ដោយ៖ បូ សាវី
ថ្ងៃចន្ទ ទី12 មករា 2015
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
យោធាប្រដាប់ដោយកាំភ្លើង យាមកាមនៅកន្លែងមានជម្លោះបញ្ហាដីធ្លីជាមួយប្រជាពលរដ្ឋនៅឃុំកន្ទួត ស្រុកស្វាយលើ (រួបថត៖ បូ សាវី)
មន្ដ្រីយោធានៅយោធភូមិភាគទី៤ សន្យាដោះស្រាយជម្លោះដីធ្លីជាមួយពលរដ្ឋនៅថ្ងៃទី១៤ ខែមករាខាងមុខនេះ បន្ទាប់ពីមានការប្រឈមមុខដាក់ដោយហិង្សា លើគម្រោងសង់ទំនប់អាងស្ដុកទឹកទុកឲ្យកងទ័ពប្រើប្រាស់ នៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្ដសៀមរាប ។
លោកឧតម្ដសេនីយ៍ត្រី ទេព រួន មានប្រសាសន៍ថា រាជរដ្ឋភិបាលបានប្រគល់ដីតំបន់នោះចំនួន៥០០០ហិកតា ដើម្បីឲ្យយោធភូមិភាគទី៤ ធ្វើទីលានយុត្ដិសាស្ដ្ររឹងមាំរបស់កងទ័ព ដើម្បីជួយដល់ទីបញ្ជាការទិសមុខ និងមានគម្រោងធ្វើផ្លូវយុត្ដិសាស្ដ្រ និងសង់ទំនប់ទឹកសម្រាប់កងទ័ពប្រើប្រាស់ ។ លោកបន្ដថា ផលប៉ះពាល់ពីការសង់ទំនប់ទឹកនោះមានតិចតួចទេ ហើយការអភិវឌ្ឍដើម្បីផលប្រយោជន៍ជាតិច្រើនជាង ។ លោកឲ្យពលរដ្ឋដែលរងប៉ះពាល់ ចាំដោះស្រាយនៅថ្ងៃពុធខាងមុខនេះ ។
នៅពេលជួបផ្ទាល់កាលពីថ្ងៃអាទិត្យ ប្រជាពលរដ្ឋសម្ដែងការឈឺចាប់លាយឡំទាំងទឹកភ្នែក ដោយបារម្ភថាការសាងសង់ទំនប់ទឹកកាត់អូរធម្មជាតិនោះ នឹងបង្កឲ្យជន់លិចផ្ទះ និងដីរបស់អ្នកភូមិ ។ ពួកគេសម្ដែងការឈឺចាប់ ខណៈឃើញយោធាកាប់បំផ្លាញព្រៃឈើរាល់ថ្ងៃមិនមានអ្នកហាមហ៊ានឃាត់ ប៉ុន្ដែសម្រាប់ពលរដ្ឋក្រក្រីដែលកាប់ឆ្កាព្រៃដំណាំតូចតាចដើម្បីចិញ្ចឹមជីវិត បែរជាយោធាប្រើអាវុធបាញ់គំរាម ហើយចាប់ចងធ្វើទារុណកម្ម។
អ្នកសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ ខេត្ដសៀមរាប លោក នូ ពុទ្ធិ យល់ថាករណីនេះ ជាភាពខ្សោយរបស់រដ្ឋាភិបាលដែលមិនបង្ហាញពីគណនេយ្យភាព និងតម្លាភាពនៅក្នុងសង្គម លើគម្រោងអភិវឌ្ឍន៍ក្នុងតំបន់ៗជាមុន ហើយពេលអនុវត្តប៉ះពាល់ដល់សិទ្ធិពលរដ្ឋ ។
កាលពីម្សិលមិញកម្លាំងយោធាយោធភូមិភាគទី៤ ប្រហែលពី៣០ទៅ៤០នាក់ប្រដាប់ដោយកាំភ្លើងគ្រប់ដៃបានបិទផ្លូវមិនឲ្យពលរដ្ឋចេញពីភូមិដោយព្រមានបាញ់សម្លាប់ ខណៈអ្នកភូមិគំរាមដុតគ្រឿងចក្ររបស់យោធា ។ ប៉ុន្ដែសភាពការណ៍បានធូរស្រាលវិញនៅម៉ោងជាង២រសៀល បន្ទាប់ពីមន្ដ្រីយោធាសន្យាដោះស្រាយនៅសប្តាហ៍នេះ ៕
សូមសរសេរមកលោគ បូ សាវី តាមរយៈ savy@vodhotnews.com