អ្នកទេសចរ​សម្រុក​ទៅលេង​ខេត្ត​រតនគិរី​នា​ថ្ងៃ​ចូល​ឆ្នាំ​មាន​ចំនួន​ច្រើន

ដោយ រដ្ឋា វិសាល
2015-04-15
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ទេសចរណ៍ រតនគិរី ៦២០
អ្នក​ទេសចរ​ទៅ​លេង​នៅ​រមណីយដ្ឋាន​បឹង​យក្ស​ឡោម ក្នុង​ក្រុង​បានលុង ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ RFA/Ratha Visal

អាជ្ញាធរ​ខេត្ត​រតនគិរី បាន​ដឹកនាំ បង្កើត​ព្រឹត្តិការណ៍​វប្បធម៌​មួយ​តាមរយៈ​ការសំដែង​សិល្បៈ​ប្រគំ​តន្ត្រី និង​តាំង​ពិព័រណ៍​វប្បធម៌​ជនជាតិ​ដើម​ភាគតិច ផ្សព្វផ្សាយ​បំផុស​ចលនា​ទាក់ទាញ អ្នកទេសចរ​នា​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ឆ្នាំនេះ។ ចំណែក​មន្ត្រី​ទេសចរណ៍​ខេត្ត​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ដំបូង​នៃ​បុណ្យ​ចូលឆ្នាំ​អ្នកទេសចរ​ច្រើន​បាន​មក​កម្សាន្ត​នៅ​ខេត្ត​ភាគ​ឦសាន​មួយ​នេះ។

ភ្ញៀវ​ទេសចរ​បាន កក់​បន្ទប់​ផ្ទះសំណាក់​ជាង​១​ពាន់​បន្ទប់​នៅ​គ្រប់​សណ្ឋាគារ និង​ផ្ទះសំណាក់​សម្រាប់​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី លោក ង៉ែតពិទូ ប៉ាន់ប្រមាណ​ថា​កំណើន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ក្នុង​ខេត្ត​នេះ នៅ​រដូវ​បុណ្យចូលឆ្នាំ នឹង​កើន​ជាង​ឆ្នាំ​កន្លងទៅ ក៏ប៉ុន្តែ​ការ​កម្សាន្ត​របស់​អ្នកទេសចរ​ឆ្នាំនេះ មាន​លក្ខណៈ​វិល​ជុំ មានន័យថា អ្នកទេសចរ​ធ្វើដំណើរ​កម្សាន្ត​រយៈពេល​ខ្លី​ហើយ​បន្ត​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ផ្សេងទៀត ក្នុង​ភាគ​ឦសាន​មាន​ខេត្ត​មណ្ឌលគិរី​ស្ទឹងត្រែង​ក្រចេះ​ជាដើម។លោក​កត់​សំគាល់​ថា សក្ដានុពល​អភិវឌ្ឍន៍​នា​ខេត្ត​ភាគ​ឦសាន ជាពិសេស​ផ្លូវ​គមនាគមន៍​បាន​ត​ភ្ជាប់​ពី​ខេត្ត​មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ក្រចេះ ឬ​ស្ទឹងត្រែង​ទៅ​ខេត្ត​ព្រះវិហារ​ជាដើម អំណោយ​ផល​សម្រាប់​ដំណើរ​ទេសចរណ៍​វិល​ជុំ។ «»

អាជ្ញាធរ​ខេត្ត​រតនគិរី​បាន​ចេញ​លិខិត​ណែនាំ​មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង​នគរបាល កងរាជអាវុធហត្ថ ឲ្យ​រៀបចំ​ធ្វើ​អនាម័យ​តាម​ដង​ផ្លូវ រៀបចំ​សួនច្បារ តាំង​លំអ​ភ្លើង​បំភ្លឺ​តាម​ផ្លូវ​សាធារណៈ​ដោត​ទង់ជាតិ នៅ​តាម​អគារ​រដ្ឋបាល​ក្នុង​ខេត្ត និង​តាម​លំនៅឋាន​ប្រជាពលរដ្ឋ​ជា​ពិសេស​រៀបចំ​លេងល្បែង​ប្រជាប្រិយ របាំ​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​នៅ​តាម​តំបន់​រមណីយដ្ឋាន​ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំ។

អ្នកនាំពាក្យ​សាលាខេត្ត​រតនគិរី លោក ម៉ឺង ស៊ីនាត ហៅ​ចំណាត់​ការ​របស់​អាជ្ញាធរ​ខេត្ត​ថា ជា​ជំ​ហ៊ាន​ឆ្ពោះ​ទៅ​កាន់​ភាព​អភិវឌ្ឍន៍ និង​ការ​ទាក់ទាញ​វិស័យ​ទេសចរណ៍។ លោក​បញ្ជាក់​ថា កងកម្លាំង​ប៉ូលិស​និង​កងរាជអាវុធហត្ថ​ត្រូវ​បាន​ចាត់​ឲ្យ​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​គោលដៅ​សំខាន់​ក្នុង​ខេត្ត​និង​តំបន់​ទេសចរណ៍។ «»

អាជ្ញាធរ​ក្រុង​បាន់​លុង​ឲ្យ​ដឹង​ថា​នា​ឆ្នាំ​២០១៤​នេះ សណ្ឋាគារ និង​ផ្ទះសំណាក់​បាន​កើន​ឡើង​រហូត​ជាង​១​ពាន់​បន្ទប់ ក្នុង​នោះ​សណ្ឋាគារ​មាន​១៤​កន្លែង និង​ផ្ទះសំណាក់​មាន​៣៥​កន្លែង។ ដោយឡែក​មាន​សណ្ឋាគារ​ខ្នាត​ទំនើប​ចំនួន​៥ និង​តំបន់​កម្សាន្ត​ទំនើប​មាន​អាង​ហែល​ទឹក​ចំនួន​៣ បាន​សាងសង់​រួច។

អ្នកទេសចរ​រស់​នៅ​ក្នុង​ខេត្ត​រតនគិរី លោក ង៉ែត សារុំ ចាប់អារម្មណ៍​ថា អាជ្ញាធរ​ខេត្ត​ចាត់​តាំង​រៀបចំ​សម្រាប់​បុណ្យចូលឆ្នាំ​មាន​សភាព​ប្លែក និង​ទាក់ទាញ​ច្រើន។ លោក​ថា តំបន់​ទឹកជ្រោះ​៧​ជាន់ ឬ​ទឹក​ជ្រោះ​អូរ​សៀន​ឡែ ឆ្នាំនេះ​មាន​អ្នកទេសចរ​ច្រើន​កុះករ។ «»

កាលពី​រដូវ​ចូល​ឆ្នាំ​ថ្មី​២០១៤ តួលេខ​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ឲ្យ​ដឹង​ថា ចំនួន​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​មក​កម្សាន្ត​ក្នុង​ខេត្ត​នេះ មាន​ចំនួន​ជាង​៤​ម៉ឺន​នាក់ រយៈពេល​បី​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles