កែវ ច័ន្ទសម្ផស្ស បែកធ្លាយ​រឿង​​​ចេតនា​ព្យាយាម​លាក់មុខ​ស្វាមី

តារាចម្រៀង កែវ ច័ន្ទសម្ផស្ស។

តារាចម្រៀង កែវ ច័ន្ទសម្ផស្ស។ វុទ្ធី



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: រូបថត​បង្ហាញពី​ជីវិត​ប្តីប្រពន្ធ​របស់​តារាចម្រៀង កែវ ច័ន្ទសម្ផស្ស និង​ស្វាមី​​ថៅកែ​ចម្ការ​កៅស៊ូ រួម​ជាមួយ​កូនប្រុស​រួម​តំណក់​​ឈាម​មាន​អាយុ​ប្រហែល​ជា​បី​ឆ្នាំ​នោះ ត្រូវ​បាន​ទម្លាយ​ចេញ​ពី​អ្នកគាំទ្រ​ផ្អើល​ពេញ​បណ្តាញ​សង្គម​ ហ្វេសប៊ុក ខណៈ​សាមី​ខ្លួន​ជា​​​​​​​តារាចម្រៀង​ស្រី​ក្នុង​​ជួរ​កងទ័ព​ម្នាក់​ដ៏ល្បី​ឈ្មោះ​រូប​​នេះ បាន​ព្យាយាម​​​​បំភាន់​ភ្នែក​​មហាជន​​​​ជាង​បី​ឆ្នាំ ជាមួយ​នឹង​​​ការប្រកាស​យ៉ាងក្តែងៗ​ក្នុង​កញ្ចក់​ទូរទស្សន៍​ថា ខ្លួន​មិន​មាន​ប្តី ​និង​​មិនទាន់​​បាន​​រៀបការ​ដូច​ព័ត៌មាន​ល្បី​នោះ​ទេ​។

ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ដំណឹង កែវ ច័ន្ទសម្ផស្ស​ រៀបការ​មាន​ប្តី​នោះ នាង​​ក៏​ធ្លាប់​បាន​ស្នើសុំ​ភ្នំពេញ​ ប៉ុស្តិ៍​ សុំ​កុំ​បរិយាយ​វែង​ឆ្ងាយ​ពី​រឿង​នេះ ផង​ដែរ​ ខណៈ​ដែល​ ភ្នំពេញ ប៉ុស្តិ៍​ មាន​រូបថត​នាង ​និង​ស្វាមី​​​ដែល​ថត​បាន​ដោយ​​កម្រ គ្រា​នាង​បណ្តើរ​គ្នា​ចូល​ញ៉ាំ​អាហារ​​ពេល​រាត្រី​នោះ​។

កន្លងមក​ធ្លាប់​មាន​សម្ដី​សារភាព​ពី​សាច់ញាតិ​ថា វេលា​ជ័យ​ចូល​រោង​ផ្កាស្លា ក្រាបផ្ទឹម​បញ្ចប់​ភាព​នៅ​លីវ​របស់​​​តារាចម្រៀង ​កែវ ច័ន្ទសម្ផស្ស និង​ថៅកែ​ចម្ការ​កៅស៊ូ ដែល​មាន​ឋានៈ​ជា​មន្ត្រី​​កងទ័ព ធ្វើ​​នៅ​ថ្ងៃ​ទី​ ៣១​ ខែ​ធ្នូ និង​បញ្ចប់​​នៅ​ដើម​ឆ្នាំ​ ២០១២ ត្រូវ​បាន​រៀបចំ​នៅ​ទឹកដី​ខេត្ត​បន្ទាយមានជ័យ​​។

ប៉ុន្តែ​ ដំណឹង​នេះ​បែរ​ជា​ធ្វើឲ្យ​​មហាជន​​ខកចិត្ត ក្រោម​ក្តីទន្ទឹង​ចាំ​បាត់ៗ​ទាំង​ផ្សា​ភ្នែក មិន​ឃើញ​មាន​រូបភាព​ដែល​​បង្ហាញពី​ពិធី​រៀប​អាពាហ៍ពិពាហ៍​លេច​ចេញ​តាម​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​មួយ សូម្បី​មួយ​​សន្លឹក​​បង្ហាញពី​សក្ខីភាព​នៃ​ថ្ងៃ​មង្គល​របស់​នាង និង​ថា តើ​ប្តី​តារាចម្រៀង​រូប​នេះ​មាន​មុខមាត់​យ៉ាង​ម៉េច​នោះ​?

ក្រោយមក​ទៀត​តារាចម្រៀង​សំនៀង​មនោសញ្ចេតនា​ក្នុង​ជួរ​កងទ័ព នាង​ កែវ ច័ន្ទសម្ផស្ស រឹតតែ​ធ្វើឲ្យ​មហាជន​ភ្ញាក់​ស្រឡាំងកាំង ជាមួយ​​ពាក្យបដិសេធ​​​​​ច្បាស់ៗ​តាម​​កញ្ចក់​ទូរទស្សន៍​ថា នាង​​មិន​ទាន់​បញ្ចប់​ភាព​នៅ​លីវ ដូច​ពាក្យ​ល្បី​នោះ​ទេ​។

រូបថត កែវ ច័ន្ទសម្ផស្ស គ្រួសារ និង​កូនប្រុស​។ រូបថត ហ្វេសប៊ុក

នៅ​រាត្រី​ថ្ងៃ​អាទិត្យ​ទី​ ២៣​ ខែ​កញ្ញា ឆ្នាំ​ ២០១២ ពី​ក្នុង​កម្មវិធី​ជីវិត​សិល្បៈ របស់​ស្ថានីយ​ទូរទស្សន៍​លេខ ៩ ​​ដែល​មាន​លោក សុះ ម៉ាច និង តារាចម្រៀង ​ជុំ ម៉ាយ៉ាវីន ជា​ពិធីករ​នោះ កែវ ច័ន្ទសម្ផស្ស បាន​ប្រកាស​ថា​៖ «នាង​ខ្ញុំ​មិន​មាន​កូន ហើយ​ក៏​មិន​ទាន់​មាន​ស្វាមី​ដែរ»​។

យ៉ាងណា​ ភ្នំពេញ​ ប៉ុស្ដិ៍​មិន​បាន​រំលោភ​សិទ្ធិ​នាង​​សុំ​​មិន​ឲ្យ​ទម្លាយ​រូបភាព​នាង និង​ប្តី​នោះ​ឡើយ ក្នុង​ចន្លោះ​ជាង​បី​ឆ្នាំ​មក​នេះ។ ប៉ុន្តែ​នៅពេល​នេះ​ការពិត​បាន​ធ្លាយ​ចេញ​ពី​ក្នុង​បណ្តាញ​សង្គម ដែល​មិន​ត្រឹម​តែ​បង្ហាញ​ថា តារាចម្រៀង​​ស្រី​ម្នាក់​នេះ​ពិតជា​បាន​រៀបការ​ជាមួយ​ប្តី ជា​ថៅកែ​ចម្ការ​កៅស៊ូ​នោះ​ទេ ក៏​បង្ហាញ​ផង​ដែរ​ថា មក​ដល់​ពេល​​នេះ តំណក់​ឈាម​រួម​ថៅកែ​សម្បូរ​ទ្រព្យ​វ័យ​ចំណាស់ ស្នង​ត្រកូល​ខាង​ឪពុក​នោះ ក៏​មាន​វ័យ​ធំធាត់​ហើយ​​ដែរ។

តាម​ការ​មើល​ឃើញ​ពី​កាយសម្បទា​ធំធាត់​ដ៏ទ្រលុកទ្រលន់​អាច​ស្ថិត​ក្នុង​អាយុ​បី​ខួប​នោះ ឃើញ​ថា កូនប្រុស​ច្បង​របស់ កែវ​ ច័ន្ទសម្ផស្ស ជាមួយ​នឹង​ថៅកែ​ចម្ការ​កៅស៊ូ​នោះ មាន​វ័យ​ស្រប​តាម​វេលា​ដែល​គេ​ល្បី​ថា​ នាង​ចូល​​រោងការ​ស្ងាត់ៗ​នោះ​មែន​។

ខណៈ​ការពិត​ត្រូវ​បាន​ទម្លាយ​ ផ្ទុយស្រឡះ​​ពី​ការអះអាង​របស់​ កែវ ច័ន្ទសម្ផស្ស នោះ មជ្ឈដ្ឋាន​និយម​គាំទ្រ​នាង បាន​បង្ហាញ​ការរិះគន់​យ៉ាងខ្លាំង​លើ​​ភាព​មិន​ទទួល​ការពិត​នេះ ដោយ​ពួកគេ​បរិយាយ​ថា​៖ «កែវ ច័ន្ទសម្ផស្ស អើយ! ចាំបាច់​អី ទៅ​ព្យាយាម បង្វែង​ការពិត​នៃ​ជីវិត​ដែល​ធម្មជាតិ​​តាក់តែង​មក​នេះ​ម្ល៉េះ? ឬ​មួយ​ថា កែវ ច័ន្ទសម្ផស្ស គិត​ថា ក្រដាស​អាច​ខ្ចប់​​ភ្លើង​បាន​ ឬ​បាន​ជា​នាង​ខំ​ព្យាយាម​បិទបាំង​ណាស់ ដល់​ថ្នាក់​ស្នើសុំ​មិន​ឲ្យ​ចេញ​ផ្សាយ​ព័ត៌មាន​រឿង​នាង​មាន​ប្តី​ហ្នឹង?»។

សម្ផស្ស និង​បុរស​ល្បី​ថា​ស្វាមី​នាង​នៅ​ឆ្នាំ​ ២០១២។

សម្ផស្ស និង​បុរស​ល្បី​ថា​ស្វាមី​នាង​នៅ​ឆ្នាំ​ ២០១២។ រូបថត ភ្នំពេញ ប៉ុស្ដិ៍​

បន្ត​នូវ​ប្រយោគ​សំណួរ​បែប​ចំអក​ឡកឡឺយ​នោះ ពួកគេ​បាន​និយាយ​ថា៖ «នាង​ចង់​រក​ទីផ្សារ​អី​ទៀត មិន​ខ្វះ​ទេ​សិល្បៈ​ស្រីៗ​ខ្លះ​គេ​មិន​ទាំង​បាន​ចូល​រោងការ​ផង​គេ​ប្រាប់​ក្តែង​ថា មាន​ប្តី​ហើយ​ចុះ​ចាំបាច់​អី កែវ ច័ន្ទសម្ផស្ស បាន​រៀបការ​ក្រាប​ក្បាល​ដល់​កន្ទេល​ហើយ​នោះ​នៅ​លាក់​គេ​ដែរ ប្តី​នាង​លួច​គេ​មែន​បានជា​នាង​ព្យាយាម​ធ្វើ​បែប​នេះ?»។

យ៉ាងណា ​ចម្លើយ​ស្រាយ​ចម្ងល់​មហាជន ក្រោយ​បែកធ្លាយ​ការពិត​រូបថត​ប្តី​ប្រពន្ធ​មាន​ទាំង​កូន​មួយ​ហ្វូង​ផង​នេះ នៅ​មិន​មាន​ការ​តប​វិញ​ពី​តារាចម្រៀង កែវ ច័ន្ទសម្ផស្ស ខណៈ ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ទាក់ទង​នាង​បាន​ឡើយ។

ប៉ុន្តែ​ តាមរយៈ​រូបថត​មាន​ទាំង​កូន និង​រូបថត​ដែល​ភ្នំពេញ ប៉ុស្តិ៍​ ថត​បាន​កាលពី​បី​ឆ្នាំ​មុន​នោះ​បាន បញ្ជាក់​ដល់​មហាជន​ថា​តារាចម្រៀង​បែប​ស្រគត់ស្រគំ​រូប​នេះ ពិតជា​មាន​គ្រួសារ​ហើយ​មែន។ សង្ឃឹម​ថា​នាង​នឹង​ចេញ​មុខ​បកស្រាយ​ឲ្យ​មហាជន​បាន​អស់​មន្ទិលសង្ស័យ​៕


What Next?

Recent Articles