ដោយ រ៉ាន់ សំណាង
2015-01-02
RFA

ប្រជាពលរដ្ឋមានបញ្ហាដីធ្លីមកពីស្រុកថ្ពង និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ តវ៉ានៅខាងមុខធនាគារ អេ.អិន.ហ្សិត (ANZ) នារាជធានីភ្នំពេញ នៅថ្ងៃទី១៤ សីហា ២០១៤។ RFA/Uon Chhin
តំណាងសហគមន៍មកពីស្រុកថ្ពង និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានទទួលលិខិតឆ្លើយតបមួយពីខាងធនាគារ អេ.អ៊ិន.ហ្ស៊ិត (ANZ) នៅរសៀលថ្ងៃទី២ មករា ពាក់ព័ន្ធនឹងការបំភ្លឺរឿងផ្តល់ប្រាក់កម្ចីឲ្យក្រុមហ៊ុនលោក លី យ៉ុងផាត់ ធ្វើការវិនិយោគស្ករអំពៅ។
ក្នុងលិខិតនេះ នាយកផ្នែកកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃធនាគារ អេ.អ៊ិន.ហ្ស៊ិត លោក ប៊ែន វ៉កឃើរ (Ben Walker) សរសេរថា ធនាគាររបស់លោកមិនបានផ្តល់ប្រាក់កម្ចីសម្រាប់ទិញដីសម្បទាន ហើយក៏មិនបានផ្តល់ប្រាក់កម្ចីដើម្បីរឹបអូសដីណាមួយដែរ។
លោក ប៊ែន វ៉កឃើរ បញ្ជាក់ថា បញ្ហាដីធ្លីដែលពលរដ្ឋរងផលប៉ះពាល់ទាំងពីរស្រុក ក្នុងខេត្តកំពង់ស្ពឺ មានតែក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ (Phnom Penh Sugar) និងរាជរដ្ឋាភិបាលកម្ពុជា ប៉ុណ្ណោះ ដែលអាចស្វែងរកដំណោះស្រាយបានតាមរយៈវេទិកានៃគណៈកម្មាធិការអាដហុក (adhoc)។
បើទោះបីជាមានការឆ្លើយតបយ៉ាងនេះក្តី តំណាងពលរដ្ឋរងផលប៉ះពាល់ដីធ្លីមកពីស្រុកថ្ពង ខេត្តកំពង់ស្ពឺ លោក ចាន់ សុឃឿន ថ្លែងថា លោកមិនអាចទទួលយកបានទេចំពោះការឆ្លើយតបនេះ។ លោក រួមទាំងពលរដ្ឋឯទៀតយល់ថា ដោយសារតែការផ្តល់ប្រាក់កម្ចីនេះធ្វើអោយពួកគាត់បាត់បង់ដីស្រែចម្ការ៖ «យើងបានទាមទាររយៈពេល បីលើកមកហើយ គាត់ខ្លាចយើងមកទាមទារ គាត់ក៏ឆ្លើយតបជាលិខិតមួយមក»។
អ្នកតំណាងពលរដ្ឋរងគ្រោះរឿងដីធ្លីទាំងពីរស្រុកអះអាងថា ពលរដ្ឋនឹងនាំគ្នាមកតវ៉ាមុខធនាគារ អេ.អ៊ិន.ហ្ស៊ិត ជាថ្មីទៀត លុះត្រាតែពួកគាត់ទទួលបានដំណោះស្រាយសមរម្យណាមួយពីខាងធនាគារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋស្នើរដ្ឋាភិបាលដកហូតដីតំបន់ឆ្នេរនៅខេត្តព្រះសីហនុពីឈ្មួញនិងមន្ត្រីធំៗ
- សហគមន៍បុរីកីឡាជំរុញឲ្យសាលាក្រុងផ្ដល់សំណងលំនៅឋាន
- ពលរដ្ឋនៅកំពង់ចាមចោទមេប៉ុស្តិ៍នគរបាលថារំលោភយកដីផ្លូវសាធារណៈ
- ជនជាតិដើមភាគតិចព្នងនៅមណ្ឌលគិរីប្រើហិង្សាចាប់ឃាត់គ្រឿងចក្រក្រុមហ៊ុន
- ពលរដ្ឋនៅក្រចេះរិះគន់អាជ្ញាធរថាបានត្រឹមតែសន្យាដោះស្រាយចំពោះបញ្ហាធំៗ
- ពលរដ្ឋនៅឃុំកោះស្ដេចខេត្តកោះកុងបន្តស្វែងរកអន្តរាគមន៍រឿងក្រុមហ៊ុនចិនបិទផ្លូវចូលភូមិ
- អ្នកភូមិនៅព្រះវិហារប្រឈមមុខជាមួយក្រុមហ៊ុនចិនរឿងទំនាស់ដី
- សង្គមស៊ីវិល៖ ការដកហូតដីសម្បទានសេដ្ឋកិច្ចមិនអាចកាត់បន្ថយជម្លោះដីធ្លី
- តំណាងរាស្ត្របក្សប្រឆាំងថាអាជ្ញាធរខេត្តក្រចេះនឹងដកហូតដីពីក្រុមហ៊ុន៧