ពលរដ្ឋ​ខ្មែរ​រៀបចំ​គ្រឿង​រណ្ដាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី

ដោយ ប្រាជ្ញ ចេវ
2015-04-14
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ចូល​ឆ្នាំ ៦២០
ព្រះសង្ឃ​សូត្រ​ធម៌​ទទួល​ទេវតា​ឆ្នាំ​ថ្មី នា​វត្ត​ស្វាយពពែ រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី​១៤ មេសា ឆ្នាំ​២០១៥។ RFA/Brach Chev

ក្នុង​ថ្ងៃ​ទី​១​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រជាពលរដ្ឋ​ខ្មែរ​រៀបចំ​គ្រឿង​រណ្ដាប់​នានា​ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ដើម្បី​បន់ស្រន់​សុំ​សេចក្ដី​សុខ​ចម្រើន។ គ្រឿង​រណ្ដាប់​ទាំង​នោះ ត្រូវ​បាន​ធ្វើ​ស្រដៀងៗ​គ្នា ដោយ​មាន​បាយសី ផ្កាភ្ញី ផ្លែឈើ ធូប ទៀន​ជាដើម។

គ្រាន់តែ​នាឡិកា​ចង្អុល​ចំ​ម៉ោង ២ និង ០២​នាទី​រសៀល នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា ប្រជាពលរដ្ឋ​ខ្មែរ​នាំ​គ្នា​អុជ​ទៀន ធូប បួង​សួង​សុំ​សុខ​ទទួល​ទេវតា​ឆ្នាំ​ថ្មី។ ដំណាល់​គ្នា​នេះ​ដែរ នៅ​វត្ត​អារាម​សូរស័ព្ទ​សំឡេង​ធម៌​ក៏​បាន​បន្លឺ​ឡើង។ ចំពោះ​គ្រឿង​រណ្ដាប់​ទទួល​ទេវតា​នេះ ពលរដ្ឋ​រៀបចំ​ទៅ​តាម​លទ្ធភាព និង​ជីវភាព​ដែល​អាច​ធ្វើ​ទៅ​បាន៖ «សំឡេង​សូត្រ​ធម៌»

ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ មួយ​រូប គឺ​លោកស្រី សួស ស្រង៉ែ ប្រាប់​ថា លោកស្រី​រៀបចំ​គ្រឿង​រណ្ដាប់​រួម​មាន ធូប ទៀន ម្លូ ស្លា បារី និង​ផ្លែឈើ​ជាដើម។ លោកស្រី សួស ស្រង៉ែ ប្រាប់​ថា លោកស្រី​បួងសួង​សុំ​សុខ​ក្នុង​គ្រួសារ រក​ស៊ី​មាន​បាន ជាពិសេស​សុំ​ឲ្យ​អ្នក​នយោបាយ​នៅ​តែ​បន្ត​មាន​ភាព​ល្អូកល្អិន​នឹង​គ្នា៖ «»។

​បុត្រី​ទី​បី​របស់​កបិល​មហាព្រហ្ម ទេពធីតា​ព្រះនាម រាគ្យសៈទេវី ព្រះ​នាង​សោយ​លោហិត​ជា​ភក្សហារ និង​ថែរក្សា​ចក្រវាល​សម្រាប់​ឆ្នាំ​ថ្មី​នេះ។ ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ឆ្នាំ​មមែ សប្ដស័ក ព.ស​២៥៥៩ នេះ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​១៤ ខែ​មេសា ឆ្នាំ​២០១៥។

ដូច​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​មួយ​រូប​ទៀត លោក ថុន ជួនពិសិដ្ឋ ឲ្យ​ដឹង​ថា ក្រៅពី​គ្រឿង​រណ្ដាប់​នានា លោក​មាន​រៀបចំ​ឲ្យ​មាន​ផ្លែឈើ​ពណ៌​ក្រហម ដែល​តំណាង​ឲ្យ​លោហិត។ ក្រៅ​ពី​នេះ លោក ថុន ជួនពិសិដ្ឋ ប៉ង​ប្រាថ្នា​សុំ​សេចក្ដី​សុខ​ពី​ទេវតា​ឆ្នាំ​ថ្មី៖ «»។

ថ្ងៃ​ទី​១​នៃ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ នៅ​ទីកន្លែង​មួយ​ចំនួន​ប្រជាពលរដ្ឋ​ជួបជុំ​នាំ​គ្នា​លេងល្បែង​ប្រជាប្រិយ និង​រាំ​លេង​កម្សាន្ត៖ «សំឡេង​តន្ត្រី»

ព្រះវជិរមេធា លឿង ហាមុតី ព្រះរាជា​គណៈ​ថ្នាក់​ចតុ អ្នក​វត្តប្រតិបត្តិ​ការងារ​ថ្វាយ​សម្ដេច​ព្រះសង្ឃរាជ ប៊ូ គ្រី មាន​សង្ឃដីកា​ថា ការ​រៀបចំ​គ្រឿង​រណ្ដាប់​ទទួល​ទេវតា​ពលរដ្ឋ​រៀបចំ​មិន​ដូចគ្នា​ទេ ពោល​គេ​រៀបចំ​ទៅ​តាម​លទ្ធភាព​រៀងៗ​ខ្លួន។ ព្រះតេជព្រះគុណ​បន្ត​ថា ថ្ងៃ​ឆ្លង​ឆ្នាំ​ចាស់​ផ្លាស់​ឆ្នាំ​ថ្មី​នេះ តាម​ទំនៀម​ទម្លាប់ ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ​រៀប​រណ្ដាប់​ទទួល​ទេវតា យក​ចង្ហាន់​ទៅ​វត្ត​អារាម និង​សុំ​ពរ​សុំ​ជ័យ​ពី​ឪពុក​ម្ដាយ​ដែល​ជា​ព្រះ​រស់៖ «»។

ព្រះវជិរមេធា លឿង ហាមុតី មាន​ថេរដីកា​ថា ពិធី​ចូល​ឆ្នាំ​ថ្មី ការ​រៀបចំ​គ្រឿង​រណ្ដាប់​សំខាន់​ដែល​ពលរដ្ឋ​តែង​ធ្វើ​ដូចៗ​គ្នា​នោះ ក្រៅ​ពី​រៀប​បាយសី ទៀន ធូប គេ​តែង​រៀបចំ​តង្វាយ​ផ្កា​ភ្ញី​ដែល​មា​ផ្កា​ម្លិះ ឬ​ផ្កា​ឈូក ជាដើម។ ចូល​ឆ្នាំ​ខ្មែរ​មាន​រយៈពេល ៣​ថ្ងៃ ថ្ងៃ​១៤ មេសា​ ជា​ថ្ងៃ​ចូល​ឆ្នាំ​សប្ដស័ក ឬ​ហៅ​ថា ជា​ថ្ងៃ​មហា​សង្ក្រាន្ត ថ្ងៃ​ទី​២ ជា​ថ្ងៃ វារៈវ័នបត និង​ថ្ងៃ​ទី​៣ ជា​ថ្ងៃ វារៈ​ឡើងស័ក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles