​សហគមន៍​បុរី​កីឡា​ជំរុញ​ម្តងទៀត បន្ទាប់​ពី​បណ្តេញចេញ​៣​ឆ្នាំ​គ្មាន​ដំណោះស្រាយ​​

ដោយ៖​ ញឹម សុខន​
ថ្ងៃសុក្រ ទី2 មករា 2015
http://vodhotnews.com

អ្នក​មាន​ជម្លោះ​ដីធ្លី​មួយក្រុម​នៅ​សហគមន៍​បុរី​កីឡា​ជំរុញ​ម្តងទៀត​នៅ​ថ្ងៃ​សុក្រ​នេះ ឲ្យ​សាលា​រាជធានី​ភ្នំពេញ និង​រដ្ឋ​សភា​ពន្លឿន​កិច្ច​អន្តរាគមន៍​ផ្តល់​សំណង​ដល់​ជនរងគ្រោះ ខណៈ​ការបណ្តេញចេញ​៣​ឆ្នាំ​មកនេះ​គ្មាន​ដំណោះស្រាយ ។​

​តំណាង​អ្នក​តវ៉ា​អ្នកស្រី ជុំ ង៉ាន់ ប្រាប់​អ្នកសារព័ត៌មាន​នៅ​កន្លែង​តវ៉ា​មុខ​សាលា​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៥ នេះ​ថា​បី​ឆ្នាំ​មកនេះ ពួក​គេ​ជាង​១០០​គ្រួសារ​ដែល​ត្រូវ​បាន​បណ្តេញចេញ បាន​បោះ​តង់​រស់នៅ​លើ​គំនរ​សំរាម​ក្រោម​កាំជណ្តើរ និង​ជាយ​របង​ផ្ទះ​អ្នកដទៃ រស់នៅ​បណ្តោះអាសន្ន ដើម្បី​ចេញ​តវ៉ា  រក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​នានា ដើម្បី​រក​យុត្តិធ៌ម​រឿង​បណ្តេញចេញ ។​

ស្ត្រី​រូប​នោះ​បន្តថា ៣​ឆ្នាំ​មកនេះ ពួកគេ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ រួម​ទាំង​រដ្ឋសភា​ផង រាប់រយ​បណ្តឹង ប៉ុន្តែ​ស្ថាប័ន​ជាតិ​ធំៗ​ទាំងនោះ នៅតែ​មិន​អាច​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ចេញមុខ​ទទួលខុសត្រូវ​រឿង​បណ្តេញចេញ​បាន «​ខ្ញុំ​មើល​ទៅ​ថា​គេ​មាន​ឯកសារ​ដូច​ពួក​ខ្ញុំ​ដែរ ហេតុអ្វី​បាន​គេ​បាន​ឡើងផ្ទះ ស្នាក់​អាស្រ័យ​នៅ​បាន​ស្រួល ហេតុអ្វី​ក៏​ពួក​ខ្ញុំ​នៅ​វេទនា រស់​នៅ​ដូច​សត្វ​ធាតុ ដូច​រាល់ថ្ងៃ​អ៊ីចឹង​» ។​

អ្នក​តវ៉ា​ម្នាក់ទៀត​អះអាងថា ការ​ដែល​ស្ថាប័នរដ្ឋ​គ្មាន​ឥទ្ធិពល​ជំរុញ​ឲ្យ​ក្រម​ហ៊ុន​ឯកជន​មួយ​គោរព​ច្បាប់​បាន​នេះ អាច​មក​ពី​មាន​អំពើពុករលួយ បក្សពួកនិយម ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​បណ្តោយ​ឲ្យ​អ្នកក្រីក្រ​បន្ត​រងគ្រោះ ។ ស្ត្រី​រូប​នោះ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ករណី​នេះ​ឡើង​វិញ ដើម្បី​ធានា​ថា មនុស្ស​គ្រប់រូប​មិន​ត្រូវ​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់ «​ព្រោះ​បី​ឆ្នាំ​មកហើយ ប្រជាជន​បុរី​កីឡា​វេទនាណាស់ អ៊ីចឹង​ហើយ​មិន​អាច​ទ្រាំ​រស់នៅ​ត​ទៀត​លើ​ធុងសំរាម​ហ្នឹង​បានទេ ។ អ៊ីចឹង​ហើយ​សុំឲ្យ​សម្តេច​ហ៊ុន សែន ឲ្យ​គាត់​ស្រែកថា ជួយ​ដោះស្រាយ​បុរី​កីឡា និង​ប្រជាជន​ទូទាំង​ប្រទេស ឲ្យបាន​ឆាប់ៗ​» ។​

​តាម​ពាក្យបណ្តឹង​ដែល​ចែក​ឲ្យ​អ្នក​សារព័ត៌​នៅ​ថ្ងៃ​សុក្រ​នេះ សរសេរថា កាលពី​ថ្ងៃ​ទី​៣ ខែ​កមក​រា ឆ្នាំ​២០១២ អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ កង​ប្រដាប់អាវុធ​ចម្រុះ​របស់​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច បាន​ឈូស​បំផ្លាញ និង​កម្ទេច​លំនៅឋាន ទ្រព្យសម្បត្តិ របស់​ពលរដ្ឋ​រាប់រយ​គ្រូ​សារ​នៅ​សហគមន៍​បូរី​កីឡា និង​បាន​ជម្លៀស​ទាំង​បង្ខំ ឲ្យទៅ​រស់នៅ​ឆ្ងាយ​ពី​ទីក្រុង​រហូត​៤០​គីឡូម៉ែត្រ ដោយ​ផ្តល់​សំណង​តិចតួច ។ ចំណែក​ពលរដ្ឋ​ជាង​១០០​គ្រូ​សារ​ដែល​បាន​បណ្តេញ​ចេញ​ដែរ​នោះ មិន​ព្រម​ទទួល​សំណង​ហើយ​ចេញ​តវ៉ា​រហូត​ពេលនេះ ។​

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ ឲ្យ​VOD​ដឹងថា សាលា​រាជធានី​បាន​ប្រឹងប្រែង​រក​ដំណោះស្រាយ​ករណីនេះ ដោយ​បង្កើត​ឲ្យមាន​វេទិការសាធារណៈ សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ដែល​ពាក់ព័ន្ធ និង​បង្កើតឲ្យមាន​គណៈកម្ម​ការ​ដើម្បី​ដោះស្រាយ​ជម្លោះ ។ ប៉ុន្តែ​លោក​ថា ជម្លោះ​នៅ​សហគមន៍​បុរី​កីឡា​នេះ ត្រូវការ​ពេល​សិក្សា​បន្ថែមទៀត ទើប​អាច​ឈាន​ទៅរក​ការបញ្ចប់​ជម្លោះ​បាន ។​

​នាយក​លេខាធិការដ្ឋាន​នៃ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន លោក សៀ ភារម្យ យល់ថា ជម្លោះ​ដែល​អូសបន្លាយ​ច្រើន​ឆ្នាំ​មកនេះ ដោយសារ​តែ​ច្បាប់​នៅ​កម្ពុជា​មិន​អាច​ដាក់ទោស​អ្នកមានអំណាច និង​មាន​ប្រាក់​បាន និង​ម្យ៉ាងវិញទៀត​អាច​មាន​មន្ត្រី​រដ្ឋាភិបាល​ខ្លះ​នៅ​ពីក្រោយ​ជម្លោះ​នេះ ។ លោក​បញ្ជាក់ថា «​បើ​គាត់​មិន​វះកាត់​ទេ សាច់​ស្អុយ​នោះ មហារីក​នោះ​គាត់​តែ​ធំៗ ហើយ​មុន​ហ្នឹង​ធ្វើ​អាហ្នឹង​បាន ត្រូវ​ក្រុមគ្រួសារ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ត្រូវ​គំរូ​គេ​សិន ហើយ​ប្រសិន​ជា​គាត់​អនុវត្ត​ខ្លាំង​ទៅ អាច​[​មន្ត្រីក្រោមឱវាទ​]​ខាងក្រោម​នេះ​ចង្អុល​គាត់​ថា គាត់​ក៏​ជា​អ្នក​ដែល​ពុករលួយ វា​ធ្វើឲ្យ​បញ្ហា​នឹង​មិន​អាចឆ​ន្ទៈ​ពិតប្រាកដ​ទេ​» ។​

​យ៉ាងនេះក្តី ជម្លោះ​ដីធ្លី​នៅ​សហគមន៍​បុរី​កីឡា​នេះ ប្រធាន​ក្រុមហ៊ុន​ផាន អ៊ី​ម៉ិច លោកស្រី ស៊ុយ សុផាន បាន​ចូល​ឆ្លើយបំភ្លឺ ក្នុង​សភា​កាលពី​ថ្ងៃ​ទី​១៦​ខែតុលា​ឆ្នាំ​២០១៤ ប៉ុន្តែ​មក​ដល់ពេលនេះ គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា ដែល​បាន​សាកសួរ មិន​ទាន់​ប្រកាស​ថា អាច​នឹង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ ធ្វើ​អាគារ​ចំនួន​១០​ជូន​ពលរដ្ឋ​តាម​កិច្ចសន្យា ដើម្បី​បញ្ចាប់​ជម្លោះឬ​យ៉ាងណា​នៅឡើង​ទេ ៕

សូមសរសេរមកលោក ញឹម សុខន​ តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles