ដោយ៖ ណាត សុភាព | ថ្ងៃចន្ទ ទី13 មេសា 2015
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
ព្រះសង្ឃបីអង្គដែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំ នៅថ្ងៃនេះ (រូបថត៖ ហ្វេសប៊ុក)
ព្រះសង្ឃបីអង្គដែលជាប់ពន្ធនាគារព្រៃសជាង៥ខែ ដោយសារចូលរួមជាមួយប្រជាពលរដ្ឋក្នុងការទាមទារសិទ្ធិសេរីភាពនោះ បានគ្រងស្បង់ចីពរឡើងវិញ បន្ទាប់ពីតុលាការសម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្ន នៅរសៀលថ្ងៃចន្ទនេះ ។
ព្រះសង្ឃទាំង៣អង្គនោះរួមមានព្រះអង្គ សឺន ហាយ ឃិន វណ្ណៈ និងព្រះអង្គ សាង កុសល ។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា សាលាដំបូងរាជធានីភ្នំពេញសម្រេចឲ្យព្រះសង្ឃ៣អង្គ នៅក្រៅឃុំបណ្តោះអាសន្ននារសៀលម៉ោងប្រមាណ២និង៣០នាទីថ្ងៃនេះ ។ លោកថា មូលហេតុដែលព្រះសង្ឃទាំងនោះគ្រងស្បង់ចីពរវិញ ដោយសារអាជ្ញាធរបានចាប់ផ្សឹកព្រះសង្ឃដោយខុសនឹងច្បាប់សាសនា ហើយអំឡុងពេលជាប់ពន្ធនាគារព្រះសង្ឃទាំងនោះមិនបានឆាន់បាយល្ងាចនោះទេ ។
យ៉ាងណាក៏ដោយ លោក សំ អាត អះអាងថា ការដោះលែងព្រះសង្ឃ៣អង្គ និងសកម្មជនគណបក្សសង្គ្រោះជាតិ៥នាក់នោះ គឺជារឿងនយោបាយ ដោយសារនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី បានចរចាត្រូវរ៉ូវគ្នាលើការរៀបចំសមាសភាពសមាជិក គ.ជ.ប ថ្មី ទាំង៩នាក់ ។ ទោះជាយ៉ាងនេះក្តី លោកស្នើទៅគណបក្សទាំងពីររក្សាវប្បធម៌សន្ទនាគ្នា ដោយឈប់យកប្រជាពលរដ្ឋខ្លួនឯងធ្វើជាចំណាប់ខ្មាំងនយោបាយ ។
ព្រះតេជគុណ ស៊ឹម វណ្ណឌី គង់នៅរាជធានីភ្នំពេញ មានថេរដីកាថា ព្រះអង្គទាំងបីអង្គនោះមិនបានធ្វើខុសនោះទេ ព្រោះព្រះអង្គទាំងនោះមិនបានសម្លាប់មនុស្ស លួចទ្រព្យអ្នកដទៃ មិនកុហក និងមិនបានសេពប្រពន្ធអ្នកដទៃ ។ ព្រះតេជគុណមានថេរដីកាបន្តថា បើមើលតាមច្បាប់សាសនា ព្រះអង្គទាំងបីអង្គនៅតែមានឈ្មោះជាព្រះសង្ឃដដែល ។
គួររំឭកថា ព្រះសង្ឃបីអង្គព្រះនាម ឃិត វណ្ណៈ និង សាន កុសល ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនតាំងពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយចោទពីបទ ចូលរួមសមាគមជនទុច្ចរិតដែលប្រឈមជាប់ទោសពី២ឆ្នាំទៅ៥ឆ្នាំ តាមមាត្រា៤៩៩ នៃក្រមពហម្មទណ្ឌ ។ ចំណែកអតីតព្រះសង្ឃ សឺន ហាយ ដែលធ្លាប់ចេញមុខដុតទង់ជាតិវៀតណាមករណីទឹកដីខ្មែរកម្ពុជាក្រោមនោះ ត្រូវតុលាការចោទពីបទប្រឆាំងរាជការសាធារណៈ និងបទក្លែងបន្លំឆាយា ។ ព្រះតេជគុណ សឺន ហាយ ត្រូវបានអាជ្ញាធរចាប់ព្រះកាយ នៅពេលឃ្លាំមើលអ្នកភូមិបឹងកក់តវ៉ាមុខសាលាដំបូងរាជធានីភ្នំពេញ ខណៈតុលាការកាត់ទោសស្ត្រី១១នាក់ ដែលបិទផ្លូវដើម្បីឲ្យអាជ្ញាធររំដោះទឹកជន់លិចផ្ទះនៅបឹងកក់ ៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com