​សមត្ថកិច្ច​ផ្តើម​រិត​បន្តឹង​សន្តិសុខ​តាម​ទីប្រជុំជន​បន្ទាប់ពី​មានការ​ប្លន់​និង​កាប់សម្លាប់​​

ដោយ៖​ ជន ស្រី​ណុ​ច​
ថ្ងៃចន្ទ ទី23 មិនា 2015
http://vodhotnews.com

​អគ្គស្នងការ​នគរបាល​ជាតិ​អះអាងថា ខ្លួន​ចាប់ផ្តើម​រិត​បន្តឹង​សន្តិសុខ​នៅ​ទីប្រជុំជន​នានា ជាពិសេស កន្លែង​លក់​គ្រឿងអលង្ការ និង​កន្លែង​ប្តូរប្រាក់ បន្ទាប់ពី​មាន​ករណី​ប្លន់ និង​ការកាប់សម្លាប់​គ្នា​នៅ​តាម​ទីសាធារណៈ ។​

គេហទំព័រ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ផ្សាយ​កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា​នេះ​ឲ្យដឹងថា អគ្គស្នងការ​នគរបាល​ជាតិ លោក នេ​ត សាវឿន បាន​បញ្ជារ​ជា​បន្ទាន់​ដល់​កម្លាំង​នគរបាល​នៅ​ទូទាំង​ប្រទេស ឲ្យ​ត្រៀមកម្លាំង​ប្រត្តិបត្តិ​ការប្រចាំ​២៤​ម៉ោង លើ​២៤​ម៉ោង នៅ​គ្រប់​ទីផ្សារ ទីប្រជុំជន ជាពិសេស​គឺ កន្លែង​លក់​គ្រឿងអលង្ការ និង​ប្តូរ​ប្រាក់​ដែល​អាច​នឹង​កើតមាន​អំពើ​ប្លន់​ប្រដាប់​អាវុធ​ជា​យថាហេតុ ។​

​ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ និង​សីលធម៌​សង្គម លោក ប៉ូ សំណាង មានប្រសាសន៍ថា បើ​តាម​មើល​ឃើញ ចាប់ពី​ចូលឆ្នាំ​២០១៥​មក ភាពអសន្តិសុខ​នៅក្នុង​សង្គម​កម្ពុជា កាន់តែ​កើតឡើង​ច្រើន ។ លោក​បន្តថា បញ្ហា​នេះ​មក​ពី​កត្តា​មួយចំនួន ដូចជា​ប្រព័ន្ធ​តុលាការ​កាត់ក្តី​មិនសូវ​យុត្តិធម៌ នាំ​ឲ្យ​ជនល្មើស​ដែល​ជា​អ្នកមាន​លុយ ឬ​មាន​អំណាច​នៅតែ​ប្រព្រឹត្ត​បទល្មើស និង​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​នៅមានកម្រិត ។ លោក​មានប្រសាសន៍ថា «​ភាព​សាហាវ យោង​ឃ្នោង បាត់បង់​សីលធម៌ សម្លាប់​គ្នា​ទៅវិញទៅមក​សបញ្ជាក់​អំ​ពើ​ភាព​ធ្វើឲ្យ​ប្រជាជន​ខ្មែ​ររុញ​សង្គម​ខ្មែរ​ទៅ​ជា​មនុស្ស​មួយ​សាហាវ ដោយសារ​តែ​ប្រព័ន្ធតុលាការ យើង​ឃើញ​ហើយ​ថា ការកាត់ទោស​ដោយសារ​តែ ស​ទៅ​ជា​ខ្មៅ ខ្មៅ​ទៅ​ជាស ធ្វើឲ្យ​បញ្ហា​អ្នក​ដែល​រងគ្រោះ​មួយ​ចំនួន​ដោយសារ​អ្នក​ដែល​បង្ក​នោះ អត់ទ្រាំ​មិន​បាន​រហូត​ស្ទើរតែ​មិន​ពឹងពាក់​លើ​ប្រព័ន្ធ​តុលាការ ហើយ​ក៏​ឈាន​ដល់​ការបង្កើត​បញ្ហា​សាហាវ ដែល​ខ្លួន​ចង់​ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ត​លើ​កំហឹង​របស់​ខ្លួន​» ។​

ប្រធាន​មជ្ឈមណ្ឌល​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង សម្តែង​ការសោកស្តាយ​ដែល​សង្គម​ខ្មែរ​មានតែ​ភាពចម្រូងចម្រាស និង​អសន្តិសុខ​បែបនេះ ។ លោក​បន្តថា ជម្លោះ​កាប់​សម្លាប់​គ្នា​ដែល​កើតឡើង​មិន​មែន​មាន​តែ​ប្រជាពលរដ្ឋ​ដែល​មិន​សូវ​យល់​ដឹង​នោះ​ទេ ផ្ទុយទៅវិញ​សមត្ថកិច្ច​មួយចំនួន​ដែល​អ្នកអនុវត្ត​ច្បាប់​ក៏​បាន​បង្ក​ភាព អសន្តិសុខ និង​ប្រើប្រាស់​អាវុធ​បាញ់ប្រហារ​ទៅលើ​ពលរដ្ឋ​ស្លូតត្រង់​ក៏មាន ។ លោក​ថា «​សូម្បី​តែ​សមត្ថកិច្ច​ក៏​ហិង្សា ក៏​ប្រើ​អំពើ​ឃោរឃៅ ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកទន់ខ្សោយ​ដូចគ្នា អ៊ីចឹង​ខ្ញុំ​ថា​វា ចំពោះ​បញ្ហា​នេះ​រដ្ឋាភិបាល​លែង​ជា​អ្នកមាន​អំណាច​អាជ្ញាធរ​ក្នុង​ដៃ​ខ្លួន ត្រូវ​រៀបរយ​ឲ្យបាន​ល្អ​ប្រសើរ ។ រឿង​មួយ​ទៀត យើង​ឃើញថា រូបភាព​ដែល​ផ្សាយ​ហិង្សា គឺ​រូបភាព​ដែល​មាន​ការ​រួច​ទោស ហើយ​រក​អ្នកទទួលខុសត្រូវ​មិនសូវ​ឃើញ ជាពិសេស​បើសិន​អំពើ​ហ្នឹង ធ្វើ​ដោយ​សមត្ថកិច្ច​វិញ រឹតតែ​រក​មិនឃើញ ឬក៏​កូន​អ្នកធំ​អីហ្នឹង​» ។​

​គួរបញ្ជាក់​ថា នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ មាន​ករណី​សិស្សសាលា​ម្នាក់​ត្រូវបាន​ល្មើស​កាប់​ពីក្រោយ​ធ្លាក់​ពីលើ​ម៉ូតូ​ស្លាប់​ភ្លាមៗ នៅ​ទល់មុខ​សភាពាណិជ្ជកម្ម​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី ។  ករណី​ជនបរទេស​បាញ់​គ្នា​ប្រហារ​គ្នា​នៅ​ខេត្ត​ព្រះសីហនុ ករណី​ប្លន់​ប្រដាប់អាវុធ​បាន​កើតមាន​ផ្ទួនៗ  រួម​មាន​នៅ​ផ្សារ​មួយ​កន្លែង​ក្នុងស្រុក​ស្ទោង ខេត្ត​កំពង់ធំ នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​ពោធិ៍សាត់ ជាដើម ៕  

សូម​សរសេរ​មក​កញ្ញា ជន ស្រី​ណុ​ច តាមរយៈ chorsreynoch@vodhotnews.com

What Next?

Recent Articles

One Response to "​សមត្ថកិច្ច​ផ្តើម​រិត​បន្តឹង​សន្តិសុខ​តាម​ទីប្រជុំជន​បន្ទាប់ពី​មានការ​ប្លន់​និង​កាប់សម្លាប់​​"

  1. ទឹកហោចស្រម៉ោចស៊ីត្រី says:

    ឮតែពាក្យរិតបន្តឹងៗ តែសកម្មភាពគ្មានឃើញអ្វីគួរឪ្យចាប់អារម្មណ៏សោះ បើចំពោះអ្នកធំ មានអំណាច មានលុយ ឬកូននិងគ្រួសារអ្នកទាំងនោះ ចាប់បានហើយលែងៗ ដូច្នេះមនុស្សគ្មានការរៀងចាល ឯតុលាការគ្មានយុតិធម៍ អំពើរពុករលួយមានគ្រប់ស្ថាប័ន អំពើរពាលាអាវ៉ាសែរ ល្បែងគ្រប់ប្រភេទតាមផ្លូវសាធារណះ ពេស្យាចារកើតដូចផ្សឹតគ្រប់ទីកន្លែង ខេត្តក្រុង ទាំងនេះគែដោយសាររដ្ឋាភិបាលធូររលង់ពេក ឬក៏គ្មានសម្មតភាពក៏អាចថាបាន សូមអស់លោកខាងសម្មត្ថកិច្ចប្រឹងតទៅទៀត ដើម្បីឆ្លុះបញ្ចាំងនូវអ្វីដែលថារឹតបន្តឹតឪ្យមានប្រសិទ្ទភាព ។