​អង្ក​ការ​លីកាដូ​អំពាវនាវ​ឲ្យ​ដោះលែង​សកម្មជន​ទាំង​១៨​នាក់​ ខណៈ​ទិវា​សិទ្ធិមនុស្ស​ជិត​ចូលមក​ដល់​​

ដោយ៖​ ទូច សុខា​
ថ្ងៃចន្ទ ទី8 ធ្នូ 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

រូបថតសកម្មជន​ដីធ្លីបិទនៅ​មុន​ពន្ធនាគារព្រៃស ​ដែល​ក្រុម​អ្នក​តវ៉ា​ទាម​ទារ​ឲ្យ​ដោះ​លែង

​អង្គការ​លីកាដូ​អំពាវនាវ​ឲ្យមាន​ការដោះលែង​សកម្មជន​គណបក្សជំទាស់ សកម្មជន​ជា​ព្រះសង្ឃ និង​សកម្មជន​ដីធ្លី​មួយ​ចំនួន​ទៀត ដោយ​ចាត់ទុកថា​ពួកគាត់​ទាំងនោះ​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​ ។  

​ក្នុងឱកាស​ទិវា​សិទ្ធិមនុស្ស ថ្ងៃទី​១០ ខែ​ធ្នូ  ជិត​ចូលមក​ដល់ អង្គការ​លីកាដូបាន​អំពាវនាវ​ឲ្យមាន​ការដោះលែង​ប្រជពលរដ្ឋ​ទាំង​បុរស និង​ស្ត្រី​១៨​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​តាំងពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៤ ​។ ក្នុង​សេចក្តី​ថ្លែង​ការ​របស់​ខ្លួន​នេះ អង្គការ​លីកាដូ ចាត់​ទុក​បទ​ចោទប្រកាន់ ទៅលើ​អ្នក​ទាំង​១៨​នោះ​ថា ជាការ​បំបិទមាត់​អ្នក​រិះគន់ និង​រំលោភ​បំពាន ក៏ដូចជា​ការបំភិតបំភ័យ​លើ​សកម្មជន​ ។​

​លោក អំ សំអាត អ្នកគ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​អង្គការ​សិទិ្ធមនុស្ស លីកាដូ អះអាងថា​ការ​ការចាប់ខ្លួន​សកម្ម​ជន​ទាំងនោះ ជាង​រឿង​ខុសច្បាប់ ហើយ​ការសម្រេចសេចក្តី​របស់​តុលាការ​ក៏​គ្មាន​ហេតុផល​និង​ភស្តុតាង​ច្បាស់លាស់​ដែរ​ ។ លោកថា ការ​យក​មនុស្ស​ដែល​គ្មាន​កំហុស​ទៅ​ដាក់គុក​គឺ ជា​រឿង​ដែល​មិន​ត្រឹមត្រូវ ហើយ​វា​ជា​ការរំលោភ​សិទ្ធិមនុស្ស ​។​ ​លោក​បន្ថែមថា ​«​បាទ​បើ​ការឃុំខ្លួន​មនុស្ស​មួយ​ដោយ​គ្មាន​កំហុស គឺជា​ការរំលោភ​សិទ្ធិមុស្ស​ធ្ងន់ធ្ងរ​ណាស់ ព្រោះ​ការឃុំខ្លួន​មនុស្ស​មួយៗ គឺ​ដូចជា​ការដកហូត​សិទ្ធិ​សេរីភាព​របស់​គេ​អស់​ជាច្រើន​អញ្ចឹង​។ បើសិនជា​ការឃុំខ្លួន​មនុស្ស​មួយៗ​នៅ​ស្រុក​គេ  តុលាការ​នៅ​ស្រុក​គេ គេរ​កថា​អ្នកឯង​ហ្នឹង​ជា​អ្នកប្រព្រឹត្តិ​ប្រាកដប្រជា គេ​ឃុំខ្លួន​ដើម្បី​យុត្តិធម៌ អា​នេះ​មែន​ថា​ឃុំខ្លួន​ដោយ​អយុត្តិធម៌ គ្នា​រងគ្រោះ​ដោយសារ​ដីធ្លី​ហើយ  ឬ​រឿង​នយោបាយ បែរ​ជា​ខ្លួន​ទៅ​ជាប់គុក​ទៀត អាហ្នឹង​វា​ជា​រឿង​មួយ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​ប្រជ​ពលរដ្ឋ​ធ្ងន់ធ្ងរ​»​ ។ 

​លោក សួន ប៊ុន​ស័ក្តិ អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម នៃ​អង្គការ​សមាគម​ការពា​រ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា CHRAC ចាត់ទុកថា រាជរដ្ឋាភិបាល​បាន​យក​ប្រព័ន្ធ​តុលាការ​មក​ដាក់​សម្ពាធ​លើ​សកម្មជន​សិទ្ធិមនុស្ស ឬ​អ្នក​ការពារ​ដីធ្លី ដែល​វា​បង្ហាញ​ពី​ការរំលោភ​សិទ្ធិមនុស្ស និង​អយុត្តិធម៌​ ។ ​លោក​ថា ​«​វា​ស្តែងចេញ​អំពី​ការ​មិន​អនុវត្ត​នីតិ​ច្បាប់​ឲ្យបាន​ត្រឹមត្រូវ ដោយសារ​អ្នក​បញ្ចេញមតិ​យោបល់​ត្រូវគេ​ចោទប្រកាន់​ពី​បទល្មើស​ព្រហ្មទណ្ឌ អញ្ចឹង​ក្នុង​ក្រប​ខណ្ឌ​ដែល​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ត្រូវ​តែ​ប្រើប្រាស់​ច្បាប់​ដែល​មាន​ស្រាប់ គឺ​បាតុកម្ម​ដោយ​សន្តិវិធី​ហ្នឹង នៅពេល​ដែល​បាតុកម្ម​ហ្នឹង​ចប់​ទៅ​គេ​ដោះលែង​អ្នក​នោះ​ឲ្យមាន​សេរីភាព​វិញ​ហើយ គេ​មិន​ចោទប្រកាន់ ពី​រឿង​នេះ​រឿង​នោះ​ទេ តែ​រាជរដ្ឋាភិបាល​ឆ្លៀតឱកាស​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​នេះ​មក​ដាក់​សម្ពាធ​លើ​ក្រុម​សកម្មជន​សិទ្ធិមនុស្ស ឬ​អ្នក​ការពារ​ដីធ្លី ជាពិសេស​ព្រះសង្ឃ​ដែល​កំពុង​ចូលរួម​ចំណែក​ជាមួយ​សង្គម​យ៉ាង​សកម្ម​នោះ​។ អញ្ចឹង​រឿងរ៉ាវ​ទាំងអស់នេះ សុទ្ធតែ​ស្តែងចេញ ពី​ភាពអយុត្តិធម៌ បើសិនជា​មាន​ភាពអយុត្តិធម៌​បែបនេះ យើងទាំងអស់គ្នា​ចាត់ទុកថា​ជា​រឿង​អយុត្តិធម៌​»​។ 

ទោះយ៉ាងណា មន្ត្រី​រដ្ឋាភិបាលក៏ដូចជា​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ធ្លាប់​លើក​ឡើង​ថាការចាប់ខ្លួន​អ្នក​ទាំងនោះ​គឺជា ការអនុវត្ត​ច្បាប់​ដើម្បី​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​ ។​
​បុគ្គល​ទាំង​១៨​នាក់​នោះ មាន​៧​នាក់​កំពុង​ស្ថិត​ក្នុង​ការឃុំខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ និង​១១​នាក់​ផ្សេង​ទៀត​ត្រូវបាន​ផ្តន្ទាទោស និង​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ក្នុង​រាជធានី​ភ្នំពេញ​ ។ អង្គការ​លីកាដូ អំពាវនាវ​ដោយ​ទទួច​សុំឲ្យ​មាន​ការដោះលែង និង​លើកលែង​បទ​ចោទប្រកាន់​ទាំង​អស់​ ៕

​សូម​សរសេរ​មកកាន់ លោក ទូច សុខា តាមរយៈ sokha@vodhotnews.com

What Next?

Recent Articles