កម្មករ​ដាំ​ដំឡូង​នៅ​ព្រំ​ដែន​ថៃ​ឆ្លៀត​មក​លេង​ស្រុក​កំណើត​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

ដោយ ជិន ជេដ្ឋា
2015-04-15
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ពលករ​ខ្មែរ​ពី​ថៃ ប៉ោយប៉ែត ៦១០
សកម្មភាព​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​ដាក់​ចំណុច​រង្វង់​មូល​ខាង​មុខ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៤។ Photo: RFA

កម្មករ​ធ្វើ​ចម្ការ​ដំឡូង ចម្ការ​តាង៉ែន និង​ចម្ការ​សាវម៉ាវ​ជាដើម នៅ​ជាយ​ដែន​ថៃ​ក្នុង​ទឹកដី​ខេត្ត​បាត់​ដំបង និង​បន្ទាយ​មាន​ជ័យ នាំគ្នា​សម្រុក​មក​លេង​ស្រុក​កំណើត​នៅ​ភាគ​កណ្ដាល ​ប្រទេស​កម្ពុជា។នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ម្ដង​ៗ ពួកគាត់​ប្រញាប់​មក​ស្រុក​កំណើត តែ​មិន​បាន​ចំណាយ​ពេល​ច្រើន ដើម្បី​ជួប​ឪពុក​ម្ដាយ និង​បងប្អូន​សប្បាយ​រីករាយ​នោះ​ទេ គឺ​ត្រូវ​ប្រញាប់ប្រញាល់​ត្រឡប់​ទៅ​រក​ប្រាក់​នៅ​ជាយ​ដែន​ថៃ​វិញ។

រថយន្ត​ឈ្នួល​ប្រភេទ​សាំយ៉ុង ផ្ទុក​មនុស្ស​ជិត​៣០​នាក់ ដែល​ភាគ​ច្រើន​ជា​កម្មករ​ធ្វើ​ចម្ការ ចេញ​ដំណើរ​ពី​ច្រក​ឡែម នៃ​ព្រំដែន​ខ្មែរថៃ បាន​ឈប់​ដាក់​មនុស្ស​ចុះ​តាម​ខេត្ត​ជា​ច្រើន​នាក់ តាម​ផ្លូវ​ជា​ហូរហែ តាំង​ពោធិ៍សាត់ រហូត​ដល់​ខេត្ត​កំពត។ អ្នក​ដំណើរ​ទាំង​នោះ​បាន​បង្ហាញ​ពី​គម្រោង​ទៅ​ធ្វើ​បុណ្យ​ដាក់​បាត្រ និង​ជួប​ជុំ​ជាមួយ​បងប្អូន​នៅ​ស្រុក​កំណើត​ក្នុង​រយៈ​ពេល​ដ៏​ខ្លី នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ​ឆ្នាំ​២០១៥ នេះ។

កម្មករ​ធ្វើ​ចម្ការ​ដំឡូង​មី​នៅ​ស្រុក​សំពៅ​លូន ខេត្ត​បាត់​ដំបង​អ្នកស្រី ឌុច ចាន់ថន មាន​ប្រសាសន៍​ថា រូប​គាត់ និង​អ្នក​ភូមិ​ចំនួន​២០​នាក់​ទៀត​មាន​ស្រុក​កំណើត​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ បាន​ឈប់​ពី​ការងារ​ធ្វើ​ចម្ការ ហើយ​ជិះ​ឡាន​ឈ្នួល​មក​ស្រុក​បន្ត​បន្ទាប់​គ្នា​ចាប់​តាំង​ពី​១០ ខែ​មេសា មក។ អ្នកស្រី​ថា បី​ឆ្នាំ​ជាប់​ៗ​គ្នា នៃ​ពិធី​បុណ្យ​ឆ្នាំ​ខ្មែរ រូប​គាត់ និង​គ្រួសារ​មាន​ពេលវេលា​ជួបជុំ​គ្នា​តិចតួច ដោយ​អ្នកស្រី​ប្រញាប់​ត្រឡប់​ទៅ​ជាយ​ដែន​ធ្វើ​ចម្ការ​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​វិញ។ យ៉ាងណា​អ្នកស្រី​មិន​ភ្លេច​ស្រុក​កំណើត ឬ​ទៅ​វត្ត​ធ្វើ​បុណ្យទាន​ជាមួយ​គ្រួសារ​នោះ​ទេ៖ «ខ្ញុំ​ទៅ​សា​មុន​មក​ម្ដង​ៗ៥​ខែ​មក​ម្ដង​ទៅ​ដល់​ផ្ទះ​ម្ដង ឥឡូវ​ទៅ​ដាំ​ឡូង​វិញ​បាន​ជាង​១០​ថ្ងៃ ហើយ​ឥឡូវ​ខ្ញុំ​មក​ចូល​ឆ្នាំ។ នៅ​ចូល​ឆ្នាំ​ប្រហែល​ថ្ងៃ​ទី​២០ (ខែ​មេសា ឆ្នាំ​២០១៥) វិល​ត្រឡប់​ទៅ​វិញ។ ខ្ញុំ​ដាំ​គិត​ជា​រ៉ៃ​ឲ្យ​គេ ដាំ​របស់​ខ្លួន​បាន​៥​រ៉ៃ ហើយ​ដាំ​ស៊ីឈ្នួល​គេ​នៅ​លើ​ភ្នំ​មួយ​ថ្ងៃ​២​ម៉ឺន​រៀល នៅ​សាស្ដា ស្រុក​សំពៅ​លូន »

អ្នកស្រី​រំលឹក​ថា កូន​ប្រុស​អាយុ​ជាង​១០​ឆ្នាំ និង​រូប​អ្នកស្រី​ផ្ទាល់​ដែល​ពេល​នេះ​មាន​វ័យ​៤៩ ឆ្នាំ​ហើយ​នោះ បាន​ចាកចោល​ស្រុក​កំណើត ដើម្បី​ស៊ីឈ្នួល​រក​ប្រាក់​តាម​ចម្ការ​នៅ​ខេត្ត​ផ្សេង​ៗ រយៈ​ពេល​បី​ឆ្នាំ​ហើយ។ អ្នកស្រី​ត្អូញត្អែរ​ថា នៅ​ខេត្ត​ភាគ​កណ្ដាល នៃ​ប្រទេស​កម្ពុជា​លំបាក​រក​ប្រាក់ ដោយ​គាត់​រៀន​សូត្រ​បាន​តិច ហើយ​ម្យ៉ាង​គាត់​មាន​វ័យ​ចំណាស់ បើ​ចង់​ចូល​ធ្វើ​ការ​​​រោងចក្រ​ក៏​គេ​មិន​យក​ធ្វើ​ដែរ។

ចំណែក​កម្មករ​ម្នាក់​ទៀត​មាន​ស្រុក​កំណើត​នៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ លោក អ៊ុង ឈីម រៀបរាប់​ថា ជា​ច្រើន​ឆ្នាំ​ហើយ​ដែល​លោក និង​ប្រពន្ធ​ចេញ​ទៅ​ស៊ីឈ្នួល​ដាំ និង​គាស់​មើម​ដំឡូង​មី​នៅ​ខេត្ត​បាត់​ដំបង និង​ខេត្ត​បន្ទាយមានជ័យ ហើយ​ឆ្នាំ​ខ្លះ​ធ្លាក់​ទៅ​ស៊ីឈ្នួល​គេ​ដល់​ទឹក​ដី​ប្រទេស​ថៃ​ក៏​មាន។ លោក​ថា នៅ​ស្រុកកំណើត​គ្រួសារ​គាត់​មាន​ដី​ស្រែចម្ការ​គ្រប់គ្រាន់ ដើម្បី​បង្កបង្កើន​ផល​ស្រូវ ប៉ុន្តែ​លោក​សុខចិត្ត​ជួល​គេ​ធ្វើ ពីព្រោះ​នៅ​ពេល​ទូទាត់​ផល​ចំណេញ​ពី​ការ​ធ្វើ​ស្រែ និង​ធ្វើ​ជា​កម្មករ​នៅ​ជាយ​ដែន គឺ​ធ្វើ​ជា​កម្មករ​គេ​ចំណេញ​ជាង ត្បិត​វា​ហត់​នឿយ​កម្លាំង​ជាង​​បន្តិច៖ «នៅ​ខាង​ហ្នឹង(ជាយ​ដែន​ថៃ)​ស្រួល​ជាង​បង មាន​ការងារ​ធ្វើ ចំណែក​យើង​នេះ​ធ្វើ​តែ​ស្រែ​ហើយ​អត់​មាន​ការងារ​ធ្វើ។ ទៅ​ហ្នឹង​ដាំ​ដំឡូង កាប់​បញ្ចាំ​ដំឡូង បើ​ស៊ីឈ្នួល​ដឹក​ដើម​ដំឡូង​បាន​ៗ​ច្រើន។ ទៅ​ណោះ​ខ្ញុំ​ធ្វើ​នៅ​ក្នុង​ទឹក​ដី​ខ្មែរ ព្រោះ​ខ្ញុំ​អត់​សូវ​មាំទាំ​នឹង​គេ​ព្រោះ​ទៅ​ថៃ​ហត់​ដែរ ដើរ​ផង​អី​ផង»

លោក អ៊ុង ឈីម បញ្ជាក់​ថា លោក​ទើប​បើក​ប្រាក់​ឈ្នួល​បាន​៦០​ម៉ឺន​រៀល ហើយ​ប្រាក់​នេះ​សល់​ពី​ការ​ហូប​ចុក​តាម​ផ្លូវ និង​ជិះ​ឡាន លោក​នឹង​ផ្ដល់​ឲ្យ​កូន​មួយ​ចំនួន និង​ចាត់​ចែង​ធ្វើ​បុណ្យ​ទាន​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ។ លោក​បន្ថែម​ថា នៅ​រដូវ​វស្សា​ឆ្នាំ​នេះ​គ្រួសារ​លោក​នឹង​ចំណាយ​ប្រាក់​ដើម្បី​ជួល​គេ​ធ្វើ​ស្រែ​ទៀត ព្រោះ​លោក​ជាប់​រវល់​ស៊ី​ឈ្នួល​ធ្វើ​ស្មៅ​ចម្ការ​ និង​គាស់​ដំឡូង​គេ​នៅ​បាត់ដំបង។

នៅ​មុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ​ប្រមាណ​ប្រាំ​ថ្ងៃ មាន​កម្មករ​ទាំង​ក្រៅ និង​ក្នុង​ប្រទេស​បាន​សម្រាក​ពី​ការងារ​រៀង​ៗ​ខ្លួន ហើយ​ឆ្លៀត​ទៅ​លេង​ស្រុក​កំណើត​ធ្វើ​បុណ្យ​ទាន​យ៉ាង​ច្រើន​កុះករ។

តៃកុង​ឡាន​រត់​ឈ្នួល ពី​ច្រក​ទ្វារ​ព្រំដែន​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ទៅ​មក​ខេត្ត​កំពត លោក គន សុខា មាន​ប្រសាសន៍​ថា ក្នុង​រយៈ​ពេល​បី​ថ្ងៃ​មុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ឆ្នាំ​នេះ​កម្មករ នាំគ្នា​សម្រុក​ចេញ​ពី​ទឹក​ដី​ប្រទេស​ថៃ និង​ពី​តាម​ខេត្ត​មួយ​ចំនួន​ជាប់​ព្រំដែន​ថៃ​មក​លេង​ស្រុក​កំណើត។ លោក​ថា ឡាន​លោក​មួយ​គ្រឿង​ប្រភេទ​សាំយ៉ុង និង​ឡាន​អ្នកភូមិ​របស់​លោក​ចំនួន​២០​គ្រឿង​ផ្សេង​ទៀត​ បាន​ដឹក​កម្មករ​ពេញ​ៗ​ឡាន បី​បួន​ថ្ងៃ​ជាប់​គ្នា។ ចំណែក​តម្លៃ​ជិះ​វិញ​មនុស្ស​ម្នាក់​ចន្លោះ​ពី​៣​ម៉ឺន​៥​ពាន់​រៀល ទៅ​៤ម៉ឺន​រៀល ពី​ព្រំដែន ដល់​ខេត្ត​កំពង់​ស្ពឺ ឬ​ខេត្ត​កំពត ដែល​តម្លៃ​នេះ​ពុំ​មាន​ការ​ឡើង​ចុះ​ខុស​គ្នា​រវាង​ថ្ងៃ​ធម្មតា ឬ​ថ្ងៃ​បុណ្យ​នោះ​ទេ៖ «នៅ​អំឡុង​ពេល​ចូល​ឆ្នាំ​នេះ​រត់​ឡាន​បាន​ប៉ុន្មាន​ជើង​ដែរ? ក្នុង​១​ជើង​ដាក់​បាន​២២​នាក់​ទេ​អស់​ហើយ ព្រោះ​អីវ៉ាន់​ច្រើន​ពេក។ រវាង​រត់​ថ្ងៃ​ធម្មតា និង​ថ្ងៃ​ចូល​ឆ្នាំ​ខុស​គ្នា​យ៉ាង​ម៉េច? តម្លៃ​មនុស្ស​ជិះ​ដូច​គ្នា ប៉ុន្តែ​អ្នក​ជិះ​មាន​អីវ៉ាន់​ច្រើន​មក​ពី​ស្រុក​ថៃ(គិត​ថ្លៃ​អីវ៉ាន់​តិច​តាម​តិច​ច្រើន​តាម​ច្រើន»

ចំពោះ​បញ្ហា​សុវត្ថិភាព​របស់​ភ្ញៀវ​ដែល​ជិះ​ឡាន​របស់​លោក​វិញ គឺ​លោក​មិន​ដាក់​មនុស្ស​លើ​ដំបូល​ ហើយ​កង់ និង​ម៉ាស៊ីន​ឡាន​លោក​បាន​ពិនិត្យ​ជា​ប្រចាំ។ លោក​ថា ធ្វើ​បែប​នេះ គឺ​បញ្ចៀស​គ្រោះ​ថ្នាក់​ជា​យថាហេតុ ម្យ៉ាង​មិន​ព្រួយ​បារម្ភ​រឿង​ប៉ូលិស​ផាក​ពិន័យ​តាម​ផ្លូវ​ផង។ ប៉ុន្តែ​មាន​ឡាន​ខ្លះ​ដែល​រត់​ទៅ​មក​ដឹក​ភ្ញៀវ​ពី​ព្រំដែន​ដូច​គ្នា​បាន​ដាក់​មនុស្ស​លើ​ដំបូល​ផង និង​ត​កន្ទុយ​ឡាន​​ឲ្យ​មនុស្ស​ជិះ​ជា​ច្រើន​នាក់​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles