ដោយ៖ ស៊ុន ណារិន
ថ្ងៃចន្ទ ទី12 មករា 2015
http://vodhotnews.com
ប្រមុខរាជរដ្ឋាភិបាល ជំរុញឲ្យសាលារាជធានីភ្នំពេញ បញ្ចុះថ្លៃអគ្គិសនីចំពោះកម្មករដែលជួលផ្ទះ ដើម្បីបានជួយរំលែកការលំបាកដល់កម្មករ ខណៈពួកគេរកចំណូលបានតិចនៅឡើយ ។
ក្នុងពិធីសម្ពោធទំនប់វារីអគ្គិសនីឫស្សីជ្រុំក្រោមខេត្តកោះកុង នាថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រីថ្លែងថា ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ រដ្ឋាភិបាលនឹងបញ្ចុះតម្លៃអគ្គីសនីជាបន្តបន្ទាប់ ចាប់ពី ៨២០ រហូតដល់៧៣០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ដើម្បីទាក់ទាញវិនិយោគ និងសម្រួលដល់តម្រូវការចាំបាច់ក្នុងជីវភាពរស់នៅរបស់ពលរដ្ឋ ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីឲ្យដឹងទៀតថា ម្ចាស់ផ្ទះជួលនៅតែបន្តយកថ្លៃអគ្គិសនីនេះពីកម្មករ កន្លែងខ្លះរហូតដល់២៥០០រៀលក្នុង១គីឡូវ៉ាត់ម៉ោង ដែលករណីនេះលោកជំរុញឲ្យសាលារាជធានីពិនិត្យមើលឡើងវិញ ។
លោកមានប្រសាសន៍ថា «អ៊ីចឹងហើយបានយើងដំឡើងបៀវត្ស តាំងពី៨២ដុល្លារដល់១០០ដុល្លារ ឥឡូវឡើងដល់១២៨ដុល្លារប្រាក់ខែគោល ប្រាក់ខែទាបបំផុត មិនទាន់ពិតអាចំណូលដទៃទៀតដែលក្នុងមួយខែៗ គាត់(កម្មកររោងចក្រ)អាចបានដល់១៨០ដុល្លារ ឬជាង២០០ដុលា្លរ ។ ប៉ុន្តែមិនទាន់អីផងឈ្នួលផ្ទះវាឡើងទៅហើយ ។ អ៊ីចឹងខ្ញុំសូមឲ្យអាជ្ញាធរអគ្គិសនីកម្ពុជា ក៏ដូចជាក្រុមហ៊ុនអគ្គិសនីកម្ពុជា ធ្វើការជាមួយនឹងក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ធ្វើការជាមួយនឹងសាលាក្រុងភ្នំពេញ ដើម្បីពិនិត្យមើលអាហ្នឹង» ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ អះអាងថាជាប់ប្រជុំ ។
ក្រៅពីនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាឲ្យអភិបាលខេត្តនានា ត្រូវសិក្សាពីការបញ្ចុះតម្លៃប្រេងផងដែរ ដើម្បីឲ្យគោលនយោបាយបញ្ចុះតម្លៃអគ្គិសនី របស់រដ្ឋាភិបាលបានដល់ដៃពលរដ្ឋគ្រប់រូប ។ លោកបន្ថែមថា «[តម្លៃ]ប្រេងនៅលើទីផ្សារអន្តរជាតិចុះមកត្រឹមពាក់កណ្តាលហើយ ថ្លៃភ្លើងវាមិនព្រមចុះ នេះបណ្តាខេត្តនានា ចៅហ្វាយខេត្តក៏មកច្រើនដែរ ជួយមើលអាហ្នឹងផង ដល់តែគាត់ឡើង[ថ្លៃ]អគ្គិសនី គាត់ថាថ្លៃប្រេងវាឡើង ដល់ពេលថ្លៃប្រេងវាចុះ ចុះយូរក្រែលហើយថ្លៃភ្លើងវានៅតែមិនចុះ តែឡើងទៅវាកល់កំណត់នៅហ្នឹង មួលចុះមិនរួច វាមានកាឡេអីនៅហ្នឹងឬ? មើល! នៅគ្នាត្រឡប់ទៅវិញ ហៅពួក[អ្នកផ្គត់ផ្គង់អគ្គិសនី]តាមខេត្តមកនិយាយគ្នារឿងហ្នឹង» ។
ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ បានស្វាគមន៍ទៅនឹងការលើកឡើងរបស់រដ្ឋាភិបាល ប៉ុន្តែលោកបានរម្ភថា អនុសាសន៍នោះនឹងបរាជ័យម្តងទៀត ហើយកម្មករនឹងរងគ្រោះបន្ថែមជាងនេះ បើរដ្ឋាភិបាលមិនចាត់វិធានការបំបាត់អំពើពុករលួយ ដល់មន្ត្រីជំនាញដែលអនុវត្តតាមអនុសាសន៍ ។ លោកថា «ប្រសិនជារដ្ឋលក់[អគ្គិសនី]ឲ្យម្ចាស់ផ្ទះជួលតម្លៃប៉ុន្មាន ឲ្យម្ចាស់ផ្ទះជួលហ្នឹងលក់ទៅឲ្យកម្មករតម្លៃប៉ុណ្ណឹង គឺវាជាការស្រេច នេះជាវិធានការមួយដែលសមហេតុផល ហើយមានន័យថា មិនមានអ្នកណា អាចយកចំណេញទៅលើអ្នកណាមួយទៀតបានទេ ព្រោះបច្ចុប្បន្ននេះទឹក និងថ្លៃផ្ទះនឹង ត្រូវបានម្ចាស់ផ្ទះជួល យកចំណេញទ្វេជាពីរ និងទ្វេជាបីនៅតំបន់ខ្លះ នៅពេលកម្មករទៅជួលផ្ទះរបស់គេ» ។
លោកនាយករដ្ឋមន្ត្រី អះអាងថា កម្មករប្រមាណ១៥០០០០នាក់ ដែលបានជួលផ្ទះដើម្បីស្នាក់នៅពេលបំពេញការងារក្នុងវិស័យកាត់ដេរ ក្នុងនោះ អាចមានអ្នកជួលដល់ ៣០០០០បន្ទប់ ។
យ៉ាងណាក៏ដោយ ប្រមុខរាជរដ្ឋាភិបាល បានស្នើឲ្យអាជ្ញាធរអគ្គិសនីកម្ពុជា ក្រុមហ៊ុនអគ្គិសនីកម្ពុជា ធ្វើការងារជាមួយក្រសួងរ៉ែនិងថាមពល ក៏ដូចជាសាលារាជធានីភ្នំពេញ ដើម្បីសិក្សាពីការតភ្លើងដោយផ្ទាល់ពីបន្ទប់ជួលរបស់កម្មករ ដោយមិនបាច់ពាក់ព័ន្ធនឹងម្ចាស់ផ្ទះជួល ឬអាចឲ្យកម្មករបង់លុយតែថ្លៃផ្ទះជួល ចំណែកថ្លៃភ្លើងអាជ្ញាធរពាក់ព័ន្ធរបស់រដ្ឋជាវាយតម្លៃ ៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

ចាំតែម្នាក់ហ្នឹង អ្នកផ្សេងងាប់អស់ហើយ…
ចុះរដ្ឋមន្រ្តីអត់ធ្វើការទេអី