Tue, 6 January 2015
ប៊ុត រស្មីគង្គា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃចន្ទបានបញ្ជូនខ្លួនជនសង្ស័យចំនួន ៣នាក់ ជាមុខសញ្ញាប្លន់យ៉ាងសកម្មនៅភ្នំពេញ ទៅកាន់សាលាដំបូងរាជធានី ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
លោក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានឲ្យដឹងនៅក្នុងសន្និសីទកាសែត កាលពីព្រឹកម្សិលមិញ នៅស្នងការដ្នាននគរបាលរាជធានីថា ជនសង្ស័យទាំង ៣ នាក់នេះមានឈ្មោះ ទី១-គី ធឿន ហៅតួ ភេទប្រុស ត្រូវចាប់ខ្លួននៅរសៀលថ្ងៃទី០១ ខែមករា នៅម្ដុំលូ៥ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយដកហូតបានកាំភ្លើងខ្លី កា-៥៩ មួយដើម គ្រាប់ ១៤ គ្រាប់ម៉ូតូគុបមូលពណ៌ខ្មៅគ្មានស្លាកលេខ ១គ្រឿង ទី២-ឈ្មោះ សូត យ៉ា ហៅ យ៉ាន ភេទប្រុស ត្រូវចាប់ខ្លួននៅផ្ទះជួល ម្ដុំលូ៥ នៅម៉ោងជាង៥ ល្ងាចថ្ងៃទី ០១ ខែមករា នៅម្តុំលូ ៥នេះដែរ និងទី៣- ឈ្មោះ ឡ វុធ ហៅ វ៉ា ភេទប្រុស ត្រូវចាប់ខ្លួននៅល្ងាចថ្ងៃទី០២ ខែមករា នៅមុខវត្ដអង្គតាមិញ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក អេង សោភា បានឲ្យដឹងថា ជនសង្ស័យជាមេខ្លោងរបស់ក្រុមប្លន់ខាងលើនេះ មានឈ្មោះ ខេង ពិសិដ្ឋ ហៅ ខល័រ ភេទប្រុស ត្រូវសមត្ថកិច្ចនគរបាលបាញ់ស្លាប់នៅភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ ខណៈដែលជននេះបានបាញ់តដៃជាមួយសមត្ថកិច្ច ដើម្បីប៉ុនប៉ងរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពប្លន់ម៉ូតូ ជនរងគ្រោះនៅទីតាំងខាងលើ។
លោកបន្ថែមថា យោងតាមការស្រាវជ្រាវរបស់សមត្ថកិច្ចនគរបាល ជនសង្ស័យទាំង ៤ នាក់នេះ គឺជាមុខសញ្ញាចោរប្លន់ប្រដាប់អាវុធចាស់ តែងតែធ្វើសកម្មភាពប្លន់ម៉ូតូនិងប្លន់រថយន្ដយ៉ាងកក្រើកក្នុងរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត ហើយនៅពេលពួកគេធ្វើសកម្មភាពប្លន់ម្ដងៗ គឺតែងតែបាញ់ប្រហារទៅលើជនរងគ្រោះដែលបណ្តាលឲ្យស្លាប់និងរងរបួសជាច្រើននាក់ផងក្នុងពេលកន្លងមក។
ទាក់ទងនឹងករណីនេះដែរ លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលកាន់សំណុំរឿងនេះ មិនអាចទាក់ទង ដើម្បីសុំការបញ្ជាក់ព័ត៌មានបានឡើយកាលពីម្សិលមិញ។ ចំណែកឯជនជាប់ចោទទាំង ៣នាក់ ក៏មិនអាចទាក់ទងសុំការបំភ្លឺបានដូចគ្នាដែរ។
គួររំឭកថា កាលពីរសៀលថ្ងៃទី ០១ ខែមករា កន្លងទៅមានករណីប្លន់ម៉ូតូមួយកើតឡើង នៅម្ដុំលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈជនរងគ្រោះកំពុងតែជិះម៉ូតូតាមបណ្តោយផ្លួវវេងស្រេង។
ក្រោយអំពើប្លន់ភ្លាមៗនោះ សមត្ថកិច្ចរួមមាន កម្លាំងនគរបាលរាជធានី និងនគរបាលខណ្ឌ ហើយនិងកងកម្លាំងកងរាជអាវុធហត្ថរាជធានី បានសហការគ្នាយ៉ាងសកម្មតាមប្រមាញ់ និងចាប់បក្ខពួកជនសង្ស័យ និងបាញ់ត្រូវមេខ្លោងឈ្មោះ ខេង ពិសិដ្ឋ ហៅខល័រ ស្លាប់នៅនឹងវាលស្រែ ក្នុងពេលជននេះបាញ់តដៃ ជាមួយសមត្ថកិច្ចនគរបាល នៅភូមិរោលជ្រូក ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ៕
