គ្រឿង​តែងកាយ​អ្នក​របាំ​ឲ្យ​ក្លាយ​ជា​ព្រះអាទិទេព និង​ទេវតា

ក្រុម​របាំ​ដឹកនាំ​ដោយ​អ្នកគ្រូ សូភីលីន ជាមសាភារ៉ូ ពេល​សម្ដែង​នៅ​ទីក្រុង​វីយែន កាលពី​ឆ្នាំ​២០០៦​។

ក្រុម​របាំ​ដឹកនាំ​ដោយ​អ្នកគ្រូ សូភីលីន ជាមសាភារ៉ូ ពេល​សម្ដែង​នៅ​ទីក្រុង​វីយែន កាលពី​ឆ្នាំ​២០០៦​។ រូបថត AFP




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: នៅក្នុង​ទម្រង់​របាំ​បុរាណ​ខ្មែរ សម្លៀកបំពាក់​ពិតជា​មាន​សារៈសំខាន់​ទាក់ទង​នឹង​សោភណភាព​។ មុន​ពេល​ចេញ​សម្ដែង​ម្ដងៗ ក្រុម​របាំ​តែងតែ​ពិនិត្យពិចៃ​ចំពោះ​សម្លៀកបំពាក់​តែង​កាយ​ឲ្យ​តឹងណែន​នឹង​ខ្លួនប្រាណ ហើយ​ការ​ស័ក្ដិសម​នោះ​ក៏​ចាំបាច់​អាច​ធ្វើឲ្យ​ពួកគេ​ធ្វើ​កាយវិការ​យ៉ាង​ងាយស្រួល​ផង​ដែរ​។

ការ​បើក​សម្ពោធ​ពិព័រណ៍​ថ្មី​មួយ​នៅ វិចិត្រសាល ចាវ៉ា (Java Arts) កាលពី​សប្ដាហ៍​មុន ពិព័រណ៍ «ព្រះអាទិទេព និង​ទេវតា» បាន​បង្ហាញ​ពី​សម្លៀកបំពាក់​ដ៏ស្រស់ស្អាត​ដែល​ត្រូវ​បាន​ប្រើ​ក្នុង​ទម្រង់​របាំ​បុរាណ​ដោយ​អ្នកស្រី សូភីលីន ជាមសាភារ៉ូ ជា​នាដការិនី​ដែល​មាន​ឆន្ទៈ​មាំមួន​ក្នុង​ការ​លើក​ស្ទួយ​របាំ​ប្រពៃណី​ខ្មែរ​។

អ្នកស្រី សុគន្ធា ដេរប៉ាក់ឌិន​សម្លៀកបំពាក់​របាំ​យ៉ាង​ផ្ចិតផ្ចង់។ Charlotte Pert

ថ្មីៗ​មក​នេះ អ្នកគ្រូ សូភីលីន បាន​បង្កើត​ស្នាដៃ​របាំ​សហសម័យ ប៉ុន្ដែ​ចំពោះ​ការ​ជ្រើសរើស​សម្លៀកបំពាក់​ឲ្យ​សម​នឹង​ការ​សម្ដែង​នេះ​គឺជា​ឈុត​បែប​ប្រពៃណី​ពី​សម័យ​រាប់​សតវត្សរ៍​មុន​របស់​កម្ពុជា​។ ការ​រៀបចំ​សម្លៀកបំពាក់​គឺជា​កិច្ចការ​ចាំបាច់​ដំបូង​របស់​នាដការិនី នៅពេល​អ្នកគ្រូ​មាន​បំណង​ចង់​ច្នៃ​សម្លៀកបំពាក់​ឲ្យ​បាន​សម​នឹង «សម័យកាល​មាស​» ក្នុង​ទសវត្សរ៍​ទី​៦០ ដើម្បី​ជំនួស​សាច់ក្រណាត់​គុណភាព​អន់​ដែល​ក្រុម​របាំ​បាន​ធ្វើ​បណ្ដោះអាសន្ដ​នៅពេល​អ្នកគ្រូ​ទើប​មក​ចូលរួម​កាលពី​បើក​សាលា​វិចិត្រ​សិល្បៈ​ដំបូង​ក្នុង​ឆ្នាំ​១៩៨១​។

ការ​បង្កើន​គុណភាព​សាច់ក្រណាត់ និង​វិធីសាស្ដ្រ​ដេរប៉ាក់​នេះ​ពិតជា​ស័ក្ដិសម​នឹង «​សម័យកាល​មាស​» កាន់តែ​ច្រើន​។ នៅ​ទីកន្លែង​សម​របាំ​ស្ថិត​ក្នុង​ទីធ្លា​ផ្ទះ​នៅ​ផ្លូវ​លេខ​១៧៨ អ្នក​ច្នៃម៉ូដ​ឲ្យ​អ្នកគ្រូ សូភីលីន អ្នកស្រី គុម សុគន្ធា បាន​ពន្យល់​ប្រាប់​ថា វិធី​កាត់ និង​ដេរប៉ាក់
​របស់​អ្នកស្រី​បាន​ផុស​ចេញ​ពី​គំនិត​ផ្ទាល់​ខ្លួន​។ អ្នកស្រី បាន​ស្រាវជ្រាវ​ពី​រូបចម្លាក់ និង​គំនូរ​នៅ​សាកលវិទ្យាល័យ​វិចិត្រ​សិល្បៈ ហើយ​បាន​ចេះច្នៃ​ម៉ូដ​សម្លៀកបំពាក់​បុរាណ​ដោយ​ចៃដន្យ​នៅពេល​អ្នកស្រី បាន​រៀប​មង្គលការ​ចូល​ក្នុង​គ្រួសារ​ដែល​ជំនាញ​ខាង​ផ្នែក​នេះ​។

អ្នកស្រី បាន​រំឭក​ថា​៖ «​ក្រុម​គ្រួសារ​ទាំងអស់​បាន​កាត់​សម្លៀកបំពាក់​ឲ្យ​ព្រះបរមរាជវាំង​។ ខ្ញុំ​បាន​រៀន​ពី​ឪពុកក្មេក​ដែល​គាត់​គឺជា​គ្រូ​ផ្នែក​ចម្លាក់​»។

សមាជិក​៤​នាក់ រួម​ទាំង​កូន​របស់​អ្នកគ្រូ​ផង គឺជា​កូនកន្ដ្រៃ ហើយ​សមាជិក​ផ្សេង​ទៀត​មាន​ជំនាញ​ផ្នែក​ផ្សេងៗ​គ្នា ដូចជា ធ្វើ​របាំង​មុខ និង​មកុដ​ជាដើម។

អ្នកស្រី សុគន្ធា បាន​បង្ហើប​ឲ្យ​ដឹង​ថា វា​ត្រូវការ​មនុស្ស​៤​នាក់​ក្នុង​មួយ​ខែ​ដើម្បី​កាត់ដេរ​សម្លៀកបំពាក់​របាំ​មួយ​ឈុត​សម្រាប់​តួអង្គឯក​។ ឈុត​របាំ​លំដាប់​កំពូល​មួយ​ឈុត​អាច​មាន​តម្លៃ​ខ្ពស់​បំផុត​ប្រមាណ​៣០០​ដុល្លារ​។

អ្នកស្រី​ថ្លែង​ថា​៖ «​សមាជិក​គ្រួសារ​ខ្លះ​បាន​ប្ដូរ​មុខរបរ​ធ្វើ​គ្រឿង​តុបតែង​អ្នក​របាំ​ដោយសារ​តែ​ពួកគេ​មិន​អាច​រក​ចំណូល​បាន​ច្រើន និង​មិន​ទទួល​បាន​តម្លៃ​ពី​ការ​ខិតខំ​របស់​ពួកគេ​!»។

អ្នកស្រី​បាន​បកស្រាយ​ឲ្យ​ដឹង​ថា​អ្នកស្រី មិន​ខ្លាច​នឹង​ការ​និយាយ​ថា អ្នកស្រី​កំពុង​ប្រកប​មុខរបរ​លើ​ទម្រង់​សិល្បៈ​ដែល​កំពុង​ប្រឈម​នឹង​ភាព​បាត់បង់​ដ៏​គួរ​ឲ្យ​បារម្ភ​នោះ​ទេ។

អ្នកស្រី​សើច​ញឹមៗ​បន្ដិច​នៅពេល​សួរ​ថា តើ​បច្ចេកវិទ្យា​បាន​មក​ដណ្ដើម​ការងារ​របស់​អ្នកស្រី​ឬ? អ្នកស្រី ឆ្លើយតប​ដោយ​បាន​ចង្អុល​ទៅកាន់​គ្រឿង​ប៉ាក់ឌិន និង​អំបោះ​ដែល​អ្នកស្រី​កំពុង​ដេរ​អង្កាំ​ម្ដង​មួយ​គ្រាប់ៗ​លើ​ក្រណាត់​បៃតង​ថា​៖ «​ការ​ដេរប៉ាក់​នេះ​មិន​អាច​ធ្វើ​ដោយ​គ្រឿង​ម៉ាស៊ីន​ទេ​។ វា​ត្រូវ​ធ្វើ​ម្ដង​មួយៗ​»។

ពិព័រណ៍ «ព្រះអាទិទេព និង​ទេវតា» នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​២៥ ខែ​មករា នៅ​វិចិត្រសាល ចាវ៉ា Java Cafe ផ្លូវ​៥៦ មហាវិថី​ព្រះសីហនុ៕ HR

រាយការណ៍​បន្ថែម​ដោយ មួង វណ្ណឌី


What Next?

Recent Articles