ដោយ ប្រាជ្ញ ចេវ
2015-03-19
RFA

ប្រជាពលរដ្ឋរស់នៅឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលមិនហ៊ាននាំទៅចាក់វ៉ាក់សាំង បង្ការជំងឺដោយខ្លាចឆ្លងមេរោគអេដស៍។ រូបថតថ្ងៃទី១៨ មីនា ឆ្នាំ២០១៥ (RFA/Brach Chev)
ករណីឆ្លងរីករាលដាលជំងឺអេដស៍នៅឃុំរកា ខេត្តបាត់ដំបង បានធ្វើឲ្យពលរដ្ឋមួយចំនួននៅក្នុងខេត្តក្រចេះ មិនហ៊ានយកកូនទៅចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗទេ ព្រោះខ្លាចឆ្លងមេរោគអេដស៍។ ទោះយ៉ាងណាអាជ្ញាធរមានសមត្ថកិច្ចបានពន្យល់ប្រាប់ឲ្យកុំព្រួយបារម្ភរឿងនេះ និងអំពាវនាវឲ្យក្រុមពលរដ្ឋនាំកូនចៅទៅចាក់ថ្នាំបង្ការតាមការកំណត់។
ការជឿតៗគ្នា និងការបង្ហាញក្តីបារម្ភពីម្នាក់ទៅម្នាក់ បានធ្វើឲ្យប្រជាពលរដ្ឋខ្លះក្នុងឃុំគោលាប់ និងឃុំថ្មី ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ មិនហ៊ានយកកូនទៅចាក់ថ្នាំបង្ការជំងឺឡើយ។ អ្នកខ្លះទោះកូនដល់កំណត់ត្រូវទៅចាក់ថ្នាំបង្ការហើយក៏ដោយ ក៏មិនហ៊ានទៅចាក់ដែរ។
ប្រជាពលរដ្ឋម្នាក់ លោកស្រី យុំ ស្រីនាង ឲ្យដឹងថា លោកស្រីមិនហ៊ានយកកូនទៅចាក់ថ្នាំបង្ការឡើយ ព្រោះខ្លាចឆ្លងមេរោគអេដស៍នៅពេលចាក់ថ្នាំនោះ។ លោកស្រីរៀបរាប់ថា លោកស្រីលឺគេនិយាយតៗគ្នាថា ពលរដ្ឋនៅភូមិរកា ខេត្តបាត់ដំបង ឆ្លងរោគអេដស៍ព្រោះរឿងចាក់ថ្នាំនេះ៖ «ខ្ញុំលឺតែគេនិយាយតៗគ្នា ពេលលឺអ៊ីចឹងទៅលែងហ៊ានយកកូនទៅចាក់ថ្នាំ ព្រោះកូនមានតែមួយផង»។
ការព្រួយបារម្ភរបស់ពលរដ្ឋនៅពេលនេះ គឺស្របពេលដែលប្រជាពលរដ្ឋនៅក្នុងឃុំរកា ខេត្តបាត់ដំបង បានឆ្លងមេរោគអេដស៍ជាង ២០០នាក់ ដោយមិនដឹងខ្លួន។
មេឃុំគោលាប់ ស្រុកចិត្របុរី លោក ឈុំ ឆូយ ប្រាប់ថា ការព្រួយបារម្ភរបស់ពលរដ្ឋដោយតែជឿតាមព័ត៌មានមិនច្បាស់លាស់។ លោកបន្តថា ក្រោយដឹងរឿងនេះ អាជ្ញាធរមូលដ្ឋានបានចុះផ្សព្វផ្សាយដល់ពលរដ្ឋកុំឲ្យយល់ខុសរឿងនេះ៖ «គាត់ជឿគេ អត់ពិចារណា លឺថាមានថ្នាំមកពីយួនអ៊ីចឹងទៅលែងហ៊ានមកចាក់ថ្នាំ»។
តាមការបញ្ជាក់របស់អាជ្ញាធរខេត្តក្រចេះ កន្លងមក ប្រជាពលរដ្ឋនៅស្រុកឆ្លូង ក៏យល់ដូច្នេះដែរ ហើយពួកគេមួយចំនួនមិនចាក់ថ្នាំបង្ការនោះទេ។ ប៉ុន្តែក្រោយមន្ត្រីសុខាភិបាលធ្វើយុទ្ធនាការផ្សព្វផ្សាយ រឿងនេះក៏ស្ងប់ស្ងាត់ទៅវិញ។
អ្នកនាំពាក្យសាលាខេត្តក្រចេះ និងជាអ្នកទទួលខុសត្រូវផ្នែកសុខាភិបាល អ្នកស្រី ប៊ន សុភី។ អ្នកស្រីថា មិនទាន់ដឹងរឿងនេះនៅឡើយ។ អ្នកស្រីបញ្ជាក់ថា នឹងកោះប្រជុំក្រុមការងារដើម្បីចុះដល់មូលដ្ឋានអប់រំផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ មិនឲ្យពលរដ្ឋខ្លាចការចាក់វ៉ាក់សាំងការពារនេះ៖ «ប្រជាពលរដ្ឋនៅតែអត់ជឿការអះអាងរបស់អាជ្ញាធរ ដល់អ៊ីចឹងទៅខាងសុខាភិបាលពិបាកធ្វើការងារ។ ប៉ុន្តែនៅពេលទទួលព័ត៌មានច្បាស់លាស់ យើងនឹងផ្សព្វផ្សាយដល់ពលរដ្ឋ»។
ថ្លែងបញ្ជាក់បន្ថែមពីអាជ្ញាធរខេត្តក្រចេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ ប្រាប់ថា មេរោគអេដស៍មិនអាចឆ្លងតាមការចាក់វ៉ាក់សាំងការពារជំងឺឡើយ។ លោកថា ម្ជុលដែលគ្រូពេទ្យប្រើប្រាស់រួចហើយគេមិនយកមកប្រើម្តងទៀតទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ក្រុមគ្រួសារស្ត្រីសម្រាលកូនស្លាប់នៅពោធិ៍សាត់ពិចារណាប្ដឹងគ្រូពេទ្យ
- គណៈកម្មការទី៨សភាស្នើនាយករដ្ឋមន្ត្រីសម្រួលការប្រាក់ដល់អ្នកផ្ទុកមេរោគអេដស៍នៅឃុំរកា
- អាជ្ញាធរខេត្តសៀមរាបកំពុងត្រួតពិនិត្យកន្ទុយបារី១០តោនដែលគេដឹកពីបរទេសមកចាក់ចោល
- គ្រូពេទ្យពិនិត្យនិងព្យាបាលជំងឺភ្នែកឥតបង់ថ្លៃសម្រាប់អ្នកក្រីក្រ
- អ្នកផ្ទុកមេរោគអេដស៍នៅឃុំរកាទី៦បានស្លាប់
- កូនចិញ្ចឹមលោក ប៉ែន សុវណ្ណ អំពាវនាវរកជំនួយសប្បុរសបន្ថែម
- គ្រូពេទ្យជប៉ុនអប់រំអំពីសុខភាពនិងចំណីអាហារ
- ពលរដ្ឋនៅខេត្តកំពង់ធំត្អូញត្អែរថាឡធ្យូងក្នុងភូមិប៉ះពាល់ដល់សុខភាព
- មនុស្សទី៥ក្នុងចំណោមអ្នកកើតអេដស៍នៅឃុំរកាបានស្លាប់