ដោយ៖ ខាន់ លក្ខិណា
ថ្ងៃអាទិត្យ ទី22 មិនា 2015
http://vodhotnews.com
មើលរូបភាពបន្ថែម
រូបភាពប្រជាសហគមន៍តាងូវ (រូបថត៖ ខាន់ លក្ខិណា)
ប្រជាសហគមន៍តាងូវនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ២៧គ្រួសារ រស់នៅតាមបណ្តោយព្រែកបារាំង បង្ហាញការព្រួយបារម្ភខ្លាចបាត់បង់លំនៅស្ថាន ខណៈអាជ្ញាធរប្រកាសរៀបចំបរិស្ថានឲ្យមានអនាម័យ និងស្តារព្រែកបារាំងនោះ ។
ពលរដ្ឋម្នាក់រស់នៅសហគមន៍តាងូវអ្នកស្រី អៀន ញ៉រ ប្រាប់ VOD នៅព្រឹកនេះនៅកន្លែងកាយសំរាមថា អាជ្ញាធរខណ្ឌច្បារអំពៅបានប្រាប់ពួកគាត់ដែលមានផ្ទះនៅអបតាមសងខាងព្រែកបារាំងពីគម្រោងស្តារ និង រៀបចំឲ្យមានសណ្តាប់ធ្នាប់ជុំវិញព្រែកនេះ ។ អ្នកស្រីបារម្ភខ្លាចការស្តារព្រែកនេះ ឈានដល់ការបណ្តេញពួកគាត់ដែលរស់នៅក្បែរៗនោះ។
អ្នកស្រីអៀន ញ៉រ លើកឡើងថា ពួកគាត់មិនចង់ផ្លាស់ប្ដូរលំនៅទៅកន្លែងផ្សេងទេ ពីព្រោះធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ ជាពិសេសការសិក្សារបស់កូនៗគាត់ផងដែរ ។
កាលពីថ្ងៃទី១១ ខែមីនា កន្លងទៅសាលាខណ្ឌច្បារអំពៅ បានជូនដំណឹងទៅប្រជាពលរដ្ឋដែលមានផ្ទះនៅអបតាមសងខាងព្រែកបារាំង ក្នុងសង្កាត់ច្បារអំពៅទី១ សង្កាត់និរោធ ទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមការងារជំនាញដើម្បីឲ្យគ្រឿងចក្រអាចចូលជីកស្ដារព្រែកបារាំង ។ ក្នុងសេចក្ដីជូនដំណឹងឲ្យបន្តថា ការស្ដារនេះដោយសារបច្ចុប្បន្នព្រែកបារាំងកំពុងកកស្ទះសំរាម រុក្ខជាតិផ្សេងៗ ដែលបណ្ដាលឲ្យស្ទះចរន្តទឹកហូរ ៕

សូមសរសេរមកកញ្ញា ខាន់ លក្ខិណា តាមរយៈ khanleakhena@yahoo.com