ដោយ៖ វង្ស សុម៉ាលីន
ថ្ងៃសៅរ៍ ទី3 មករា 2015
http://vodhotnews.com
មើលរូបភាពបន្ថែម
រូបលោក គិត ម៉េង និងអ្នកនាង ស្រីតូច ចំណាន ជាមួយកូនប្រុស ដែលគេបង្ហោះនៅលើបណ្ដាញសង្គម
ថ្ងៃទី២ ខែមករាម្សិលមិញគឺជាកាលបរិច្ឆេទ ដែលសារព័ត៌មានធំមួយបានអះអាងថា ជាថ្ងៃចូលរោងរបស់លោកឧកញ៉ាគិត ម៉េង និងអ្នកនាង ស្រីតូច ចំណាន ។ ប៉ុន្តែផ្ទុយពីការចុះផ្សាយដ៏កក្រើក អ្នកទាំងពីរ បែរជាមិនមានមង្គលការ នៅក្នុងថ្ងៃនោះទៅវិញ ។
គ្មានអ្នកណាមិនភ្ញាក់ផ្អើលនោះទេ ជាមួយនឹងអត្ថបទរឿង «ស្រីតូច ចំណាន រៀបការថ្ងៃ ២ មករា» នៅលើទំព័រមុខរបស់ទស្សនាវដ្ដីតារា ដែលជាទស្សនាវដ្ដីធំមួយដ៏ពេញនិយមក្នុងស្រុក ។ ការចុះផ្សាយរបស់ទស្សនាវដ្ដីនេះ បានស្រង់សម្ដីពីប្រភពជាច្រើន ដើម្បីសង្កត់ធ្ងន់ថា អ្នកនាងស្រីតូច ចំណាន និងលោកគិត ម៉េង នឹងក្លាយជាប្ដីប្រពន្ធពេញច្បាប់ ថ្ងៃទី២ ខែមករា ដើមឆ្នាំ២០១៥នេះ។
ព័ត៌មានដែលបានចុះផ្សាយ បានទាំងអះអាងថា មង្គលការនោះនឹងចូលរូមដោយថ្នាក់ដឹកនាំកំពូលៗទាំងក្នុង និងក្រៅប្រទេស នឹងធ្វើដោយកក្រើកពេញផ្ទៃប្រទេសតាំងពីព្រឹកដល់យប់កណ្ដាលអធ្រាត្រទៀតផង ។ គាប់ជួនជាពេលកន្លងមក មានការចុះផ្សាយច្រើនលើករួចមកហើយថា អ្នកទាំងពីរនឹងចូលរោងការបើកទំព័រដើមឆ្នាំ២០១៥ផងនោះ ទើបធ្វើឲ្យមានការជឿជាក់ និងតាមដានពេញមួយថ្ងៃពីមង្គលការនេះ កាលពីថ្ងៃ ទី២ ខែមករា ។ យ៉ាងណាក៏ដោយ ពេញមួយថ្ងៃដែលមានការអះអាងនោះ គេមិនឃើញមានពិធីណាមួយ ពាក់ព័ន្ធនឹងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរនោះទេ ខណៈដែលទីតាំងដែលត្រូវគេសង្ស័យក៏មិនមាន ឯមន្ត្រីដែលបម្រើការជាមួយ លោកគិត ម៉េង ក៏អះអាងថាគ្មាន។
បុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុន Royal Group ដែលត្រូវគេស្គាល់ថាជាជនជំនិតបំផុតរបស់លោកគិត ម៉េង បានឆ្លើយប្រាប់ថា នោះជាព័ត៌មានបំប៉ោងប៉ុណ្ណោះ ដោយការពិតមិនមានមង្គលការណាមួយរបស់លោកគិត ម៉េង និងអ្នកនាងស្រីតូច ចំណាន នៅថ្ងៃទី២ ខែមករានោះទេ ។ លោកបានហៅអ្នកនាងស្រីតូច ចំណាន ថាជំទាវតូច និងបានប្រាប់ថា បើមានមង្គលការមែន នឹងគ្មានការលាក់បាំងនោះទេ គឺពិតជាប្រកាសយ៉ាងទូលំទូលាយ។ លោកបានបញ្ជាក់តាមរយៈទូរស័ព្ទថា «អត់មានទេ (រៀបការ) លោកឧកញ៉ា (គិត ម៉េង) និងជំទាវតូច ជួបខ្ញុំម្សិលមិញ ហួសចិត្តព័ត៌មានហ្នឹងនិយាយលែងចេញហើយ»។
លោកអះអាងថា លោកគិត ម៉េង និងអ្នកនាងស្រីតូច ចំណាន ឮតែដំណឹងរៀបការប៉ុណ្ណោះ ប៉ុន្តែត្រង់ចាត់ចែងពេលណា គឺមិនដឹងនោះទេ ខណៈដែលលោកខ្លួនឯង ក៏មិនដឹងពីគម្រោងនេះច្បាស់ដូចគ្នា។ លោកឆ្លើយឆ្លងដោយហួសចិត្តថា «រឿង(រៀបការ)ហ្នឹង គង់តែឃើញទេ ប៉ុន្តែឥឡូវអត់មានទេ ហើយបើថ្ងៃ២ ខែមករាហ្នឹង ការគាត់មែន ប្រហែលខ្ញុំមកអង្គុយធ្វើការកើតអ្ហី!»។ លោកបានហៅដំណឹងដែលបានចុះផ្សាយថា ជាការស្រង់សម្ដីពីមនុស្សមិនច្បាស់។

លោក ហ៊ុយ វណ្ណៈ អគ្គនាយករងស្ថានីយ៍ទូរទស្សន៍ CNC ត្រូវគេឃើញមកអង្គុយចូលរួមមង្គលការកូនស្រីរបស់មន្ត្រីបម្រើការនៅស្ថានទូតអាមេរិកនៅកោះពេជ្រយ៉ាងព្រងើយ កាលពីយប់ថ្ងៃទី២ ខែមករា ដែលបញ្ជាក់យ៉ាងច្បាស់ថា ដំណឹងដែលបានចុះផ្សាយការភាន់ច្រឡំ។ ដូចគ្នាដែរ លោកប្រាក់ សម្ផស្ស ដែលបម្រើការនៅស្ថាប័នទូរទស្សន៍ល្បីឈ្មោះរបស់លោកគិត ម៉េង ផងដែរ បានអះអាងថា អត់មានពិធីមង្គលការរបស់លោកគិត ម៉េង និងអ្នកនាងស្រីតូច ចំណាន នៅថ្ងៃទី២ ខែមករា ដូចការចុះផ្សាយនោះទេ។ លោកនិយាយថា «អត់ទេ កុំចេះតែជឿ ព័ត៌មានគេចេះតែចុះទេ គាត់មានការស្អីថ្ងៃទី២ (មករា) ហ្នឹង បើគាត់ការមែន បុគ្គលិក (CTN CNC និង My TV ) គេដឹងបានហើយ ខ្ញុំអត់មានដឹងអីផងហ្នឹង»។ ជាមួយគ្នានោះ លោកអះអាងថា អ្នកទាំងពីរ មិនអាចរៀបការ នៅក្រៅប្រទេស ឬនៅខេត្តណាទេ ។
អ្នកយកព័ត៌មានVOD បានឡើងទៅដល់សណ្ឋាគារកាំបូឌីយ៉ាណា ដែលជាទីតាំងសង្ស័យថានឹងមានមង្គលការរបស់អ្នកទាំងពីរកាលពីថ្ងៃទី២ ខែមករា ប៉ុន្តែមិនមានមង្គលការរបស់អ្នកទាំងពីរត្រូវបានធ្វើឡើងនោះឡើយ គឺមានតែពិធីមង្គលការយ៉ាងអធិកធមរបស់កូនកំលោះកូនក្រមុំមួយគូផ្សេងប៉ុណ្ណោះ។ មេការប្រចាំសណ្ឋាគាររបស់លោកគិត ម៉េង មួយនេះ បានឆ្លើយប្រាប់ថា មិនដឹងរឿងលោកឧកញ៉ា និងអ្នកនាងស្រីតូច ចំណាន រៀបការដូចការអះអាងនោះទេ ខណៈដែលលោក និងបុគ្គលិក ហៅអ្នកទាំងពីរថាជាប្ដីប្រពន្ធដោយពេញមាត់ ។ បុគ្គលរូបនេះនិយាយថា «ប្ដីប្រពន្ធគាត់ អត់មានរៀបការអីទេ ។ គេចុះឲ្យតាផ្អើលតើ បងឯងមិនឃើញថ្ងៃហ្នឹង (២ មករា) មានមង្គលការ តែអ្នកផ្សេងតើ»។

VOD ក៏បានចូលទៅដល់សណ្ឋាគារសូហ្វ៊ីតែលភ្នំពេញ ដែលជាសណ្ឋាគារលំដាប់អន្តរជាតិរបស់លោកគិត ម៉េង មួយកន្លែងទៀត ប៉ុន្តែនៅទីនោះក៏មានសភាពជាធម្មតា ។ សូម្បីតែនៅផ្ទះរបស់អ្នកនាង ស្រីតូច ចំណាន នៅម្ដុំទួលទំពូង ក៏មានសេចក្ដីរាយការណ៍មកថា អត់មានពិធីអ្វី ។
កន្លងទៅ សារព័ត៌មានធំៗពីរទៀតគឺកាសែតភ្នំពេញប៉ុស្តិ៍ និងទស្សនាវដ្ដីអង្គរធំ ក៏បានចុះផ្សាយថា អ្នកទាំងពីរនឹងរៀបមង្គលការនៅដើមខែមករាដូចគ្នា ដោយគ្រាន់តែមិនបានកំណត់កាលបរិច្ឆេទនោះបានសរសេរថា លោក គិត ម៉េង នឹងត្រូវគេដង្ហែរដោយរថយន្តទំនើបមួយគ្រឿង កុម្ម៉ង់មកពីចក្រភពអង់គ្លេសក្នុងតម្លៃប្រមាណ៥០ម៉ឺនដុល្លារ នៅថ្ងៃមង្គលការ ខណៈដែលកូនក្រមុំ គឺអ្នកនាង ស្រីតូច ចំណាន នឹងប្រើរ៉ូបដែលមានតម្លៃ១០ម៉ឺនដុល្លារ ។
សារព័ត៌មានដដែលនោះរាយការណ៍ទៀតថា មង្គលការរបស់ពួកគេគ្រោងចំណាយប្រាក់មួយលានដុល្លារ ដោយមិនរាប់បញ្ចូលទីតាំងសណ្ឋាគារលំដាប់ផ្កាយ៥ខ្លួនឯង និងការចាត់ចែងមួយចំនួន ដែលបានជួលគេ ។ មង្គលការរបស់អ្នកទាំងពីរ ត្រូវទស្សនាវដ្ដីដែលបានចុះផ្សាយចុងក្រោយគេធ្វើការបញ្ជាក់ថា នឹងធ្វើឲ្យភ្ញាក់ផ្អើលនៅថ្ងៃទី២ ខែមករា ដោយក្រៅពីមានការរៀបចំក្នុងទ្រង់ទ្រាយធំអស្ចារ្យ ក៏នឹងមានថ្នាក់ដឹកនាំកំពូលៗចូលរួម ធ្វើឲ្យកកស្ទះទីតាំងប្រារព្ធពីធីផងដែរ ។ ប៉ុន្តែអ្វីដែលបានព្យាការណ៍នៅក្នុងការចុះផ្សាយនោះ មិនមានអ្វីកើតឡើងទាំងអស់ ។ ដំណឹងមិនច្បាស់លាស់នេះ កំពុងធ្វើឲ្យមានការតាមដានកាន់តែខ្លាំងថា លោកគិត ម៉េង និងអ្នកនាងស្រីតូច ចំណាន នឹងមានមង្គលការឆាប់ៗដែរឫទេ ក្រោយពីមានការភ្ញាក់ផ្អើលនេះ ៕
សូមសរសេរមកលោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com
សារពត៌មានដែលចុះផ្សាយខុសទាំងនោះ គួរតែធ្វើការសុំទោសដល់សាធារណជន ទើបត្រឹមត្រូវ។ គេមិនគួរធ្វើការផ្សាយដោយខុសរឺពត៌មានមិនពិតដូចនេះទេ។
Sans legend , sans parole (no legend , no describe ).
He don’t throw money away even one dime…ha.ha.ha.
Stupid !
What happen to his other 50 children with different wives ?
មិនដឹងជាការរកខ្មោចអីទៀត,កូន៤,៥ទៅហើយ។បើឡានគេថាម៉ាសុីនវាឡោកអស់ទៅហើយ។