ការ​បង្ក្រាប​បាតុកម្ម​កម្មករ​ដោយ​ហិង្សា​នៅ​ផ្លូវ​វេងស្រេង​ជា​រឿងរ៉ាវ​ដែល​មិន​អាច​បំភ្លេច​បាន

ទិដ្ឋភាព​នៃការ​ធ្វើ​បាតុកម្ម​ និង​ការ​បង្ក្រាបពី​កង​កម្លាំង​ប្រដាប់អាវុធ​ទៅ​លើក្រុម​កម្មករ​នៅ​លើ​ផ្លូវ​វេង​ស្រេង​ កាលពីដើម​ខែមករា ២០១៤។ រូប​ថត ហេង ជីវ័ន

ទិដ្ឋភាព​នៃការ​ធ្វើ​បាតុកម្ម​ និង​ការ​បង្ក្រាបពី​កង​កម្លាំង​ប្រដាប់អាវុធ​ទៅ​លើក្រុម​កម្មករ​នៅ​លើ​ផ្លូវ​វេង​ស្រេង​ កាលពីដើម​ខែមករា ២០១៤។ ហេង ជីវ័ន


and
ភ្នំពេញប៉ុស្តិ៍

កាលពីឆ្នាំ​មុន​ ថ្ងៃ​នេះ​ កង​កម្លាំង​សន្តិសុខ​បាន​បាញ់​កាំភ្លើង​ស្វ័យ​ប្រវតិ្ត​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាង​ហោច​ ៥​នាក់ នៅ​ក្នុង​បាតុកម្ម​តវ៉ា​នៅលើ​ផ្លូវ​វេង​ស្រេង ក្នុង​រាជធានី​ភ្នំពេញ។ ​

អំពើ​ហិង្សា​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​ការ​បង្ក្រាប​ទៅ​លើ​ក្រុម​អ្នក​គាំទ្រ​គណ​បក្ស​ប្រឆាំង​​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​នៅ​ថ្ងៃ​បន្ទាប់​គឺ​ជា​ការ​វាយ​សំពង​យ៉ាង​ធ្ងន់​ទៅ​លើ​ចលនា​តវ៉ា ហើយ​រឿង​រ៉ាវ​ក្នុង​​ព្រឹត្តិការណ៍​នោះ​នៅ​តែ​ត្រូវ​បាន​គេ​ចង​ចាំ។

នៅពីរ​បី​ថ្ងៃ​ មុន​ដាច់​ឆ្នាំ​២០១៣ ចលនា​តវ៉ា​មួយ​បាន​ធ្វើ​ឲ្យ​មាន​យុវជន​រាប់​ពាន់​នាក់​ចូល​រួម​​នៅ​ទូទាំង​ប្រទេស។

កម្មករ​កាត់ដេរ​និង​សហជីព មិន​គាំ​ទ្រ​រដ្ឋាភិបាល ភ្លាមៗ​នោះ​បាន​សាម​គ្គី​គ្នា ដើម្បី​ទាមទារ​ប្រាក់​ឈ្នួល​គោល​អប្បបរមា ១៦០ ដុល្លារ ​ក្នុង​មួយ​ខែ។ នៅ​ពេល​រដ្ឋាភិបាល​ផ្តល់​ឲ្យ​កម្មករ​តែ​ ៩៥ ដុល្លារ កាល​ពីចុង​ខែ​ធ្នូ ឆ្នាំ២០១៣ កម្មករ​បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​ពេញ​ផ្លូវ។ រោង​ចក្រ​នានា​ភ្លាម​នោះ​ ត្រូវ​បាន​បញ្ជា​ឲ្យ​បិទ​ទាំង​អស់។ ក្នុង​រយៈពេល​តែ​ពីរ​បី​ថ្ងៃ កម្មករ​បាន​ធ្វើ​ឲ្យ​ឧស្សាហកម្ម ដែល​ទាញ​ប្រាក់​ចំណូល​រាប់​ពាន់​លាន​ដុល្លារ​នេះ​ឈាន​ដល់​ភាព​ជាប់​គាំង។

នាពេល​ជាមួយ​គ្នា​នោះ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ធ្វើ​ពហិការ​មិន​ចូល​សភា ​ក៏​កំពុង​ធ្វើ​ការ​តវ៉ា​ខ្លាំង​ក្លា​ដែរ​នៅ​តាម​ផ្លូវ​ធំៗ ក្នុង​រាជធានី​ និង​បាន​ប្រើ​ប្រាស់​​ទីលាន​ប្រជា​ធិប​តេយ្យ​ជា​ជំរំ​តវ៉ា​ដោយ​សន្តិវិធី ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ។

ខណៈ​ជំរុញ​ឲ្យ​បន្ត​សកម្ម​ភាព​តវ៉ា ពី​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​បាន​ប្រាប់​កម្មករ​ឲ្យ​ប្រកាន់​ជំហរ​ទាម​ទារ ១៦០​ដុល្លារ ​ហើយ​ដោយ​សារ​មាន​ការ​គាំទ្រ​ពី «រលក​យក្ស​ដែល​មិន​អាច​បញ្ឈប់​បាន»​ សកម្មភាព​តវ៉ា​ទាំង​ពីរ​ក្រុម​នេះ​បាន​ឈាន​ដល់​ចំណុច​ប្រសព្វ​គ្នា។

សកម្ម​ភាព​ប្រ​ឈម​ដាក់គ្នា​រវាង​​សមត្ថកិច្ច​​និង​ក្រុម​បាតុករ​នៅ​ផ្លូវ​វេង​ស្រេង កាលពីដើម​​ខែមករា ឆ្នាំ ២០១៤។ រូបថត ផា លីណា​

សកម្ម​ភាព​ប្រ​ឈម​ដាក់គ្នា​រវាង​​សមត្ថកិច្ច​​និង​ក្រុម​បាតុករ​នៅ​ផ្លូវ​វេង​ស្រេង កាលពីដើម​​ខែមករា ឆ្នាំ ២០១៤។ ផា លីណា

លោក អ៊ូ វីរៈ​ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​រំឭក​ថា៖ «កាល​ពេល​នោះ ពួក​គេ​កំពុង​ដឹក​នាំ​ការ​តវ៉ា​​និង​បង្កើន​ការ​រំពឹង​ទុក។ ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​តែ​ចាប់​យក​ឱកាស​នោះ…​ព្រោះ​​វា​​ជា​ព្យុះ​ដ៏​ឥត​ខ្ចោះ​មួយ»។

ប៉ុន្តែ​ នៅពីរ​បី​ថ្ងៃ​ដំបូង​​ ក្នុង​ដើម​ឆ្នាំ​២០១៤​ ​អ្វី​ៗ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទៅវិញ។ ​កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​បាន​អនុវត្ត​ការ​បង្ក្រាប​ទៅ​លើ​កូដករ​និង​ក្រុម​អ្នកតវ៉ា​ដោយ​ហិង្សា។

នៅ​ថ្ងៃនេះ​ កាល​ពីឆ្នាំ​មុន ​កង​កម្លាំង​សន្តិសុខ​បាន​ចូល​ព័ទ្ធ​ផ្លូវ​វេង​ស្រេង​ ដែល​ជា​ផ្លូវ​សម្បូរ​ដោយ​រោង​ចក្រ​កាត់​ដេរ ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​បាញ់​គ្រាប់​ពិត​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​និង​អ្នក​នៅ​ជិត​នោះ។ មនុស្ស​យ៉ាង​ហោច​​ ៥​នាក់​បាន​ស្លាប់​នៅក្នុង​ព្រឹត្តិការណ៍​ប៉ះ​ទង្គិចគ្នា​នោះ។

នៅ​ថ្ងៃ​បន្ទាប់​នៅ​ទីលាន​ប្រជាធិបតេយ្យ​ កម្លាំង​សន្តិសុខ​បាន​បណ្តេញ​ក្រុម​អ្នក​តវ៉ា​ ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​ចេញ​ពី​ទីលាន​ប្រជា​ធិបតេយ្យ ដោយ​វាយ​និង​ចាប់​ខ្លួន​មនុស្ស​ព្រម​ទាំង​រុះរើ​ឆាក​និង​តង់​ស្នាក់​នៅ​របស់​ក្រុម​អ្នក​តវ៉ា​​មក​ពី​តាម​ខេត្ត។

ការ​តវ៉ា​របស់​ក្រុម​កម្មករ​កាត់​ដេរ​និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ ត្រូវ​បាន​បង្ក្រាប​ឲ្យ​ស្ងប់​ស្ងាត់​ទៅវិញ តែ​ក្នុង​រយៈ​ពេល​៤៨ ម៉ោង​ប៉ុណ្ណោះ។

លោក អ៊ូ វីរៈ បាន​ថ្លែង​ថា៖ «រដ្ឋាភិបាល​សម្រេច​បាន​នូវ​អ្វី​ដែល​ខ្លួន​​ចង់​បាន។ រដ្ឋាភិបាលក៏​​បាន​បញ្ឈប់​ការ​តវ៉ា​និង​​បាន​ដាក់​សម្ពាធ​ឲ្យ​​គណបក្ស​ប្រឆាំង​ត្រឡប់​ទៅ​រក​តុចរចា​វិញ»។

ចាប់ពីពេលនោះមក ចលនា​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​​បាន​ទទួល​រង​សម្ពាធ​ជា​បន្ត​បន្ទាប់​យ៉ាង​ច្រើន​ទៀត។ ​ការ​ហាម​ប្រាមមិន​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​ជា​សាធារណៈ បាន​ធ្វើ​ឡើង​​ដោយ​សំអាង​​ហេតុ​ផល​ថា ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​ និង​​សុវត្ថិភាព​ប្រជាពលរដ្ឋ និង​បរិយាកាស​សង្គម​ ហើយ​និង​ការ​វិនិយោគ…។

មេដឹកនាំ​សហជីព​ធំៗ​បាន​ប្រឈម​នឹង​បទ​ចោទ​ប្រកាន់ ហើយ​សហជីព​ត្រូវ​ប្រឈម​នឹង​បម្រាម​មិនឲ្យ​ចុះ​បញ្ជិកា​ផងដែរ។ សមាគម​អាជីវកម្ម​បាន​ធ្វើ​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ តាម​កាសែត​ថា ​សិទ្ធិ​ធ្វើ​កូដកម្ម​មិន​មែន​ជា​សិទ្ធិ​មូល​ដ្ឋាន​ទេ។ មនុស្ស ២៣​នាក់​ រួម​មាន​សកម្ម​ជន​សហជីព និង​សកម្ម​ជន​សិទ្ធិ​មនុស្ស​ បាន​ជាប់​ពន្ធនាគារ​រយៈពេល​ជា​ច្រើន​ខែ​ដោយ​សារ​បទ​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​ការ​តវ៉ា​ថ្ងៃទី២ ទី៣ ខែ​មករា ខណៈ​ដែល​អង្គការ​សិទ្ធិ​មនុស្ស​​នានា​ធ្វើ​ការ​រិះ​គន់​ខ្លាំង​ក្លា​ចំពោះ​ការ​ដាក់​ពន្ធនាគារ​នោះ។

​ក្រុម​បាតុករ​រង​គ្រោះ​ដោយការ​បាញ់បង្ក្រាបពី​សមត្ថកិច្ច​នៅ​ផ្លូវ​វេង​ស្រេង នាដើម​​ខែមករា ឆ្នាំ ២០១៤។ រូបថត ម៉ៃ វីរៈ​

​ក្រុម​បាតុករ​រង​គ្រោះ​ដោយការ​បាញ់បង្ក្រាបពី​សមត្ថកិច្ច​នៅ​ផ្លូវ​វេង​ស្រេង នាដើម​​ខែមករា ឆ្នាំ ២០១៤។ ម៉ៃ វីរៈ

ទន្ទឹម​នឹងនោះ​ សមា​គម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​បាន​ចេញ​របាយការណ៍​ស្តីពី​ការ​ធ្លាក់​ចុះ​ខ្លាំង​នៃ​​ការ​នាំ​ចេញ។

នៅពេល​ការ​តវ៉ា​របស់​កម្មករ​កាត់ដេរ​មាន​សភាព​ស្ងប់​ស្ងាត់​ជាង​មុន ក្រុម​សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម និង​សកម្មជន​​បឹងកក់ បាន​បន្ត​ធ្វើ​បាតុកម្ម​ជា​ញឹក​ញាប់​នៅ​តាមដង​ផ្លូវ​។

បើ​តាម​តួលេខ​របស់​ក្រសួងការងារ ​ដែល​ចេញ​ផ្សាយ​​ក្នុង​សប្តាហ៍​នេះ​ ចំនួន​កូដកម្ម បាន​ធ្លាក់​ចុះ​ពី​ ៤១៨ លើក​ក្នុង​ឆ្នាំ​២០១៣​ ​មក​នៅ​ត្រឹម​តែ​ ២៧៦ លើក​នៅក្នុង​ឆ្នាំ​២០១៤។

ការលើក​ឡើង​អំពីមូល​ហេតុ​​មួយ​ក្នុង​ចំណោម​ហេតុ​ផល​ដទៃ​ទៀត អំពី​ការ​ដែល​កម្មករ​ធ្វើ​កូដកម្ម គឺ​ការ​ទាម​ទារ​ដំឡើង​ប្រាក់​ឈ្នួល។ កាល​ខែ​វិច្ឆិកា ​កម្មករ​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​​ប្រាក់​ឈ្នួល​គោល ​១២៨ ​ដុល្លារ​ ដែល​នេះ​គឺ​ជា​ចំនួន​កើន​ឡើង​ទ្វេដង​នៃ​ប្រាក់​ឈ្នួល​អប្បបរមា​កាល​ពី ពីរ-​បី​ឆ្នាំ​មុន​។

លោក​ អាត់ ​ធន់ ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិ​បតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ (ស៊ីខៅឌូ) ​បាន​ថ្លែង​ថា​៖ «​បញ្ហា​របស់​យើង​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ​នៅ​ឡើយ។ រឿង​តែ​មួយ​គត់​ដែល​បាន​ផ្លាស់​ប្តូរ​ គឺ​ប្រាក់​ឈ្នួល​អប្បបរមា។ ប៉ុន្តែ កម្មករ​នៅតែ​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការងារ»។

លោក Dave Welsh ​នាយក​ប្រចាំ​ប្រទេស​នៃ​មជ្ឈម​ណ្ឌល​អាមេរិក​ដើម្បី​សាមគ្គី​ភាព​ការងារ ​(ACILS) បាន​ថ្លែង​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​លើក​នេះ មិន​ឃើញ​រដ្ឋាភិបាល​ធ្វើ​ការ​កែ​តម្រូវ​លើ​សំណង​ទូទាត់​ចំពោះ​អំពើ​ហិង្សា​កាល​ឆ្នាំ​មុនៗទេ។

លោកថ្លែង​ថា៖​ «វាជារឿងផ្ទុយ​ច្បាប់។ ​មាន​និទ្ទណ្ឌ​ភាព​ទាំង​ស្រុង គ្មាន​ការ​ចាប់​ខ្លួន ​គ្មាន​ការ​ស៊ើប​អង្កេត​និង​គ្មាន​ការ​ផ្តល់​សំណង​ដល់​ជន​រងគ្រោះ និង​គ្រួសារ​របស់​ពួកគេ ហើយ​មនុស្ស​ ២៣ នាក់ ត្រូវ​បាន​សម្រេច​ចោទ​ប្រកាន់​ឲ្យ​ជាប់​ទោស»។

ជាការ​ពិត ​រដ្ឋាភិបាល បាន​ព្យា​យាម​បំបិទ​សហជីព​មិន​ឲ្យ​ចរចា ហើយ​នៅ​ទី​បំផុត​សម្រេច​ផ្តល់​ឲ្យ​កម្មករ​តិច​ជាង «ប្រាក់​ឈ្នួល​​អាច​ពួកគេ​រស់​នៅ​​បាន​សមរម្យ»។

លោកបន្តថា៖​«យើង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មួយ ដែល​កម្មករ​មិន​អាច​រស់​លើ​ប្រាក់​ឈ្នួល​អប្បបរមា​នេះ លុះ​ត្រា​តែ​ធ្វើ​ការងារ​ថែម​ម៉ោង​ច្រើន»។

លោកថា ទន្ទឹម​នេះ​ផងដែរ «មេ​ដឹក​នាំ​សហជីព​ឯករាជ្យ​ទាំងអស់​នៅតែ​ស្ថិត​ក្រោម​បណ្តឹង​ស្ទើរ​គ្រប់​ៗ​គ្នា​ នៅ​ក្នុង​តុលាការ»។

លោក​បន្ត​ថា​៖ «​ខ្ញុំ​គិត​ថា ​កម្មករ​មិន​រីក​រាយ​ទេ។ ​មាន​ការ​រំពឹង​ខ្ពស់​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​ច្រើន​ជាង​នេះ ហើយ​យើង​នឹងមើល​​ឃើញ​ផល​វិបាកក្នុង​បញ្ហា​នោះ»។

មួយ​ឆ្នាំ​បន្ទាប់​ពី​កូន​ប្រុស​របស់​គាត់​ឈ្មោះ​ គឹម ​សុផាត​ ដែល​កាល​ពេល​នោះ​អាយុ​​ ១៦​ឆ្នាំ​ ត្រូវ​គេ​ឃើញ​ចុង​ក្រោយ​បំផុត​​មាន​របួស​ត្រង់​ទ្រូង​នៅ​ផ្លូវ​វេង​ស្រេង​ ​លោក​ គឹម ​សឿន ​អាយុ​ ៤១​ឆ្នាំ​ ​ជា​ឪពុក​ រង់​ចាំ​ដោយ​សង្ឃឹម​ថា ​ថ្ងៃ​ណា​មួយ​ គាត់​នឹង​ត្រឡប់​មក​ផ្ទះ​វិញ។

លោក​ថា៖ «មួយ​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​មិន​បានឮ​ព័ត៌មាន​អ្វី​សោះ​ថា​ តើ​កូន​ប្រុស​ខ្ញុំ​នៅ​កន្លែង​ណា? ​ខ្ញុំ​នឹង​មិន​ឈប់​ស្វែង​រក​គាត់​នោះ​ទេ បើ​ទោះ​ជា​ពេល​ខ្លះ​ ខ្ញុំ​គិត​ថា ​គាត់ស្លាប់​ហើយ​ក៏​ដោយ»។

សម្រាប់​គ្រួសារ​លោក​ គឹម ​សឿន ជីវិត​ត្រូវ​តែ​បន្ត​ទៅ​មុខ។ បង​ស្រី​របស់ សុផាត​ អាយុ​២១​ឆ្នាំ បន្ត​ធ្វើ​ការ​ងារ​នៅ​រោងចក្រ​មួយ​នៅ​សួន​កាណាឌីយ៉ា តាម​​ផ្លូវ​វេង​ស្រេង ជា​កន្លែង​ដែល​សមត្ថកិច្ច​ប្រដាប់​អាវុធ​បាន​បាញ់​ប្រហារ​ទៅ​លើ​ប្អូន​ប្រុស​នាង​កាល​ពី​ ១២ ​ខែ​កន្លង​ទៅ។

លោក គឹម​ សឿន និយាយ​ថា​៖ «ជា​ញឹក​ញាប់​ ខ្ញុំ​ទូរស័ព្ទ​ទៅ​នាង​ដើម្បី​​ឲ្យ​ប្រាកដ​ថា ​នាង​មិន​អី​និង​មិន​ឲ្យ​នាង​ចូល​រួម​ការ​តវ៉ា​ណា​មួយ​ទៀត​នោះ​ទេ»។

អ្នក​រស់នៅតាម​ផ្លូវ​វេង​ស្រេង​ បាន​ត្រឡប់​មក​​រក​ភាព​ធម្មតា​វិញ សម្រាប់​ពលករ​ភាគ​​ច្រើន។ សំឡេង​កម្មករ​អ៊ូអរ​ និង​អាជីវករ​លក់​ដូរ​ម្ហូប​អាហារ​ និង​ចរាចរណ៍​ទៅ​មក គឺ​កក​កុញ​ដូច​​កាល​ពី​មុនដែរ។

កម្មការិនី​​ម្នាក់​ ផន សុខលាភ ​បាន​ប្រាប់​ថា៖«វា​មិន​ស្ងប់​ស្ងាត់​ទេ វា​អ៊ូអរ​ណាស់។ ប្តីខ្ញុំ​និង​ខ្ញុំ​បាន​សម្រេច​ចិត្ត​រើ​ចេញ​ពី​ផ្ទះ​ចាស់​ នៅ​ផ្លូវ​​វេង​ស្រេង ​ដោយ​សារ​បញ្ហា​សន្តិសុខ​ ប៉ុន្តែ​ ខ្ញុំ​នៅ​តែទៅ​​ធ្វើ​ការ​នៅ​រោងចក្រ​ជា​ធម្មតា»។

ទោះ​យ៉ាង​ណា ​ភាព​ខុស​គ្នា​នៅ​តាម​បណ្តោយ​ផ្លូវ​វេង​ស្រេង​ គឺ​ឥរិយាបថ​របស់​កម្មករ​មួយ​ចំនួន​ចំពោះ​ការតវ៉ា​ជា​ថ្មី​។

កម្មករ​មួយ​ចំនួនប្រាប់​កម្ពុជា​ចុង​សប្ដាហ៍ថា ពួក​គេ​នឹង​ធ្វើ​កូដ​កម្ម​ជាថ្មី​ម្តង​ទៀត​ ប្រសិន​បើ​ពួក​គេ​ គិត​ថា ​នឹង​ជួយ​​ធ្វើ​ឲ្យ​លក្ខ​ខណ្ឌ​ការ​ងារ​របស់​ពួក​​គេ​​បាន​ប្រសើរ​ឡើង​ជាងនេះ​។

លោក សូ ណាង ​កម្មករ​កាត់ដេរ​និង​ជា​អ្នក​រត់​តុ​ ដែល​ត្រូវ​បាញ់​របួស​នៅ​លើ​ផ្លូវ​វេង​ស្រេង​ កាល​ឆ្នាំ​មុន​បាន​និយាយ​ថា៖ «មនុស្ស​ភាគ​​ច្រើន​​មិន​ខ្លាចទេ។ វា​ជា​រឿង​កន្លង​ទៅយូរ​ហើយ​។ ខ្ញុំ​នឹង​ធ្វើ​ការ​តវ៉ា​ម្តង​ទៀត ដើម្បី​លក្ខខណ្ឌ​ការងារ​កាន់​តែ​ប្រសើរ។ ប៉ុន្តែ​ ខ្ញុំ​នឹង​ចូល​រួម​ជា​មួយ​គណបក្ស​សង្គ្រោះជាតិ លុះត្រាតែ ពួកគេ​តវ៉ា​ដើម្បី​ផល​​ប្រយោជន៍​ជាតិ មិន​មែន​សម្រាប់​ផលប្រ​យោ​ជន៍​​​ផ្ទា​ល់​ខ្លួន»។

លោក វន់ ​ពៅ ​ប្រធាន​សមា​គម​ប្រជា​ធិប​តេយ្យ​ឯករាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ ​បាន​ជាប់​ពន្ធនាគារ​ជិត​ ៥ ខែ​បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ខ្លួន ​ក្នុង​អំឡុង​ការ​តវ៉ា​កាល​ពីឆ្នាំ​មុន។

លោកនិង​សកម្ម​ជន​សហជីព​ ២២ ​នាក់​ទៀត ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពាក់​ព័ន្ធ​បទ​ចោទ​ប្រកាន់​ដែល​ត្រូវ​​បាន​អង្គការ​និង​មជ្ឈដ្ឋាន​នានា​រិះ​គន់​យ៉ាងខ្លាំង​ថា ជា​រឿង​នយោបាយ។ ពួក​គេ​ត្រូវ​បាន​ដោះ​លែង​ដោយ​ការ​ព្យួរ​ទោស កាល​ពីចុង​ខែ​ឧសភា ឆ្នាំ​២០១៤។

លោក វន់ ពៅ បន្ត​ថា​ ក្នុង​បទ​ពិសោធ​ដ៏​អាក្រក់​នោះ ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ​កឹម ​សុខា ​ជា​ញឹក​ញាប់ បាន​ទៅ​សួរ​សុខ​ទុក្ខ​សកម្មជន​នៅ​ក្នុង​ពន្ធនាគារ។

លោកថា៖ «លោក កឹម សុខា បាន​ប្រារព្ធ​ពិធី​ជប់​លៀង​មួយ នៅ​ពេលពួក​យើង​ត្រូវ​បាន​ដោះ​លែង​»។

ទោះយ៉ាងណាក្តី ជា​ច្រើន​ខែ​កន្លង​មក លោក វន់ ពៅ មិន​មាន​ការ​ទាក់​ទង​អ្វី​ជាមួយ​គណបក្ស​ប្រឆាំង​នោះ​ទេ។

លោកថា៖ «ខ្ញុំ​មិន​​មាន​ការ​គាំទ្រ​ទៅ​លើ​គណបក្ស​សង្គ្រោះជាតិ ចាប់​តាំង​ពី​ពេល​នោះ​មក​ ​ហើយ​យើង​ក៏​មិន​មាន​មិត្ត​ភាព​នឹង​គ្នា​ដែរ។ ​ខ្ញុំ​មិន​អាច​និយាយ​ថា តើ​ខ្ញុំ​នឹង​គាំទ្រ​គណបក្ស​​សង្គ្រោះ​ជាតិ​ឬ​អត់​ទេ? ​លុះ​ត្រា​តែ​ខ្ញុំ​ឃើញ​ពួក​គេ​ធ្វើ​ការ​ដើម្បី​អត្ថប្រយោជន៍​សង្គម​ឬ​ផ្ទាល់​ខ្លួន»។

លោក អ៊ូ វីរៈ ​បាន​ថ្លែង​បន្ត​ថា៖ «១២​ខែ​ ចាប់​តាំង​ពី​ការ​បាញ់​នោះ​ បរិយាកាស​នយោបាយ​មាន​ «ស្ថិរភាព​ចម្លែក»។ ការ​គាំទ្រ​លើស​លប់ទៅ​លើ​គណបក្ស​ប្រឆាំង ពី​សំណាក់​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សហជីព មាន​លក្ខណៈធ្លាក់​ចុះ​ជាងពី​មុន។

លោក​បន្ត​ថា៖ «អ្នក​ដែល​គិត​ថា ​នឹង​មាន​ការ​តវ៉ា​ខ្លាំង​ ចាប់​ផ្តើម​មើល​ឃើញ​ថា​ អ្វី​ៗ​ខុស​ប្លែក​នាពេល​នេះ»។

តាម​រយៈ​ការ​ចូល​ក្នុង​សភា​ ​និង​ការ​បញ្ចប់​ការ​តវ៉ា​របស់​គណបក្ស​ប្រឆាំង កាល​ថ្ងៃ​ទី​២២​ កក្កដា​ ​គណបក្ស​សង្គ្រោះ​ជាតិ​បាន «ចេញ​ផុត​ពី​ភាព​ហាន​ក្លា»​ ហើយ​ប្រឈម​នឹង​ការ​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ប្រព័ន្ធ​មួយ​ដែល​គ្រប់​គ្រង​ដោយ​​គណបក្ស​ប្រជាជន​កម្ពុជា។

លោក អ៊ូ វីរៈ​ បាន​ថ្លែង​ថា ការ​រិះ​គន់​គណបក្ស​ប្រឆាំងថា បាន​ដើរ​​ទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ធ្វើ​ការ​ងារ​នេះ​ គឺ​ថា «ឥឡូវ​នេះ​ ពួក​គេ​កំពុង​រង​ការវាយ​​ប្រហារ»។

ប៉ុន្តែ​លោក​ស្រី មូរ សុខ​ហួរ ​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ ​ដែល​ត្រូវ​​ចាប់​ខ្លួន​កាល​​ដើម​ឆ្នាំនេះ​​ដោយ​សារ​រឹង​ទទឹង​នឹង​ការ​ហាម​ប្រាម​មិនឲ្យ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​បាន​ជឿ​ថា ចលនា​តវ៉ា​ក្នុង​រយៈ​កាល​ ១៨ ​ខែ​កន្លង​មក បាន​ធ្វើ​ឲ្យ​សកម្មជន​យល់​ដឹង​ពី​លក្ខណៈ​ច្បាប់​​ក្នុង​ប្រទេស​កម្ពុជា។

លោកស្រីថា៖ «ខ្ញុំ​គិត​ថា ​វា​បាន​ធ្វើ​ឲ្យ​ប្រជាជន​ដឹងថា ពួកគេ​មាន​សិទ្ធិបញ្ចេញ​មតិ​និង​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ។ ​ឥឡូវ​នេះ​ ប្រជាជន​មក​ពី​មជ្ឈដ្ឋាន​នានា​ហ៊ាន​គាំទ្រ​សេរីភាព​នេះ»។

លោក​ស្រី​ មូរ សុខហួរ បាន​ថ្លែង​ថា ​មួយ​ឆ្នាំ​ចាប់​តាំង​ពី​ការ​តវ៉ា​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ ទំនាក់​ទំនង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ជាមួយ​នឹង​ចលនា​សហជីព​នៅតែ​ដដែល។

លោក​ស្រីបន្តថា៖ «​គំនិតយើងគឺ​ដូច​គ្នា​ ​គឺ​ការ​ប្រយុទ្ធ​ដើម្បី​សេរី​ភាព។ ​ប៉ុន្តែ​វា​មិន​មែន​មាន​តែ​កម្មករ​កាត់​ដេរ​ទេ​ វា​អាច​នឹង​មាន​យុវជន​វ័យ​ក្មេង​ជា​ច្រើន ​ដែល​អាច​សំខាន់​ជាង​នេះ​។

លោក​ស្រី​គិត​ថា​៖​«​នៅ​មាន​យុវវ័យ​… ​នៅ​កន្លែង​ណា​ក៏​ដោយ​ដែល​មាន​យុវ​​វ័យ​​ ​យើង​នឹង​សម្លឹង​មើល​ពួ​កគេ​»។

ទំនាក់​ទំនង​រវាង​ចលនា​ក្នុង​វិស័យ​កាត់​ដេរ​និង​​គណបក្ស​សង្គ្រោះ​ជាតិ​​ គឺ​គ្មាន​អ្វី​សំខាន់​ទេ​។

លោក រ៉ុង​ ឈុន ​ប្រធាន​សហ​ភាព​សហជីព​កម្ពុជា បាន​ចូល​រួម​តវ៉ា​ជា​មួយ​គណបក្ស​ប្រឆាំង​​ក្នុង​អំឡុង​ការ​ជាប់​គាំង​នយោបាយ​ខណៈ​លោក សម រង្ស៊ី ជួយ​បង្កើត​សហជីព​សេរី​​កម្មករ​ក្នុង​ទសវត្សរ៍​ឆ្នាំ​៩០។

ប៉ុន្តែ​លោក ​Welsh ​ជឿ​ថា ​កត្តា​ដទៃ​ទៀត​ក៏​នៅមាន​ផង​ដែរ​ ​នៅ​ពេល​និយាយ​អំពី​រដ្ឋាភិបាល​មាន​ភាព​លំបាក​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រជាជន​វ័យ​ក្មេង​ជឿ​ជាក់​លើ​ខ្លួន​ ដូចជា​ ក្រុម​កម្មករ​កាត់​ដេរ​ជា​ដើម៕ PS


What Next?

Recent Articles

One Response to "ការ​បង្ក្រាប​បាតុកម្ម​កម្មករ​ដោយ​ហិង្សា​នៅ​ផ្លូវ​វេងស្រេង​ជា​រឿងរ៉ាវ​ដែល​មិន​អាច​បំភ្លេច​បាន"

  1. CountryStudent says:

    Hun Sen, family, and group have been conducting too many cruelty acts against Cambodian people; they owe blood to the people; blood needed to pay back by blood; they have sin, they will pay the price for sure
    I don’t want to see Hun Sen , family and cronies will be brutality chop up in to pieces by the angry people, but they so deserve it what can i do?