លទ្ធផល​អង្កេត​សព​មនុស្ស​ពីរ​នាក់​ត្រូវ​ថៃ​ដុត​ទាំង​រស់ ត្រូវ​រង់​ចាំ​ ១០ ​ថ្ងៃ​ទៀត

ប្រជាពលករ​ខ្មែរ​សម្រុក​ឆ្លង​ដែន​នៅ​​ច្រក​ អូរស្មាច់ ​​​ទៅ​ធ្វើ​​ការ​នៅ​ស្រុក​ថៃ​។

ប្រជាពលករ​ខ្មែរ​សម្រុក​ឆ្លង​ដែន​នៅ​​ច្រក​ អូរស្មាច់ ​​​ទៅ​ធ្វើ​​ការ​នៅ​ស្រុក​ថៃ​។ ហេង ជីរ័ន



ភ្នំពេញប៉ុស្តិ៍

បាត់ដំបងៈ អាជ្ញាធរ​ខេត្ត បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ការ​ធ្វើ​កោសល្យ​វិច័យ​កំណត់​អត្តសញ្ញាណ​ជន​ជាតិ​លើ​សាកសព​មនុស្ស​ពីរ​នាក់ ដែល​ត្រូវ​ទាហាន​ថៃ​ដុត​ទាំង​រស់​លើ​ទឹក​ដី​ថៃ ​នៅត្រង់​ច្រក​ព្រំដែន​ស្រុក​សំពៅ​លូន ​នឹង​ចេញ​ជា​លទ្ធផល នៅ​ប្រមាណ ១០ថ្ងៃ​ទៀត ខណៈ​ដែល​សាច់​ញាតិ​សពនិង​មន្ត្រី ក្រសួង​ការ​បរទេស ព្រមាន​នឹង​ប្តឹង​អាជ្ញាធរ​ថៃ បើ​សិន​រក​ឃើញ​ថា ជន​រងគ្រោះ​ពីរ​នាក់​នោះ​ជាជន​ជាតិ​ខ្មែរ។

មេបញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​សំពៅ​លូន លោក អញ កាម៉ាល់ បាន​ឲ្យ​ដឹង​ថា ករណី​ទាហាន​ថៃ​ ដុត​សម្លាប់​មនុស្ស​​ពីរ​នាក់​នោះ គឺ​រហូត​មក​ទល់​ពេល​នេះ ​អាជ្ញាធរ​កម្ពុជា មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​កន្លែង​កើត​ហេតុ​នោះ​ទេ។

លោក​បន្តថា ៖ «បន្ទាប់​ពី​ថ្ងៃ​កើត​ហេតុ​ សាក​សព​គឺ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ទី​ក្រុង​ បាងកក ​ប្រទេស​ថៃ​ ដើម្បី​ធ្វើ​កោសល្យវិច័យ​ដើម្បី​កំណត់​អត្តសញ្ញាណ។ យើង​ក៏​បាន​កោះ​ហៅ​ បុរស​ម្នាក់​រស់​នៅ​ខេត្ត​សៀមរាប ដែល​ទាក់​ទង​មក​ថា​ ជា​សាច់​ញាតិ​សព​ឲ្យ​មក​ដាក់​បណ្តឹង​ផង​ដែរ ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​ឲ្យ​កាន់​តែ​ច្បាស់»។

មន្រ្តី​នាយកដ្ឋាន​ព័ត៌មាន​អង្គភាព​ស្រាវ​ជ្រាវ​និង​ចារកម្ម​ស្រុក​សំពៅ​លូន​ ខេត្ត​បាត់​ដំបង លោក មួង រិទ្ធីយ៉ា ​បាន​ឲ្យ​ដឹង​ថា សាក​សព​នោះកំពុង​ត្រូវ​​អាជ្ញាធរ​ថៃ​នៅ​ទី​ក្រុង​ បាងកក ពិនិត្យ​និង​ស៊ើប​អង្កេត​ ដើម្បី​កំណត់​ថា​ ជា​ជន​ជាតិ​ខ្មែរ ឬ​ក៏​ជន​ជាតិ​ថៃ​ផង​ដែរ ហើយ​ពួក​គេ នឹង​ផ្តល់​ចម្លើយ​មក​ឲ្យ​យើង​ក្នុង​រយៈ​ពេល​ ១០ ​ថ្ងៃ​ទៀត​។

បើ​តាម​លោក អញ កាម៉ាល់ ជុំវិញ​ព័ត៌មាន​ពី​មន្រ្តី​យោធា​ថៃ​ម្នាក់ បាន​ឲ្យ​ដឹង​ថា​ នៅ​យប់​ថ្ងៃ​កើត​ហេតុ​ថ្ងៃ​ទី៧ ខែ​មករា​នោះ ​គឺ​មាន​ពលរដ្ឋ​ខ្មែរ​ ៤ នាក់ លប​ឆ្លង​ដែន​ខុស​ច្បាប់​ ដើម្បី​ទៅ​រក​ស៊ី​អូស​ម៉ូតូ​ឆ្លង​​ដែន​គេច​ពន្ធ។ លុះ​អូស​បាន​ជិត​ដល់​ព្រំដែន​ ក៏​បាន​ជួប​នឹង​ទាហាន​ឈុត​ខ្មៅ​ថៃ​នៃ​កង​វរ​សេនា​ធំ​លេខ ១៣ ឈរ​ជើង​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន ទើប​ទាហាន​ទាំង​នោះ​ដេញ​តាម​បាញ់​ប្រមាណ ១០ គ្រាប់ ប៉ុន្តែ ពុំ​មាន​ត្រូវ​នរណា​ម្នាក់​ឡើយ។

ក្រោយ​មក​ កម្លាំង​ទាហាន​ថៃ បាន​ពង្រាយ​គ្នា​ដេញ​ចាប់​ពួក​គេ ដែល​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ទាំង​ ៤ នាក់ គឺ​ចាប់​ខ្លួន​បាន​ ២ នាក់ ខណៈ ២ នាក់​​ទៀត រត់​គេច​បាត់ ហើយ​ទាហាន​នោះ​ក៏​បាន​​យក​សម្បក​កង់​រថយន្ត​មក​ដុត​ទាំង​រស់​តែ​ម្តង​ សល់តែ​ឆ្អឹង​និង​កម្ទេច​បន្តិច​បន្ទួច ​ទើប​ពួក​​គេ​ខ្ចប់​សព​បញ្ជូន​​ទៅ​ធ្វើ​កោសល្យ​វិច័យ​នៅ​ទី​ក្រុង​ បាងកក ដើម្បី​ស៊ើប​អង្កេត។

ភ្នំពេញ​ប៉ុស្តិ៍ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក វឿន បៀន ដែលថា ជា​បង​ប្អូន​សាក​សព​នោះ​បាន​ទេ​ កាល​ពី​ម្សិល​មិញ​ ប៉ុន្តែ​តាម​ខ្សែ​អាត់​សន្ទនា​តាម​ទូរស័ព្ទ​ ដែល​លោក​បញ្ជាក់​ទៅ​កាន់​សមត្ថកិច្ច​ស្រុក​សំពៅ​លូន ខេត្ត​បាត់​ដំបង បាន​រៀប​រាប់​ថា ជន​រង​គ្រោះ​ទាំង​ពីរ​នោះម្នាក់​ឈ្មោះ សូវ​ រស់ ភេទ​ប្រុស អាយុ​ ២១ ​ឆ្នាំ​ និង​ឈ្មោះ ​វឿន ជី ភេទ​ប្រុស អាយុ​ ៣៦ ​ឆ្នាំ ស្រុក​កំណើត​ឃុំ​សែន​សុខ ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប។

លោក​បន្ត​ថា ៖ «ប្អូន​ខ្ញុំ​ និង​បង​ខ្ញុំ​ថា​ សុំ​ម៉ែ​ឪទៅ​រក​ស៊ី​ដាំ​អំពៅ ក្រោយ​មក​ ១ ថ្ងៃ ឮគេ​រាយ​ការណ៍​មក​ថា គេ​ចាប់​ខ្មែរ​បាន​ ខ្ញុំ​សង្ស័យ ខ្ញុំ​ក៏​តេ​ទៅ​គាត់​ទាំង​ពីរ​​ តែ​តេ​អត់​ចូល ពី​មុន​តេ​ចូល​​ជជែក​គ្នា​រាល់​ថ្ងៃ​សោះ​ ខ្ញុំ​មិន​ច្បាស់​ថា​ ពួក​គេ​ធ្វើ​អី​ទេ។ ខ្ញុំ​ដឹង​តាម​ខ្មែរ​យើង​អ្នក​ទៅ​ដក​ដំឡូង​នៅ​ទី​នោះ ប្រាប់​មក​ថា គេ​ (ទាហាន​ថៃ) ចាប់​ខ្មែរ​បាន ហើយ​គេ​បាន​ដុត​ទាំង​រស់»។

យ៉ាង​នេះ​ក្តី អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក​ កុយ​ គួង​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​នេះ​ថា ​អគ្គ​កុង​ស៊ុល​កម្ពុជា ប្រចាំ​នៅ​ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ បាន​និង​កំពុង​សហការ​ជាមួយ​អាជ្ញា​ធរ​ថៃ ទៅ​ពិនិត្យ​មើល​សាកសព​ទាំង​ពីរ​ ដែល​ត្រូវ​គេ​ដុត​រោលមើល​លែង​ស្គាល់​ក្នុង​ចម្ការ​ដំឡូង នៅ​ស្រុក​ខ្លង​ហាត ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ ដែល​ឈម​នឹង​ស្រុក​សំពៅ​លូន​ ខេត្ត​បាត់ដំបង។

លោកបន្ត​ថា អគ្គ​កុង​ស៊ុល​កម្ពុជា បាន​កំពុង​តាម​ដាន​ និង​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​កំណត់​ពី​អត្ត​សញ្ញាណ​សាកសព និង​ស្រាវជ្រាវ​រក​គ្រួសារ​សព ព្រោះ​ថា ភាគី​ថៃ ក៏​បាន​អះអាង​ថា​ ជា​ពលរដ្ឋ​ថៃ​ផង​ ដែរ។

លោក​ កុយ​ គួង​ បានបញ្ជាក់​ថា៖​ «នៅ​ពេល​រក​ឃើញ​ថា សាក​សព ជា​ជន​ជាតិ​ខ្មែរ​ពិត​មែន​នោះ ​អគ្គ​កុង​ស៊ុល​កម្ពុជា ​នឹង​ធ្វើ​ការ​ប្តឹង​ឲ្យ​ចាប់​ជន​ដៃ​ដល់​ទៅ​ផ្តន្ទាទោស និង​ទាម​ទារ​សំណង​ជូន​ដល់​គ្រួសារ​សព»។

បើ​តាម​សេចក្តី​រាយការណ៍​របស់​អគ្គស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ ពលរដ្ឋ ២ នាក់​ទៀត​ ដែល​បាន​បាត់​ខ្លួន​នោះ​គឺ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​ថា ពួក​គេ​រត់​បាត់ ឬ​ទៅ​ណា​នៅ​ឡើយ​ទេ។ ជុំ​វិញ​ការ​ឆ្លង​ដែន​ខុស​ច្បាប់​របស់​ពលករ​ខ្មែរ​ ទៅរក​ការ​ងារ​នៅ​ប្រទេស​ថៃ​ តាម​ច្រក​របៀង​ស្រុក​សំពៅ​លូន​នេះ បើ​តាម​ពល​រដ្ឋ​ដែល​រស់​នៅ​ក្បែរ​នោះ ​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ថ្ងៃគេ​ឃើញ​​មាន​ពលករ​ខ្មែរ​ឆ្លង​ដែន​ខុស​ច្បាប់​យ៉ាង​គគ្រឹក​គគ្រេង​ តែ​មិន​បាន​ឃើញ​មាន​សមត្ថកិច្ច​ឈរ​ជើង​នៅ​ទី​នោះ​ ទប់​ស្កាត់​ពួកគេ​នោះ​ទេ៕


What Next?

Recent Articles