៅទីនោះពិត និងមានមិត្តភក្តិប្រាប់ថា ប្រយ័ត្នគេបោកនោះ ខ្ញុំក៏ខ្លាចហើយក៏បំភ្លេចមហិច្ឆតាទៅសម្តែងនៅអាមេរិកនោះទៅ»។
សេង សូណា បានប្រាប់ថា ថ្មីៗនេះក៏មានបងស្រីរាប់អានគ្នាម្នាក់មកពីអាមេរិក រំឭកប្រាប់ថា អ្នកធានាតារាទៅសម្តែងខ្លះ មិនមែនធានាទៅសម្តែងពិតទេ តែបែរជានាំតារាទៅឲ្យបុរសៗនៅទីនោះ។
នាងរៀបរាប់ថា៖ «រឿងនេះធ្លាប់កើតមានមែន ឮដូច្នេះខ្ញុំក៏រឹតតែមិនហ៊ានចេញទៅតាមអ្នកថានាំខ្ញុំទៅនោះ»។
សូណា ត្រូវបានមហាជនស្គាល់ដោយសារភាពសិចស៊ី រហូតមានមហាជនខ្លះថា នាងជាតារាលក់ខ្លួនក៏មាននោះ។ បើទោះជាកេរ្តិ៍ឈ្មោះនាងរងនូវរឿងអាស្រូវបែបនេះ ប៉ុន្តែនាងនៅតែអះអាងថា នាងនឹងមិនធ្វើបែបនេះដាច់ខាត។
ទោះជាដំណើរទៅអាមេរិកលើកនេះត្រូវខកខានព្រោះតែខ្លាចជ្រុលខ្លួនបង់ប្រាណក្ដីក៏ស្រីស្រស់ សូណា បានបញ្ជាក់ផងដែរថា នាងមិនបោះបង់ឱកាសស្គាល់ប្រទេសធំៗនោះឡើយ។
ក្រៅពីការរំពឹងលើស្ពុនស័រនោះ នាងបានប្ដេជ្ញាថា៖ «ថ្ងៃណាមួយខ្ញុំនឹងចេញទៅដើរលេងដោយខ្លួនឯង ហើយក៏មិនទៅតែអាមេរិកមួយនោះដែរ អាចថាបន្តដំណើរម្តងបីប្រទេសក៏មិនដឹង»៕
you like sex
I love U? baby. Love U with all my heart.