កិច្ចព្រម​ព្រៀង​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្មក្នុង​តំបន់​ធ្វើ​ឲ្យ​កម្ពុជា​ចំណេញផង​ខាត​ផង​

ដោយ៖​ ណុប វី​ | ថ្ងៃអង្គារ ទី14 មេសា 2015
http://vodhotnews.com

កាលពី​ប្រហែល​ជា២១ឆ្នាំ​មុន​ ប្រទេស​កម្ពុជា​បាន​ដាក់​ពាក្យ​សុំ​ចូលជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO។ ឯកសារ​ជា​ច្រើន​បាន​បញ្ជាក់​ថា​​ការ​ចូល​ជា​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោកនឹង​ផ្តល់​ឱកាស​ឲ្យ​កម្ពុជា​ឈាន​ជើង​ចូលក្នុង​ទី​ផ្សារ​ប្រកួត​ប្រជែង​ដោយ​ស្មើភាព ទទួល​បាន​ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​ជួយ​ជំរុញ​ឲ្យ​មាន​តម្លាភាព​ និង​អភិបាល​កិច្ច​ល្អ។​

ប្រទេសកម្ពុជា​បាន​ក្លាយ​ជា​សមាជិក​ទី១៤៨នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នៅថ្ងៃទី១៣ ខែ​តុលា ឆ្នាំ២០០៤ គឺ​ជិត​១០​ឆ្នាំ​ក្រោយ​ពេល​​ស្នើ​សុំ​ចូលជា​សមាជិក WTO។​

មានកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម វិនិយោគ និង​សេដ្ឋ​កិច្ច​ច្រើន​ទៀត​​ដែល​ត្រូវ​បាន​ផ្តួច​ផ្តើម​នៅក្នុង​ពិភពលោក​។​

ប្រជាជន​ និង​សមាជិក​សភា​អាមេរិក​កំពុង​តែ​​ពិនិត្យ​មើល​លើការ​ស្នើ​សុំ​​របស់​រដ្ឋបាល​លោក​ បារ៉ាក់ អូបាម៉ា​ប្រធានា​ធិបតី​អាមេរិក ដែលស្នើឲ្យ​ផ្តល់​បត្យាប័ណ្ណ​លើកិច្ច​ព្រមព្រៀងដៃគូរ​អន្តរ​តំបន់​ប៉ាស៊ីហ្វិចហៅកាត់​ថា (TPP)។​ រដ្ឋបាល​របស់​លោក បារ៉ាក់ អូបាម៉ា​ សង្ឃឹមថា​កិច្ចព្រមព្រៀង​អន្តរ​ប៉ាស៊ីហ្វិច​នេះ នឹង​ត្រូវ​អនុម័តនៅ​ត្រឹម​​ពាក់កណ្តាល​ឆ្នាំនេះ ឬ​យ៉ាង​យូរ​នៅ​ចុង​ឆ្នាំ២០១៥។​

កិច្ច​ព្រមព្រៀង​ដៃគូរ​អន្តរ​តំបន់​ប៉ាស៊ីហ្វិច (TPP) គឺជា​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​ផ្តួច​ផ្តើម​ដោយ​សហរដ្ឋអាមេរិក។ ប្រទេស​សមាជិក​អាស៊ាន​ចំនួន​៤ ដែល​រួមមានវៀតណាម ប៊្រុយណេ ម៉ាឡេស៊ី និង​សឹង្ហ​បូរី​ បាន​ចូលជា​សមាជិក​ក្នុង​ចំណោម​សមាជិក​ទាំង១២​នៃកិច្ច​ព្រមព្រៀង​នេះ។​

កាត់ធើរីន ម៉េល័រ (Catherine Mellor) គឺជា​នាយក​ជាន់​ខ្ពស់ផ្នែកកិច្ច​ការ​អន្តរជាតិតំបន់​អាស៊ីនៃ​សភា​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក។ គាត់​និយាយថាកិច្ច​ព្រមព្រៀង​ដៃគូរ​អន្តរ​តំបន់​ប៉ាស៊ីហ្វិច (TPP) គឺ​ត្រូវ​បាន​ផ្តួច​ផ្តើម​ឡើង​ដើម្បី​ផល​ប្រយោជន៍​របស់​សមាជិក។ លោក​បន្ត​ថា​«កិច្ច​ព្រមព្រៀង​នេះ គឺ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បម្រើ​ផល​ប្រយោជន៍​ប្រទេស​ដែល​ជា​សមាជិក​ដែល​បាន​ចរចា​គ្នាប៉ុណ្ណោះ។ ខ្ញុំ​គិត​ថា​កម្ពុជាកំពុង​​តែ​ផ្តល់​ទំនិញទៅ​កាន់​​រោង​ចក្រ​មួយ​ចំនួន​នៅក្នុង​ប្រទេស​វៀតណាម ​និ​ងម៉ាឡេស៊ី ដែល​ជា​ឱកាស​នៃការ​​ទទួល​បាន​ផល​ប្រយោជន៍។ ខ្ញុំ​សង្ឃឹម​ថា​កម្ពុជា​នឹង​ចូលរួម​ជាសមាជិក​ថ្មី​នៃ​TPPនៅពេល​អនាគត ហើយ​​តាម​រយៈ​សមាហរណកម្ម​សេដ្ឋកិច្ចអាស៊ាន។ ប៉ុន្តែ​ការទទួល​បាន​ផល​ប្រយោជន៍​ច្រើន​បំផុត​នោះ​គឺកា​រចូលជាសមាជិក»។​

នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ២០១១ ប្រទេស​៩​ដែល​រួមមាន អូស្ត្រាលី ប៊្រុយ​ណេ ឈីលី ម៉ាឡេស៊ី ញូហ្ស៊េឡែន ប៉េរូ សឹង្ហបូរី វៀតណាម និង​សហរដ្ឋ​អាមេរិក បាន​ប្រកាស​អំពី​មហិឆ្ឆិតា​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង​អន្តរ​ប៉ាស៊ីហ្វិច។ កិច្ច​ព្រមព្រម​ព្រៀង​នេះ​នឹង​ជំរុញ​​ពាណិជ្ជកម្ម និងការ​វិនិយោគ ក្នុង​ចំណោម​ប្រទេស​ដែលជាសមាជិក លើកកម្ពស់​ការ​បង្កើត​ថ្មីៗ ជំរុញ​កំណើន​សេដ្ឋកិច្ច​ និងការ​អភិវឌ្ឍ និងគាំទ្រ​ការ​បង្កើត​ការងារ​ថ្មីៗ និង​ទប់ស្កាត់ការបាត់បង់ការងារ​របស់​ពលរដ្ឋ។​

ជំនួយការ​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិកផ្នែកការិយាល័យ​សេដ្ឋកិច្ច និង​កិច្ច​កា​រជំនួញ លោក វិលៀម ក្រាហ្វ (William Craft) និយាយថា​កិច្ចព្រមព្រៀង​នេះ​មិន​ត្រឹម​តែ​ជួយ​លើក​កម្ពស់​​ស្តង់​ដារ​នៃ​ផលិត​​ផល និង​លើកកម្ពស់​​លក្ខខណ្ឌការងារ​ប៉ុណ្ណោះទេ តែ​នឹង​ជួយ​ទប់​ស្កាត់​បទ​ល្មើ​សដែលកំពុងកើត​មាន​ផងដែរ។ លោក​បាន​បញ្ជាក់​ថា«វាមានការ​ព្រមព្រៀង​គ្នា​រួច​ទៅ​ហើយថា​នៅក្នុង​ផ្នែក​បរិស្ថាន​កិច្ច​ព្រមព្រៀង​នេះ​នឹង​រួម​បញ្ចូល​ការ​ប្រយុទ្ធ​ប្រឆាំង​​​កា​រជួញដូរ​សត្វព្រៃ​​ ហើយ​វា​រឹត​តែ​សំខាន់​ទៅ​ទៀត​នោះ​គឺការ​​ប្រឆាំង​នឹងការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់ ដូច​ដែល​យើង​ឃើញ​មាន​នៅ​ប្រទេស​ម៉ាឡេស៊ីដែល​ជា​ព្រៃ​ទាក់ទាញ​ទឹក​ភ្លៀង​ដ៏​សំខាន់។ យើង​ក៏​អាច​នឹង​ព្រមព្រៀង​គ្នា​ទៅ​លើ​ការ​កំរិតស្ថានភាព​នៃការ​នេសាទ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិច​ទាំងមូល  ដែល​ពួកគេ​អាច​ឯក​ភាព​គ្នាធ្វើ​វិភាគទាន​ទៅវិញទៅមក ដើម្បី​ធ្វើនេសាទ​ប្រកបដោយ​និរន្តភាព។​ នៅក្នុង​ផ្នែកពលកម្ម​វិញ យើងក៏កំពុង​ធ្វើការ​ជាមួយ​ប្រទេស​សមាជិក​ដើម្បី​ឲ្យ​ព្រមព្រៀង​គ្នា​នៅក្នុងការ​ការពារ​សិទ្ធិការងារ​ជាមូលដ្ឋាន ដោយ​រួមបញ្ចូល​ពលកម្មកុមារ។​ ការកាពារ​សេរីភាព​នៃ​ប្រព័ន្ធ​អ៊ីនធើណេត​ក៏ជា​ផ្នែកមួយ​ដែរ។​»

ប្រទេសកម្ពុជា​មើល​ឃើញ​​​ថាប្រទេស​នេះ​នៅ​ឆ្ងាយ​នៅឡើយ​ពីការ​ទទួល​បាន​ផល​ប្រយោជន៍​ពី​កិច្ច​ព្រមព្រៀង​​ថ្នាក់​តំបន់​មួយនេះ។​

រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេសកម្ពុជា​ លោក កៅ គឹម​ហួន ប្រាប់​អ្នក​យក​ព័ត៌មាន​VODនៅក្នុង​បទ​សម្ភាសន៍​មួយកាលពី​ថ្ងៃទី០៧ ខែ​មេសា​ថាកិច្ច​ព្រមព្រៀង​អន្តរ​ប៉ាស៊ីហ្វិច​ហាក់​ពាក់ព័ន្ធ​តិច​តួច​ដល់​ប្រទេស​កម្ពុជា។ លោក​មានប្រសាសន៍​ថា«អានេះ​អត់ពាក់ព័ន្ធ​យើង​ទេ TPPហ្នឹង យើង​មាន​RCEP(គំនិត​នៃការ​រៀបចំ​ដៃគូរ​សេដ្ឋ​កិច្ច​នៅក្នុង​តំបន់)ASEAN យើង​មាន FTA​ ច្រើន​ហើយ យើង​មាន​ FTA។ យើង​មាន​ FTA បូក​ជា​មួយ​នឹង​សមាជិក​ ដែលគេហៅ​ថាដៃ​គូរ​សន្ទនា​អាស៊ាន​មួយ​ៗដូចជា​អាស៊ាន​ចិន អាស៊ាន​ជប៉ុន អាស៊ាន​កូរ៉េ អាស៊ានឥណ្ឌា។ ហើយ​យើង​មាន​អាស៊ាន​បូក​៣​ទៀត។​ ដែល​យើង​មានការ​ចរចា​គ្នា​ជា​បន្ត​បន្ទាប់។ យើង​មាន​RCEPធំ​ជាង​ហ្នឹង​ទៀត ដែល​ចូលរួម​១៨​ប្រទេស។ អញ្ចឹង​អ្វី​ដែល​សំ​ខាន់​គឺយើង​មើល​ថា​អ្វី​ដែល​យើង​អាច​ទាញ​ប្រយោជន៍​បាន។​ រដ្ឋាភិបាល​តែង​តែ​គិត​គូរ​អំពី​អនាគត​​ជាពិសេស​ គឺ​ការ​គៀង​គរ​អំពី​ផល​ប្រយោជន៍​ផ្សេងៗ​ សម្រាប់​អភិវឌ្ឍ​ប្រទេស​ជាតិ​យើង​ សម្រាប់​សមាហរណ​កម្ម ហើយ​ជាពិសេស​ទៀត​សម្រាប់​ជំរុញ​​អភិវឌ្ឍសេដ្ឋកិច្ច​ប្រទេស​កម្ពុជា»។​​

កម្ពុជា​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីជាមួយ​ប្រទេស​កូរ៉េ​ខាង​ត្បូង​។ កិច្ច​ព្រម​ព្រៀង​នោះ​បាន​អនុវត្ត​​ចាប់​តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ២០០៨។ យោង​តាម​កិច្ច​ព្រមព្រៀង​នេះ ប្រទេស​កូរ៉េ​ខាង​ត្បូង​អនុញ្ញាត​ឲ្យ​មានការ​នាំ​ចូលទំនិញ​១០ ៦៥៨​មុខដែល​រួមមានសម្លៀក​បំពាក់​ និង​ស្បែកជើង​ជាដើម ​ពីប្រទេសក្នុង​តំបន់​អាស៊ាន​ក្នុង​នោះរួមមានកម្ពុជាផងដែរ។​

កាល​ពី​ចុង​ឆ្នាំ២០០៧ តំណាង​ផ្នែក​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក ស៊ូសាន ស្វាប (Susan C. Schwab) បាន​ជួប​ជាមួយ​រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្មកម្ពុជា​ លោក ចោម​ប្រសិទ្ធិ ដើម្បី​ពិភាក្សា​អំពី​ការ​ពង្រីក​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ។ កម្ពុជា​ និង​អាមេរិក​ក៏​បាន​ចុះ​កិច្ច​ព្រមព្រៀងក្រប​ខណ្ឌ​ពាណិជ្ជកម្ម​ និង​វិនិយោគ (TIFA)​ ជាមួយគ្នា​ផងដែរ​កាល​ពី​ឆ្នាំ២០០៦។​

នៅក្នុង​កិច្ច​ប្រជុំ​កំពូល​នៃ​ថ្នាក់​ដឹកនាំ​ប្រទេស ​ASEAN លើកទី១៩​ ក្នុង​ខែ​វិច្ឆិកា​​ ឆ្នាំ​២០១១ គំនិត​នៃការ​រៀបចំ​ដៃគូរ​សេដ្ឋ​កិច្ច​នៅក្នុង​តំបន់​(RCEP)ត្រូវ​បាន​ផ្តួច​ផ្តើម​គំនិត​ឡើង។ វា​ត្រូវ​បាន​លើ​កឡើង​មក​ពិភាក្សា​​លម្អិត​​នៅក្នុង​កិច្ច​ប្រជុំ​​រដ្ឋមន្រ្តី​សេដ្ឋ​កិច្ច​អាស៊ានលើកទី៤៤​នៅ​ខេត្ត​សៀម​រាប ប្រទេសកម្ពុជា។ ដៃគូរ​សេដ្ឋកិច្ច​តំបន់​នេះ​មាន​ប្រទេស​អាស៊ាន​ទាំង១០ និងប្រទេស​ដែលជា​ដៃគូរ​ពាណិជ្ជកម្មសេរី​របស់​អាស៊ាន​៦​ផ្សេងទៀត គឺ​អូស្ត្រាលី​ ចិន ឥណ្ឌា ជប៉ុន កូរ៉េ​ខាង​ត្បូង និង​ញូហ្ស៊េឡិន។ កិច្ចព្រម​ព្រៀង​ដៃ​គូ​សេដ្ឋកិច្ច​ក្នុង​តំបន់​នេះ ត្រូវ​បាន​ជំរុញ​ និង​ដាក់​ឲ្យ​មានការ​ចរចា ដោយ​មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន​នៅក្នុង​កិច្ច​ប្រជុំ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ២០១២ ក្នុង​ប្រទសកម្ពុជា។ ដៃគូរ​ទាំង​១៦​ប្រទេស​បាន​ចាប់​ផ្តើម​ការ​ចរចា​ជាលើក​ដំបូង​នៅ​ប្រទេស​ប្រ៊ុយ​ណេ ក្នុង​ឆ្នាំ២០១៣ ហើយ​បន្ត​ការ​ចរចា​ជាបន្ត​បន្ទាប់​ចំនួន​៤លើកមកហើយ ដើម្បី​ធ្វើការ​សម្រេច​នៅ​ចុង​ឆ្នាំ២០១៥នេះ។ កិច្ច​ព្រមព្រៀ​ងនេះ​មានគោលបំណង​ជំរុញ​​ការ​ធ្វើ​ពាណិជ្ជកម្មទំនិញ សេវាកម្ម ការ​វិនិយោគ កិច្ច​សហ​ប្រតិបត្តិការផ្នែក​សេដ្ឋកិច្ច កម្មសិទ្ធិ​បញ្ញា ការ​ប្រកួត​ប្រជែង និងការ​ដោះស្រាយ​ទំនាស់។​

អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក កែន រដ្ឋា​ប្រាប់​VOD ក្នុង​បទ​សម្ភាសន៍​​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​១៣ ខែ​មេសា ថា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​គឺជា​កត្តា​​ដ៏​សំខាន់​ដែល​ជំរុញ​សេដ្ឋកិច្ច​។ កិច្ច​ព្រម​ព្រៀង​​អ្វី​គ្រប់​យ៉ាង​លើកលែង​តែ​អាវុធ (EBA) ជាមួយ​សហគមន៍​អឺរ៉ុប​បាន​អនុគ្រោះ​ដល់កម្ពុជា​នាំ​ទំនិញ​សព្វសារពើ​ទៅកាន់​អឺរ៉ុប​លើកលែង​តែ​អាវុធ។​ លោក​មានប្រសាសន៍ថា​«​យើង​មាន​ទីផ្សារ​ធំនៅ​អឺរ៉ុប យើង​មាន​ទីផ្សារ​ទៅ​អាមេរិក GSM GSP ជាលក្ខខណអាត្រា​ពន្ធ​ទាប​ដែល​អនុគ្រោះដល់​កម្ពុជា​ក្នុងការ​នាំចេញ​ទៅ​ប្រទេស​ទាំងនោះ​ផងដែរ។ ជារួម​អ្នក​វិនិយោគ​មិនមែន​មើល​មក​តែ​ទីផ្សារ​​កម្ពុជា​នោះទេ​ តែ​មើល​ទៅ​ទីផ្សារ​ពិភព​លោក​ដែល​កម្ពុជាមាន»។​

បើ​តាម​លោក កែន រដ្ឋា ​មានកត្តា​មួយ​ចំនួន​ដែល​ជំរុញ​​សេដ្ឋកិច្ច  ក្នុងនោះរួមមាន​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច ស្ថិរ​ភាព​នយោបាយ​ដែលមាន​ភាព​ប្រសើរ​ឡើង កត្តា​ច្បាប់​ដែល​លើក​ទឹក​ចិត្ត​ដល់​អ្នក​វិនិយោគ និង​ផល​ប្រយោជន៍​​ដែល​បាន​ពីកិច្ច​ព្រមព្រៀង​ទ្វេ​ភាគី​ និង​ថ្នាក់​តំបន់​ដែល​កម្ពុជា​មាន​ជា​មួយ​ដៃគូរបស់ខ្លួន។​

បើ​តាម​លោក កែន រដ្ឋា ក្រសួង​ពាណិជ្ជកម្ម​បាន​បញ្ចប់ ​និង​ឈាន​ទៅ​បញ្ចប់​សេចក្តី​ព្រាង​ច្បាប់​មួយ​ចំនួន​ដែលទាក់ទងនឹងការ​វិនិយោគ។ ​ច្បាប់​នោះ​រួមមានច្បាប់ការពារ​អ្នក​ប្រើ​ប្រាស់ដែល​បាន​ដាក់ទៅ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​រួចហើយ ច្បាប់​ទាក់ទងនឹងការ​ប្រកួត​ប្រជែងដែល​បាន​កំពុងតែបញ្ចប់​ពង្រាង ច្បាប់​ការធ្វើ​ពាណិជ្ជកម្ម​តាមប្រព័ន្ធ​អនឡាញ​ដែល​កំពុង​ស្ថិត​នៅក្នុងការ​ពង្រាង​ចុង​ក្រោយ ហើយគ្រោង​នឹង​ដាក់​ជូន​ទី​ស្តីការ​គណៈរដ្ឋមន្រ្តី។

សូឌៀ សិតទី (Sudhir Shetty) ប្រធានអ្នក​សេដ្ឋកិច្ច​ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​ ឆ្លើយ​តប​នឹង​សំណួរ​អ្នក​សារព័ត៌មានពី​ប្រទេស​សឹង្ហ​បូរីក្នុង​សន្និសីទ​សម្ពោ​ធ​របាយការណ៍​ស្តីពី​ការរក្សា​បាន​កំណើន​សេដ្ឋកិច្ច នៅ​ថ្ងៃ​ទី១៣ ខែ​មេសា ឆ្នាំ២០១៥ថា​ ការ​បញ្ជ្រៀត​ខ្លួន​ចូលទៅក្នុង​ទីផ្សារ ​គឺជា​លទ្ធផល​នៃការ​ចូលរួម​នៅក្នុង​កិច្ច​ព្រមព្រៀង​នានា។​ លោក​បញ្ជាក់​ថា«នៅក្នុង​កម្រិត​​អាស៊ាន ប្រទេស​កម្ពុជា​ទទួល​បាន​ប្រយោជន៍ពីការ​បញ្ជ្រៀត​ខ្លួន​ចូល​ទៅ​ក្នុង​ទីផ្សារ​របស់​អាស៊ានក្នុង​ការ​លក់​ទំនិញ​ និង​ការ​ធ្វើ​ពាណិជ្ជកម្ម។ អ្នក​​មាន​រនាំងនៃការ​នាំចេញ​ទំនិញ ​និង​ការ​ធ្វើ​ពាណិជ្ជកម្ម​តិច​តួច​ ប្រសិន​បើ​ពិនិត្យ​មើល​មុន​ពេល និងក្រោយ​​ពេល​មានកិច្ច​ព្រមព្រៀង។​ ចំណុច​ទី​ពីរ​នោះ​កិច្ច​ព្រមព្រៀង​បាន​ផ្តល់​ឲ្យ​នូវ​សេរីភាព​ ហើយ​និង​ការ​បើក​​ទូលាយ​ឡើង​ផ្នែក​សេដ្ឋកិច្ច​ដែល​ជា​ផ្នែកនៃកិច្ច​ព្រមព្រៀង​នោះ ជាពិសេស​ករណី​នៅពេល​ដែល​ប្រទេសកម្ពុជា​ជា​ប្រធាន​អាស៊ាន យើង​ឃើញ​មានការ​ប្រឹង​ប្រែង​​របស់​រដ្ឋាភិបាលដើម្បីកាត់​បន្ថយឧបសគ្គនៃ​​ពន្ធ​នាំចេញ​នាំ​ចូល។ វា​នៅ​តែ​ដំណើរការ​។ ភ្លាម​ៗ​យើង​ឃើញ​មាន​ការ​រីកចំរើន​ច្រើន ហើយបើ​ពិនិត្យ​មើល​គឺ​ប្រទេស​ដែល​មិន​ស្ថិត​នៅក្នុងកិច្ច​ព្រមព្រៀង​មានការ​ពិបាក​ក្នុង​សម្រេចបាន​រឿង​ទាំងអស់នេះ»។​

លោក កៅ គឹមហួន ​​មាន​ប្រសាសន៍​ថា​កម្ពុជា​កម្ពុជា​មាន​បំណង​ចង់​ចូលរួម​នៅក្នុង​កិច្ច​ព្រម​ព្រៀងមួយ​ទៀត គឺកិច្ច​ព្រមព្រៀងកិច្ច​សហ​ប្រតិ​បត្តិការ​សេដ្ឋកិច្ច​អាស៊ី ប៉ាស៊ីហ្វិកហៅ​កាត់​ថាអេប៉ិច(APEC) ដែល​កន្លង​មក​កម្ពុជា​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ជា​អ្នក​សង្កេតការណ៍។

ប្រទេស​ហ្វីលីពីន​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃកិច្ច​ប្រជុំ​ APEC លើកទី២៣ ក្នុង​ឆ្នាំ២០១៥នេះ។ មេដឹកនាំ​ មន្រ្តី​ជាន់​ខ្ពស់ អ្នក​ជំនួញ​ធំៗ និង​អ្នក​ជំនាញ​ផ្នែក​ឧស្សាហកម្ម​មក​ពី​ប្រទេសសេដ្ឋកិច្ច​២១​ត្រូវ​គេ​រំពឹង​ថា​ជួបគ្នា​នៅក្នុង​ជំនួបនេះ។​ កិច្ច​ប្រជុំ​នៃ​មេដឹកនាំ​កំពូល​លើកទី២២នៃ​ប្រទេស ​APEC បាន​ធ្វើ​ឡើងនៅ​ទីក្រុង​ប៉េកាំង​ប្រទេសចិនកាលពី​ខែ​វិច្ឆិកា ឆ្នាំ២០១៤។​​

របាយការណ៍​របស់​ធនាគារ​ពិភពលោកចេញ​ផ្សាយ​នៅក្នុង​ខែ​មេសា ឆ្នាំ២០១៥ ឲ្យ​ដឹងថា​កម្ពុជា​​មាន​កំណើន​​សេដ្ឋកិច្ច​៧%​នៅ​ឆ្នាំ២០១៤។ ធនាគារ​ពិភពលោក​ទស្សន៍​ទាយថាវិស័យ​សំណង ​និង​អចលនទ្រព្យនៅ​តែ​បន្ត​រីកចម្រើន​ ចំណែក​វិស័យកសិកម្ម ឧស្សាហកម្ម​កាត់​ដេរ​សម្លៀក​​​បំបាក់ ​និង​ស្បែក​ជើង និង​វិស័យ​ទេសចរ​ណ៍​មានការ​រីកចម្រើន​​យឺត​យ៉ាវ។​ តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​កម្ពុជា​នាំ​ចេញ​សម្លៀក​​​បំពាក់ និង​ផល​ពី​វិស័យកសិកម្ម​ទៅកាន់​​សហរដ្ឋ​អាមេរិក សហគមន៍​អឺរ៉ុប និង​បណ្តា​ប្រទេស​ផ្សេងៗទៀត។​

កម្ពុជា​ទទួល​បាន​ចំណូល​ពីការ​នាំ​ចេញ​ផ្នែក​វិស័យ​កាត់​ដេរ​៥៧៥០លាន​ដុល្លារ​​អាមេរិក​កាលពី​ឆ្នាំ២០១៤។ នៅ​ពេល​ដែលកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច​ផ្តល់​ប្រយោជន៍​​ដល់​ប្រទេសកម្ពុជា អ្នក​សេដ្ឋកិច្ច​របស់​ធនាគារ​ពិភពលោក​ក៏​ទស្សន៍​ទាយ​ដែរ​ថា​កំណើន​នៃ​ការ​នាំ​ចេញ​វិស័យ​កាត់​ដេរ​អាច​នឹង​ថយ​ចុះ​ ដោយ​សារតែ​មានការ​ប្រកួត​ប្រជែង​ច្រើន​ជាង​មុន៕

សរសេរមកកាន់លោក ណុប វី តាមរយៈnopvy@vodhotnews.com

What Next?

Recent Articles

One Response to "កិច្ចព្រម​ព្រៀង​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្មក្នុង​តំបន់​ធ្វើ​ឲ្យ​កម្ពុជា​ចំណេញផង​ខាត​ផង​"

  1. ពលរដ្ឋកម្ពុជា says:

    ពួករដ្ឋាភិបាលពុករលួយ ហ៊ុន សែនបំផ្លាញព្រៃឈើមិនអាចទទួលកិច្ច​ព្រមព្រៀង​ដៃគូរ​អន្តរ​តំបន់​ប៉ាស៊ីហ្វិច (TPP)
    បានទេ ពីព្រោះកិច្ចព្រមព្រៀងវាមានការ​ព្រមព្រៀង​គ្នា​រួច​ទៅ​ហើយថា​នៅក្នុង​ផ្នែក​បរិស្ថាន​កិច្ច​ព្រមព្រៀង​នេះ
    ​នឹង​រួម​បញ្ចូល​ការ​ប្រយុទ្ធ​ប្រឆាំង​​​កា​រជួញដូរ​សត្វព្រៃ​​ ហើយ​វា​រឹត​តែ​សំខាន់​ទៅ​ទៀត​នោះ​គឺការ​​ប្រឆាំង​នឹងការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់ ។