ស្ត្រី​ទី​១​អាមេរិក​អំពាវនាវ​ឲ្យ​ក្មេង​ស្រី​ខ្មែរ​បន្ត​រៀន​ដើម្បី​ជំរុញ​ឲ្យ​មេដឹកនាំ​មាន​ការ​ទទួល​ខុស​ត្រូវ

ដោយ ជុន ច័ន្ទបុត្រ
2015-03-21
RFA

មីស៊្ហែល អូបាម៉ា សិស្ស ៦២០
អ្នកស្រី មីស៊្ហែល អូបាម៉ា (ឆ្វេង) (Michelle Obama) ជួប​​ជជែក​ជាមួយ​សិស្ស​ស្រី​​នៅ​វិទ្យាល័យ ហ៊ុន សែន ប្រាសាទ​បាគង ខេត្ត​សៀមរាប កាល​ពី​​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៥។ RFA/Hang Savyouth

ភរិយា​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក អ្នកស្រី មីស្ហ៊ែល អូបាម៉ា (Michelle Obama) អំពាវនាវ​អោយ​ក្មេងស្រី​បន្ត​ការ​រៀន​សូត្រ​ក្នុង​សាលា ដើម្បី​ជំរុញ​អោយ​មាន​ភាព​ស្មើ​គ្នា និង​ដើម្បី​ជួយ​ជំរុញ​អោយ​មេដឹកនាំ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​របស់​គេ។

​អ្នកស្រី មីស្ហ៊ែល អូបាម៉ា ពេល​នេះ​កំពុង​ស្នាក់​នៅ​ខេត្ត​សៀមរាប។ នេះ​គឺ​ជា​ដំណើរ​ទស្សនកិច្ច​មួយ​របស់​អ្នកស្រី​ដើម្បី​រំលេច​នូវ​អ្វី​ដែល​អ្នកស្រី​ហៅ​ថា ជា​វិបត្តិ​ក្នុង​ការ​សិក្សា​របស់​ស្ត្រី ដែល​អ្នកស្រី​អះអាង​ថា នៅ​ទូទាំង​ពិភពលោក​មាន​ស្រី​ប្រមាណ ៦២​លាន​នាក់ មិន​បាន​ទទួល​ការ​សិក្សា​ដោយសារ​មូលហេតុ​សេដ្ឋកិច្ច និង​វប្បធម៌។ រយៈពេល ២​ថ្ងៃ​មក​នេះ អ្នកស្រី មីស្ហ៊ែល អូបាម៉ា បាន​លើក​ទឹក​ចិត្ត​ក្មេងស្រី​ក្រីក្រ​ថា ថ្វី​ត្បិត​តែ​កម្ពុជា នៅ​ឆ្ងាយ​ពី​សហរដ្ឋអាមេរិក ក្តី ក៏​អ្នកស្រី​បានដឹង​ពី​ការ​ខិតខំ​តស៊ូ​រៀនសូត្រ​របស់​កុមារី​កម្ពុជា ដែរ។

​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ខ្លី អ្នកស្រី មីស្ហ៊ែល អូបាម៉ា ហាក់​មមាញឹក​ក្នុង​ការ​ចុះ​ទៅ​តាម​មូលដ្ឋាន​ខ្លះ ព្រម​ទាំង​ជួប​ជជែក​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ ជុំវិញ​បញ្ហា​ធ្វើ​យ៉ាង​ណា​ជំរុញ​ឲ្យ​ក្មេង​ស្រី​បាន​ចូល​រៀន​គ្រប់​គ្នា។

​ក្មេងស្រី​ម្នាក់​ឈ្មោះ មាន សុហាង នៅ​ខេត្ត​សៀមរាប បាន​សំណូមពរ​ទៅ​ស្ត្រី​ទី​១​របស់​សហរដ្ឋអាមេរិក និង​អ្នកស្រី ប៊ុន រានី ហ៊ុន សែន ដែល​រួម​ដំណើរ​ជាមួយ​ភរិយា​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នេះ ឲ្យ​ជួយ​ពួកគេ​បន្ត​ការសិក្សា​រហូត​ដល់​ថ្នាក់​ឧត្ដម​សិក្សា និង​ជួយ​ក្មេងស្រី​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ឲ្យ​បាន​រៀនសូត្រ​ថ្នាក់​ខ្ពស់​ដូច​គ្នា​ដែរ។

​ក្រៅពី​បំពេញ​ទស្សនកិច្ច​ដោយ​ធ្វើ​ការងារ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​ជំរុញ​ក្មេង​ស្រី​ឲ្យ​បាន​ចូលរៀន កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២១ ខែ​មីនា ដែរ អ្នកស្រី មីស្ហ៊ែល អូបាម៉ា ក៏​បាន​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត នៅ​ក្នុង​ខេត្ត​សៀមរាប។

មុន​ពេល​បន្ត​មក​កម្ពុជា អ្នកស្រី មីស្ហ៊ែល អូបាម៉ា បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ ខែ​មីនា។

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សេត​វិមាន​នៃ​សហរដ្ឋអាមេរិក រំពឹង​ថា ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី មីស្ហ៊ែល អូបាម៉ា ទៅ​កាន់​ប្រទេស​ជប៉ុន និង​កម្ពុជា នឹង​អាច​ផ្ដល់នូវ​ធនធាន​ជា​ច្រើន​សម្រាប់​សាលា​នៅ​សហរដ្ឋអាមេរិក ដែល​នាំ​មក​នូវ​ការ​យល់​ដឹង​ផ្នែក​វប្បធម៌ ភូមិសាស្ត្រ​តំបន់ និង​ព្រឹត្តិការណ៍​ថ្មីៗ​ជា​ច្រើន​ទៀត​នៅ​ក្នុង​ប្រទេស​ជប៉ុន និង​កម្ពុជា។ អ្នកស្រី មីស្ហ៊ែល អូបាម៉ា វិល​ត្រឡប់​ទៅ​សហរដ្ឋអាមេរិក​វិញ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២២ មីនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

2 Responses to "ស្ត្រី​ទី​១​អាមេរិក​អំពាវនាវ​ឲ្យ​ក្មេង​ស្រី​ខ្មែរ​បន្ត​រៀន​ដើម្បី​ជំរុញ​ឲ្យ​មេដឹកនាំ​មាន​ការ​ទទួល​ខុស​ត្រូវ"

  1. Anonymous says:

    Welcome to Cambodia the US First Lady Michelle OBama!
    With great honor we wholeheartedly commend your compassionate
    and historic trip to our country.
    We wish your Let Girls Learn project the best success for Khmer girls.
    We wish your concerns on Civil and Political Rights in Cambodia would, in general, bear great fruits and, in particular, would at least help secure the “stay out of jail on bail” for all those Khmer women and men civil and political activists, i.e. Ms. Tep Vanny’s and Mr. Meach Sovannara’s groups.
    We wish you the best cultural experience and pleasant visit.
    22 March 2015

  2. ?? says:

    MICHELLE OBAMA your compassion and honor to this nation will stay in every Cambodian heart and sole for generation to come. you have help pushing our nation to get on their feet. my appreciation for what you do for our nation. I wishing you all the best in the future….. from Cambodian over sea