លោកស្រី Michelle Obama លើកទឹកចិត្តសិស្សស្រីឱ្យជំនះឧបសគ្គនិងបន្តការសិក្សា
នៅ វណ្ណារិន, ម៉ែន គឹមសេង
22 មិនា 2015
វីអូអេខ្មែរ
សៀមរាប/វ៉ាស៊ីនតោន—
លោកស្រី Michelle Obama ភរិយាលោកប្រធានាធិបតីសហរដ្ឋអាមេរិកបានលើកទឹកឱ្យសិស្សស្រីក្នុងប្រទេសកម្ពុជាខិតខំជំនះឧបសគ្គក្នុងជីវិតដើម្បីបន្តការសិក្សាឱ្យបានខ្ពង់ខ្ពស់ក្នុងនោះក៏មិនត្រូវចុះចាញ់ការរិះគន់បង្អាប់នានាដែលពួកគេអាចជួបប្រទះ។
នៅក្នុងការស្នាក់នៅថ្ងៃទីពីរនៃដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនៅខេត្តសៀមរាបប្រទេសកម្ពុជាដើម្បីផ្សព្វផ្សាយគំនិតផ្តួចផ្តើមជំរុញសិស្សស្រីឱ្យបានសិក្សាខ្ពង់ខ្ពស់ Let Girls Learn លោកស្រីបានជួបជាមួយនឹងសិស្សស្រីដែលកំពុងសិក្សានៅវិទ្យាល័យហ៊ុនសែនប្រាសាទបាគងដើម្បីបានស្តាប់រឿងរ៉ាវផ្ទាល់ខ្លួនរបស់ពួកគេ។ លោកស្រីប៊ុន រានី ភរិយាលោកនាយករដ្ឋមន្ត្រីហ៊ុន សែនក៏បានចូលរួមជាមួយគ្នាផងដែរ។
ស្ត្រីទីមួយនៃប្រទេសទាំងពីរបានស្តាប់ឮដោយផ្ទាល់នូវរឿងរ៉ាវរបស់សិស្សស្រីទាំងនោះ។
នាង វៀន សុខហាង សិស្សថ្នាក់ទី១២ បានរៀបរាប់ថា៖
«ទម្រាំតែខ្ញុំរៀនដល់ថ្នាក់ទី១២នេះ ខ្ញុំត្រូវឆ្លងកាត់ការលំបាកជាច្រើនក៏ប៉ុន្តែការលំបាកទាំងអស់នោះ ខ្ញុំមិនដែលរួញរាមិនដែលរាថយឬក៏មិនដែលអស់សង្ឃឹមឡើយ។ ហើយសព្វថ្ងៃខ្ញុំមិនដែលរស់នៅ ជាមួយក្រុមគ្រួសារទេគឺខ្ញុំរស់នៅជាមួយជីដូនមីងហើយនឹងពូហើយខ្ញុំនៅផ្ទះគាត់ខ្ញុំត្រូវជួយការងារគាត់ជាច្រើនដូចជាស្រោចដំណាំមើលគោដាំបាយធ្វើម្ហូបបោសផ្ទះសម្បែងហើយជារៀងរាល់ថ្ងៃខ្ញុំត្រូវក្រោកពីម៉ោងបួនដើម្បីដាំបាយធ្វើម្ហូបសម្រាប់ទុកខ្លួនឯងទៅសាលា»។
លោកស្រី Michelle Obama បានសម្តែងសមានចិត្តចំពោះសិស្សស្រីដែលខំតស៊ូដើម្បីការសិក្សានិងលើកទឹកចិត្តពួកគេមិនឱ្យបោះបង់ចោលដោយសារតែឧបសគ្គកើតមានឡើងទេ។
«ខ្ញុំដឹងថា អ្វីដែលក្មួយកំពុងតែធ្វើមិនមែនជារឿងងាយស្រួលនោះទេ។ ខ្ញុំក៏ដឹងថា ពេលខ្លះក្មួយៗមានការលំបាកក្នុងការរៀនសូត្រ ព្រោះវាមិនមែនជារឿងងាយស្រួលទេ ដែលក្មួយត្រូវជួយឪពុកម្តាយ និងក្រុមគ្រួសារធ្វើស្រែចម្ការ ជួយកិច្ចការផ្ទះ ហើយត្រូវជិះកង់ ជិះម៉ូតូរយៈពេលមួយម៉ោង មកសាលារៀន ដើម្បីខំប្រឹងរៀនសូត្រឲ្យបានពូកែ។ ខ្ញុំដឹងថា ទាំងអស់នេះមិនមែនជាកិច្ចការងាយស្រួលនោះទេ។ ក៏ប៉ុន្តែ អ្វីដែលសំខាន់បំផុតដែលក្មួយៗទាំងអស់គ្នាត្រូវដឹងនោះ គឺថា ក្មួយៗទាំងអស់គ្នាមករៀន ដើម្បីបង្ហាញមនុស្សគ្រប់គ្នា ថាក្មួយឆ្លាត រឹងមាំ និងមានសមត្ថភាព»។
លោកស្រី បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនថាកាលពីលោកស្រីនៅ ក្មេងក៏ធ្លាប់មានអ្នកមិនឱ្យលោកស្រីបានសិក្សាជ្រៅជ្រះដែរដោយគេលើកឡើងថាលោកស្រី មិនមានបញ្ញាគ្រប់គ្រាន់នឹងទៅ សិក្សានៅ ថ្នាក់មហាវិទ្យាល័យនិងមហាវិទ្យាល័យច្បាប់ទេ។ ប៉ុន្តែលោកស្រី មិនស្តាប់សំដីនោះ ឡើយហើយក៏ស្នើសុំឱ្យសិស្សស្រីកម្ពុជាត្រូវធ្វើដូច្នេះដែរ។
«មនុស្សជាច្រើននឹងមិនសប្បាយចិត្តប៉ុន្មានទេ នៅពេលដែលឃើញក្មួយទាំងអស់គ្នាមានភាពវៃឆ្លាត រឹងមាំ និងមានសមត្ថភាព។ បញ្ហានេះបានកើតឡើងលើរូបខ្ញុំ កាលពីខ្ញុំនៅក្មេងដូចក្មួយដែរ។ មានមនុស្សមួយចំនួនបានប្រាប់ខ្ញុំថា ខ្ញុំមិនឆ្លាតទេ ហើយខ្ញុំមិនអាចបន្តការសិក្សានៅសាកលវិទ្យាល័យ និងរៀនផ្នែកច្បាប់បានទេ ប៉ុន្តែ ខ្ញុំមិនខ្វល់ពីអ្វីដែលអ្នកទាំងនោះបាននិយាយនោះទេ។ ហើយខ្ញុំចង់ឲ្យក្មួយទាំងអស់គ្នា កុំខ្វល់ពីអ្វីដែលអ្នកទាំងអស់នោះនិយាយទិតៀន»
លោកស្រី Michelle បន្ថែមថានៅពេលបានជោគជ័យពួកគេត្រូវជួយដល់ក្មេងស្រីដទៃទៀតផងដែរ។
«ក្មួយៗត្រូវជួយបង្ហាត់បង្ហាញពួកគេ។ ក្មួយៗត្រូវជួយកាន់ដៃពួកគេនៅ ពេលដែលមានការលំបាកហើយប្រាប់ពួកគេថាប្រសិនបើក្មួយអាចធ្វើបាន អ្នកដទៃទៀតក៏អាចធ្វើបានដែរ។ តើព្រមតាមខ្ញុំស្នើសុំបានទេ? »
លោកស្រីប៊ុន រានី ក៏បានបង្ហាញពីការយល់ស្របដល់សារៈសំខាន់នៃគំនិតផ្តួចផ្តើម Let Girls Learn។ លោកស្រីបញ្ជាក់ផ្តាំផ្ញើឱ្យសិស្សទាំងអស់ដែលទទួលបានប្រយោជន៍ពី គម្រោងនេះត្រូវខិតខំសិក្សាឱ្យបានល្អ។
យុវសិស្សសុខហាង ក៏បានបង្ហាញឱ្យដឹងពីក្តីសុបិន្តរបស់នាងក្នុងការយកចំណេះដឹងមកជួយដល់សហគមន៍របស់នាងវិញ។
«ហើយទៅថ្ងៃ អនាគតខ្ញុំចង់ក្លាយទៅជាគ្រូបង្រៀនគណិតវិទ្យាម្នាក់ហើយខ្ញុំគិតថាមុខជំនាញគ្រូនេះអាចផ្លាស់ប្តូរជីវិតខ្ញុំគ្រួសារហើយនឹងសហគមន៍របស់ខ្ញុំបាន»។
គម្រោង ផ្តល់ឱកាសឱ្យស្រ្តីបានសិក្សា Let Girls Learn គឺជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីជួយឱ្យសិស្សស្រីបានសិក្សាបានច្រើន។ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិកនឹងធ្វើការសហការជាមួយនឹងសេតវិមាន ក្រុមស្ម័គ្រចិត្ត Peace Corps និងក្រសួងការបរទេស។
លោកស្រីMichelle Obama ក៏បានជួបជាមួយនឹងក្រុមស្ម័គ្រចិត្តរបស់សហរដ្ឋអាមេរិកដែលកំពុងបំពេញការងារនៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្នុងសុន្ទរកថាទៅកាន់ក្រុមអ្នកស្ម័គ្រចិត្តលោកស្រីបានបញ្ជាក់ថា៖
«នៅពេលដែលក្មេងស្រីទទួលបានការអប់រំ អាចអាន និងសរសេរ និងវិភាគបាន មានន័យថាការអប់រំបានផ្តល់មធ្យោបាយឲ្យក្មេងស្រីអាចបកស្រាយ និងនិយាយអំពីអំពើអយុត្តិធម៌ ហើយអាចទាមទារឲ្យមានភាពស្មើគ្នា។ ការអប់រំជួយឲ្យក្មេងស្រី និងស្ត្រីចូលរួមក្នុងវិស័យនយោបាយរបស់ប្រទេសជាតិ និងធ្វើយ៉ាងណាឲ្យមេដឹកនាំប្រទេសមានការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន និងអំពាវនាវឲ្យមានការផ្លាស់ប្តូរ នៅពេលដែលតម្រូវការ និងសេចក្តីប្រាថ្នារបស់គេមិនសម្រេចបាន»។
លោកស្រី ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូដែលបានទៅជួបជាមួយនឹងលោកស្រី Michelle Obama បានប្រាប់វីអូអេនៅ ក្រោយពីជំនួបនោះថា៖
«ព្រឹកមិញយើងចាប់អារម្មណ៍ជាងគេលើអប់រំ អប់រំគឺថាចេះអប់រំ ទៅចេះពិចារណាគ្រប់មុខទៅមានការគោរពគ្នាទៅវិញទៅមកគឺយើងមាននិយាយដែរ។ គោរពគ្នាទៅវិញទៅមកតាំងពីតូចដល់ធំនោះគឺប្រទេសល្អហើយ…លោកជំទាវតែងតែលើកទឹកចិត្តក្មេងៗទាំងអស់ដែលនៅ អង្គុយជុំវិញតុហ្នឹង ខំ ជំរុញថាកុំឱ្យដាក់ដៃចុះ ត្រូវខំប្រឹងទៀតហើយកុំទុកការពិសោធរបស់អ្នកនៅ ផ្ទះពេលណាទៅជួបអ្នកណានៅសហគមន៍ ទៀតឱ្យជួយរំលែកការងារទៅសហគមន៍»។
នៅទូទាំងពិភពលោកមានកុមារីនិងស្រី្ត៦២លាននាក់មិនបានចូលរៀន។ មានសិស្សស្រីជាច្រើនទៀតកំពុងតស៊ូដើម្បីបាននៅ សិក្សា។ ដោយឡែកប្រទេសកម្ពុជាមានអត្រាសិស្សបោះបង់ចោលការសិក្សាច្រើន។ ដោយក្នុងចំណោមសិស្ស១០០នាក់ដែលបានចុះ ឈ្មោះចូលរៀននៅ ថ្នាក់ទីមួយគឺមានតែសិស្ស២០នាក់ប៉ុណ្ណោះបានបញ្ចប់ការសិក្សារហូតដល់ថ្នាក់ទី៩។ ក្នុងចំណោមនេះមានសិស្សស្រីពាក់កណ្តាល៕
អត្ថបទព័ត៌មានទាក់ទង
- ភរិយាប្រធានាធិបតីអាមេរិកស្តាប់ទុក្ខលំបាកសិស្សស្រីកម្ពុជាដោយផ្ទាល់
- ក្មេងស្រីដែលលក់ដូរនៅអង្គរវត្តនៅតែមានការលំបាកក្នុងការសិក្សា
សម្រាប់ក្មេងស្រីតម្លៃនៃការអប់រំគឺមិនមានអ្វីជាអាថ៌កំបាំងទេ
នៅមុខស្ថានទូតអាមេរិក ជនរងគ្រោះទំនាស់ដីធ្លីសុំឲ្យលោកស្រី Michelle Obama ជួយ- អ្នកវិភាគ៖ ទស្សនកិច្ចរបស់លោកស្រីអូបាម៉ានៅកម្ពុជាជាសញ្ញាវិជ្ជមានសម្រាប់កម្ពុជា
Welcome to Cambodia the US First Lady Michelle OBama!
With great honor we wholeheartedly commend your compassionate
and historic trip to our country.
We wish your Let Girls Learn project the best success for Khmer girls.
We wish your concerns on Civil and Political Rights in Cambodia would, in general, bear great fruits and, in particular, would at least help secure the “stay out of jail on bail” for all those Khmer women and men civil and political activists, i.e. Ms. Tep Vanny’s and Mr. Meach Sovannara’s groups.
We wish you the best cultural experience and pleasant visit.
22 March 2015
ស្វាញី