តារា​ភាពយន្ត​ខ្មែរ​ម្នាក់​ប្ដេជ្ញា​នឹង​ប្រឹងប្រែង​ជួយ​ជ្រោមជ្រែង​ការ​សិក្សា​របស់​កុមារ​ក្រីក្រ

ដោយ តាំង សារ៉ាដា
2015-01-02
RFA

សាវិន ហ្វីលីព ៦២០
តារា​ភាពយន្ត លោក សាវិន ហ្វីលីព ថត​រូប​អនុស្សាវរីយ៍​ជាមួយ​ក្មេងៗ។ Photo Provided

តារា​សម្ដែង​ខ្មែរ​ម្នាក់​ដែល​កំពុង​ប្រលូក​ខ្លាំង​ក្នុង​ផលិតកម្ម​ភាពយន្ត​បរទេស បាន​បង្ហាញ​ភាព​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ថា នឹង​ប្រឹងប្រែង​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ដល់​ការ​សិក្សា​របស់​កុមារ​ក្រីក្រ​តាម​ជនបទ និង​ការ​ស្វែងរក​លទ្ធភាព​ដើម្បី​ផ្តល់​ទឹក​ស្អាត​ដល់​អ្នក​ស្រុក​ដែល​កំពុង​ខ្វះ​ខាត។

តារា​ភាពយន្ត គឺ​លោក សាវិន ហ្វីលីព មាន​ប្រសាសន៍​ថា កត្តា​ចម្បង​បំផុត​ចំពោះ​មុខ​សម្រាប់​ពលរដ្ឋ​ក្រីក្រ​តាម​ជនបទ​នៅ​ពេល​នេះ គឺ​ភាព​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់។ លោក​ជឿ​ថា មាន​តែ​ទឹក និង​លទ្ធភាព​នៃ​ការ​សិក្សា​របស់​សិស្ស​ប៉ុណ្ណោះ​ទេ ដែល​អាច​ជួយ​សហគមន៍​ឲ្យ​មាន​ភាព​លូតលាស់​ទៅ​មុខ​បាន។

សកម្មភាព​មនុស្សធម៌​របស់​លោក កើត​ចេញ​ពី​ក្តី​អាណិត​ក្តី​មេត្តា និង​ការ​ចង់​ឃើញ​វឌ្ឍនភាព​មួយ​ត្រូវ​បាន​កកើត​ឡើង​ដោយ​ការ​រស់នៅ​ដ៏​សុខដុមរមនា។

លោក សាវិន ហ្វីលីព បន្ត​ថា កិច្ច​ខំ​ប្រឹងប្រែង​ជួយ​ជន​ក្រីក្រ​តាម​រយៈ​មូលនិធិ​របស់​លោក​ឈ្មោះ សាវិន​កម្ពុជា នោះ គឺ​កាន់​តែ​ពុះ​កញ្ជ្រោល​ថែម​ទៀត ក្រោយ​ពី​ជីដូន​របស់​លោក​បាន​ផ្ដាំ​មុន​ពេល​លា​ចាក​ពី​លោក​នេះ​ទៅ​ថា លោក​ចង់​អោយ​កុមារ និង​ពលរដ្ឋ​ក្នុង​ស្រុក​សំរោង ខេត្ត​តាកែវ មាន​ទឹក​ស្អាត​គ្រប់គ្រាន់​ប្រើប្រាស់៖ «នៅ​ឆ្នាំ​មុន​នៅ​ពេល​ដែល​ខ្ញុំ​ទៅ​លេង​ស្រុក​កំណើត​ជីដូន​របស់​ខ្ញុំ ក្នុង​ស្រុក​សំរោង ខេត្ត​តាកែវ នោះ ឃើញ​ក្មេង​វា​អត់​មាន​ទឹក​ប្រើ។ ខ្ញុំ​ឃើញ​ក្មេង​វា​ជិះ​ដឹក​ប៊ីដុង​ទឹក​ពី​ស្ទឹង​ចម្ងាយ ៧ ទៅ ៨​គីឡូម៉ែត្រ​ពី​ផ្ទះ។ វា​កើត​ចេញ​ពី​ការ​អាណិត ដោយ​ខ្ញុំ​គិត​ថា ត្រូវ​ធ្វើ​អី​មួយ​ហើយ ហើយ​យាយ​របស់​ខ្ញុំ​និយាយ​ថា បើ​សិន​ជា​យាយ​ស្លាប់​ទៅ ចៅ​ឯង​ត្រូវ​ជួយ​ក្មេង​ក្នុង​ភូមិ​នេះ​ផង ព្រោះ​ពួក​គេ​ក្រ​ណាស់ ព្រោះ​ស្រុក​សំរោង នោះ​ក្រ​មែន​ទែន។ ពេល​ត្រឡប់​មក​ផ្ទះ​វិញ ខ្ញុំ​ចាប់​ផ្ដើម​គិត​ស្រាវជ្រាវ​តាម​វែបសាយ (Website) មើល ហើយ​ខ្ញុំ​គិត​ថា មាន​តែ​ទឹក​ទេ​ដែល​អាច​ជួយ​ក្មេង​នោះ​បាន។ ហើយ​ពេល​នោះ ខ្ញុំ​ចាប់​ផ្ដើម​និយាយ​ជាមួយ​មិត្តភ័ក្ដិ​របស់​ខ្ញុំ​នៅ​បរទេស ហើយ​ក៏​ចាប់​បង្កើត​មូលនិធិ​នេះ​ឡើង»

ចាប់​តាំង​ពី​ឆ្នាំ​២០១៣ រហូត​មក​ទល់​បច្ចុប្បន្ន​នេះ គម្រោង​មនុស្សធម៌​របស់​លោក​ដែល​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​មិត្តភ័ក្ដិ​នៅ​ឯ​បរទេស​ខ្លះ និង​ពី​តារា​សម្ដែង​ខ្មែរ​ខ្លះ​នោះ បាន​កសាង​អណ្ដូង​ទឹក​ស្អាត​ចំនួន​ជាង ៨០​អណ្ដូង ទាំង​ក្នុង​ស្រុក​សំរោង ខេត្ត​តាកែវ និង​ខេត្ត​សៀមរាប។

លោក សាវីន ហ្វីលីព អាយុ ៤៣​ឆ្នាំ ជា​កូន​កំព្រា​ឪពុក​តាំង​ពី​កំណើត ហើយ​រីឯ​ប្អូន​ប្រុស និង​ប្អូន​ស្រី​របស់​លោក បាន​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម។ លោក​បាន​បញ្ចប់​បរិញ្ញាបត្រ​ខាង​ផ្នែក​សាលា​អង់គ្លេស​ពី​វិទ្យាស្ថាន​ភាសា​បរទេស នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្នុង​ឆ្នាំ​១៩៩៤។ បន្ទាប់​ពី​រៀន​ចប់​ហើយ លោក​ធ្វើ​ការ​ជា​អ្នក​អូស​វ៉ាលិស​ឲ្យ​ភ្ញៀវ​នៅ​តាម​សណ្ឋាគារ ហើយ​ក្រោយ​មក​លោក​បាន​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ក្នុង​សណ្ឋាគារ​ល្បីៗ រួម​មាន​សណ្ឋាគារ​កាំបូឌីយ៉ាណា (Cambodiana Hotel) សណ្ឋាគារ ឡឺ រូយ៉ាល់ (Le Royal) និង​សណ្ឋាគារ​ឯករាជ្យ ឬ​ហៅថា​សណ្ឋាគារ ៧​ជាន់​ក្នុង​ខេត្ត​ព្រះសីហនុ។ លោក សាវីន ហ្វីលីព ឲ្យ​ដឹង​ថា ក្រៅ​ពី​ជីវិត​ជា​អ្នក​ធ្វើ​ការ​តាម​សណ្ឋាគារ​កាល​ពី​ឆ្នាំ​១៩៩៤ នោះ នៅ​ថ្ងៃ​សម្រាក​ម្តងៗ លោក​ក៏​បាន​ចូល​ប្រលូក​ខ្លះ​ដែរ​ក្នុង​វិស័យ​ភាពយន្ត ខណៈ​ភាពយន្ត​ខ្មែរ​នា​សម័យ​នោះ​មាន​ការ​ពេញ​និយម​ខ្លាំង​ពី​ទស្សនិកជន។

ដោយ​កម្ពុជា នៅ​ពេល​នោះ​មិន​មាន​សាលា​បង្ហាត់​អំពី​ការ​សម្ដែង​កុន លោក ហ្វីលីព បាន​ហក់​ចូល​សម្ដែង​ភាពយន្ត​ឆៅ​តែ​ម្តង ហើយ​រឿង​ដំបូង​ដែល​លោក​បាន​សម្ដែង​នោះ​រួម​មាន រឿង​ថ្ងៃ​ដែល​រង់ចាំ រឿង​ស្អប់ៗ រឿង​ភ្នំ​ទាប​ជាង​ស្មៅ និង​រឿង​ផ្សេងៗ​មួយ​ចំនួន​ទៀត។ ប៉ុន្តែ​នៅ​ឆ្នាំ​១៩៩៦ ជីវិត​ជា​អ្នក​សិល្បៈ​របស់​លោក​បាន​បាត់​រលត់​ទៅ​មួយ​រយៈ។ ហើយ​លោក​បាន​ចាប់​ផ្ដើម​ប្រលូក​ក្នុង​វិស័យ​ភាពយន្ត​នេះ​សាជាថ្មី​នៅ​ឆ្នាំ​២០១៣ នៅ​ពេល​មាន​ផលិតកម្ម​បរទេស​មួយ​ចាប់​ផ្ដើម​ថត​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​ដែល​មាន​ចំណង​ជើង​ថា ហនុមាន ជា​ខ្សែ​ភាពយន្ត​ដែល​បង្ហាញ​ពី​តថភាព​ពិត​ក្នុង​សង្គម​ខ្មែរ។

លោក ហ្វីលីព ថ្លែង​ថា ការ​សម្រេច​ចូល​ថត​ខ្សែ​ភាពយន្ត​ជា​ថ្មី​របស់​លោក​នេះ គឺ​ស្រប​ពេល​ដែល​ភាពយន្ត​របស់​ខ្មែរ​ចាប់​ផ្ដើម​មាន​ទីផ្សារ​តិចតួច​ឡើង​វិញ៖ «ខ្ញុំ​សម្រេច​ចិត្ត​ថត ពីព្រោះ​ថា​ស្រុក​ខ្មែរ​ឥឡូវ​មាន​រោង​កុន​ដែល​មាន​តម្លៃ ៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​នៅ​ផ្សារ អ៊ីអន (AEON) ហើយ​ណា​មួយ​ខ្សែ​ភាពយន្ត​នេះ​គេ​និយាយ​អំពី​ក្បាច់​ល្បុក្កតោ និង​ការ​សង​សឹក ព្រោះ​ភាពយន្ត​គេ​នឹង​យក​ទៅ​បញ្ចាំង​នៅ​តំបន់​អាស៊ី និង​សហរដ្ឋ​អាមេរិក។ អ៊ីចឹង ខ្ញុំ​គិត​ថា គួរ​តែ​បង្ហាញ​មុខ​ម្តង​ទៀត​អ៊ីចឹង​ដែរ ហើយ​ក្រៅ​ថត​ខ្សែ​ភាពយន្ត​នេះ ខ្ញុំ​ក៏​បាន​ថត​រឿង រនាត​ស្នេហ៍ នឹង​បញ្ចាំង​នៅ​ក្នុង​ខែ​មីនា ហើយ​រឿង​មួយ​ទៀត គឺ​រឿង ភ្លើង ដែល​ថត​ចប់​ហើយ ហើយ​មួយ​ទៀត​ថត​រឿង បួន​ថ្ងៃ​ក្រោយ​បែក​ទីក្រុង​ភ្នំពេញ ឬ Before the Fall»

ងាក​មក​ការងារ​មនុស្សធម៌​វិញ លោក ហ្វីលីព មាន​ប្រសាសន៍​ថា ដោយសារ​ការ​ចំណាយ​ពេលវេលា​ជាច្រើន​ខាង​ការងារ​ផ្នែក​សណ្ឋាគារ និង​វិស័យ​ភាពយន្ត​ច្រើន​ពេក លោក​ក៏​បាន​ឆ្លៀត​ឱកាស​ធ្វើ​ការងារ​សុឆន្ទៈ​ខ្លះៗ ក្នុង​ការ​ជួយ​ជ្រោមជ្រែង​បញ្ហា​សង្គម។ លោក​មាន​ប្រសាសន៍​ថា ក្រៅ​ពី​ការ​ជីក​អណ្ដូង​ជូន​ពលរដ្ឋ លោក​ក៏​បាន​ស្វះ​ស្វែង​ចែក​សម្ភារៈ​សិក្សា​ខ្លះ​ដល់​សិស្សានុសិស្ស​មួយ​ចំនួន ក្នុង​ខេត្ត​សៀមរាប ខណៈ​សិស្ស​ក្រីក្រ​ជាច្រើន​ក្នុង​ខេត្ត​នេះ កំពុង​ខ្វះ​ខាត​ខាង​ផ្នែក​អប់រំ​ជាច្រើន រួម​ទាំង​សាលា​រៀន​ផង​ដែរ៖ «ក្រៅ​ពី​ជីក​អណ្ដូង គឺ​យើង​បាន​ចែក​សៀវភៅ​ដល់​សិស្ស​រួម​មាន ប៊ិច និង​ខ្មៅដៃ​ផង​ដែរ​ដល់​សិស្ស​នៅ​ក្នុង​សហគមន៍ និយាយ​ទៅ​ដូចជា​នៅ​សាលា​បដាក និង​សាលា​ត្រពាំង​ពោធិ៍ ជាដើម។ និយាយ​ទៅ​ខ្ញុំ​ចេះ​តែ​មាន​ចិត្ត​មួយ​អាណិត​ក្មេង ដោយសារ​ខ្ញុំ​រស់នៅ​ដោយ​អត់​ឪពុក​តាំង​ពី​ក្មេង​មក​ម្ល៉េះ ដោយសារ​ឪពុក​ត្រូវ ប៉ុល ពត សម្លាប់។ ឆ្នាំ​១៩៧៥ ហ្នឹង គេ​យក​គាត់​ទៅ​បាត់​តែ​ម្តង។ អ៊ីចឹង​ខ្ញុំ​រាល់​ថ្ងៃ​រស់​អត់​ដែល​ឃើញ​មុខ​ឪពុក​យ៉ាង​ម៉េច​ទេ។ ដូច្នេះ​ឃើញ​ក្មេង​ក្រ ចេះ​តែ​អាណិត»

ពលរដ្ឋ​ខេត្ត​សៀមរាប ខ្លះ​និយាយ​ថា លោក ហ្វីលីព ជា​មនុស្ស​រួសរាយ​រាក់ទាក់​មិន​ប្រកាន់​ខ្លួន ហើយ​ចូល​ចិត្ត​ចង់​ដឹង​សុខ​ទុក្ខ​របស់​អ្នក​ក្រ។

អ្នកស្រី គង់ ចន្ថា ដែល​ជា​នាយិកា​នៃ​សាលា​បឋម​សិក្សា​តាកោះ ក្នុង​ឃុំ​ព្រះដាក់ ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប សម្ដែង​ក្តី​សប្បាយ​រីករាយ​ថា សិស្សានុសិស្ស​ក្នុង​សាលា​របស់​អ្នកស្រី និង​ពលរដ្ឋ​ក្នុង​ភូមិ​ទាំងអស់ មាន​ភាព​ត្រេកអរ​ចំពោះ​ការ​ទទួល​បាន​អណ្ដូង​ទឹក​ស្អាត​ប្រើប្រាស់ ព្រម​ទាំង​សម្ភារៈ​សិក្សា​មួយ​ចំនួន​ពី​មូលនិធិ សាវិន​កម្ពុជា៖ «គាត់​រាក់​ទាក់ ហើយ​មាន​ក្មេង​ចូលរួម​ច្រើន​នៅ​ក្នុង​សកម្មភាព​ហ្នឹង សប្បាយ​ចិត្ត។ គាត់​ចែក​ជា​សៀវភៅ​ខ្មៅដៃ ហើយ និង​មី​កញ្ចប់​ក្នុង សកម្មភាព​មនុស្សធម៌​ដែល​បាន​ដាក់​អណ្ដូង​ឲ្យ​សាលា​យើង​ខ្ញុំ ហើយ​នាង​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​មាន​ទឹក​ក្នុង​ការ​ប្រើប្រាស់​សម្រាប់​ស្រោច​ដំណាំ សម្រាប់​ចម្អិន និង​ការ​លាង​សម្អាត​ខ្លួន»

អ្នកស្រី​ក៏​បាន​អំពាវនាវ​ដល់​សប្បុរសជន​នានា អោយ​ជួយ​បង្កើត​បណ្ណាល័យ​សម្រាប់​ការ​អាន និង​ការ​ស្រាវជ្រាវ​របស់​សិស្ស ព្រម​ទាំង​ធ្វើ​ផ្លូវ​លំ​មួយ​ខ្សែ​ចូល​ទៅ​កាន់​សាលា​នេះ ដើម្បី​អាច​ឲ្យ​សិស្ស​ធ្វើ​ដំណើរ​ទៅ​រៀន​សូត្រ​បាន​ងាយ។

ចំណែក លោក ឃុត សាន ដែល​ជា​នាយក​សាលា​បឋម​សិក្សា ជើង គួន ឋិត​ក្នុង​ឃុំ​ជើងគួន ស្រុក​សំរោង ខេត្ត​តាកែវ ឯណោះ​វិញ​ថ្លែង​ថា សាលា​របស់​លោក​បាន​ទទួល​អណ្ដូង​ទឹក​ចំនួន​ពីរ សម្រាប់​ទុក​ឲ្យ​អ្នក​ភូមិ និង​សិស្សានុសិស្ស​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ លោក ឃុត សាន ក៏​បាន​សម្ដែង​អំណរ​គុណ​ចំពោះ​អណ្ដូង​ស្នប់​ទាំង​នេះ ដែល​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ៖ «វា​មាន​ការ​ខុស​ប្លែក​ច្រើន​ដែរ​ពី​មុន​មក យើង​ពិបាក​ដែល​មាន​ទឹក​មិន​ល្អ។ អ៊ីចឹង​គ្រាន់​តែ​ថា​ការ​ខុស​ប្លែក​របស់​គាត់ គឺ​គាត់​មាន​ការ​សប្បាយ​ចិត្ត​ដោយ​បាន​មាន​ទឹក​ប្រើប្រាស់ និង​បរិភោគ ហើយ​កូន​សិស្ស​ក៏​បាន​ទទួល​ទាន។ កាល​ពី​មុន​មក​កូន​សិស្ស​មាន​ដប​ទឹក ខ្លះ​ដាំ ខ្លះ​យក​ពី​ផ្ទះ។ ដល់​ពេល​ឥឡូវ​នេះ អ្នក​ដែល​មិន​បាន​ដាំ​ទឹក គាត់​ក៏​អាច​យក​ដប​ផ្ទេរ​ពី​អណ្ដូង ដាក់​ក្នុង​ធុង​មក ដើម្បី​ចម្រោះ​ឲ្យ​សិស្ស​បាន​ហូប»

ជាមួយ​គ្នា​នេះ​ដែរ ការងារ​មនុស្សធម៌ គឺ​ជា​អាទិភាព​ទី​មួយ​សម្រាប់ លោក ហ្វីលីព ដែល​លោក​នឹង​បន្ត​ធ្វើ​ការងារ​នេះ​ជាមួយ​អង្គការ​ក្នុង​ស្រុក​មួយ​ប្រចាំ​ខេត្ត​សៀមរាប ឈ្មោះ​ថា សុបិន​កុមារ​កម្ពុជា ហើយ​លោក​ប្ដេជ្ញា​ចិត្ត​ថា នឹង​ខិតខំ​ប្រឹងប្រែង​ស្វែង​រក​ជំនួយ​មនុស្សធម៌​ពី​តាម​បណ្ដា​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ជាច្រើន​ទៀត ដើម្បី​ឧបត្ថម្ភ​ដល់​អង្គការ​មួយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles