ដោយ ប្រាជ្ញ ចេវ
2015-04-13
RFA

ទិដ្ឋភាពផ្សារអូរឫស្សី។
មុនមួយថ្ងៃនៃទិវាពិធីបុណ្យចូលឆ្នាំខ្មែរ ទីក្រុងភ្នំពេញចាប់ផ្ដើមមានសភាពស្ងប់ស្ងាត់ជាបណ្តើរៗហើយ ដោយក្រុមប្រជាពលរដ្ឋចាប់ផ្ដើមធ្វើដំណើរពីភ្នំពេញ ទៅតាមបណ្ដាខេត្តនានា។ ពលរដ្ឋដែលចេញពីភ្នំពេញ ក្នុងថ្ងៃនេះ ភាគច្រើនជាកម្មករ កម្មការិនី និងអ្នកមកធ្វើការងារនៅភ្នំពេញ។
ហាងលក់ទំនិញ និងផ្ទះរបស់ពលរដ្ឋមួយចំនួនចាប់ផ្ដើមបិទទ្វារនៅថ្ងៃទី១៣ ខែមេសា នេះ។ ផ្លូវថ្នល់ដែលធ្លាប់តែកកស្ទះដោយយានយន្តគ្រប់ប្រភេទណែនណាន់នោះ ក៏ប្រែស្រឡះល្អ មិនកកស្ទះដូចសព្វដងទេ។
ប៉ុន្តែទោះបែបនេះក្តី នៅតាមបណ្ដាផ្សារនានាក្នុងក្រុងភ្នំពេញ ជាពិសេសគឺពេលព្រឹក នៅតែមានមនុស្សចេញចូលទៅមកដោយខ្លះទិញគ្រឿងរណ្ដាប់ទទួលទេវតាឆ្នាំថ្មី និងទិញគ្រឿងម្ហូបអាហារជាដើម។
ដើរសម្លឹងមើលបាច់ផ្លាដែលគេលក់ត្រៀបត្រានៅផ្សារដើមគ លោក ឆាយ សារ៉ុន ប្រាប់ថា លោកទិញបាយសី ធូប ទៀន និងគ្រឿងសក្ការបូជាផ្សេងទៀតដើម្បីរៀបចំទទួលទេវតាឆ្នាំថ្មី។ លោក ឆាយ សារ៉ុន ក៏មិនខុសពីពលរដ្ឋខ្មែរផ្សេងទៀតដែរ មានជំនឿថា ការរៀបចំទទួលទេវតាឆ្នាំថ្មីជាប្រពៃទំនៀមទម្លាប់ និងដើម្បីមានសេរីសួស្ដីក្នុងគ្រួសារ៖ «ខ្ញុំទិញបានទាំងពីផ្កា ចេក ធូប ទៀនអីអស់ហើយ។ មួយឆ្នាំមានម្តងយើងរៀបចំទៅដើម្បីរកស៊ីមានសុខសប្បាយ»។
ខណៈដែលកម្មករកម្មការិនីរោងចក្រកាត់ដេរនាំគ្នាសម្រុកទៅស្រុកកំណើតនៅតាមបណ្ដារោងចក្រ និងផ្ទះជួលមានសភាពស្ងប់ស្ងាត់។ ផ្លូវធំៗចេញពីភ្នំពេញ ទៅបណ្ដាខេត្តនានា ភាគច្រើនឃើញរថយន្តធ្វើដំណើរចេញពីភ្នំពេញ ច្រើនជាងចូលភ្នំពេញ។ ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរ នៅពេលមានពិធីបុណ្យទានម្តងៗ តម្លៃរថយន្តឈ្នួលតែងឡើងថ្ងៃខ្ពស់ជាងធម្មតា ទោះមានការអំពាវនាវពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនឲ្យដំឡើងថ្លៃក្តី។ អ្នករត់ឡានឈ្នួលម្នាក់សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ឡានឈ្នួលឡើងថ្លៃព្រោះប៉ូលិសចាំយកលុយផ្លូវគ្រប់ច្រកល្ហក មួយវិញទៀត ពេលឡានវិលចូលភ្នំពេញ វិញគ្មានមនុស្សដឹកឡើយ។
អង្គុយរង់ចាំឡានក្រោមស្ពានអាកាសក្បាលថ្នល់ មានទាំងបង្វេចសម្លៀកបំពាក់ដែរនោះ លោកស្រី អឿន លាន់ ប្រាប់ថា ទោះលោកស្រីមានប្រាក់តិចតួចក៏ត្រូវឆ្លៀតទៅលេងស្រុកធ្វើបុណ្យជុំបងប្អូន និងជូនលុយឪពុកម្តាយដែរ។ លោកស្រី អឿន លាន់ បន្តថា ស្នើឲ្យអ្នកបើកបរគ្រប់រូបកុំបើកលឿនពេក និងត្រូវមានការប្រុងប្រយ័ត្នដើម្បីសុវត្ថិភាពទាំងអស់គ្នា៖ «មួយឆ្នាំម្តងទៅជួបបងប្អូនធ្វើបុណ្យជុំគ្នាទៅ។ អត់ហ៊ានយកកូនទៅ អត់មានលុយ ព្រោះអស់លុយច្រើន»។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខ។ រាជធានីភ្នំពេញ ក៏តែងតែស្ងប់ស្ងាត់ក្នុងរយៈពេលនេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

ពលរដ្ឋធ្វើដំណើរដោយជិះលើរថយន្តឆ្ពោះទៅស្រុកកំណើត។

រថយន្តដឹកអ្នកដំណើរ និងឥវ៉ាន់ទៅកាន់បណ្ដាខេត្ត។

ផ្លូវព្រះមុនីវង្សក្នុងរាជធានីភ្នំពេញ។

ពលរដ្ឋធ្វើដំណើរដោយរថយន្តឆ្ពោះទៅស្រុកកំណើត។

ទិដ្ឋភាពរង្វង់មូលស្ពានជ្រោយចង្វារ ត្រើយខាងលិច។

ទិដ្ឋភាពផ្សារអូរឫស្សី។

ទិដ្ឋភាពកកស្ទុះនៅម្ដុំផ្សារថ្មី។

ពលរដ្ឋទិញរណ្ដាប់ថ្វាយទេវតា។

ពលរដ្ឋទិញរណ្ដាប់ថ្វាយទេវតា។

ពលរដ្ឋធ្វើដំណើរដោយរថយន្តឆ្ពោះទៅស្រុកកំណើត។

ពលរដ្ឋធ្វើដំណើរដោយរថយន្តឆ្ពោះទៅស្រុកកំណើត។
អត្ថបទដែលទាក់ទង
- ព្រះសង្ឃរៀបចំវត្តអារាមត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំ
- អាជ្ញាធរខេត្តកំពង់ឆ្នាំងអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នគ្រោះអគ្គិភ័យក្នុងឱកាសបុណ្យចូលឆ្នាំ
- ពលករខ្មែរមកពីថៃត្អូញត្អែរពិបាករករថយន្តត្រឡប់ទៅស្រុកកំណើត
- អាជ្ញាធរខេត្តសៀមរាបរាយកម្លាំងចម្រុះ៥ពាន់នាក់ដើម្បីការពារសន្តិសុខ
- អ្នកនយោបាយបង្ហាញមោទនភាពចំពោះវប្បធម៌សន្ទនានៅមុនពិធីបុណ្យចូលឆ្នាំថ្មី
- អាជ្ញាធរខេត្តកំពង់ចាមត្រៀមលក្ខណៈដើម្បីការពារសន្តិសុខសុវត្ថិភាពពេលបុណ្យចូលឆ្នាំ
- រមណីយដ្ឋានធម្មជាតិបឹងត្រាវកុដិនៅសៀមរាបដែលអ្នកទេសចរគួរទៅកម្សាន្ត
- ជំនឿលើជោគរាសីសម្រាប់ឆ្នាំថ្មីឆ្នាំមមែដែលតំណាងដោយសត្វពពែ
- អាជ្ញាធរខេត្តព្រះសីហនុណែនាំអ្នកផ្ដល់សេវាទេសចរណ៍ឲ្យកំណត់តម្លៃសមរម្យ