ដោយ៖ ណុល ដារ៉ា
ថ្ងៃចន្ទ ទី23 មិនា 2015
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ដោយមិនខ្វល់ពីការរិះគន់របស់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ក៏ដូចជាសហគមន៍អឺរ៉ុប រដ្ឋសភា ដែលគ្រប់គ្រងដោយគណបក្សជាប់ឆ្នោតទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ បានជម្នះអនុម័តរួចហើយនូវសេចក្តីព្រាងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ។
ការអនុម័តច្បាប់ទាំងពីរ ដែលមានមាត្រាសរុបដល់ទៅ ២៣៧មាត្រា ត្រូវបានធ្វើតែមួយព្រឹកប៉ុណ្ណោះ ហើយចំណុចព្រួយបារម្ភទាំងឡាយរបស់សង្គមស៊ីវិលជាតិ និងអន្តរជាតិមិនត្រូវបានយកទៅពិចារណាដេញដោលឡើយ ។
ក្រុមអង្គការសង្គមស៊ីវិលយល់ថា មាត្រា៨៤ ១៣៧ ១៤៨ ១៥៩ និងមាត្រា១៦០ នៃសេចក្តីព្រាងច្បាប់បោះឆ្នោត សុទ្ធសឹងជាបញ្ញត្តិចែងពីការដាក់ទោសពិន័យទៅលើសិទ្ធិចូលរួមសកម្មក្នុងជីវភាពនយោបាយ និងសេរីភាពបញ្ចេញមតិរបស់សមាគម និងអង្គការសង្គមស៊ីវិល ។ ប៉ុន្តែក្រុមការងារធ្វើកំណែទម្រង់មកពីគណបក្សប្រជាជនកម្ពុជាបានអះអាងថា ច្បាប់បោះឆ្នោតថ្មីនេះមានបំណងជំរុញឲ្យអង្គការសង្គមធ្វើការដោយឯករាជ្យ ។ ចំណែកឯគណបក្សសង្គ្រោះជាតិវិញ ទោះបីជាមិនសូវពេញចិត្តនឹងច្បាប់ថ្មីទាំងពីរនោះក៏អះអាងថា ប្រសើរជាងបន្តប្រើច្បាប់ចាស់ដែលអាក្រក់នោះដែរ ។
តើច្បាប់បោះឆ្នោត និង គ.ជ.ប ចាស់ធៀបនឹងច្បាប់បោះឆ្នោត និង គ.ជ.ប ថ្មីមួយណាប្រសើរជាង?
នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា លោក ហង្ស ពុទ្ធា លើកឡើងថា ច្បាប់ទាំងពីរនោះមានមួយចំនួនប្រសើរជាងមុន ហើយមានមួយចំនួនទៀតអាក្រក់ជាងមុន ។ លោកថាចំណុចដែលប្រសើរមានដូចជា ការរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មី និង គ.ជ.ប ថ្មី មានសមាសភាពស្មើគ្នារវាងបក្សទាំងពីរ ឯចំណុចមិនប្រសើរគឺការរឹតត្បិតសិទ្ធិសេរីភាពសង្គមស៊ីវិល និងការអនុញ្ញាតឲ្យមន្ត្រីតុលាការ និងកងម្លាំងប្រដាប់អាវុធធ្វើសកម្មភាពឃោសនាដោយស្របច្បាប់ ដែលផ្ទុយទៅនឹងលក្ខន្តិកៈគណបក្សនយោបាយ «ប្រសើរជាងស្ថិតនៅត្រង់ថា បញ្ជីឈ្មោះបោះឆ្នោតថ្មីត្រូវធ្វើសាដើមឡើងវិញ ហើយសមាសភាព គ.ជ.ប ថ្មី ត្រូវបានរៀបចំតាក់តែងដោយគណបក្សនយោបាយចំនួនពីរ ដែលៗខុសពីលើកមុន ហាក់ដូចជាមានគណបក្សមួយ រៀបចំ គ.ជ.ប តែឯង អាហ្នឹងចំណុចប្រសើរ។ ឯចំណុចដែលយើងគាត់ថាមិនប្រសើរនោះ ទី១ គឺការកាត់បន្ថយនូវចំនួនថ្ងៃឃោសនា ទី២ សិទ្ធិ និងតួនាទី និងការចូលរួមរបស់សង្គមស៊ីវិលហ្នឹងត្រូវបានកាត់បន្ថយដែរ» ។
ទោះយ៉ាង ក្នុងរយៈពេលចរចាកែទម្រង់ច្បាប់ទាំងពីរនោះ អ្នកសង្កេតការណ៍មើលឃើញជាទូទៅថា គណបក្សប្រជាជនកម្ពុជា មានប្រៀបជាងគណបក្សសង្គ្រោះជាតិ ព្រោះភាគច្រើនការទាមទាររបស់គណបក្សប្រជាជនកម្ពុជា ឲ្យបញ្ចូលមាត្រាណាមួយទៅក្នុងច្បាប់ទាំងពីរនោះ គឺត្រូវបានគណបក្សសង្គ្រោះជាតិទទួលយក ទោះបីជាក្រុមចរចាកែទម្រង់មកពីគណបក្សសង្គ្រោះជាតិ មិនទទួលយកនៅពេលចរចាក៏ដោយ ក៏លោក សម រង្ស៊ី បានទទួលយកចំណុចសេសសល់ទាំងអស់ នៅពេលចរចាចុងក្រោយជាមួយលោក ស ខេង ។
ព័ត៌មានវិភាគផ្សេងទៀត
ត្រង់ចំណុចនេះ លោក ហង្ស ពុទ្ធា ឯកភាពថា គណបក្សប្រជាជនកម្ពុជាពិតជាមានប្រៀបជាងគណបក្សសង្គ្រោះជាតិ ក្នុងការកែទម្រង់ច្បាប់ទាំងពីរនោះ ព្រោះគណបក្សប្រជាជនកម្ពុជាជាអ្នកដឹកនាំរដ្ឋាភិបាល និងមានសំឡេងច្រើនជាង «គណបក្សប្រជាជន លោកនៅតែមានផលប្រយោជន៍ច្រើនជាង ដោយសារលោកជាគណបក្សដែលកាន់រដ្ឋាភិបាលយូរមកហើយ មានបណ្ដាញ ហើយក្នុងការចរចាក៏ដូចជាមានឥទ្ធិពលនៅក្នុងការចរចា ។ អ៊ីចឹងការសម្រេចរបស់គណបក្សទាំងពីរ ក្រៅតែពីជំរុញឲ្យមានដំណើរការបោះឆ្នោត គឺគណបក្ស[ប្រជាជន]អាចទាញយកផលប្រយោជន៍សម្រាប់គណបក្សរបស់ខ្លួនផងដែរ» ។
ប៉ុន្តែបើមើលទៅលើឫសគល់នៃការកែទម្រង់ច្បាប់ទាំងពីរនោះ រួមទាំងការដាក់ គ.ជ.ប ឲ្យទៅជាស្ថាប័នរដ្ឋធម្មនុញ្ញផងឃើញថា គណបក្សសង្គ្រោះជាតិជាអ្នកទាមទារ ហើយមកដល់ពេលនេះការទាមទារនោះគឺបានសម្រេច ទោះបីជាមានមាត្រាមួយចំនួន មិនពេញចិត្តសង្គមស៊ីវិល និងមិនពេញចិត្តទាំងគណបក្សសង្គ្រោះជាតិខ្លួនឯងក៏ដោយ ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ទទួលស្គាល់ថា ច្បាប់បោះឆ្នោតថ្មីពិតជាមានចំណុចខ្លះ ដែលសង្គមស៊ីវិលមិនពេញចិត្ត ប៉ុន្តែលោកថាក្នុងកិច្ចពិភាក្សាធ្វើកំណែទម្រង់ច្បាប់នោះ ក្រុមចរចាគ្មានជម្រើសក្រៅពីធ្វើសម្បទានទៅវិញទៅមក ដើម្បីបានច្បាប់ថ្មីចេញជាជាងទុកឲ្យច្បាប់ចាស់ដែលអាក្រក់បន្តសុពលភាព ។
មន្ត្រីកំណែទម្រង់ការបោះឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា លោក កើត រិទ្ធិ មានប្រសាសន៍ថា គ្មានគណបក្សនយោបាយណាមានអំណាចអាចជ្រៀតជ្រែក គ.ជ.ប ថ្មី បានទេ ។ លោកបន្តថា គ.ជ.ប ថ្មី នឹងបំពេញកាតព្វកិច្ចរបស់ខ្លួនដោយឯករាជ្យ និងយុត្តិធម៌តាមបែបប្រជាធិបតេយ្យ ហើយនឹងគ្មានការជាប់គាំងនយោបាយ ។
អ្នកវិភាគឯករាជ្យលោក ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ច្បាប់ទាំងពីរនោះ បើគិតតាមឋានានុក្រម គឺប្រសើរជាងមុន មានអំណាចជាងមុន មានការទទួលខុសត្រូវច្រើនជាងមុន និងសកម្មជាងមុន ព្រោះសភាបានធ្វើវិសោធនកម្មដាក់ គ.ជ.ប ថ្មីឲ្យទៅជាស្ថាប័នរដ្ឋធម្មនុញ្ញ ហើយអាចមានការជ្រើសរើសបុគ្គលិកសមាជិកក្រុមប្រឹក្សាខេត្ត ឃុំថែមទៀតផង «គ.ជ.ប ទៅជាគេហៅគណៈកម្មការប្រតិបត្តិ គឺអនុវត្តជាក់ស្ដែង វាលែងទៅជា ដូចជារបៀបក្រុមប្រឹក្សា ហើយពឹងផ្អែកទៅលើការងាររបស់អគ្គលេខាធិការ បាទអ៊ីចេះ ហើយអគ្គលេខាធិការហ្នឹងក៏មានការទទួលខុសត្រូវចំពោះ — ហើយជ្រើសរើសក៏តាមរយៈ គ.ជ.ប ហ្នឹងឯង ។ ដូច្នេះគឺមានការត្រួតត្រាបានស៊ីជម្រៅជាងមុន ហើយគឺការងារហ្នឹង គឺខាង គ.ជ.ប ត្រូវតែសកម្មជាងមុន» ។
លោក ឡៅ ម៉ុងហៃ បន្តថា គ.ជ.ប ចាស់សឹងតែកាន់កាប់ដាច់មុខដោយគណបក្សប្រជាជនកម្ពុជា ឯ គ.ជ.ប ថ្មី មានសមាសភាពស្មើគ្នារវាងបក្សទាំងពីរ គឺគណបក្សនីមួយៗមានសមាសភាពម្ខាង៤រូប និងសមាជិកឯករាជ្យម្នាក់។ លោកបន្តថា ចំណុចពិសេសមួយទៀតនោះ គឺការបញ្ចប់ស្ថាប័ន គ.ជ.ប ចាស់ទាំងស្រុង “ដែលសំខាន់សម្រាប់អ្នកតវ៉ាហ្នឹង គឺបានដល់គោលដៅ គឺរំលាយ គ.ជ.ប ចាស់ ដែលបង្កើតឲ្យមាននូវភាពមិនប្រក្រតី។ ដូច្នេះឃើញថាការផ្លាស់ប្ដូរស្ថាប័នហ្នឹង ខ្ញុំថាមានសារៈសំខាន់។
ជារួម ទាំងគណបក្សនយោបាយទាំងពីរ ទាំងសង្គមស៊ីវិល យល់ស្របគ្នាថា ច្បាប់បោះឆ្នោតថ្មី និង គ.ជ.ប ថ្មី ប្រសើរជាងច្បាប់បោះឆ្នោត និង គ.ជ.ប ចាស់ ព្រោះ គ.ជ.ប ថ្មី ជាស្ថាប័នរដ្ឋធម្មនុញ្ញ មានអំណាចជាងមុន និងឯករាជ្យជាងមុន ជាពិសេសនោះ គឺបានរំលាយ គ.ជ.ប ចាស់ទាំងស្រុង ដែលគណបក្សប្រឆាំងចាត់ទុកថា បានបង្កបញ្ហាក្នុងការបោះឆ្នោតអាណត្តិទី៥កន្លងមកនោះ៕
សូមសរសេរមកលោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com

The election law is likely worse than the old one and the NEC composition may be worse than the old ones, too.
Both the election and NEC laws represent the political will of the CPP and CNRP rather than Cambodians’.
It’s definitely better than the old one in many ways although it’s not perfect.
How to trust in this 9 members of NEC to rule this New Election Law?