Tue, 9 December 2014
សេត គឹមសឿន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ថ្វីដ្បិតតែមានសម្រស់ស្រស់ក្មេងសាច់សរលោងគួរឲ្យចង់ស្ទាបអង្អែល ប៉ុន្តែកន្លងមក ទស្សនិកជន តែងកត់សម្គាល់ឃើញថា តារាសម្តែងក្លែងកាយក្លាយជាតារាចម្រៀងនាង គៀត សុវណ្ណាឡាង តែងស្ថិតនៅក្នុងរលកស្ងប់នៃរឿងស្នេហា ប៉ុន្តែយ៉ាងណា អ្នកដឹងបានដឹង ពោលគឺនៅអំឡុងពេលថ្មីៗនេះ ទើបតែធ្លាយព័ត៌មានថា តារារូបនេះធ្លាប់មានកូនអ្នកមានទ្រព្យជាច្រើនរូបសុំចូលស្តីដណ្តឹង។
ទោះបីជាស្រីស្អាត ប៉ុន្តែបើនិយាយពីគូស្រករស្នេហាហាក់មិនបានលេចចេញជាសាច់រឿងស៊ីជម្រៅចំពោះ គៀត សុវណ្ណាឡាង ទេ ក្រៅពីកន្លងមក គេធ្លាប់តែបានដឹងថា ម៉ែយ៉ែមតែងទូរស័ព្ទរំខាននាងជាញឹកញាប់ ដើម្បីណាត់ឲ្យនាងទៅញ៉ាំបាយជាមួយនឹងបុរសសម្បូរទ្រព្យ ហើយពេលនោះ បើនាងនិយាយថា យល់ព្រមមួយម៉ាត់ច្បាស់ណាស់ថា តារារូបនេះនឹងក្លាយជានារីសម្បូរទ្រព្យវ័យក្មេងមិនខាន ប៉ុន្តែខ្លួនទីពឹងខ្លួន នាងមិនព្រមនោះទេ។
រំលងអស់ពេលជាច្រើនខែឆ្នាំ មកទល់នឹងពេលនេះ សម្ព័ន្ធភាពស្នេហ៍របស់តារារូបនេះនៅតែមិនទាន់លេចចេញជារូបរាង ប៉ុន្តែនៅពេលនិយាយដល់ត្រង់ចំណុចនេះ មានប្រភពចេញពីអ្នកសិល្បៈម្នាក់បានទម្លាយឲ្យដឹងថា សុវណ្ណាឡាង ជានារីសម្បូរស្នេហ៍ម្នាក់អាចទាក់ហ្វូងកន្លង់គ្រប់វ័យ ក្នុងនោះមានទាំងចាស់ក្មេង អ្នកសម្បូរទ្រព្យកប់ពពក និងអ្នកសម្បូរធុនកណ្តាល។
ប្រភពដដែលនោះបានបញ្ជាក់ថា នៅក្នុងចំណោមអ្នកទាំងនោះ មានមួយចំនួនបានស្នើសុំចូលស្តីដណ្តឹងនាងតាមផ្លូវច្បាប់ទៀតផង ប៉ុន្តែ សុវណ្ណាឡាង ហាក់នៅតែមិនសូវចាប់អារម្មណ៍ ទំនងរូបនាងគិតថា នាងនៅមានវ័យក្មេងពេក ចង់ពង្រឹងមុខរបរ និងអាជីពចម្រៀងឲ្យបានគត់មត់សិន។
ពាក់ព័ន្ធនឹងការទម្លាយពីអាថ៌កំបាំងថា តារារូបនេះធ្លាប់មានអ្នកមានទ្រព្យស្តុកស្តម្ភ និងអំណាចជាច្រើនរូបសុំចូលស្តីដណ្តឹងយកធ្វើគូគ្រងនោះ តារាចម្រៀងប្រចាំផលិតកម្មភ្លេងរីខត វ័យ២២ឆ្នាំនាង គៀត សុវណ្ណាឡាង មិនលើកទូរស័ព្ទធ្វើការបកស្រាយនោះទេ។
ប៉ុន្តែយ៉ាងណាមិញជុំវិញបញ្ហានេះ ម្តាយរបស់ សុវណ្ណាឡាង ធ្លាប់ប្រាប់សារព័ត៌មានក្នុងស្រុកមុននេះបន្តិចថា កូនរបស់អ្នកស្រីពិតជាមានគេសុំចូលចែចូវស្តីដណ្តឹងមែន ប៉ុន្តែ សុវណ្ណាឡាង នាងមិនព្រម ព្រោះនាងចង់ពង្រឹងអាជីពរបស់ខ្លួនបានរឹងមាំសិន៕