​វិភាគ​៖ មូលហេតុ​នៅ​ពីក្រោយ​នៃ​ការបើក​កកាយ​វិវាទ​ផ្ទៃក្នុង​បក្ស​ប្រឆាំង​​

ដោយ៖​ អ៊ឹង ប៊ុនថន​
ថ្ងៃសុក្រ ទី2 មករា 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

នៅ​សប្តាហ៍​នេះ ព័ត៌មាន​នៃ​វិវាទ​ផ្ទៃក្នុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បានកក្រើកលើ​ទំព័រ​សារព័ត៌មាន​ជា​ច្រើន ហើយ​អ្នកវិភាគ​ដែល​គាំទ្រ​រដ្ឋាភិបាល​បាន​វិភាគ និង​បញ្ចេញបញ្ចូល​ទស្សនៈ​របស់​ពួកគេ និង​យក​រឿង​អបិយ​ជំនឿ​មក​ធ្វើ​ជា​សំអាង​សំខាន់ ដើម្បី​ព្យាករ​ពី​វាសនា​បក្សប្រឆាំង​ធំ​នេះ ។​

ការ​សែត​ខ្លះ​បាន​យក​ការ​ទស្សន៍ទាយ​របស់​ហោរា​ថៃ ដែល​ថា​នៅ​ដើមឆ្នាំ​២០១៥​នេះ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ជួប​គ្រោះ​ធំ ។ ការ​ព្យាករ​ពី​វាសនា​បក្ស​ប្រឆាំង​ដែល​កើតចេញ​ពី​សម្ព័ន្ធភាព​គ​ណ​បក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​នេះ កើតឡើង​បន្ទាប់ពី​មន្ត្រី​ម្នាក់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចោទ​មេដឹកនាំ​របស់​ខ្លួន​ថា ពុករលួយ​ទឹកប្រាក់​ពី​២០​ទៅ​៤០​លាន​ដុល្លារ ។ ទឹកប្រាក់​ដ៏​ច្រើន​នេះ​ត្រូវបាន​លោក​ស្រី ឡាក់ សុភាព អតីត​សមាជិក​គណៈកម្មាធិការ​នាយក​គណបក្ស​នេះ​ចោទ​ថា​លោក សម រង្ស៊ី ទទួលបាន​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឲ្យ​បក្សប្រឆាំង​ព្រម​ចូល​សភា ។​

​ប៉ុន្តែ​មក​ដល់ពេលនេះ​ទាំង​លោក សម រង្ស៊ី លោក កឹម សុខា និង​លោក ហ៊ុន សែន នៅ​មិនទាន់​មាន​ប្រតិកម្ម​នៅឡើយ​ទេ ។ តើ​ការចោទប្រកាន់​នេះ ជា​រឿង​សម​ហេតុផល ឬ​គ្រាន់តែ​ជា​រឿងប្រឌិត​របស់​ក្រុម​ណាមួយ​ដើម្បី​បំបែក​បក្សប្រឆាំង​? ក្រុមអ្នកវិភាគ​បាន​លើក​ហេតុផល​មួយចំនួន​ដើម្បី​ស្រាយ​ចម្ងល់​នេះ ។ 

​លោក អ៊ូ វីរៈ ដែល​ពេល​នេះ​លោក​អះអាង​ថា ជា​អ្នកវិភាគ​ឯករាជ្យ ព្រោះ​ទើប​បញ្ចប់​តួនាទី​ពី​ប្រធាន​ក្រុមប្រឹក្សាភិបាល​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​យល់ថា អ្វី​ដែល​លោកស្រី ឡាក់ សុភាព ចោទប្រកាន់ថា មាន​អំពើ​ពុករលួយ​ក្នុង​បក្ស​ប្រឆាំង​នោះ​គ្មាន​ភស្តុតាង និង​មិន​គួរឲ្យ​ជឿ​នោះ​ទេ ហើយ​ការចោទប្រកាន់​បែប​នេះ​ប្រឈម​នឹង​ការប្តឹង​បក​វិញ​ពី​បទ​បរិហារកេរ្តិ៍ ។ លោក​ថា «​ព្រោះ​វា​មិន​មាន​មូលដ្ឋាន​អ្វី​សោះ គាត់​និយាយ​ម្តង [​លោក​]​កឹម សុខា និយាយ​ប្រាប់​គាត់ ម្តង​គាត់​ថា​តៃកុង​ឡាន​[​លោក​]​សម រង្ស៊ី ម្តង​គាត់​និយាយថា​គាត់​ជា​អ្នក​និយាយប្រាប់ កឹម សុខា [​រួច​លោក​]​កឹម សុខា និយាយប្រាប់​វិញ​ម៉េច គាត់​និយាយ​ត្រឡប់ត្រឡិន​អ៊ីចឹង​គណបក្ស​សង្គ្រោះ​ជាតិ កុំ​ឆ្លើយ​ល្អ​ជាង ។ បើ​ខ្ញុំ ខ្ញុំ​អត់​ឆ្លើយ​ទេ​» ។​

​ការ​ចោទថា​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​លាភសក្ការៈ​ពី​គណបក្សកាន់អំណាច ដើម្បី​បញ្ចប់ បាតុកម្ម​ទម្លាក់​លោក ហ៊ុន សែន នោះ​បាន​កើត​ឡើង​តាំងពី​គណបក្ស​សង្គ្រោះ​ជាតិ​ព្រម​ចូល​សភា​មកម្ល៉េះ ខណៈ​លោក សម រង្ស៊ី វិល​ពី​ក្រៅ​ប្រទេស​ភ្លាម ក៏​នាំ​តំណាងរាស្ត្រ​ចូល​សភា​ភ្លាម ក្រោយ​ពី​ចរចា​ស្ងាត់ៗ​ជាមួយ​លោក ហ៊ុន សែន ។ ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​រួច​ហើយ​ថា លោក សម រង្ស៊ី មិន​បាន​ទួល​សំណូក​ពី​លោក​២០​លាន​ដុល្លារ ដើម្បី​ចូល​សភា​នោះទេ ។ លោក​ថែមទាំង​អះអាង​ទៀត ការបញ្ចេញ​ព័ត៌មាន​នេះ​គឺ​ចេញពី​គណបក្ស​ប្រឆាំង ។​

​យ៉ាងនេះក្តី ក្រុមអ្នកលេង​ហ្វេ​សប៊ុក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ចេញ​ញត្តិ​មួយ ដែល​មាន​ស្នាម​មេដៃ​មនុស្ស​មួយចំនួន អះអាងថា ជា​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ហើយ​ជំរុញ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស៊ើបអង្កេត​ករណី​ដែល​លោកស្រី ឡាក់ សុភាព ចោទ​ថា​មេដឹកនាំ​គណបក្សប្រឆាំង​ពុករលួយ​ទឹកប្រាក់​២០​ទៅ​៤០​លាន​ដុល្លារ​នោះ ។ 

​ករណី​នេះ​លោក អ៊ូ វីរៈ យល់ថា បើ​លោក ហ៊ុន សែន មាន​លុយ​សូក​គណបក្សប្រឆាំង​មែន​នោះ តើ​លុយ​ដ៏​ច្រើន​នោះ​បាន​មកពីណា​? លោក​បន្ថែមថា «​ដូច​ខ្ញុំ​និយាយ​ថា​អ៊ីចឹង បើ​គណបក្ស​ប្រជាជន​គាត់​យល់ព្រម​ធ្វើ​ដូច​ពេលបច្ចុប្បន្ន​នេះ​អ៊ីចឹង បានន័យថា គណបក្ស​ប្រជាជន​ពុករលួយ កិបកេង​ប្រជាពលរដ្ឋ​ឈឺចាប់​យ៉ាង​ម៉េច​ទៅបាន​៤០​លាន​[​ដុល្លារ​]​ទៅ​សូក​គេ ត្រូវ​ដឹង​ទង្វើ​ពុករលួយ​បានមក​ពី​អី បាន​មាន​៤០​លាន​យក​ឲ្យគេ ។ យើង​មើលឃើញ​ផលប្រយោជន៍​ដូច​តែ​គ្នា​ហ្នឹង រឿង​ពាក្យ​ចរាម​អា​រ៉ា​ម​ស្រុក​ខ្មែរ ជា​ទម្លាប់​អ្នក​ទាំង​គ្នា អ្នកធ្វើ​នយោបាយ​ខ្លះ ប្រជា​ពលរដ្ឋ​ខ្មែរ​ក៏​មាន​ទម្លាប់​អ៊ីចឹង​ដែរ ខ្មែរ​យើង​ជឿ​ពាក្យ​ចចាមអារ៉ាម​ជាង​អ្វី​» ។​

​អ្នកច្បាប់​បកស្រាយ​ថា ប្រសិនបើ​លុយ​នេះ បានមក​ពី​អ្នកគាំទ្រ​បក្ស​បង់​វិភាគទាន​ឲ្យ​បក្សប្រឆាំង​នោះ ច្បាប់​ប្រឆាំង​អំពើពុករលួយ​មិន​មាន​ដែន​យុត្តាធិការ ឬ​ដែន​សមត្ថកិច្ច​ចាត់ការ​រឿង​នេះ​ទេ ។ ប៉ុន្តែ​បើ​លុយ​នោះ​បាន​មក​ពី​ការ​សូក​របស់​អ្នកមាន​អំណាច​ណា​ម្នាក់​នោះ តាម​ច្បាប់​ទាំង​អ្នក​សូក និង​អ្នក​ទទួល​សំណូក​ត្រូវ​មានទោស​ដូចគ្នា ។ ផ្អែក​តាម​ហេតុផល​នេះ ក្រុមអ្នកវិភាគ​មិនមាន​ជំនឿ​លើ​ការចោទប្រកាន់​ថា​មាន​អំពើពុករលួយ​ទឹកប្រាក់​ដ៏​ច្រើន​បែប​នេះ​ទេ ។​

​លោក​បណ្ឌិត សុខ ទូច អ្នកវិភាគ​នយោបាយ​យល់​ថា អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បណ្តេញ​សមាជិក​បក្ស​លឿន​ពេក​នេះ កំពុងតែ​ធ្លាក់​ចូលគន្លង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​រក​វិធី​ឲ្យ​បក្សប្រឆាំង​ចុះខ្សោយ ។ លោក​ថា «​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ដើរ​ចូល Line (​គន្លង​)​របស់​គណបក្ស​ប្រជាជន ។ ទី​១ ប្រការ​មួយ​និយាយ​មិន​ចេះ​ខុស ប្រការ​២​បើ​ប្រការ​ពីរ​បើ​មាន​ខុស ឲ្យមើល​ប្រការ​មួយ ឲ្យតែ​ប៉ះពាល់​មេ អ្នក​ហ្នឹង​សុទ្ធតែ​ជា​សត្រូវ ។ តាមពិត​គណបក្ស​សង្គ្រោះ​ជាតិ មាន​យុទ្ធសាស្ត្រ​ច្រើន ទោះបីជា​មាន​ការ​បរិហា​រ​នៅក្នុង​ផ្ទៃ​បក្ស​ក៏ដោយ គណបក្ស​សង្គ្រោះ​ជាតិ មិន​ត្រូវ​ភាព​លឿន​ដេញ​ចេញ​ពី​ក្នុង​បក្ស​ទេ​» ។​

លោកស្រី ជា វណ្ណាត អ្នកវិភាគ​បញ្ហា​សង្គម​យល់ថា ភាព​រំជើបរំជួល​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​នៅពេលនេះ គឺ​កើត​ចេញពី​ផ្ទៃក្នុង​ខ្លួនឯង​មួយផ្នែក ប៉ុន្តែ​មាន​ការជ្រៀតជ្រែក​ពី​ខាងក្រៅ​បន្ថែមទៀត ។ តែ​លោក​ស្រី​គិតថា អ្វី​ដែល​គេ​បង្កើតឡើង​នោះ គ្រាន់​តែ​ដើម្បី​បង្ខូច​មុខមាត់​បក្សប្រឆាំង​នេះ​ប៉ុណ្ណោះ ពោល​មិន​មាន​ការពិត​នោះទេ ។ លោកស្រី​បញ្ជាក់​ថា «​គណបក្ស​ដែល​ធំៗ​តែងតែ​មាន​បញ្ហា​អ៊ីចឹង​កើតឡើង កើត​ហើយ​ក៏​ស្ងាត់​ទៅ​វិញៗ ដូច​ជា​ថា​ពុករលួយ​លក់​ទីតាំង​[​គណបក្ស​]​ហ្វ៊ុន​ស៊ិនប៉ិច នៅ​ចុងស្ពាន​ជ្រោយចង្វា ហើយ​ឥឡូវ​ថ្ងៃនេះ​ឮថា យាង​សម្តេចក្រុមព្រះ​ឡើង​ធ្វើ​ជា​ព្រះប្រធាន​វិញ ម្ល៉ោះហើយ​រឿង​អ៊ីចឹងៗ មាន​សុភាសិត​ខ្មែរ​គេ​និយាយ ពាក្យ​ច្រើន​ភូត ចាញ់​អាត្មា​» ។​

​ក្រុមអ្នកវិភាគ​និយាយថា បញ្ហា​វិវាទ​ផ្ទៃក្នុង​បក្ស​គឺ​មិនមែន​មាន​តែ​បក្សប្រឆាំង​នោះទេ តាមពិត​បក្ស​កាន់​អំណាច​ក៏​ធ្លាប់​កើត​មាន​វិវាទ​ដូចគ្នា​ដែរ ប៉ុន្តែ​សំខាន់​គណបក្ស​នោះ​ពូកែ​សម្របសម្រួល ហើយ​ព្យាយាម​លាក់បាំង​រឿងអាស្រូវ​នេះ​បាន​យ៉ាង​ជិត ។ ចំណែក​មន្ត្រី​បក្ស​ណា​ដែល​បក្ស​ឈប់​ទុកចិត្ត​ក៏​គេ​មិន​ដក​ចេញ​ត្រង់ៗ​ដូច​បក្សប្រឆាំង​នោះដែរ គឺ​ភាគច្រើន​គេ​រុញ​កាន់​កន្លែង​ណាមួយ​នៅក្នុង​រដ្ឋាភិបាល ឬ​ក្រសួង​នានា សម្រាប់​ស៊ី​ប្រាក់ខែ​រដ្ឋ តែ​មិន​មាន​អំណាច​រក​ចំណូល​បន្ថែម​ពី​ប្រាក់ខែ ដូច​អ្នក​ដែល​បក្ស​ទុកចិត្ត​នោះ​ទេ ។​
​លោកស្រី ជា វណ្ណាត យល់ថា បក្សប្រឆាំង​គួរ​រៀនសូត្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដោះស្រាយ​ជម្លោះ​ផ្ទៃក្នុង​។ លោកស្រី​បន្ថែមថា «​គណបក្ស​ប្រជាជន​យើង​ឮ​ហើយ​ថា ចេះ​តែ​បែកបាក់​គ្នាៗ តាំង​ពី​ទសវត្ស​ឆ្នាំ​១៩៩០ ទសវត្ស​ឆ្នាំ​២០០០ ឮ​តែ​បែកបាក់​គ្នា​អ៊ីចឹង ប៉ុន្តែ​មិន​បែក​ទៅណា​សោះ ម្ល៉ោះហើយ​គណបក្ស​សង្គ្រោះ​ជាតិ​គួរតែ​រៀន​តាម គំរូ​របស់​គណបក្ស​ប្រជាជន​ទៅ គឺថា​ចេះតែ​ឮ​ថា​បែកបាក់ តែ​មិន​បែកបាក់​សោះ​។ បានន័យថា ការ​សាមគ្គីភាព​ផ្ទៃក្នុង​សំខាន់​ណាស់ បែកបាក់​មិន​បែកបាក់​នៅលើ​គតិបណ្ឌិត​របស់​មេ​ធំៗ​នៅក្នុង​ហ្នឹង​» ។​

​លោក អ៊ូ វីរៈ និង លោកស្រី ជា វណ្ណាត យល់ថា ការដែល​លោក សម រង្ស៊ី និង​លោក កឹម សុខា ធ្វើ​មិនដឹងមិនឮ​ចំពោះ​ការចោទប្រកាន់​ថា​ពុករលួយ​នោះ ជា​ជម្រើស​ល្អ ដោយសារ​តែ​វា​មិនមែន​ជា​រឿង​ពិត ។​

​ហេតុផល​មួយទៀត ក្រុមអ្នកលេង​ហ្វេ​សប៊ុក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ បាន​ហៅ​ការបង្កើត​រឿងនេះ​ឡើង​គឺ​ជា​ល្បិច​ថ្មី​មួយទៀត​របស់​បក្ស​កាន់អំណាច ដើម្បី​ដាក់​សម្ពាធ​ឲ្យ​បក្សប្រឆាំ​ងឈប់​ទាមទារ​លក្ខខណ្ឌ​ចាំបាច់​មួយ​ចំនួន​ទៀត​ដើម្បីឲ្យ គ​.​ជ​.​ប ឯករាជ្យ ។ ពួក​គេ​លើកឡើងថា នៅពេល​គណបក្ស​ប្រឆាំង​មិន​ឯកភាព​លើ​ការកំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​របស់​សមាជិក គ​.​ជ​.​ប នោះ គណបក្សកាន់អំណាច​បា​ន​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​លោក មា​ជ សុវណ្ណ​រ៉ា និង​មនុស្ស​ចំនួន​ទៀត ។ ឥឡូវនេះ​ពួកគេ​យល់ថា សម្ពាធ​ប៉ុណ្ណឹង​មិន​អាច​ធ្វើ​ឲ្យ​បក្សប្រឆាំ​ងឈប់​ទាមទារ​ទៀត​នោះ ទើប​គេ​បង្កើត​រឿង​ថ្មី​មួយទៀត​គឺ​ឲ្យ​មន្ត្រី​បក្សប្រឆាំង​ចោទ​រឿង​ពុករលួយ ដើម្បី​គំរាម​ចាត់ការ​មេដឹកនាំ​កំពូល​បក្ស​នេះ​ទៀត បើ​នៅ​តែ​បន្ត​ខ្វែងគំនិត​គ្នា​លើ​រឿង គ​.​ជ​.​ប ។​

​អ្នកវិភាគ​ខ្លះ​យល់ស្រប​ដែរ​ចំពោះ​ការលើកឡើង​នេះ ខណៈ​គម្រោង​កិច្ចប្រជុំ​របស់​ក្រុមការងារ​កែទម្រង់ គ​.​ជ​.​ប របស់​បក្ស​ទាំងពីរ​ត្រូវបាន​ខកខាន​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ ដោយ​មិន​បាន​ជូនដំណឹង​ជាមុន ហើយ​នៅ​ពេល​អ្នកសារព័ត៌មាន​សាកសួរ​ទើប​បកស្រាយ​ថា ការខកខាន​ប្រជុំ​នេះ​ដោយសារ​មន្ត្រី​បក្ស​កាន់​អំណាច​គិតថា ជិត​ដល់​ចូលឆ្នាំ​សកល​ត្រូវការ​ពេល​សម្រាក ៕

សូមសរសេរមកលោក អ៊ឹង ប៊ុនថន​ តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles

6 Responses to "​វិភាគ​៖ មូលហេតុ​នៅ​ពីក្រោយ​នៃ​ការបើក​កកាយ​វិវាទ​ផ្ទៃក្នុង​បក្ស​ប្រឆាំង​​"

  1. ភ្នែកភ្លឺ says:

    អ្នកស្រី ឡាក់ សុភាព គួរដាក់ខ្លួនឲ្យស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់មួយរយៈសិន ដើម្បីឲ្យគេគិតថា គាត់មានសណ្តានចិត្តគោរពស្រឡាញ់ CNRP ។ ការតវ៉ាបែបគាត់ នឹងធ្វើឲ្យគេមើលឃើញថា មាន ចេតនាបង្កភាពអាម៉ាស់ថែមទៀតដល់បក្ស CNRP។

  2. Anonymous says:

    ក្នុងលោកមានតែគណបក្សកម្មុយនីស្តទេដែលមិនចេះបែកបាក់មិនចេះមានបញ្ហាអ្វីទាំងអស់…..
    ព្រោះងាប់ជាប់គុកនិងបោះអោយក្រពើស៊ីអាណាហ៊ាន។

  3. Judge says:

    ដូចភ្នែកភ្លឺ បញ្ជាក់ គួរអ្នកស្រី ឡាក់ សុភាពរក្សារភាាពស្ងប់ស្ងៀមមួយរយៈ ទំរាំ មានការស្រាវជ្រាវជាបន្ត។
    សាធារណជនបានដឹងឮហេីយ រង់ចាំមេីលតេីការពិត នឹងក្លាយបែបណាា??????។

  4. sunrise says:

    លោក អ្នកជាវាគ្មិន ជាអ្នកវិភាគ កំពុងនាំគ្នាជជែក វែកញែក អត់ត្រូវ ឥតប្រយោជន៏។វាគ្មានកើត

    រឿងអ្វីធំដុំនៅផ្ទៃក្នុងគណបក្សដែលនិយមប្លុកលទ្ធិប្រជាធិបតេយ្យតែមួយនោះឡើយ។ អ្នកជាប់

    ពាក់ព័ន្ធនឹងកិច្ចការ ដូចការខំប្រឹងជជែកវែកញែកគ្មានអ្វីជាមូលដ្ឋានដូចខាងលើនេះត្រូវបានស្លាប់

    អស់នៅក្នុងចំណោម ១លាន៧សែននាក់នៅក្នុងសម័យខ្មែរក្រហម ប៉ុលពត ជាយូរមកហើយ។

    ឯពួកខ្មែរក្រហមណាមួយក៏ដោយ ដែលធ្លាប់ពាក់ព័ន្ធនឹងបទឧក្រឹដ្ឋដឹងច្បាស់អំពីរឿងនេះក៏ត្រូវ

    កំពូលអ្នកធ្វើនយោបាយខ្មែរកាលជំនាន់ដើម តាមវាយប្រហារបកទៅក្រោយវិញ ស្លាប់អស់គ្មាន

    សេសសល់។ គ្មានអ្វីជាភស្តុតាងទៀតទេ កុំខំនាំគ្នាជជែកឥតប្រយោជន៏អី សូមនាំគ្នាធ្វើការជួយ

    ជាតិខ្មែរតាមទម្លាប់ជាធម្មតាវិញទៅជាការល្អប្រសើរជាង។សូមទុកឱកាសជូនដល់អ្នកដឹកនាំធ្វើ

    នយោបាយបន្តបេសកកម្មបំរើជាតិខ្មែរ ដោយរួបរួមគ្នា សាមគ្គីខ្មែរជាធ្លុងមួយ។ ឈប់ឆ្ងល់ទៀត

    ទៅ … ។ 

     

  5. វិរះ says:

    CNRP needs to raise money to build a new headquarter for the party. That old building looks more like a pig cage. Dress to impress to attract more people to support the party. The sign looks very unprofessional, look like they write on a cardboard. Around the building looks so ghetto, need to have larger space.

  6. Boyok says:

    This move is hun sen’s tactic but it is not useful,
    Every games he play definitely he will be lost, because Cambodia poeple need change