Mon, 12 January 2015
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ខណៈការបង្ហើបពីពេលាដឹកដៃគ្នាចូលរោងការមិនឲ្យផុតពីឆ្នាំ២០១៤របស់គូស្នេហ៍ប្រុសស្អាតស្រីស្អាត នាង គង់ ច័ន្ទស្រីមុំ និងលោក គឹម សីហា មិនបានរំលេចរូបរាងជាក់ស្ដែងនោះ រហូតមកដល់ដើមឆ្នាំ២០១៥ស្រីស្រស់ស្នេហាស្អិតល្មួតច្រើនឆ្នាំបានលើកឡើងថា ចាំអ៊ុតលទ្ធផលជំនួញថ្មីសិនវិញ បើជោគជ័យនោះនឹងគិតពីគម្រោងរៀបការភ្លាម។
តារាសម្តែងម្ចាស់ពានអាណាចក្រតារាផ្នែកខាងតារាស៊ីវិល័យកញ្ញា គង់ ច័ន្ទស្រីមុំ ធ្លាប់ព្រលយពាក្យថា មង្គលការនាងនឹងកើតឡើង លុះត្រាតែនាងមានផ្ទះរស់នៅផ្ទាល់ខ្លួន ទើបនាងរៀបការ។ ប៉ុន្តែក្រោយមក នាង និងម្ចាស់ស្នេហ៍លោក គឹម សីហា សន្សំប្រាក់ទិញផ្ទះបានហើយក្នុងតម្លៃ១៨ម៉ឺនដុល្លារ នៅបុរី៩៩៩តាំងពីពាក់កណ្តាលឆ្នាំ២០១៤មកម្ល៉េះ រីឯគម្រោងដឹកដៃគ្នាចូលរោងការនោះនៅតែស្ងាត់ដូចចោរលួចសេះដដែល។
ដោយចងចាំនូវពាក្យសម្ដីបែបប្រាកដប្រជាបន្លឺចេញពីមាត់របស់កញ្ញា គង់ ច័ន្ទស្រីមុំ ផ្ទាល់ ខណៈពេលនេះគេដឹងថា នាងទទួលជោគជ័យទាំងមុខជំនួញ និងការងារសិល្បៈហើយនោះ ក្រុមអ្នកតាមដានសកម្មភាពសិល្បៈ ក៏ដូចជាយុវវ័យនិយមគាំទ្រនាង បានលើកឡើងថា ស្រីស្អាត គង់ ច័ន្ទស្រីមុំ លេបសម្ដីភ្លេចសន្យាខ្លួន ខណៈមុននោះ នាងធ្លាប់ព្រលយពាក្យជាញឹកញយថា ថ្ងៃរៀបការនឹងកើតឡើងទាល់តែមានផ្ទះផ្ទាល់ខ្លួននោះ។
យ៉ាងណាតារាសម្តែងវ័យជាង២០ឆ្នាំ សម្ផស្សស្បែកសខ្ចីល្វក់គួរឲ្យក្នាញ់មហាជនក៏លាន់មាត់សរសើរមិនដាច់នោះ នាងបានបញ្ជាក់ថា ខ្លួនមិនមែនជាមនុស្សភ្លេចសន្យា ចេះតែបរិយាយ បញ្ឆោតការតាមដានរបស់អ្នកគាំទ្រនោះទេ។
ជាមួយសម្ដីទទួលស្គាល់ការពិតនោះ តារាសម្ដែងកញ្ញា គង់ ច័ន្ទស្រីមុំ បានលើកហេតុផលថា៖ «បានជាគម្រោងអាពាហ៍ពិពាហ៍ មិនរំលេចតាមការបង្ហើបឆ្នាំមុននោះ ព្រោះថាពេលនេះពួកយើងបានទុកប្រាក់មួយចំនួនសម្រាប់បោះទុនរកស៊ីទៅហើយ»។
តារាសម្ដែងដែលតែងបណ្ដើរលោក គឹម សីហា ជាម្ចាស់ស្នេហ៍ទៅសឹងគ្រប់កម្មវិធីក្រោយពីបែកធ្លាយរូបថតស្លៀកប៊ីគីនីឱបថើបសង្សារក្នុងទឹកសមុទ្រនោះ បានរៀបរាប់បន្តទៀតថា៖ «ដូចដឹងហើយថាឆ្នាំ២០១៥នេះ ខ្ញុំកំពុងពង្រីកជំនួញបន្ថែមពីការនាំទំនិញពីក្រៅប្រទេសមកលក់ និងបោះដុំផង ដូចនេះខ្ញុំត្រូវចំណាយពេលច្រើនគិតពីរឿងនោះសិន បើយើងខ្ជីខ្ជាពេលវេលាគិតរឿងផ្សេងថា មិនបានមុខជំនួញនេះនឹងបរាជ័យនាំបង់ប្រាក់ហើយក៏ខ្មាសគេទៀតផង»។
អមជាមួយពាក្យ អះអាងថា អាពាហ៍ពិពាហ៍ជារឿងដែលនាងធ្លាប់គិតគូរដែរនោះ គង់ ច័ន្ទស្រីមុំ ក៏បានបង្ហាញអំពីតម្រុយដឹកដៃម្ចាស់ស្នេហ៍លោក គឹម សីហា ចូលរោងការ ក្រាបផ្ទឹមសំពះមេបាតាមប្រពៃណី ដោយនាងបានត្រឹមបង្ហើបប្រាប់ដោយគ្មានកាលកំណត់ថា៖ «ចំណងអាពាហ៍ពិពាហ៍របស់ខ្ញុំនឹងកើតឡើងឆាប់ៗនៅពេលខាងមុខ ខណៈពេលនេះពួកយើងនៅរង់ចាំឲ្យមុខជំនួញថ្មីដើរបន្តិចសិន»៕
