​អ្នក​មាន​ទំនាស់​ដីធ្លី​ខកចិត្ត​នឹង​តុលាការ​ដែល​ចាត់ការ​តែ​លើ​ជនរងគ្រោះ​​

ដោយ៖​ ជន ស្រី​ណុ​ច​
ថ្ងៃចន្ទ ទី5 មករា 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

​អ្នក​មាន​ទំនាស់​ដីធ្លី​នៅ​សហគមន៍​បឹង​ឈូក តវ៉ា​នៅ​មុខ​សាលាដំបូង​រាជ​ធានី កាល​ពី​ព្រឹកមិញ (រូបថត៖ ជន ស្រីណុច)

​អ្នក​មាន​ទំនាស់​ដីធ្លី​នៅ​សហគមន៍​បឹង​ឈូក នៅ​ថ្ងៃ​ចន្ទ​នេះ ខកចិត្ត​នឹង​តុលាការ​ដែល​មិន​បាន​ចាត់ការ​ទៅលើ​អ្នក​រំលោភ​ដី បែរ​ជា​កោះហៅ​តំណាង​ពួកគេ​ឲ្យចូល​បំភ្លឺ​នៅ​តុលាការ ដោយ​ចោទ​ពី​បទ​ប្រើ​អំពើហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត​ ។​

​តំណាង​សហគមន៍​បឹង​ឈូក អ្នកស្រី ខៀវ ចិន្តា ដែល​ជាប់ចោទ​ដែរនោះ ថ្លែងថា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​បឹង​ឈូក​រង​នូវ​ភាពអយុត្តិធម៌​ពី​តុលាការ ក៏ដូចជា​អាជ្ញាធរ​ដែល​ចោទប្រកាន់​តំណាង​បួន​នាក់​ថា​បង្ករ​ហិង្សា​ខណៈ​ពួក​គេ​គ្មាន​កំហុស​សោះ ។ អ្នកស្រី​បន្ត​ថា​ពួកគេ​រងគ្រោះ​ពីរ​ជាន់ គឺ​ទាំង​ការបណ្តេញចេញ​ជា​ច្រើន​ដង​ពី​ដី​ដែល​ពួកគេ​រស់នៅ​ច្រើន​ឆ្នាំ​មកហើយ និង​រងគ្រោះ​ដោយសារ​តែ​តុលាការ​មិន​ឯករាជ្យ ។ 

​អ្នកស្រី ខៀវ ចិន្តា ចោទ​ថា​ការ​ដែល​តុលាការ​កោះហៅ​ខ្លួន និង​តំណាង​ផ្សេង​ទៀត​នេះ​គឺ​ដើម្បី​បំបាក់ស្មារតី​ពួកគេ​កុំ​ប្រឆាំងនឹង​ការបណ្តេញចេញ ។ អ្នកស្រី​បន្ត​ថា «​អ្នក​ដែល​រងគ្រោះ​ជា​ម្ចាស់ផ្ទះ ម្ចាស់​ដី តែងតែ​គេ​ចោទប្រកាន់​ពីបទ​នេះ​បទ​នោះ ដូច​ខ្ញុំ​ជាដើម ពី​បទ​ប្រើ​អំពើហិង្សា​នេះ គេ​យក​ប្រព័ន្ធ​តុលាការ​មក​គាបសង្កត់​ពួកយើង ដើម្បី​កុំឲ្យ​ពួកយើង​ទាំងអស់គ្នា ហ៊ាន​ចេញ​មុខ​ទាមទារ​តវ៉ា​សិទ្ធិ​លំនៅដ្ឋាន របស់​ខ្លួនឯង​» ។​

​តំណាង​សហគមន៍​បុរី​កីឡា​អ្នកស្រី ឆាយ គឹម​ហ៊​ន ដែល​ដឹកនាំ​សកម្មជន​នៅ​តំបន់​នោះ​ជួយ​តវ៉ា​នៅ​មុខ​តុលាការ​ព្រឹក​នេះ រៀបរាប់ថា​តុលាការ​ចោទប្រកាន់​ពួក​គេ​ដោយ​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់ ។ អ្នកស្រី​សំណូមពរ​ដល់​តុលាការ ក៏​ដូច​ជា​រដ្ឋាភិបាល​បញ្ឈប់​នូវ​ការ​យក​ប្រព័ន្ធ​តុលាកា​រ​មក​គាបសង្កត់​រាស្ត្រ​ក្រីក្រ ។ អ្នកស្រី​ថា «​ពួក​យើង​សង្ឃឹមថា តុលាការ​នឹង​ធ្វើ​យ៉ាងណា​កុំឲ្យ​មាន​ការចាប់ខ្លួន​សកម្មជន ជា​បន្តបន្ទាប់​ទៀត ព្រោះ​យើង​មើលឃើញ​ភាពអយុត្តិធម៌​ស្រុក​ខ្មែរ​នេះ គឺ​កាន់តែ​ច្រើនឡើងៗ ។ អ្វី​ដែល​យើង​សោកស្តាយ គឺ​យើង​សោកស្តាយ​នូវ​ប្រព័ន្ធ​តុលាការ​ដែល​គាត់​អត់​មាន​ភាព​ឯករាជ្យ​សម្រាប់​ពួកយើង​ជា​ជនរងគ្រោះ​» ។​

ប្រតិកម្ម​របស់​អ្នកភូមិ​ក្រីក្រ​ទាំងនោះ គឺធ្វើឡើង​ខណៈ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហៅ​អ្នក​ភូមិ​បឹង​ឈូក​៤​នាក់​មក​បើក​សវនាការ​នៅ​ព្រឹក​នេះ បន្ទាប់​ពី​ផ្ទះ​ពួក​គេ​ជាង​៤០​ខ្នង​ត្រូវបាន​អគ្គីភ័យ​ឆេះ​អស់​កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៤ ហើយ​អ្នកភូមិ​ចោទ​ថា​អាជ្ញាធរ​លួច​ដុត ។ ប៉ុន្តែ​សវនាការ​នេះ​មិន​មាន​វត្តមាន​ដើមបណ្តឹង ហើយ​អ្នក​ឃ្លាំ​មើល​អះអាងថា​មាន​ភាពមិនប្រក្រតី​ច្រើន​លើ​ឯកសារ​ចោទ​មួយចំនួន ខណៈ​ចៅក្រម​សម្រេច​លើ​ក​ពេល​សវនាការ​ជា​លើក​ទី​៣​ដោយ​មិន​ទាន់​កំណត់ពេល ដើម្បី​ទុក​ពេល​ស្រាវជ្រាវ និង​កោះហៅ​ដើមបណ្តឹង​ឲ្យចូល​ក្នុង​សវនាការ​ពេល​ក្រោយ ។​

មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅ​អង្គការ​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា សម្រាប់​សង្គម​កម្ពុជា​គឺជា​ទម្លាប់​ទៅ​ហើយ​ដែល​អ្នកមាន​លុយ ឬ​មាន​អំណាច​តែងតែ​យក​ប្រព័ន្ធ​តុលាការ​មក​ជិះ​ជន់​ពលរដ្ឋ​ក្រីក្រ​ដើម្បី​បណ្តេញចេញ​ពី​លំនៅដ្ឋាន ។ លោក​ថា «​ពេល​ដែល​មាន​បញ្ហា​ដីធ្លី គឺ​គេ​តែងតែ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើ​ជា​គំនាប ក្នុង​ការប្តឹង​ទៅ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងៗ​ទៀត ដើម្បី​ធ្វើ​ការគាបសង្កត់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ការចាកចេញ ឬ​ក៏​យើង​ស្ទើរតែ​ឃើញ​គ្រប់​កន្លែង​ទាំងអស់​គឺ​ថា ប្រជាពលរដ្ឋ​ត្រូវ​បាន​ជាប់​ពន្ធនាគារ ដោយសារ​តែ​ការប្តឹង​តាមរយៈ​ប្រព័ន្ធ​តុលាការ​ហ្នឹង និង​ការចោទប្រកាន់​ផ្សេងៗ ដើម្បី​ដណ្តើម​ឬក៏​ដើម្បី​ទាមទារ​យក​ដី​ប្រជាពលរដ្ឋ​នោះ​» ។​

VOD មិនទាន់​អាច​សុំ​ប្រតិកម្ម​ពី​ចៅក្រម​ជំនុំជម្រះ​លើ​សំណុំរឿង​នេះ​គឺ​លោក តុ​ប ឈុន​ហេង បានទេ ។​

ជន​ត្រូវ​ចោទ​ទាំង​៤​នាក់​នៅ​សហគមន៍​បឹង​ឈូក​ជាយ​រាជធានី​ភ្នំពេញ​នោះ​លើកឡើង​ថា ពួកគេ មិន​ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា ហើយក៏​មិន​ដែល​ស្គាល់​ដើមចោទ​នោះដែរ ហើយ​ថា​ការកោះហៅ ឲ្យចូល​សវនាការ​នេះ​គឺ​ដើម្បី​បង្ខំ​ឲ្យ​ពួកគាត់​ចាក​ចេញពី​ដី​ទំនាស់​ប៉ុណ្ណោះ ខណៈ​អ្នកភូមិ​ធ្លាប់​ទាមទារ​ឲ្យចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ៕ 

សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles