ក្រសួង​ព្រមាន​ផ្អាក​ការ​ផ្សាយ​របស់​ស្ថានីយ​ទូរទស្សន៍​ល្មើស​បម្រាម​ផ្សាយ​គ្រឿង​ស្រវឹង

ដោយ កែវ និមល
2015-01-11
RFA

ស្លាក​សញ្ញា​ក្រសួង​ព័ត៌មាន (Photo: RFA)

ស្លាក​សញ្ញា​ក្រសួង​ព័ត៌មាន (Photo: RFA)

ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​១១ មករា ព្រមាន​ផ្អាក​ការ​ផ្សាយ​របស់​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន​ជា​បណ្ដោះអាសន្ន​ចាប់​ពី ២​សប្ដាហ៍​ដល់ ១​ខែ និង​ឈាន​ដល់​ការ​ដក​ហូត​អាជ្ញាប័ណ្ណ​ទាំង​ស្រុង បើ​សិន​ជា​ស្ថានីយ​ទូរទស្សន៍​ល្មើស​បម្រាម​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង នៅ​ចន្លោះ​ពី​ម៉ោង ៦ ដល់​ម៉ោង ៨​ល្ងាច ក្នុង​កម្មវិធី​ផ្សាយ​របស់​ខ្លួន។

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ព័ត៌មាន បាន​រំលឹក​ជូន​ម្ចាស់​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន​ថា កាល​ពី​ថ្ងៃ​ទី​១ តុលា ឆ្នាំ​២០១៤ ក្រសួង​ព័ត៌មាន​បាន​ចេញ​សារាចរ​មួយ​ស្តីពី​ការ​ហាម​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នៅ​ចន្លោះ​ពី​ម៉ោង ៦ ដល់​ម៉ោង ៨​ល្ងាច ហើយ​ក្រសួង​សង្កេត​ឃើញ​ថា មាន​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មួយ​ចំនួន ភាគ​ច្រើន​បាន​អនុវត្ត​គោរព​តាម​ខ្លឹមសារ​ណែនាំ​របស់​សារាចរ​នោះ។

ដោយ​ឡែក​នៅ​មាន​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន​ពុំ​ទាន់​អនុវត្ត​តាម​ចំណុច​មាន​ចែង​នៅ​ក្នុង​សារាចរ​ចេញ​ថ្ងៃ​ទី​១ តុលា នោះ​ទេ។ ដូច្នេះ​ក្រសួង​ព័ត៌មាន សុំ​ធ្វើការ​ក្រើន​រំលឹក​ដល់​ស្ថានីយ​ទូរទស្សន៍​ទាំង​អស់​ជា​ថ្មី​ម្ដង​ទៀត សូម​ធ្វើការ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ តាម​ចំណុច​ដែល​មាន​ចែង​នៅ​ក្នុង​សារាចរ​នោះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត។

បច្ចុប្បន្ន​គ្រោះថ្នាក់​ចរាចរណ៍​កើត​មាន​ច្រើន​នៅ​ប្រទេស​កម្ពុជា ដោយ​មាន​អ្នក​ស្លាប់ ៥​នាក់ ក្នុង​មួយ​ថ្ងៃ ហើយ​មូលហេតុ​សំខាន់​មួយ បណ្ដាល​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​នោះ គឺ​អ្នក​បើកបរ​សេព​គ្រឿង​ស្រវឹង។ ការ​សេព​គ្រឿង​ស្រវឹង​ពេញ​និយម ដោយសារ​មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​នានា ទាក់ទាញ​មនុស្ស​ឲ្យ​សេព​គ្រឿង​ស្រវឹង​តាម​វិទ្យុ និង​ទូរទស្សន៍​នានា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

2 Responses to "ក្រសួង​ព្រមាន​ផ្អាក​ការ​ផ្សាយ​របស់​ស្ថានីយ​ទូរទស្សន៍​ល្មើស​បម្រាម​ផ្សាយ​គ្រឿង​ស្រវឹង"

  1. ទឺកភ្នែកជនរងគ្រោះ says:

    ចោរហើយថាមិនចោរទៀត។

  2. Chanchhoeut Meas says:

    I am appreciate with the ministry of information, but I really want the MI take strong action to the poeple who are under age. Not only losing lives in traffics , but also cause the violin in the family and in the community.