លេចឮ មាន សូនីតា ត្រូវ​សង្សារ​ដាក់​បម្រាម​ថតកុន

តារាសម្តែង​នាង មាន សូនីតា​។

តារាសម្តែង​នាង មាន សូនីតា​។ សេត គឹមសឿន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ខណៈ​ការងារ​សិល្បៈ ពិសេស​ការសម្តែង​ភាពយន្ត​ភាគ​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍ មិន​ឃើញ​មាន​បង្ហាញ​កាយវិការ​សម្តែង​សូម្បី​មួយ​រឿង រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ក៏​មាន​ការ​ទម្លាយ​ថា អតីត Freshy Girl ចំណាត់​ថ្នាក់ លេខ​៤ ប្រចាំ​ឆ្នាំ​២០០៩ កញ្ញា មាន សូនីតា ត្រូវ​សង្សារ​ដាក់​បម្រាម​ឲ្យ​ឈប់​យក​រូបសម្ផស្ស​ទៅ​បណ្តោយ​ឲ្យ​តួប្រុស​ប្រឡែង​លេង​។

ស្រីស្រស់ មាន សូនីតា ទទួល​បាន​ការ​រីក​លូតលាស់​ខ្លាំង​គួរសម​លើ​វិស័យ​សម្តែង​ភាពយន្ត​ភាគ ខណៈ​ត្រូវ​បាន​អ្នកនិពន្ធ និង​ដឹកនាំ​រឿង​អ្នកស្រី ពាន់ ភួងបុប្ផា លើក​ឲ្យ​ឡើង​គ្រងតំណែង​តួឯក​រឿងភាគ​ចាក់​បញ្ចាំង​លើ​កញ្ចក់ទូរទស្សន៍ CTN ចំនួន​ពីរ​រឿង​ជាប់ៗ​គ្នា ក្នុង​រឿង នាយឡប់​ជំពប់​ស្នេហ៍ និង រឿង អក្សរ​បេះដូង។

ជាមួយ​ឱកាស​ដែល​កំពុង​តែ​ទទួល​បាន​ផ្លែផ្កា​ពី​ការ​សម្តែង​ភាពយន្ត​ភាគ​នោះ មួយ​រំពេច​ក្រោយពី​អ្នកនិពន្ធ និង​អ្នកដឹកនាំ​រឿង​ដែល​លើកស្ទួយ​នាង ដើរ​ចេញ​ពី​អាជីព​ខ្លួន ឱកាស​លេច​កាយវិការ​សម្តែង​ភាពយន្ត​របស់ មាន សូនីតា ក៏​ស្ងាត់​ភ្លាម​ផង​ដែរ ដែល​នាំឲ្យ​មាន​ការ​លើក​ឡើង​ថា «សូនីតា អស់​អ្នក​លើកស្ទួយ​»។

បើ​ទោះ​យ៉ាង​ណា គេ​ក៏​មិន​ជឿ​លើ​ភាព​ស្ងប់ស្ងាត់​របស់​ស្រីស្រស់​រូប​នេះ​ទាំង​ស្រុង​ថា គ្មាន​អ្នក​ហៅ​ថត​កុន​បន្ត​នោះ​ទេ ខណៈ​មជ្ឈដ្ឋាន​ជាច្រើន សុទ្ធតែ​ថា មាន សូនីតា មាន​សម្រស់​ស្រស់​ស្អាត​ណាស់ ហើយ​ការ​សម្តែង​របស់​នាង​ទៀត​សោត​ក៏​មាន​ទេពកោសល្យ​ខ្ពស់​ផង​ដែរ សមអី​នាង​ស្ងាត់​បែប​នេះ​។

ទម្លាយ​ពី​ភាព​ស្ងប់ស្ងាត់​នេះ​ត្រូវ​បាន​ផលិតករ​ម្នាក់​ដែល​អះអាង​ថា លោក​ធ្លាប់​រង​ការ​ខកចិត្ត ដោយ​កញ្ញា មាន សូនីតា បាន​បង្ហើប​ថា ក្រុម​ការងារ​របស់​លោក ធ្លាប់​បាន​ព្យាយាម​ទំនាក់ទំនង មាន សូនីតា មក​សម្តែង​ភាពយន្ត តែ​ត្រូវ​នាង​បដិសេធ​មិន​ទទួល ដោយ​នាង​ប្រាប់​ថា​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ថត​។

ប៉ុន្តែ​មាន​ប្រភព​មួយ​ដែល​អះអាង​ថា ជា​អ្នកស្និទ្ធស្នាល​នឹង​កញ្ញា មាន សូនីតា បាន​បង្ហើប​ថា មិនមែន​ហេតុផល​នាង​រវល់​មិន​បាន​ថត​នោះ​ទេ នោះ​គឺ​នាង​មួយ​រយៈ​ចុងក្រោយ​នេះ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ថត​ភាពយន្ត​ពី​សំណាក់​ម្ចាស់ស្នេហ៍​នាង​។

បន្ថែម​លើ​ការ​បង្ហើប​ដំណឹង​ដ៏អាថ៌កំបាំង​នេះ ប្រភព​ដដែល​បាន​ប្រាប់​ថា មាន សូនីតា ជាប់​បម្រាម​ម្ចាស់ស្នេហ៍​នាង គេ​មិន​ឲ្យ​ចេញ​ថត​ត្រូវ​ថ្ងៃ​ត្រូវ​ខ្យល់​នោះ​ទេ ពិសេស​នោះ​ម្ចាស់ស្នេហ៍​ក៏​មាន​ការ​ប្រចណ្ឌ​ដែរ មិន​ចង់​ឲ្យ​នាង​យក​រូបសម្ផស្ស​ដ៏​គួរ​ឲ្យ​ខ្នាញ់​នោះ ទៅ​ឲ្យ​តួប្រុស​ប៉ះពាល់​ទេ បើ​សូម្បី​តែ ដឹង​ថា នោះ​ជា​ការ​សម្តែង​ក៏ដោយ​។

យ៉ាងណា ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​សុំ​ការ​បកស្រាយ​បំភ្លឺ​ពី កញ្ញា មាន សូនីតា បាន​ទេ ខណៈ​លេខ​ធ្លាប់​ទំនាក់ទំនង មិន​អាច​ទទួល​ការ​ហៅ​ចូល​បាន។ ប៉ុន្តែ​កាលពី​ពេល​កន្លងមក សូនីតា ធ្លាប់​បាន​ប្រាប់​ថា នាង​មិន​មាន​ម្ចាស់ស្នេហ៍ ឬ​ក៏​ម្ចាស់ចិត្ត​ទេ បើ​មាន ក៏​នាង​មិន​លាក់​ដែរ»។ ជាមួយ​គ្នា​នោះ​នាង​ទទួល​ស្គាល់​ថា ធ្លាប់​បាន​ប្រកាស​ផ្អាក​ការងារ​សម្តែង​ភាពយន្ត​មែន តែ​មិនមែន​ឈប់​សម្តែង​ភាពយន្ត​ទូទៅ​នោះ​ទេ គឺ​មិន​ទទួល​ការ​សម្តែង​ភាពយន្ត​រឿង​ខ្មោច​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ភាពយន្ត​ភាគ​បែប​មនោសញ្ចេតនា​នោះ មិន​ឈប់​ទេ​។ មាន សូនីតា ក៏​ធ្លាប់​លើក​ឡើង​ថា មិនមែន​នាង​អស់​ខ្នង​បង្អែក​ទេ មកពី​នាង​ដកឃ្លា​ពី​ការ​សម្តែង​ភាពយន្ត​មួយ​រយៈ​សិន៕


What Next?

Recent Articles