ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃអង្គារ ទី9 ធ្នូ 2014
http://vodhotnews.com
ក្រុមបច្ចេកទេសធ្វើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននៅកម្ពុជា អះអាងថាខ្លួននឹងចាប់ផ្តើមធ្វើសេចក្តីព្រាងច្បាប់នេះ នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៤ខាងមុខ ។
ការអះអាងនេះ ធ្វើឡើងកាលពីល្ងាចថ្ងៃចន្ទម្សិលមិញ នៅក្នុងកិច្ចប្រជុំក្រុមបច្ចេកទេស រៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មានជាលើកដំបូង ។
អនុរដ្ឋលេខាធិការ និងជាអនុគណៈកម្មការសិក្សាស្រាវជ្រាវ និងរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ស្ដីពីសិទ្ធិទទួលបានព័ត៌មាននៃក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ថ្លែងថាក្រុមគណៈកម្មការបស់លោក នឹងតែងនិពន្ធសេចក្តីព្រាងច្បាប់នេះ នៅពាក់កណ្តាលខែធ្នូខាងមុខ ។ លោកស្នើឲ្យមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ ពីក្រុមអ្នកច្បាប់ ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដើម្បីចូលរួមការតែងនិពន្ធនេះ ។ លោកថា «គណៈកម្មការរបស់យើងខ្ញុំនឹងរៀបចំនិពន្ធតាក់តែងសេចក្តីព្រាងច្បាប់នេះ នៅពាក់កណ្តាលខែធ្នូនេះតែម្តង ហើយយើងនឹងរៀបចំប្រជុំបីថ្ងៃ គឺថ្ងៃអង្គារ ពុធ ព្រហស្បតិ៍ ចាប់ពីម៉ោង៨កន្លះទៅ យើងនឹងរៀបចំតែងនិពន្ធច្បាប់ទាំងអស់នេះ» ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ដែរថា ដំណើរការនៃសេចក្តីព្រាងច្បាប់នេះ នឹងមានបញ្ចូលរបាយការណ៍សិក្សារបស់ក្រុមអង្គការសង្គមស៊ីវិល និងសេចក្តីព្រាងច្បាប់របស់បក្សប្រឆាំងកន្លងមក ។ លោកថាអ្វីជាបញ្ហាគឺកង្វះក្រុមការងារជំនាញផ្នែកភាសាបរទេស ព្រោះច្បាប់នេះចង់ឲ្យមានការបញ្ចូលសម្រាប់ជនបរទេស ដែលមករស់នៅស្រុកខ្មែរផងដែរ ។ លោកមានប្រសាសន៍ថា «យើងបានជជែកគ្នាច្រើនហើយ ហើយបានដកពិសោធន៍ អ៊ីចឹងគឺដោយសារយើងធ្វើលើកនេះ យើងមានការងាយស្រួលមួយដោយសរមានផ្លូវដើរគេត្រួសមុនខ្លះហើយ ទី១។ ទី២ យើងដឹងថាអីខ្លះដែលកន្លែងចំពប់ជើងកន្លែងណាខ្លះ យើងដឹងខ្លះ ។ ទី៣ លើកនេះយើងមានគ្នាច្រើន គឺយើងបានគ្រប់ប្រភេទទាំងអស់ដើម្បីចូលរួមធ្វើការងារនេះ អ៊ីចឹងវាអាចជាការងាយស្រួល» ។
នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) លោក ណែប ស៊ីនថៃ បានសាទរចំពោះការលើកឡើងនេះ ។ លោកថានេះជំហានវិជ្ជមានមួយក្នុងការផ្តល់ឱកាសដល់សង្គមស៊ីវិល បានលើកឡើងពីបញ្ហាមួយចំនួនពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់នេះ ។ លោកបន្ថែមថា «ឲ្យសង្គមស៊ីវិលដែលកំពុងធ្វើការបញ្ហានេះ យើងមានឱកាសក្នុងការលើកឡើងនូវកង្វល់ ក៏ដូចជាលើកឡើងនូវអ្វីដែលជាចំនុចសំខាន់ៗ នៅក្នុងដំណើរការនៃការតាក់តែង។ អ៊ីចឹងខ្ញុំជឿជាក់ថា បើផ្អែកទៅលើ TR ផ្នែកទៅលើស្មារតីនៃការប្រជុំថ្ងៃនេះ ខ្ញុំសង្ឃឹមថា សង្គមស៊ីវិលដែលបានចងក្រង នូវព័ត៌មានក៏ដូចជាការវិភាគ ការស្រាវជ្រាវ សង្ឃឹមថា នឹងបានត្រូវលើកឡើងនៅក្នុងអង្គប្រជុំបន្តៗទៅទៀតក្នុងដំណាក់កាលនៃការតាក់តែង ហើយសង្ឃឹមថា យោបល់ទាំងអស់នេះនឹងត្រូវបានពិចារណា ហើយយកចិត្តទុកដាក់ហើយពិភាក្សាថាត្រូវបញ្ចូលយ៉ាងម៉េចនៅក្នុងដំណាក់កាលនេះ» ។
តាមក្រសួងព័ត៌មានបញ្ជាក់ថា ការតាក់តែងសេចក្តីព្រាងច្បាប់នេះមានការចូលរួមពីក្រសួងជាង២០ អង្គការ UNESCO តំណាងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងអង្គការសង្គមស៊ីវិលក្នុងស្រុក ដូចជាវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា CHRAC និងមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM ជាដើម ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងឆ្នាំ២០១៣ បានប្រគល់ភារកិច្ចរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះឲ្យក្រសួងព័ត៌មានជាអ្នកធ្វើ ហើយក្រសួងនេះគ្រោងបញ្ចប់សេចក្តីព្រាងច្បាប់នេះក្នុងរយៈពេល៣ឆ្នាំ ។
គួរបញ្ជាក់ថាកម្ពុជាមានច្បាប់ស្តីពីសារព័ត៌មាន សម្រាប់អនុវត្តន៍ផ្ទាល់ជាមួយអ្នកសារព័ត៌មាន ហើយសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានដែលគ្រោងបង្កើតថ្មីនេះ គឺមានអត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋទូទៅ អាចទទួលបានព័ត៌មានសាធារណៈពីស្ថាប័នរដ្ឋ ៕
សូមសរសេរមកអ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com