រមណីយដ្ឋាន​ធម្មជាតិ​បឹង​ត្រាវកុដិ​នៅ​សៀមរាប​ដែល​អ្នក​ទេសចរ​គួរ​ទៅ​កម្សាន្ត

ដោយ ហង្ស សាវយុត
2015-04-11
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

បឹង​ត្រាវ​កុដិ សៀមរាប ៦២០
រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​បឹង​ត្រាវ​កុដិ នៅ​ភូមិ​ក្រពើ ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទបាគង ចម្ងាយ​ជិត ៣០​គីឡូម៉ែត្រ​ភាគ​ឦសាន​ពី​ទី​រួម​ខេត្ត​សៀមរាប។ រូបថត​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៥ (RFA/Hang Savyouth)

នៅ​រដូវ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំ​មមែ ​នេះ តើ​លោក​អ្នក​បាន​គិត​ថា នឹង​ត្រូវ​នាំ​ក្រុម​គ្រួសារ​ទៅ​លេង​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​ណា​មួយ​ហើយ ឬ​នៅ?

ប្រសិនបើ​លោក​អ្នក​មិន​ទាន់​សម្រេច​ចិត្ត​ជ្រើស​យក​កន្លែង​ណា​មួយ​នៅ​ឡើយ គឺ​ខ្ញុំ​សូម​ណែនាំ​ឲ្យ​រើស​យក​ខេត្ត​សៀមរាប សម្រាប់​ដំណើរ​កម្សាន្ត​ឆ្នាំ​ថ្មី​នេះ ពីព្រោះ​នៅ​ខេត្ត​សៀមរាប ក្រៅ​តែ​ពី​ទៅ​ទស្សនា​ប្រាសាទ​បុរាណ​ជា​ច្រើន គឺ​លោក​អ្នក​ក៏​អាច​មាន​កន្លែង​កម្សាន្ត​បែប​ព្រៃភ្នំ​ធម្មជាតិ ដូចជា​ក្បាលស្ពាន និង​នៅ​លើ​ភ្នំ​គូលែន​ ជាដើម។ បន្ថែម​លើ​នេះ លោក​អ្នក​ក៏​អាច​នាំ​ក្រុម​គ្រួសារ​ទៅ​ងូត​ទឹក​លេង​សប្បាយ​នៅ​បារាយណ៍​ទឹក​ថ្លា ហើយ​ថ្មីៗ​ក៏​មាន​កន្លែង​ងូត​ទឹក​លេង​មួយ​ទៀត គឺ​រមណីយដ្ឋាន​បឹង​ត្រាវកុដិ។

ត្រាវកុដិ ​គឺ​ជា​ឈ្មោះ​បឹង​ធម្មជាតិ​មួយ​ដែល​ឋិត​នៅ​ក្នុង​ភូមិ​ក្រពើ ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទបាគង ចម្ងាយ​ប្រមាណ ២៨​គីឡូម៉ែត្រ ភាគ​ឦសាន​ពី​ទី​រួម​ខេត្ត​សៀមរាប។

ទី​នោះ​មាន​បឹង​ធម្មជាតិ​មួយ​ដែល​មាន​ផ្ទៃ​ទឹក​លាត​សន្ធឹង​នៅ​រដូវ​ប្រាំង​ទំហំ​ប្រហែល ៣០​ហិកតារ ព្រម​ទាំង​មាន​ព្រៃ​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​កំពុង​ទាក់ទាញ​អ្នក​ទេសចរ​យ៉ាង​ខ្លាំង។

ប្រសិនបើ​លោក​អ្នក​ចង់​ទៅ​កម្សាន្ត​នៅ​តំបន់​នោះ គឺ​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦ ហើយ​ពេល​ទៅ​ដល់​ម្ដុំ​អង្គ្រង គឺ​ត្រូវ​បត់​ចូល​តាម​ផ្លូវជាតិ​​លេខ​៦៧ សំដៅ​ឆ្ពោះ​ទៅ​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​ ហ៊ុន សែន គូលែន ឬ​ក៏​សាលា​នគរបាល​យោធភូមិភាគ​ទី​៤ នោះ​លោក​អ្នក​នឹង​ទៅ​ដល់​កន្លែង​កម្សាន្ត​មិន​យូរ​ប៉ុន្មាន។

«ចម្រៀង​ក្រវាន់​សៀមរាប»

រមណីយដ្ឋាន​ធម្មជាតិ ដែល​មាន​ទឹក​ងូត​លេង​កម្សាន្ត​មួយ​នេះ គឺ​ជា​ទី​កន្លែង​ថ្មី​ដែល​រៀបចំ​ដោយ​សហគមន៍​ប្រជាពលរដ្ឋ បន្ថែម​ពី​លើ​រមណីយដ្ឋាន​ជា​ច្រើន​របស់​ខេត្ត​សៀមរាប ដែល​លោក​អ្នក​ធ្លាប់​ស្គាល់​យូរ​មក​ហើយ មាន​ដូចជា​តំបន់​អង្គរ បារាយណ៍​ទឹក​ថ្លា ទឹក​ជ្រោះ​ក្បាលស្ពាន និង​ភ្នំ​គូលែន ជាដើម។ នៅ​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​​នេះ ក្រៅ​តែ​ពី​លោក​អ្នក​ចង់​ទៅ​លេង​តាម​រមណីយដ្ឋាន លោក​អ្នក​ក៏​អាច​ចូល​រួម​សប្បាយ​ជាមួយ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ដ៏​អធិកអធម​ផង​ដែរ។ ដូច្នេះ​បើ​លោក​អ្នក​ជ្រើស​យក​ដំណើរ​កម្សាន្ត​មក​កាន់​ខេត្ត​សៀមរាប ពិតជា​មិន​ខុស​បំណង​ទេ។

«ចម្រៀង»

រមណីយដ្ឋាន​បឹង​ធម្មជាតិ​ត្រាវកុដិ ក្រៅ​តែ​ពី​លោក​អ្នក​បាន​កម្សាន្ត​ជាមួយ​ព្រៃឈើ និង​ការ​ងូត​ទឹក​លេង លោក​អ្នក​ក៏​បាន​ភ្លក់​រសជាតិ​ម្ហូប​អាហារ​ដែល​ចម្អិន​ដោយ​អ្នក​ស្រុក​ស្រែ និង​បាន​ភ្លក់​រស​ជាតិ​ផ្លែ​ឈើ​ព្រៃ​មួយ​ចំនួន​ដែល​អ្នក​ភូមិ​ដើរ​បេះ​យក​មក​ពី​តំបន់​ភ្នំ​គូលែន​ ផង។

ស្ត្រី​អ្នក​ភូមិ​គោកឫស្សី នៃ​ឃុំ​បល្ល័ង្ក ដែល​ជា​អ្នក​ប្រកប​របរ​ចម្អិន​ម្ហូប​សម្រាប់​អ្នក​ទៅ​កម្សាន្ត គឺ​អ្នកស្រី ថាប់ ស៊ីនួន។ អ្នកស្រី​មាន​ប្រសាសន៍​ថា ជា​រៀងរាល់​ថ្ងៃ​អ្នកស្រី​តែង​ធ្វើ​ម្ហូប​លក់​ឲ្យ​ភ្ញៀវ​ដែល​ទៅ​កម្សាន្ត។ ម្ហូប​ទី​នោះ​ជា​របៀប​ស្រុក​ស្រែ ហើយ​មាន​តម្លៃ​ថោក​សមរម្យ។

អ្នកស្រី ថាប់ ស៊ីនួន ចង់​ឲ្យ​ភ្ញៀវ​ទេសចរ​ជា​ច្រើន​ជ្រើស​រើស​យក​រមណីយដ្ឋាន​ត្រាវកុដិ ធ្វើ​ជា​កន្លែង​កម្សាន្ត​នៅ​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ៖ «ម្ហូប​មាន​មាន់​ដុត មាន់​អាំង ស្ងោរ​ជ្រក់ ទៅ​តាម​ចិត្ត​កុម្ម៉ង់ ត្រីអាំង ត្រីដុត។ មាន់​អាំង មាន់​ឆា​ក្ដៅ​អី តម្លៃ ២​ម៉ឺន ៣​ម៉ឺន តាម​តូច​តាម​ធំ»

រមណីយដ្ឋាន​ត្រាវកុដិ មិន​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​ទស្សនា​ទេ ពីព្រោះ​ទី​នោះ គឺ​បង្កើត​ឡើង​ដោយ​សហគមន៍ ហើយ​ការ​ចូល​ទៅ​ទស្សនា​របស់​អ្នក​ទេសចរ​គ្រប់​រូប គឺ​សហគមន៍​គ្រាន់​តែ​សុំ​ក្បាល​ឡាន​មួយ​ពី ២.០០០ ទៅ ៣.០០០​រៀល ដើម្បី​បាន​កម្រៃ​ឲ្យ​បុគ្គលិក​បាន​យក​ទៅ​ជួល​អ្នក​បោសសម្អាត និង​អ្នក​ថែរក្សា​សណ្ដាប់ធ្នាប់​ប៉ុណ្ណោះ។

ប្រធាន​សហគមន៍​រមណីយដ្ឋាន​ធម្មជាតិ​ត្រាវកុដិ លោក អឿម អន មាន​ប្រសាសន៍​ថា រមណីយដ្ឋាន​សហគមន៍​របស់​លោក គឺ​មាន​លក់​ម្ហូប​អាហារ​ដែល​អ្នក​ស្រុក​ចិញ្ចឹម ព្រម​ទាំង​មាន​លក់​ផ្លែ​ឈើ​ព្រៃ​ធម្មជាតិ ដូចជា​គុយ ភ្ញៀវ និង​សិរមាន់ ជាដើម ក្រៅ​ពី​នោះ​សហគមន៍​មាន​ចំណុច​ទាក់ទាញ​អារម្មណ៍​អ្នក​ទេសចរ​ជា​ច្រើន​ទៀត៖ «សហគមន៍​ហ្នឹង​ទាក់ទាញ​ដូចជា​កន្លែង​ជាប់​ជើង​ភ្នំ​គូលែន ហើយ​មាន​ព្រៃ​ឈើ។ ឆ្នាំ​នេះ​ខ្ញុំ​ចង់​ឲ្យ​មាន​ភ្ញៀវ​មក​លេង​ឲ្យ​បាន​ច្រើន បើ​ចង់​ហូប​បាយ​ហូប​អី គឺ​មាន​មាន់​ដុត មាន់​អាំង ដូចជា​បុក​ល្ហុង និង​ពោត​ស្ងោរ​អី គឺ​ទៅ​កាច់​មក​ភ្លាមៗ»

«ចម្រៀង»

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប លោក ងូវ សេងកាក់ មាន​ប្រសាសន៍​ថា រមណីដ្ឋាន​ធម្មជាតិ​បឹង​ត្រាវកុដិ​ នោះ ថ្វីត្បិតតែ​មិន​សូវ​សម្បូរ​ម្លប់​ឈើ ប៉ុន្តែ​វា​អាច​ជា​កន្លែង​ឲ្យ​ភ្ញៀវ​ទេសចរ​អាច​ទៅ​កម្សាន្ត​នៅ​រដូវ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ដោយសារ​តែ​ក្រៅ​ពី​លក់​ម្ហូបអាហារ​​ធម្មជាតិ គឺ​មាន​បន្ថែម​សេវា​កម្សាន្ត​ខ្លះ​ទៀត៖ «វា​ល្អ​ទី​១ គាត់​មាន​សេវា​បន្ថែម ដូចជា​មាន​ទូក​តាម​ប្រភេទ មាន​សេវា​ស្ទូចត្រី មាន​អាវ​សម្រាប់​ហែល​ទឹក​លេង ហើយ​ប្រហែល​ចូល​ឆ្នាំ​នេះ ក្រៅ​ពី​ភ្ញៀវ​ទៅ​កម្សាន្ត​នៅ​ទន្លេ គឺ​អាច​ទៅ​ទី​នោះ​ច្រើន​ដែរ»។

មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប មាន​បំណង​រៀបចំ​រមណីយដ្ឋាន​បឹង​ត្រាវកុដិ ​នោះ ឲ្យ​ក្លាយ​ទៅ​ជា​ចម្ការ​ឈើ​ធំៗ​នៅ​ថ្ងៃ​អនាគត ដោយ​គេ​មាន​គម្រោង​ធ្វើ​កម្មវិធី​ឲ្យ​អ្នក​រៀបការ ​១​គូ ត្រូវ​ដាំ​ដើម​ឈើ​១​ដើម​នៅ​ទី​នោះ។

«ចម្រៀង»

លោក​អ្នក​នាង​ជាទី​មេត្រី ដូច​ដែល​បាន​អធិប្បាយ​ជូន​ខ្លះ​អំពី​កន្លែង​សម្រាប់​កម្សាន្ត​នៅ​រដូវ​ចូល​ឆ្នាំ​នេះ លោក​អ្នក​ប្រាកដ​អាច​ជ្រើស​រើស​យក​ទី​ណា​មួយ​សម្រាប់​ក្រុម​គ្រួសារ​ហើយ តែ​ខ្ញុំ​បាទ​សូម​រំឭក​ថា ដើម្បី​សុវត្ថិភាព​ពេល​បើកបរ​ក្នុង​ដំណើរ​នេះ សូម​កុំ​ពិសា​គ្រឿង​ស្រវឹង និង​សូម​បើកបរ​ដោយ​ប្រុង​ប្រយ័ត្ន។ សូម​លោក​អ្នក​បាន​ប្រកប​តែ​សេចក្ដី​សុខ និង​សុភមង្គល​គ្រប់​ក្រុម​គ្រួសារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles