ដោយ អ៊ុង សេរីវុទ្ធ
2015-01-02
RFA

ប៉ូលិសប្រោះទឹកលើបាតុករដែលត្រូវបានចាប់ខ្លួនក្នុងពេលបង្ក្រាបការតវ៉ានៅផ្លូវវ៉េងស្រេង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ RFA/Sek Bandith
អង្គការ សមាគម និងសហគមន៍ជាតិចំនួន ៣៦ស្ថាប័ន នឹងរួមគ្នាប្រារព្ធខួបមួយឆ្នាំ នៃការបាញ់ប្រហារលើហ្វូងបាតុករ នៅផ្លូវវ៉េងស្រេង នៅថ្ងៃសៅរ៍ទី ៣ មករា ដើម្បីរំលឹកដល់អ្នកបាត់បង់ជីវិត និងបាត់ខ្លួន កាលពីដើមខែមករា ឆ្នាំ២០១៤កន្លងទៅ។
សេចក្ដីថ្លែងការណ៍រួមរបស់សង្គមស៊ីវិល ចេញថ្ងៃទី ១ មករា បានថ្កោលទោសអាជ្ញាធររដ្ឋាភិបាល ដែលមិនចាប់ខ្លួនអ្នកប្រព្រឹត្តបទល្មើសមកដាក់ទោស និងជំរុញឲ្យស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ។
អំពើហិង្សាកាលពីខែមករា ឆ្នាំ២០១៤ បានកើតមានឡើង បន្ទាប់ពីមានកូដកម្ម របស់កម្មករសុំដំឡើងប្រាក់ឈ្នួលអប្បបរមា ដែលរីករាលដាល អស់រយៈពេលជាច្រើនថ្ងៃ ស្របពេលនឹងការតវ៉ារបស់គណបក្សសង្គ្រោះជាតិ ប្រឆាំងលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីខែកក្កដា ឆ្នាំ២០១៣។
ការបង្រ្កាបដោយហិង្សានោះបានសម្លាប់មនុស្សយ៉ាងតិច ៤ នាក់ បាត់ខ្លួន១នាក់ និងរបួស ៣៨ នាក់។ ក្មេងប្រុសបាត់ខ្លួន ឈ្មោះ ខឹម សូផាត អាយុ ១៥ បន្ទាប់ពីគេឃើញមានរបួស និងដួលទៅលើដី ដោយសារគ្រាប់កាំភ្លើងបាញ់ចំដើមទ្រូង។ លុះដល់ទី២៤ ឧសភា ឆ្នាំ ២០១៤ មានគេឃើញបំណែកឆ្អឹង និងសំណល់ពីការដុតកង់ឡាននៅឯមូលដ្ឋានកងពលលេខ ៧០ ក្នុងខេត្តកំពង់ស្ពឺ ដែលធ្វើឲ្យមានការសង្ស័យថា ជាបំណែកនៃសាកសពរបស់ ខឹម សូផាត។ តែការស៊ើបអង្កេតហាក់លាក់លៀមពីមន្ត្រីសិទ្ធិមនុស្ស ដោយមានទាហានរារាំង និងពុំអនុញ្ញាតឲ្យធ្វើតេស្តឌីអិនអេ (DNA) ពីសាច់ញាតិឡើយ ដោយសន្មតថា បំណែកឆ្អឹងនោះ មិនមែនជាសាកសពរបស់ ខឹម សូផាត ទេ។
ចំណែកឯគណបក្សសង្គ្រោះជាតិ ក៏ធ្វើពិធីបង្សុកូលដល់អ្នកស្លាប់ ដោយការបាញ់ប្រហារនោះ នៅទីលានប្រជាធិបតេយ្យដែរ ខណៈដែលសាលារាជធានីភ្នំពេញ ពុំអនុញ្ញាតឲ្យធ្វើនៅផ្លូវវ៉េងស្រេង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បក្សប្រឆាំងប្ដូរទីតាំងប្រារព្ធពិធីបង្សុកូលជូនកម្មករដែលស្លាប់នៅផ្លូវវ៉េងស្រេង
- រោងចក្រនៅកំពង់ចាមមិនទាន់ឲ្យតំណាងសហជីពចូលធ្វើការតាមសេចក្ដីបង្គាប់
- សកម្មជនការពារតំបន់អារ៉ែងព្រមានធ្វើបាតុកម្មបើសិនគ្មានដំណោះស្រាយពិតប្រាកដ
- មន្ត្រីបក្សប្រឆាំងសោកស្ដាយចំពោះសាលាក្រុងហាមមិនឲ្យធ្វើពិធីបង្សុកូលនៅផ្លូវវ៉េងស្រេង
- ថៃបញ្ជាឲ្យយោធាបិទច្រកព្រំដែនអានសេះជាឯកតោភាគី
- រោងចក្រស៊ីម៉ងត៍ចក្រីទីងនៅកំពតយល់ព្រមលើលក្ខខណ្ឌមួយចំនួនរបស់កម្មករ
- កម្មកររោងចក្រស៊ីម៉ងត៍នៅកំពតទាមទារលក្ខខណ្ឌការងារប្រសើរ
- ពលរដ្ឋនៅបន្ទាយមានជ័យជាង១០០គ្រួសារតវ៉ាឲ្យអាជ្ញាធរបញ្ឈប់ក្រុមហ៊ុនធ្វើថ្មកំបោរលើដីអ្នកភូមិ
- យុទ្ធនាការសុំឲ្យអ្នកធ្វើកូដកម្មបង្អត់អាហារក្នុងពន្ធនាគារហូបអាហារឡើងវិញ