បទ​វិភាគ៖ តើ​លោក ហ៊ុន សែន អាច​បំបែក​សម្ពន្ធភាពបក្ស​ប្រឆាំង​បាន​ដែរ​ឬ​ទេ?

ដោយ ទីន ហ្សាការីយ៉ា
2014-12-08
RFA

សម រង្ស៊ី កឹម សុខា ហ៊ុន សែន ៦១០
លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (កណ្ដាល) ជជែក​ជាមួយ​លោក ហ៊ុន សែន ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ២០១៤ នា​វិមាន​ព្រឹទ្ធ​សភា។ RFA/Tin Zakariya

គណបក្ស​ប្រជាជន​កម្ពុជា បាន​កាន់អំណាច​ជាង ៣០​ឆ្នាំ​មក​ហើយ ដោយសារ​តែ​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​របស់​គណបក្ស​នេះ ពិសេស​គឺ​មក​ពី​ការ​រៀបចំ​យុទ្ធសាស្ត្រ​នយោបាយ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​គណបក្ស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ហ៊ុន សែន បាន​ប្រើ​យុទ្ធសាស្ត្រ​សព្វ​បែប​យ៉ាង​ដើម្បី​យក​ឈ្នះ​លើ​គូប្រកួត។ ទោះបីជា​ចាញ់​ឆ្នោត​ក៏​ឈ្នះ ឈ្នះ​ឆ្នោត​ក៏​ឈ្នះ។ ម្យ៉ាងទៀត​គណបក្ស​ប្រជាជន​កម្ពុជា ក៏​អាច​ប្រើ​យុទ្ធសាស្ត្រ​បំបែកបំបាក់​គូប្រកួត​ដែរ​ដើម្បី​សម្រេច​គោលបំណង​របស់​ខ្លួន។

ងាក​មក​បរិបទ​នយោបាយ​ក្នុង​ការ​បោះឆ្នោត​នីតិកាល​ទី ៥ នេះ​វិញ មេ​បក្ស​ប្រឆាំង​ទាំង​ពីរ​បាន​ទម្លាក់​ចោល​ការ​ខុស​គ្នា រួច​ងាក​មក​ប្រកៀក​ស្មា​គ្នា​យ៉ាង​រឹងមាំ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ តែ​យ៉ាង​នេះ​ក្ដី តើ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កើត​ចេញ​ពី​សម្ពន្ធភាព​វាង​គណបក្ស សម រង្ស៊ី របស់​លោក សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស របស់​លោក កឹម សុខា នោះ អាច​ប្រឈមមុខ​នឹង​ការ​បំបែក​បំបាក់​របស់​លោក ហ៊ុន សែន ទៀត ឬ​យ៉ាង​ណា?

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ធ្លាប់​ជា​គូបដិបក្ខ​ដ៏​ធំ​មួយ​នៅ​ក្នុង​ការ​ប្រកួតប្រជែង​នយោបាយ​កន្លង​មក។ អ្នក​ទាំង​ពីរ​តែងតែ​វាយ​ប្រហារ​ឆ្លើយឆ្លង​ពាក្យ​សម្ដី​រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក ដែល​គេ​ឯង​តែង​មើល​ឃើញ​ថា លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ដូច​ទឹក​និង​ប្រេង មិន​អាច​រលាយ​ចូល​គ្នា​បាន​សោះ។ ក៏ប៉ុន្តែ​នរណា​ទៅ​ស្មាន​ដល់​ថា ឥឡូវ​ទឹក​និង​ប្រេង​នេះ ចាប់​ផ្ដើម​រលាយ​ចូល​គ្នា​បណ្តើរៗ​ហើយ។

ភាសា​រួម​មួយ​ដែល​អ្នក​ទាំង​ពីរ​លើក​យក​មក​និយាយ​ប្រាប់​ពលរដ្ឋ​នៅ​ពេល​នេះ គឺ​វប្បធម៌​សន្ទនា​គ្នា។ តើ​នេះ​ជា​វប្បធម៌​ថ្មី​បើក​អោយ​មាន​ការ​សន្ទនា​រវាង​គណបក្ស​នយោបាយ ឬ​ក៏​យុទ្ធសាស្ត្រ​ចាស់​ផ្លាស់​ឈ្មោះ​ថ្មី ដើម្បី​អូស​ទាញ​លោក សម រង្ស៊ី ហើយ​បំបែកបំបាក់​លោក កឹម សុខា?

នរណា​ក៏​មើល​ឃើញ​ថា សម្ពន្ធភាព​ដ៏​រឹងមាំ​មុន​ការ​បោះឆ្នោត​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា ហៀប​តែ​នឹង​ផ្ដួល​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក ហ៊ុន សែន បាន​ទៅ​ហើយ បើ​តាម​លទ្ធផល​នៃ​ការ​បោះឆ្នោត​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ កន្លង​ទៅ​នេះ។ កាល​នោះ​មេដឹកនាំ​គណបក្ស​នេះ​បាន​លើក​ជា​ទ្រឹស្ដី​នៅ​ពេល​ឃោសនា​បោះ​ឆ្នោត​ថា សមាជិក​គណបក្ស​ខ្លួន​ទិញ​ក៏​មិន​លក់​សម្លុត​ក៏​មិន​ខ្លាច។ ការ​ថ្លែង​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​នេះ ហាក់​ដូច​ជា​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា សមាជិក​របស់​ខ្លួន​នឹង​មិន​លក់​ខ្លួន​ឲ្យ​គណបក្ស​គូប្រកួត​ឡើយ។

គណបក្ស​ប្រជាជន​កម្ពុជា ហាក់​ដឹង​យ៉ាង​ច្បាស់​ថា យុទ្ធសាស្ត្រ​សម្លុត ឬ​ការ​ទិញ​ទឹក​ចិត្ត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​រត់​ចុះ​ចូល​ដូច​ដែល​ខ្លួន​ធ្លាប់​បាន​ជោគជ័យ​កាល​ពី​មុន ឆក់​យក​សមាជិក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​សមាជិក​គណបក្ស សម រង្ស៊ី នោះ លែង​ទទួល​បាន​ជោគជ័យ​ហើយ។ សមាជិក​គណបក្ស​ប្រឆាំង​​ដឹង​ច្បាស់​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ធ្លាក់​ចុះ​ប្រជាប្រិយភាព​ពី​ម្ចាស់​ឆ្នោត​ដោយសារ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ធ្វើ​ឲ្យ​មាន​បញ្ហា​ជា​ច្រើន ដូចជា បញ្ហា​ទំនាស់​ដីធ្លី ភាព​អយុត្តិធម៌​នៅ​ក្នុង​សង្គម ពោល​គឺ​តុលាការ​មិន​ឯករាជ្យ រដ្ឋាភិបាល​ខ្វះ​សមត្ថភាព​ក្នុង​ការ​បញ្ចប់​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍ គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រ​កាន់​តែ​ច្រើន ។ ល ។

ងាក​មក​មើល​ការវិវឌ្ឍន៍​នយោបាយ​ចុង​ក្រោយ​នេះ​វិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្ដូរ​យុទ្ធសាស្ត្រ​នយោបាយ​ថ្មី​មួយ​ទៀត ដោយ​លោក​ហាក់​ដូចជា​បង្ហាញ​ថា លោក​ទោរទន់​ទៅ​តាម​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ពិសេស​លោក សម រង្ស៊ី ដូចជា​ព្រម​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ថ្មី ព្រម​ផ្ដល់​អាជ្ញាប័ណ្ណ​វិទ្យុ ទូរទស្សន៍ ពិសេស​ព្រម​ធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋ​សភា​ប្រកា ៤៨​ថ្មី ដោយ​រៀបចំ​ឲ្យ​មាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​ដែល​មាន​អាសនៈ​នៅ​ក្នុង​សភា និង​ព្រម​រៀបចំ​ឲ្យ​មាន​ប្រធាន​ក្រុម​ភាគ​តិច​នៅ​រដ្ឋសភា ដែល​មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី ដើម្បី​ជា​គូសន្ទនា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​លោក សម រង្ស៊ី នឹង​ក្លាយ​ជា​ប្រធាន​ក្រុម​ភាគ​តិច​នេះ។

ការ​បង្កើត​ឲ្យ​មាន​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ក្នុង​សភា​នេះ តាម​មើល​ទៅ​អាច​ថា ជា​ការ​បន្សាប​ឥទ្ធិពល​លោក កឹម សុខា ដែល​លោក​ជា​អនុ​ប្រធាន​សភា និង​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផង​នោះ។ តួនាទី​នេះ ហាក់​ដូចជា​ដើរ​ផ្ទុយ​ពី​របប​សភា​និយម ព្រោះ​ថា រដ្ឋធម្មនុញ្ញ​មាត្រា ៩៨ បាន​ចែង​យ៉ាង​ច្បាស់​ថា តំណាងរាស្ត្រ ៣០​រួប អាច​កោះហៅ​នាយករដ្ឋមន្ត្រី ឬ​រដ្ឋមន្ត្រី​នានា​មក​សួរនាំ​ក្នុង​សភា​បាន​ទៅ​ហើយ ហេតុអ្វី​ចាំបាច់​មាន​ប្រធាន​ក្រុម​ភាគ​តិច​នេះ​ទៀត?

ម្យ៉ាង​វិញ​ទៀត ការ​ចង់​បាន​ប្រធាន​ក្រុម​ភាគ​តិច​នេះ ហាក់​បី​ដូចជា​លោក សម រង្ស៊ី សម្រេច​ចិត្ត​លឿន​បន្តិច។ គេ​នៅ​ចាំ​បាន​ថា កាល​ពី​ការ​ធ្វើ​បាតុកម្ម​ដ៏​ផុស​ផុល​នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ឆ្នាំ​២០១៣ ក្រោយ​ពេល​បោះ​ឆ្នោត​នោះ គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា រាល់​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ទទួល​យក​ការ​ព្រមព្រៀង​ណា​មួយ ត្រូវ​ធ្វើ​សមាជ​សួរ​យោបល់​អ្នក​គាំទ្រ​របស់​ខ្លួន​ជា​មុន​សិន។ តែ​ពេល​នេះ អ្វីៗ​ហាក់​ផ្ទុយ​ពី​កិច្ចសន្យា​ចំពោះ​មុខ​អ្នក​គាំទ្រ​នោះ។

ការ​ព្រមព្រៀង​រវាង​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន នេះ ហាក់​ដូចជា​ការ​សម្រេច​ទាន់ហន់​រហូត​ដល់​មាន​ដំណឹង​លេច​ឮ​ថា មិន​បាន​ពិភាក្សា​ជាមួយ​លោក កឹម សុខា ផង។ ម្យ៉ាង​វិញ​ទៀត លោក ហ៊ុន សែន មិន​ងាយ​យល់​ព្រម​ផ្ដល់​តួនាទី​ឲ្យ​បក្ស​ប្រឆាំង ឬ​ព្រមព្រៀង​ទៅ​លើ​ការ​ស្នើ​សុំ​ណា​មួយ​ងាយៗ​នោះ​ទេ ព្រោះ​ថា គណបក្ស​ប្រឆាំង​គឺ​ជា​គូប្រជែង​ស្លាប់​រស់​របស់​ខ្លួន។ ម្យ៉ាង​ទៀត នរណា​ក៏​ដឹង​ដែរ​ថា លោក ហ៊ុន សែន និង​លោក សម រង្ស៊ី គឺ​ជា​គូប្រកួត​ដ៏​ខ្លាំងក្លា​មួយ​នៅ​លើ​សង្វៀន​នយោបាយ​នៅ​ក្នុង​រយៈពេល​ជាង ២០​ឆ្នាំ​មក​នេះ។ ចុះ​ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន ចាប់​យក​លោក សម រង្ស៊ី ជា​គូសន្ទនា​នៅ​ពេល​នេះ?

បើសិនជា​មេដឹកនាំ​ទាំង​ពីរ​គិត​ពី​ផលប្រយោជន៍​ជាតិ​ជា​ធំ និង​មាន​ឆន្ទៈ​ផ្សះផ្សា​ជាតិ​មែន មិន​មែន​លោក ហ៊ុន សែន បណ្ដែតបណ្ដោយ​ឲ្យ​កងកម្លាំង​បាញ់​ប្រហារ​កម្មករ​ស្លាប់​អស់​ជា​ច្រើន​នាក់​នៅ​ពេល​បាតុកម្ម​នោះ​ទេ ហើយ​ក៏​មិន​ធ្វើការ​វាយ​ប្រហារ​លោក កឹម សុខា ដែល​ជា​សម្ព័ន្ធមិត្ត​របស់​លោក សម រង្ស៊ី នោះ​ដែរ។

បរិបទ​នយោបាយ​នៅ​ពេល​នេះ ទិសដៅ​សំខាន់ តាម​មើល​ទៅ​លោក ហ៊ុន សែន ហាក់​ប្រើ​យុទ្ធសាស្ត្រ​បង្រួបបង្រួម បំបែកបំបាក់ បង្កើត​ថ្មី ក្នុង​ការ​បំបែកបំបាក់​សម្ពន្ធភាព​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា ដូច​ដែល​លោក​ធ្លាប់​ធ្វើ​បាន​ជោគជ័យ​កន្លង​មក។ ដូចជា​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០០៣ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដឹកនាំ​ដោយ​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​គណបក្ស សម រង្ស៊ី ដែល​មាន​លោក សម រង្ស៊ី ជា​ប្រធាន​នោះ គឺ​គណបក្ស​ទាំង​ពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​បង្កើត​សម្ពន្ធភាព​អ្នក​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០០៣ ដែល​គណបក្ស​ទាំង​ពីរ​បាន​ប្រឆាំង​ដាច់ខាត​បេក្ខជន​លោក ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី ដោយ​ចង់​ឲ្យ​លោក ជា ស៊ីម ឬ​លោក ស ខេង ជា​នាយកមន្ត្រី​វិញ។

ជា​រឿយៗ ពលរដ្ឋ​តែង​ឮ​ថា សម្ពន្ធភាព​រវាង​អ្នក​នយោបាយ​រឹងមាំ​ណាស់។ សម្ដេចក្រុមព្រះ និង​លោក សម រង្ស៊ី កាល​នោះ​​ប្រកាស​ថា សម្ពន្ធភាព​អ្នក​ប្រជាធិបតេយ្យ​រឹង​មាំ គ្មាន​អ្នក​បំបែកបំបាក់​បាន​ឡើយ មិន​ខុស​ពី​អ្វី​ដែល​លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រកាស​នៅ​ពេល​ជា​ហូរហែ​មក​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ងាយ​បែកបាក់​គ្នា​នោះ​ឡើយ។ ក៏ប៉ុន្តែ​នៅ​ទីបំផុត​សម្ពន្ធភាព​អ្នក​ប្រជាធិបតេយ្យ​របស់​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​លោក សម រង្ស៊ី ដ៏​រឹងមាំ​នោះ មិន​យូរ​ប៉ុន្មាន​ផង​ក៏​ដាច់​សម្ព័ន្ធ​នេះ​ទៅ​វិញ។ ជា​ជម្រើស​ចុង​ក្រោយ សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​រត់​ទៅ​ចាប់​លោក ហ៊ុន សែន ដោយសារ​តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ដល់​តួនាទី​ឲ្យ​សម្ដេចក្រុមព្រះ​ជា​ព្រះ​ប្រធាន​រដ្ឋ​សភា និង​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចូល​រួម​រដ្ឋាភិបាល​ចម្រុះ ដោយ​ទុក​ឲ្យ​លោក សម រង្ស៊ី ដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​សភា​ដដែល។

យុទ្ធសាស្ត្រ​បង្រួបបង្រួម បំបែកបំបាក់ បង្កើត​ថ្មី​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់​កំពុង​លេង​ជា​បន្ត​បន្ទាប់។ បើ​យើង​ក្រឡេក​មើល​ថយ​ក្រោយ​វិញ​បន្តិច នៅ​ពេល​ស្ថានភាព​នយោបាយ​ជាប់​គាំង ជា​ញឹកញាប់​ក្នុង​ពេល​ចរចា លោក ហ៊ុន សែន តែងតែ​ជួប​ចរចា​តាម​ទូរស័ព្ទ និង​ជួប​ផ្ទាល់​ជាមួយ​លោក សម រង្ស៊ី នៅ​ពេល​លោក កឹម សុខា ទៅ​ទស្សនកិច្ច​នៅ​បរទេស។ ម្យ៉ាង​ទៀត លោក ហ៊ុន សែន ខ្លួន​ឯង​ក៏​ធ្លាប់​ថ្លែង​ជា​សាធារណៈ​ថា ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​មិន​បាន​កាល​នោះ គឺ​បណ្ដាល​មក​ពី​លោក កឹម សុខា។

រី​ឯ​ការ​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១៤ នៅ​ក្បែ​ទីលាន​ប្រជាធិបតេយ្យ​វិញ នៅ​មុន​ពេល​ជំនួប​ចរចា​កំពូល​ដែល​ដឹកនាំ​ដោយ​អ្នកស្រី មូរ សុខហួរ នោះ តំណាងរាស្ត្រ​ទាំង ៧​រួប សុទ្ធតែ​មក​ពី​កូតា​គណបក្ស​សម រង្ស៊ី ទាំ​អស់។ កាល​ណោះ​លោក សម រង្ស៊ី កំពុង​តែ​នៅ​ក្រៅ​ប្រទេស។ ក្រោយ​ចាប់​ខ្លួន​ប៉ុន្មាន​ថ្ងៃ លោក សម រង្ស៊ី ក៏​វិល​មក​កម្ពុជា​វិញ​ភ្លាមៗ នៅ​ពេល​នោះ លោក សម រង្ស៊ី ហាក់​ដឹង​ជា​មុន​អំពី​ការ​ចរចា និង​មាន​ការ​ដោះលែង​វិញ ព្រោះ​លោក សម រង្ស៊ី អះអាង​ភ្លាមៗ​ថា អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ នឹង​មាន​ការ​ដោះលែង​វិញ​មិន​ខាន។

ការ​អញ្ជើញ​មក​ដល់​ភ្នំពេញ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ក៏​រៀបចំ​ការ​ជួប​គ្នា​ចរចា​រក​ដំណោះស្រាយ​នយោបាយ​យ៉ាង​ឆាប់​រហ័ស​នៅ​ថ្ងៃ​ទី​២២ កក្កដា។ គណបក្ស​ទាំង​ពីរ​ក៏​ឯកភាព​គ្នា​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ ហើយ​ក៏​មាន​ការ​ដោះលែង​តំណាងរាស្ត្រ​វិញ​នៅ​ថ្ងៃ​នោះ​ដែរ បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ។

យ៉ាង​នេះ​ក្ដី សំណុំ​រឿង​ចាប់​ចង​នេះ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ។ តុលាការ​បាន​ចាប់​លោក មាជ សុវណ្ណារ៉ា វិញ​ម្ដង ដែល​លោក មាជ សុវណ្ណារ៉ា កូតា​ខាង​លោក កឹម សុខា ទោះ​ជា​លោក សម រង្ស៊ី ខំ​ស្វះស្វែង​អន្តរាគមន៍​សុំ​ឲ្យ​ដោះលែង​នៅ​ក្រៅ​ឃុំ​វិញ រហូត​ដល់​លោក សម រង្ស៊ី បាន​ជួប​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៨ វិច្ឆិកា ក្ដី ក៏​មិន​ទាន់​មាន​តម្រុយ​ដោះលែង​វិញ​ដែរ។ បញ្ហា​នេះ តាម​មើល​ទៅ​លោក ហ៊ុន សែន អាច​ប្រើ​ល្បិច​ដើម្បី​ឲ្យ​សម្ពន្ធភាព​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា អាក់អន់ចិត្ត​គ្នា​បន្តិច​ម្ដងៗ​ក៏​ថា​បាន។

ក្រៅ​ពី​នេះ​ទៀត ចំពោះ​លោក កឹម សុខា វិញ នៅ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ លោក ហ៊ុន សែន ហាក់​ចាប់​យក​លោក សម រង្ស៊ី ជា​គូសន្ទនា និង​ចាត់​ទុក​លោក កឹម សុខា​ជា​សត្រូវ​នយោបាយ​វិញ ឬ​យ៉ាង​ណា? ព្រោះ​ថា លោក ហ៊ុន សែន តែងតែ​ប្រកាស​ជា​សាធារណៈ​ព្រមាន​ដក​តំណែង​លោក កឹម សុខា ជា​អនុ​ប្រធាន​ទី​១​រដ្ឋសភា ព្រោះតែ​លោក កឹម សុខា តែងតែ​ធ្វើការ​រិះគន់​រដ្ឋាភិបាល​នៅ​ទី​សាធារណៈ​នោះ។ លោក ហ៊ុន សែន ចង់​ឲ្យ​មាន​វប្បធម៌​សន្ទនា​ជា​ធំ​វិញ ដែល​សភា​និង​ធ្វើ​សោធនកម្ម​បទបញ្ជា​ផ្ទៃ​ក្នុង​សភា បង្កើត​ឲ្យ​មាន​ប្រធាន​ក្រុម​ភាគ​តិច​នេះ។ ការ​ព្រមាន​នេះ ហាក់​ដូចជា​លោក ហ៊ុន សែន ចង់​បិទ​មាត់​លោក កឹម សុខា និង​បើក​ឱកាស​ឲ្យ​លោក សម រង្ស៊ី ធ្វើ​ជា​ដៃគូ​ក្នុង​ការ​សន្ទនា​ទាក់ទង​បញ្ហា​កំណែ​ទម្រង់​រដ្ឋាភិបាល។ នៅ​ត្រង់​ចំណុច​នេះ លោក ហ៊ុន សែន ហាក់​ដូច​បង្ហាញ​ឥទ្ធិពល​របស់​ខ្លួន​គ្រប​ដណ្ដប់​លើ​តំណាងរាស្ត្រ​ដែល​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា តំណាងរាស្ត្រ​មាន​ឯកសិទ្ធិ និង​មាន​សិទ្ធិ​បោះឆ្នោត​ទម្លាក់​នាយករដ្ឋមន្ត្រី​ផង​នោះ។

ចំពោះ​លោក កឹម សុខា វិញ ក៏​ធ្លាប់​ព្រមាន​ដើរ​ចេញ​ពី​សភា​វិញ​ដែរ បើសិនជា​គណបក្ស​ប្រជាជន​កម្ពុជា រំលោភ​លើ​កិច្ចព្រមព្រៀង​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៤។ បើសិនជា​លោក កឹម សុខា ដើរ​ចេញ​ពី​សភា​មែន ហើយ​តំណាងរាស្ត្រ​មួយ​ចំនួន​មិន​ដើរ​ចេញ​តាម​លោក​នោះ សម្ពន្ធភាព​រឹងមាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​អាច​ប្រេះឆា​នៅ​ពេល​នោះ។

ក្រៅ​ពី​នេះ​ទៀត គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​ដាក់​សម្ពាធ​ខ្លាំង​ទៅ​លើ​លោក កឹម សុខា ពិសេស​នឹង​មិន​អាច​ធ្វើ​ឲ្យ​លោក កឹម សុខា បំពេញ​តួនាទី​របស់​ខ្លួន​ជា​អនុប្រធាន​ទី​១​រដ្ឋ​សភា​បាន​ដោយ​សេរី​ក៏​ថា​បាន នៅ​ពេល​ប្រធាន​ក្រុម​ភាគ​តិច​បង្កើត​ឡើង​នៅ​ក្នុង​សភា។ ប្រសិនបើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពេល​នេះ​កំពុង​លេង​ល្បែង​បង្រួបបង្រួម បំបែក​បំបាក់ បង្កើត​ថ្មី មែន​នោះ លទ្ធផល​ឈ្នះ ឬ​ចាញ់ វា​អាស្រ័យ​ទៅ​លើ​ថា​តើ​សម្ពន្ធភាព​រវាង​មេដឹកនាំ​គណបក្ស​ប្រឆាំង​ទាំង​ពីរ​រឹងមាំ​យ៉ាង​ណា?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

8 Responses to "បទ​វិភាគ៖ តើ​លោក ហ៊ុន សែន អាច​បំបែក​សម្ពន្ធភាពបក្ស​ប្រឆាំង​បាន​ដែរ​ឬ​ទេ?"

  1. Judge says:

    វប្បធម៌ យកឈ្នះចាញ់ប្រាសចាក ពីប្រយោជន៏ឭ ជាតិនេះឯងហេីយ ដែល ប្រទេស កម្ពុជា បានបន្ត ការបាត់បង់ ទឹកដី និង ធ្លាក់ ក្នុងអោនភាព តាំងពី ក្រោយសម័យ អង្គរមក ដូចមានក្នុងប្រវត្តិសាស្ត្រ ដែល បងប្អូនខ្មែរ និងយុវជន កម្ពុជា ត្រូវចងចាំ។ ហេតុនេះហេីយ ទេីបមានការព្យាយាម បំបាត់នូវប្រវត្តិសាស្ត្រ និង ការសិក្សាប្រវត្តិសាស្ត្រ ដល់ស្មារតី យុវជននារីខ្មែរ ទន្ទឹមនឹង នយោបាយ អាណានិគមនិយម សេដ្ឋកិច្ច និង បំបាំងខ្លួននៃយោធា។
    បាយកំពុង ពុះ ទឹកបានលិចដល់ក ដែលខ្មែរមិនលក់នូវឆន្ទៈ និង មនសិការ បន្ត តស៊ូមតិ ដេីម្បីឯករាជ្យ ពិតប្រាកដ។
    សូមមេត្តាអធ្យាស្រ័យ និង ពិចារណា។ អរគុណ។
    សំនៀង

  2. Anonymous says:

    ប្រទេសបានសុខហើយ កុំព្យាយាមវិភាគតាមបែបឡប់ៗច្រើនពេកជាពិសេសលប់បំបាត់អោយបាននូវទស្សនះ ដុតអោយខ្លោច រោយអោយឆៅ

  3. អាខ្វាក់ says:

    អាឆ្កែ ហ៊ុន សែន ។

  4. កម្មករ កសិករ says:

    ប្រជាពលរដ្ឋកម្ពុជា មន្ត្រីរាជការកម្ពុជា ទាំងអស់ ត្រូវសាមគ្គីគ្នា កុំបំបែកបំបាក់ មួលបង្កាច់គ្នា ព្រោះ

    តែ ប្រយោជន៍ផ្ទាល់ខ្លួន បំផ្លាញ ប្រទេសជាតិខ្លួនអែង នាំអោយមានឈ្មោះ ជាជនក្បត់ជាតិ នោះ !

  5. crazyman says:

    GIVING CPP AND HUN SEN having tremedous power and money, they are IN GOOD POSITION TO ATTACK AND SALVAGE ITS OPPONENT any time. They continue to throw everything hoping some of them will break some of CNRP members. Time also on their side.
    CNRP IN RETURN HOPES THAT THE MEMBERS WOULD NOT BUCKLE UNDER HEAVY WEIGHT.

  6. ★★★ says:

    អាច ឬមិនអាច មិនអាស្រ័យលើជនកំណាច ហ៊ុន សែន ទេ។ វាអាស្រ័យលើ ជនកំសោយទាំង២ក្បាល (សម រង្ស៊ី + កឹម សុខា) ប៉ុណ្ណោះ

  7. pheng Ra says:

    ពួកអ្នកវិភាគបែបដុតរោល គ្មានចង់អោយខ្មែរបានសុខទេ

  8. ប្រជាពលរដ្ឋ says:

    គណបក្ស ទាំង 2 បើ មានសាច់ឈាម ជា ជាតិកម្ពុជា ត្រូវសាមគ្គីគ្នា កសាងប្រទេស !