ដោយ ហង្ស សាវយុត
2015-04-14
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាំលោក សម រង្ស៊ី ទៅស្ដាប់ភ្លេងខ្មែរ ដោយលោកសូមឱ្យប្រគំបទកន្សែងក្រហមនៅក្នុងផ្ទះគ្រូភ្លេង នាមុខទីលានជល់ដំរី ខេត្តសៀមរាប។ រូបថតថ្ងៃទី១៤ មេសា ឆ្នាំ២០១៥ (RFA/Hang Savyouth)
ប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា ថ្លែងថា ពិធីបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ គឺជាឆ្នាំដ៏ពិសេសជាងគេក្នុងរយៈពេលជិត ៣០ឆ្នាំមកហើយ។ ការចាត់ទុកបែបនេះ ដោយសារតែមានវត្តមានមេបក្សប្រឆាំងអញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តជាមួយគ្នាជាលើកដំបូងដែលពុំធ្លាប់មានពីមុនមក។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលកម្ពុជា និងប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានចូលរួមធ្វើជាគណៈអធិបតីនៃការបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី៣ ជាមួយគ្នានៅមុខប្រាសាទបាយ័ននៃបរិវេណអង្គរធំ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃអង្គារ ទី១៤ ខែមេសា។
វត្តមានរបស់ប្រមុខរដ្ឋាភិបាល និងមេបក្សប្រឆាំង ដែលបង្កើតឱ្យមានជាប្រវត្តិសាស្ត្រនេះ គឺធ្វើឡើងនៅខេត្តសៀមរាប មុនពេលវេលាមានការប្រកាស ការយាងមកដល់នៃទេវតាថ្មី ដើម្បីប្ដូរវេនជាមួយទេវតាឆ្នាំចាស់។ លោក ហ៊ុន សែន បានថ្លែងទៅកាន់សាធារណជននៅក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី៣ ឆ្នាំ២០១៥ ថា នេះគឺឆ្នាំដ៏ពិសេសដែលលោកសុខចិត្តលុបចោលដំណើរទៅកាន់សាធារណរដ្ឋកូរ៉េ ដើម្បីយកឱកាសចូលរួមជាមួយប្រជាពលរដ្ឋខ្មែរដែលកំពុងប្រារព្ធព្រឹត្តិការណ៍អង្គរសង្ក្រាន្តអបអរឆ្នាំថ្មីវិញ។
លោក ហ៊ុន សែន បញ្ជាក់ទៀតថា ពេលនេះប្រទេសកម្ពុជា បានដើរដល់ដំណាក់កាលថ្មីមួយទៀត ដោយសារមានវត្តមានរបស់លោក សម រង្ស៊ី និងភរិយា ចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ។ លោកថា នៅថ្ងៃនេះ វប្បធម៌សន្ទនាមួយបានចាប់ផ្ដើមនៅលើទឹកដីកម្ពុជា ជំនួសឱ្យការប្រទូសរ៉ាយ។ គ្មានការដោះស្រាយតាមរយៈជម្លោះប្រដាប់អាវុធ ឬការប្រទូសរ៉ាយនយោបាយណាមានលទ្ធផលល្អជាជាងការសន្ទនាគ្នាទេ។ ឥឡូវនេះយើងត្រូវលើកកម្ពស់ការសន្ទនារវាងអ្នកនយោបាយ៖ «វប្បធម៌សន្ទនារបស់យើងគោលដៅសំខាន់ ២យ៉ាង ១ពង្រឹងសន្តិភាពមួយទៀតជំរុញការអភិវឌ្ឍប្រទេសជាតិចេះធ្វើការជាមួយគ្នា»។
ទោះយ៉ាងណា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងភរិយារបស់លោកដែលទើបតែចូលរួមលើកដំបូងនៅក្នុងពិធីរបស់រដ្ឋាភិបាលនោះ មិនត្រូវបានគេរៀបចំកម្មវិធីឱ្យថ្លែងសន្ទរកថា ទៅកាន់សាធារណជនដែលចូលរួមយ៉ាងអធិកអធមនោះឡើយ។
កម្មវិធីអង្គរសង្ក្រាន្តដែលមាននាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល និងប្រធានគណបក្សប្រឆាំងចូលរួមនោះ គឺមានសភាពអធិកអធម្មយ៉ាងក្រៃលែង ដោយលោក ហ៊ុន សែន និងលោក សម រង្ស៊ី បានដើរទស្សនាទិដ្ឋភាពប្លែកៗជាច្រើនកន្លែងជាមួយគ្នា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី៣ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំមមែនេះថា គឺជាការជួបជុំមហាគ្រួសារខ្មែរទាំងផ្នែកវប្បធម៌ និងនយោបាយ។
លោក ហ៊ុន សែន ក៏បានថ្កោលទោសក្រុមជនដែលបានលួចដុតបំផ្លាញខ្លោងទ្វារអង្គរសង្ក្រាន្ត នៅប៉ែកខាងលិចអង្គរវត្ត កាលពីរាត្រីថ្ងៃទី៧ ខែមេសា កន្លងទៅថា គឺជាអំពើជ្រុលនិយម ហើយលោកបានអំពាវនាវឲ្យអាជ្ញាធរខេត្តសៀមរាប ចាត់វិធានការស្វែងរកជនដៃដល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពិធីបុណ្យចូលឆ្នាំថ្ងៃទី១នៅភ្នំពេញ
- ពលរដ្ឋខ្មែររៀបចំគ្រឿងរណ្ដាប់ទទួលទេវតាឆ្នាំថ្មី
- អ្នកនយោបាយចង់ឲ្យប្រជាពលរដ្ឋគេចផុតពីការភ័យខ្លាចក្នុងឆ្នាំថ្មី
- ពិធីបុណ្យចូលឆ្នាំថ្ងៃទី១នៅខេត្តកំពង់ចាម
- បក្សសង្គ្រោះជាតិអះអាងថាមិនប្ដូរជំហរនិងគោលដៅក្នុងការចរចា
- ប្រភពដើមនិងអត្ថន័យនៃពិធីផ្ទេរតំណែងទេវតា
- អាជ្ញាធរខេត្តកំពង់ធំរៀបចំកម្មវិធីទទួលទេវតាឆ្នាំថ្មីនៅរាជធានីខ្មែរបុរាណ
- ការវិវឌ្ឍន៍ថ្មីៗនៃពិធីពូនភ្នំខ្សាច់បច្ចុប្បន្ន
- អ្នកភូមិអន្លង់រមៀតចង់ឲ្យមានការអភិរក្សទម្លាប់រាំវង់លក់ផ្កា
ពុំមានអ្វីដែលប្រសើរជាង ការដែលប្រជារាស្ត្របានឃើញអ្នកដឹកនាំ ដើរជាមួយគ្នា ដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋ យ៉ាងដូចនេះ ទេ។
សូមបួងសួងឲ្យស្មារតីនេះ ទស្សនៈបែបនេះ មានក្នុងចិត្តខ្មែរ និងប្រជាជនកម្ពុចាគ្រប់រូប។
ដើម្បី កម្ពុជា បានសុខ និងរីកចម្រើន សូមស្មារតីនេះ មានជាអមតៈក្នុងកម្ពុជា!