តុលាការ​ដោះលែង​សកម្មជន​បក្ស​សង្គ្រោះជាតិ​៥នាក់​និង​ព្រះសង្ឃ​​​៣​អង្គ

ដោយ ម៉ម មុនីរតន៍
2015-04-13
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

មាជ សុវណ្ណារ៉ា ចេញ​ពី​គុក ៦២០


លោក មាជ សុវណ្ណារ៉ា មន្ត្រី​ជាន់ខ្ពស់​បក្ស​សង្គ្រោះជាតិ ​(ឆ្វេង) និង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​៣អង្គ ​(ស្ដាំ) ចេញ​ពី​ពន្ធនាគារ​ព្រៃស បន្ទាប់​ពី​តុលាការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៥។ RFA/Rann Samnang

តុលាការ​ដោះលែង​សកម្មជន​បក្ស​សង្រ្គោះ​ជាតិ

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ៥​នាក់ និង​ព្រះសង្ឃ ៣​អង្គ​ហើយ បន្ទាប់​ពី​ចំណាយ​ពេល​ជំនុំជម្រះ​អស់​ពេល​ប្រមាណ ៥​ម៉ោង ក្រោម​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

បើ​ទោះ​ជា​មាន​ការ​ដោះលែង​យ៉ាង​នេះ​ក៏ដោយ​ចុះ ក៏​សកម្មជន​បក្ស​នយោបាយ រួម​ទាំង​ព្រះសង្ឃ​ផង នៅ​តែ​ត្រូវ​បាន​តុលាការ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ដដែល។

លទ្ធផល​ដែល​នរណាៗ ក៏​បាន​ដឹង​ដែរ​ថា នឹង​មាន​ការ​ដោះលែង​ក្រោយ​បញ្ចប់​សវនាការ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ មេសា នោះ គឺ​សន្តិសុខ​មិន​ត្រូវ​រឹត​បន្តឹង​ដូច​លើក​មុនៗ​ឡើយ ទាំង​បរិវេណ​ខាង​ក្នុង​តុលាការ និង​ខាង​ក្រៅ គឺ​មាន​សភាព​ធូររលុង ទំនង​ហាក់​បាន​ដឹង​រួច​ជា​ស្រេច​ថា ជា​សវនាការ​ធ្វើ​ឡើង​គ្រាន់​តែ​ដើម្បី​គម្រប់​កិច្ច។

នៅ​ក្នុង​បន្ទប់​សវនាការ ទាំង​តំណាង​អយ្យការ លោក កែវ សុជាតិ និង​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក លឹម មករន្ទ ទាំង​សំណួរ និង​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ទំនង​មើល​ទៅ​ហាក់​ដូច​បាន​រៀបចំ​ទុក​មុន​រួច​ជា​ស្រេច។ តំណាង​អយ្យការ លោក កែវ សុជាតិ បញ្ជាក់​នៅ​ក្នុង​សេចក្ដី​សន្និដ្ឋាន​ក្រោយ​ពី​សួរ​សំណួរ​ដូចៗ​គ្នា​របស់​ប្រធាន​អង្គ​ជំនុំ​ជម្រះ​លោក លឹម មករន្ទ ទៅ​លើ​ជន​ជាប់​ចោទ​ថា ស្ទើរ​ពុំ​មាន​ហេតុ​ណា​មួយ​ដែល​បន្ត​ឃុំ​ខ្លួន​សកម្មជន​ទាំង​នេះ​ទៀត​នោះ​ទេ។

យ៉ាង​ណា​នៅ​ក្នុង​អង្គ​សវនាការ​ហាក់​ខ្វែង​គំនិត​គ្នា​បន្តិច​អំពី​លិខិត​ឆ្លង​ដែន​របស់​លោក មាជ សុវណ្ណរ៉ា ដែល​ប្រធាន​អង្គ​ជំនុំ​ជម្រះ​ចាត់​ទុក​ថា សេចក្ដី​សន្និដ្ឋាន​របស់​លោក ចាន់ ចេន ជា​មេធាវី​ការពារ​ក្ដី ហាក់​បញ្ច្រាស​ជាមួយ​នឹង​ចម្លើយ​របស់​លោក មាជ សុវណ្ណរ៉ា។ ក៏ប៉ុន្តែ នៅ​ទី​បំផុត​លិខិត​ឆ្លង​ដែន​ដែល​លោក មាជ សុណ្ណរ៉ា ថា​នឹង​ដាក់​តម្កល់​នៅ​តុលាការ​នោះ ត្រូវ​បាន​ផ្ដល់​ឲ្យ​វិញ។

មុន​នឹង​សម្រេច​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នេះ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ លោក លឹម មករន្ទ បាន​ស្នើ​ឲ្យ​មេធាវី ការពារ​ជន​ជាប់​ចោទ​​ណា​មួយ​ក៏​បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​រួម​ចុង​ក្រោយ។ ក៏ប៉ុន្តែ​មេធាវី​មិន​បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​រួម​ឡើយ។ ភ្លាមៗ ក្រោយ​ពី​មេធាវី​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ហាក់​រាង​អូស​បន្លាយ​ត្រូវ​បាន​លោក លឹម មករន្ទ ជំទាស់​ដោយ​សំអាង​ថា ធ្វើ​ឲ្យ​ខ្លី ព្រោះ​មិន​មាន​ពេល​វេលា​ច្រើន​នោះ​ទេ។ អ្នក​ឃ្លាំមើល​សវនាការ​យល់​ឃើញ​ថា នេះ​ជា​របៀប​ធ្វើ​ការ​លើក​ទី​មួយ​ហើយ​ដែល​តុលាការ​ទំនង​មើល​ទៅ​ហាក់​ព្យាយាម​ចង់​ដោះលែង​ជនជាប់ចោទ​ទាំង​នេះ​ឲ្យ​បាន​លឿន។

ក្រុម​អ្នក​សង្កេតការណ៍​មក​ពី​ស្ថាប័ន​មិន​មែន​រដ្ឋាភិបាល ដែល​ឃ្លាំមើល​ការ​ជំនុំជម្រះ​ចាត់​ទុក​ថា ការ​សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ទាំង​សកម្មជន​បក្ស​នយោបាយ និង​ព្រះសង្ឃ​នៅ​ពេល​នេះ ហើយ​ដាក់​ពួក​គេ​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​នៅ​ឡើយ​នោះ គឺ​វា​ពុំ​មែន​ជា​សេចក្ដី​សម្រេច​ដែល​ចេញ​ពី​ការ​ជំនុំជម្រះ​ដោយ​ផ្អែក​លើ​គោល​ការណ៍​យុត្តិធម៌​របស់​តុលាការ​នោះ​ទេ។

លោក នី ចរិយា មន្ត្រី​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ថ្លែង​ក្រោយ​បញ្ចប់​សវនាការ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ មេសា ថា ការ​សម្រេច​នៅ​ពេល​នេះ លោក​យល់​ឃើញ​ថា វា​ពុំ​មែន​ជា​ឆន្ទានុសិទ្ធិ​ដោយ​ផ្អែក​លើ​អង្គហេតុ និង​នីតិវិធី​របស់​តុលាការ​ទេ។លោក​បន្ត​ថា ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ លទ្ធផល​នេះ គឺ​កើត​ចេញ​ពី​ការ​សម្របសម្រួល​ផ្នែក​នយោបាយ​តាម​រូបមន្ត​វប្បធម៌​សន្ទនា​របស់​មេដឹកនាំ​នៃ​គណបក្ស​ទាំង​ពីរ​ប៉ុណ្ណោះ។

លោក នី ចរិយា ថ្លែង​ទៀត​ថា ស្ថិត​ក្រោម​ហេតុផល​នេះ​ហើយ បញ្ជាក់​កាន់​តែ​ច្បាស់​ថា អ្នក​នយោបាយ​កាន់​អំណាច​កំពុង​តែ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដ៏​ស្រប​ច្បាប់ ដើម្បី​ធ្វើ​ឲ្យ​ដៃគូ​ម្ខាង​ទៀត​ត្រូវ​ចុះ​ខ្សោយ៖ «យើង​ដឹង​ហើយ​ថា រឿង​នេះ​ជា​រឿង​នយោបាយ។ អ៊ីចឹង​សេចក្ដី​សម្រេច​របស់​តុលាការ ថ្ងៃ​នេះ​មិន​មែន​ជា​សេចក្ដី​សម្រេច​របស់​តុលាការ​ទេ គឺ​ជា​សេចក្ដី​សម្រេច​ដែល​កើត​ចេញ​ពី​ការ​ចរចា​ខាង​នយោបាយ​ទេ ជា​ពិសេស​ជា​សេចក្ដី​សម្រេច​ដែល​បាន​មក​ពី​ការ​ឯកភាព​គ្នា​រវាង​សម្ដេច ហ៊ុន សែន និង​ឯកឧត្ដម សម រង្ស៊ី»

ព្រះតេជព្រះគុណ ស៊ឺន ហាយ មាន​ថេរដីកា​ក្រោយ​ចេញ​ពី​បន្ទប់​ជំនុំជម្រះ​ថា ព្រះអង្គ​នៅ​តែ​មិន​សប្បាយ​ព្រះទ័យ បើ​ទោះ​ជា​ត្រូវ​បាន​តុលាការ ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ​ក៏ដោយ។ ព្រះអង្គ​មាន​ថេរដីកា​បន្ត​ថា ការ​ផ្ដល់​សេរីភាព​ឡើង​វិញ​នៅ​ពេល​នេះ គឺ​ពុំ​មាន​អ្វី​ដែល​ចម្លែក​ឡើយ ព្រោះ​បទ​ចោទ​​ប្រឆាំង​សកម្មជន​នយោបាយ និង​ព្រះសង្ឃ គឺ​ជា​ល្បែង​នយោបាយ​សុទ្ធសាធ៖ «យើង​មិន​មាន​ជា​អស្ចារ្យ​អី​ទេ យើង​មិន​ទទួល​កំហុស និង​មិន​មាន​កំហុស​អី​ទេ។ អ៊ីចឹង​រឿង​ដោះលែង ឬ​មិន​ដោះលែង​គឺ​ជា​រឿង​ធម្មតា»

ដើម្បី​បាន​នៅ​ក្រៅ​ឃុំ​នេះ លោក មាជ សុវណ្ណរ៉ា ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​តម្កល់​លុយ​ចំនួន ១០​លាន​រៀល និង​ក្រោម​ហេតុផល​ផ្សេង​ទៀត ដូច​ជា​ម្ដាយ​ចាស់​ជរា​ជាដើម។ ក្រៅ​ពី​នេះ សកម្មជន ៤​នាក់​ក្នុង​ចំណោម​នោះ ត្រូវ​តម្កល់​លុយ​ក្នុង​ម្នាក់ ៣​លាន​រៀល ជា​ថ្នូរ​បាន​នៅ​ក្រៅ​ឃុំ​នេះ​ដែរ។

លោក មាជ សុវណ្ណរ៉ា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ដឹកនាំ​កុប្បកម្ម​នាំ​ឲ្យ​មាន​អំពើ​ហិង្សា នៅ​ម្ដុំ​ស្ពាន​នាគ ជិត​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១៤។ ដោយ​ឡែក​សកម្មជន​នយោបាយ ៤​នាក់​ទៀត ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ចូលរួម​កុប្បកម្ម​ដោយ​ហិង្សា​ក្នុង​សំណុំរឿង​ដូច​គ្នា​នេះ​ដែរ។

លោក ជូង ជួងងី មេធាវី​ការពារ​ក្ដី​ឲ្យ​ជន​ជាប់​ចោទ​ចាត់​ទុក​ថា ការ​សម្រេច​របស់​តុលាការ​នេះ គឺ​ពិត​ជា​បាន​ផ្ដល់​យុត្តិធម៌​សម្រាប់​កូន​ក្ដី​របស់​ខ្លួន។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ គណបក្ស​សង្គ្រោះ​ជាតិ និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដាច់​ឡែក​ពី​គ្នា ក្រោយ​បញ្ចប់​សវនាការ​ភ្លាម។ គណបក្ស​សង្គ្រោះ​ជាតិ សាទរ​ចំពោះ​សម្រេច​តុលាការ​នៅ​ពេល​នេះ។ ដោយ​ឡែក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​វិញ យល់​ឃើញ​ថា បើ​ទោះ​ជា​ការ​ដោះលែង​ប៉ុន្មាន​ថ្ងៃ​នេះ ត្រូវ​បាន​សាទរ​យ៉ាង​ណា​ក៏​ដោយ តាម​ពិត​អ្នក​ទាំង​នោះ​មិន​គួរ​ត្រូវ​បាន​គេ​ចាប់​ខ្លួន​តាំង​ពី​ដំបូង​ម្ល៉េះ។ ជាង​នេះ​ទៀត គួរ​ឱ្យ​សោក​ស្ដាយ ដែល​តុលាការ​នៅ​កម្ពុជា ត្រូវ​បាន​បន្ត​ប្រើប្រាស់​ក្នុង​ការ​បង្ក្រាប​មតិ​ជំទាស់ ជា​ជាង​ការ​ការពារ​ប្រជា​ពលរដ្ឋ​ពី​ការ​រំលោភ​អំណាច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

3 Responses to "តុលាការ​ដោះលែង​សកម្មជន​បក្ស​សង្គ្រោះជាតិ​៥នាក់​និង​ព្រះសង្ឃ​​​៣​អង្គ"

  1. Anonymous says:

    Meach sovannara, please save your beard and mustache and clean all germs in jail.
    Happy khmer New Year !!!

  2. បរិមី ព្រះវិហារ says:

    Meach Sovannara, you always forget the jail, the jail never forgets you! If you want return to the jail, you can try it again!! អាក្បាលខូច និងមេបោកប្រស់ !!

  3. Brose sna says:

    Fucking Cambodia Judge!!!!