​ប្រជា​សហគមន៍​បុរី​កីឡា​ប្រារព្ធ​ខួប​បី​ឆ្នាំ​នៃ​ទុក្ខវេទនា​របស់​ខ្លួន​ជំរុញ​រក​ដំណោះស្រាយ​​

ដោយ៖​ ណុល ដារ៉ា​
ថ្ងៃសៅរ៍ ទី3 មករា 2015
http://vodhotnews.com

អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​សហគមន៍​បុរី​កីឡា នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ប្រារព្វ​ខួប​បី​ឆ្នាំ​នៃ​ការបណ្ដេញចេញ​ទាំង​បង្ខំ ដោយ​មាន​សំណង​តិចតួច ដើម្បី​រំឭក​ពី​ទុក្ខសោក​របស់ខ្លួន ព្រម​ទាំង​នឹង​ហែ​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភាជាតិ រក​អន្តរាគមន៍​ជំរុញ​ល្បឿន​រក​ដំណោះស្រាយ ។​

​អ្នកស្រី​ ឆាយ គឹម​ហ៊​ន ឲ្យ​ VOD ដឹង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣ ខែ​មករា ឆ្នាំ​២០១៥នេះ​ថា ការ​ដែល​ប្រជា​សហគមន៍​បុរី​កីឡា​ប្រារព្ធ​ទិ​វា​បី​ឆ្នាំ​នៃ​ការបណ្ដេញចេញ​នេះ ដើម្បី​ឲ្យ​រដ្ឋាភិបាល​បាន​ដឹង​ពី​ទុក្ខវេទនា​របស់​ពួកគាត់ ដែល​រស់នៅ​ដោយ​គ្មាន​លំនៅដ្ឋាន​ពិតប្រាកដ រស់នៅ​លើ​គំនរ​សំរាម​ដោយ​គ្មាន​អនាម័យ ជាពិសេស​គឺ​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន និង​រាជធានី​ភ្នំពេញ​។​

​អ្នកស្រី​ ឆាយ គឹម​ហ៊​ន ​បន្តថា នៅ​ព្រឹក​នេះ​ប្រជា​សហគមន៍​បុរី​កីឡា​ជាង​៦០​នាក់ កំពុង​ចេញដំណើរ​ទៅ​ចូលរួម​រំឭក​ខួប​១​ឆ្នាំនៃ​ការបង្ក្រាប លើ​បាតុករ​កម្មករ​ទាមទា​រ​ដំឡើង​ប្រាក់​ឈ្នួល១៦០ដុល្លារនៅ​ផ្លូវវ៉េងស្រេង ដែល​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​៦​នាក់ បាត់​ខ្លួន​ម្នាក់ និង​របួស​ជិត​៤០​នាក់​។​

អ្នកស្រី​បន្ត​ថា ក្រោយ​រំឭក​ខួប​នៅ​ផ្លូវវ៉េង​ស្រេង ប្រជា​សហគមន៍​បុរី​កីឡា​ទាំងអស់​នឹង​ហែ​ក្បួន​មកជួបជុំ​គ្នា​នៅ​បុរី​កីឡា​វិញ ដើម្បី​សម្ដែង​ពី​ទុក្ខវេទនា​របស់​ខ្លួន​រយៈ​ពេល​មួយ​ម៉ោង បន្ទាប់មក​នឹង​ហែ​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភាជាតិ​ ។​

កាលពី​ថ្ងៃ​ទី​២ ខែមករាម្សិលមិញ ប្រជា​សហគមន៍​បុរី​កីឡា​មួយក្រុមបាន​ទៅ​តវ៉ា​មុខ​សាលា​រាជធានី​ភ្នំពេញ ជំរុញ​ល្បឿន​រក​ដំណោះស្រាយ​ករណី​បណ្ដេញ​ពួកគេ​ចេញ​ទាំង​បង្ខំ​អស់​រយៈពេល​៣​ឆ្នាំ​មកហើយ​ ។​

​តាម​ពាក្យបណ្តឹង​ដែល​ចែក​ឲ្យ​អ្នក​សារព័ត៌​នៅ​ទីនោះសរសេរថា កាលពី​ថ្ងៃ​ទី​៣ ខែ​មក​រា ឆ្នាំ​២០១២ អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ កង​ប្រដាប់អាវុធ​ចម្រុះ​របស់​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច បាន​ឈូស​បំផ្លាញ និង​កម្ទេច​លំនៅដ្ឋាន ទ្រព្យសម្បត្តិ របស់​ពលរដ្ឋ​រាប់រយ​គ្រូ​សារ​នៅ​សហគមន៍​​បុរី​កីឡា និង​បាន​ជម្លៀស​ទាំង​បង្ខំ ឲ្យទៅ​រស់នៅ​ឆ្ងាយ​ពី​ទីក្រុង​រហូត​៤០​គីឡូម៉ែត្រ ដោយ​ផ្តល់​សំណង​តិចតួច ។ ចំណែក​ពលរដ្ឋ​ជាង​១០០​គ្រូ​សារ​ដែល​បាន​បណ្តេញ​ចេញ​ដែរ​នោះ មិន​ព្រម​ទទួល​សំណង​ហើយ​ចេញ​តវ៉ា​រហូត​ពេលនេះ​ ៕

សូមសរសេរមកលោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com

What Next?

Recent Articles