ដោយ យន់ សាមៀន
2015-04-16
RFA

យុវជនសម្ដែងជាជនជាតិដើមភាគតិច ដេកលើលុយដុល្លារថតចម្លងដែលមានន័យថា រដ្ឋាភិបាលទទួលលុយពីប្រទេសអូស្ត្រាលី ជាថ្នូរទទួលជនភៀសខ្លួនមកកម្ពុជា នៅមុខស្ថានទូតអូស្ត្រាលី។ Photo: RFA
ជនភៀសខ្លួនដែលមានបំណងចង់ទៅរស់នៅប្រទេសអូស្ត្រាលី ដែលបច្ចុប្បន្នកំពុងស្នាក់នៅកោះណាវរូ (Nauru) នឹងត្រូវបញ្ជូនមករស់នៅកម្ពុជា ក្រោយពេលចូលឆ្នាំថ្មី។ រដ្ឋាភិបាលអូស្ត្រាលី អះអាងថា កម្ពុជា ជាប្រទេសមានសុវត្ថិភាព និងសិទ្ធិសេរីភាពគ្រប់គ្រាន់ ដែលអនុញ្ញាតឲ្យជនភៀសខ្លួនទាំងនោះអាចចាប់ផ្តើមជីវិតថ្មីបាន។
រដ្ឋាភិបាលប្រទេសអូស្ត្រាលី បានរៀបចំយន្តហោះពិសេសមួយ សម្រាប់ដឹកជញ្ជូនក្រុមជនភៀសខ្លួនលើកដំបូងពីកោះណាវរូ មកកម្ពុជា។ ក្រុមជនភៀសខ្លួននេះ នឹងអាចមកដល់កម្ពុជា យ៉ាងយូរបំផុតនៅថ្ងៃទី២០ មេសា ខាងមុខ ប៉ុន្តែនៅមិនទាន់មានព័ត៌មានពីចំនួនជនភៀសខ្លួនក្នុងក្រុមទីមួយនេះ ថាមានប៉ុន្មាននាក់នៅឡើយទេ។
សារព័ត៌មានអូស្ត្រាលី ឌឹ ហ្គាឌៀន (The Guardian) ផ្សាយកាលពីថ្ងៃទី១៥ មេសា ដោយដកស្រង់លិខិតមន្ត្រីអន្តោប្រវេសន៍អូស្ត្រាលី មួយថា ជនភៀសខ្លួនត្រូវត្រៀមខ្លួនទៅរស់នៅកម្ពុជា ដើម្បីចាប់ផ្តើមជីវិតថ្មីទៅថ្ងៃអនាគត។ លិខិតដដែលបញ្ជាក់ថា កម្ពុជា ក៏ជាប្រទេសមានសុវត្ថិភាព គ្មានការធ្វើទុក្ខបុកម្នេញ និងអំពើហិង្សា។ លិខិតនោះអះអាងទៀតថា កម្ពុជា ជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ ហើយសមត្ថកិច្ចកម្ពុជា អនុវត្តច្បាប់មានរបៀបរៀបរយ និងគ្មានឧក្រិដ្ឋកម្មហិង្សាទៀតផង។ រដ្ឋាភិបាលអូស្ត្រាលី ក៏អះអាងថា កូនៗរបស់ជនភៀសខ្លួនពេលទៅដល់កម្ពុជា នឹងមានឱកាសទៅសិក្សា ដោយមានការឧបត្ថម្ភជាថវិកា និងមានគណនីធនាគារទៀតផង។ អូស្ត្រាលី ក៏ប្រាប់ជនភៀសខ្លួនទៀតថា កម្ពុជា មានវិស័យសុខាភិបាលល្អប្រសើរ។ ពេទ្យនៅកម្ពុជា មានសមត្ថភាពព្យាបាលខ្មែរ និងបរទេសទៀតផង។
ជនភៀសខ្លួនដែលទទួលបានលិខិតនោះ បញ្ជាក់ប្រាប់កាសែតអូស្ត្រាលី ថា ពួកគេភាន់ច្រឡំអត្ថន័យក្នុងលិខិតនោះ។ ពួកគេថា សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ឲ្យបានច្បាស់លាស់ពីពាក្យថា ជួយឧបត្ថម្ភនៅឡើយទេ។ ពួកគេបន្ថែមទៀតថា កម្ពុជា មិនមែនជាប្រទេសអភិវឌ្ឍន៍នៅឡើយ ហើយប្រទេសនេះអាចមានគ្រោះថ្នាក់ច្រើនដល់ពួកគេ។ ជនភៀសខ្លួនទាំងនោះ នៅតែមិនចង់ទៅរស់នៅប្រទេសកម្ពុជា ដដែល។ ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ មានជនភៀសខ្លួនមួយគ្រួសារ បានស្ម័គ្រចិត្តចុះឈ្មោះមករស់នៅកម្ពុជា ហើយ។ ឈ្មោះរបស់ពួកគេ ត្រូវបានចុះក្នុងបញ្ជីឈ្មោះជិះយន្តហោះទៅកម្ពុជា។
លិខិតរបស់សមត្ថកិច្ចអូស្ត្រាលី បន្ថែមទៀតថា ជនភៀសខ្លួនពេលទៅដល់កម្ពុជា ភ្លាម នឹងស្នាក់នៅជំរំបណ្ដោះអាសន្នមួយនៅទីក្រុងភ្នំពេញ។ ជំរំនោះមានលក្ខណៈដូចជាផ្ទះសំណាក់ វីឡា ឬក៏ជារបៀបជាអគារស្នាក់នៅ ជាដើម។ បន្ទាប់ពីស្នាក់នៅរយៈពេល ៦សប្ដាហ៍រួចមក មន្ត្រីអន្តោប្រវេសន៍នឹងជួយពួកគេស្វែងរកទីកន្លែងស្នាក់នៅផ្សេងទៀត។ កន្លងមក រដ្ឋាភិបាលកម្ពុជា អះអាងថា ក្រោយពេលក្រុមជនភៀសខ្លួននោះមកដល់កម្ពុជា ហើយនោះ ពួកគេអាចមានសិទ្ធិស្វែងរកការងារ និងអាចស្វែងរកកន្លែងស្នាក់នៅបានគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។
សារព័ត៌មាន ឌឹ ហ្គាឌៀន ក៏បានដកស្រង់សម្ដីមន្ត្រីអន្តោប្រវេសន៍អូស្ត្រាលី ថា មន្ត្រីអន្តោប្រវេសន៍នឹងធ្វើដំណើរទៅកោះណាវរូ ដើម្បីពិនិត្យលទ្ធភាពដឹកជញ្ជូនជនភៀសខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ ប៉ុន្តែបដិសេធមិនផ្តល់ព័ត៌មានពិស្ដារ។
កន្លងមក អង្គការសិទ្ធិមនុស្សបានរិះគន់គម្រោងបញ្ជូនជនភៀសខ្លួនទៅកម្ពុជា ដោយសារតែប្រទេសនេះជាប្រទេសក្រីក្រនៅឡើយ មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួល និងជួយជនភៀសខ្លួនឡើយ។ ចំណែកស្ថានភាពសិទ្ធិមនុស្ស ក៏នៅមិនទាន់រីកចម្រើន ហើយប្រទេសនេះមិនទាន់ចាកផុតពីភាពក្រីក្រនៅឡើយ។ កម្ពុជា ជាកំពុងរងគ្រោះដោយសារអំពើពុករលួយដែរ។
ប្រធានផ្នែកអង្កេតសិទ្ធិមនុស្សនៃសមាគមអាដហុក (adhoc) លោក នី ចរិយា សម្ដែងការសោកស្ដាយដែលអូស្ត្រាលី និងកម្ពុជា កំពុងរួមគ្នារំលោភសិទ្ធិមនុស្សក្នុងការបញ្ជូនជនភៀសខ្លួនកម្ពុជា។ លោកបន្តថា ការអះអាងរបស់អូស្ត្រាលី ថា កម្ពុជា ជាប្រទេសមានសុវត្ថិភាព និងលទ្ធិប្រជាធិបតេយ្យជាការខុសស្រឡះ៖ «ប្រទេសអូស្ត្រាលី មិនត្រូវបញ្ជូនជនភៀសខ្លួនទាំងនោះមកកម្ពុជា ទេ ក្នុងឋានៈខ្លួនជាប្រទេសជឿនលឿនជាងប្រទេសកម្ពុជា ព្រោះថា ក្នុងកតិកាសញ្ញាឋានៈជនភៀសខ្លួន ប្រសិនបើជនភៀសខ្លួននោះចង់ទៅប្រទេសណាហើយ ប្រទេសនោះមិនអាចបែងចែកតាមចិត្តទេ»។
កាលពីឆ្នាំ២០១៤ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ផ្សាយរបាយការណ៍ដោយសម្ភាសជនភៀសខ្លួនដែលមករស់នៅកម្ពុជា តាំងពីឆ្នាំ២០០៩ ថា ពួកគេត្រូវរើសអើង និងមិនបានទទួលសេវាកម្មរដ្ឋាភិបាលខ្មែរស្មើភាពគ្នានឹងពលរដ្ឋខ្មែរទូទៅឡើយ ខ្វះការធានាសិទ្ធិសេរីភាពបញ្ចេញមតិ ខ្វះសេវាសុខាភិបាល និងអប់រំ ជាដើម។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ពាក់ព័ន្ធនឹងព័ត៌មានបញ្ជូនជនភៀសខ្លួនមកកម្ពុជា នៅឡើយទេ ប៉ុន្តែកន្លងមករដ្ឋាភិបាលអះអាងថា កម្ពុជា ព្រមទទួលជនភៀសខ្លួនក្នុងក្របខ័ណ្ឌស្ម័គ្រចិត្តតែប៉ុណ្ណោះ។
កាលពីខែមីនា ឆ្នាំ២០១៣ កម្ពុជា និងអូស្ត្រាលី បានចុះហត្ថលេខាទទួលយកជនភៀសខ្លួន ដែលត្រូវសមត្ថកិច្ចអូស្ត្រាលី ឃាត់ខ្លួនមករស់នៅកម្ពុជា ដើម្បីផ្លាស់ប្ដូរនឹងជំនួយអូស្ត្រាលី។ កម្ពុជា ទទួលបានប្រមាណ ៤០លានដុល្លារក្នុងការទទួលយកជនភៀសខ្លួននេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បក្សប្រឆាំងនិងអង្គការសិល្បៈខ្មែរអមតៈគ្រោងប្រារព្ធពិធីរំឭកខួបថ្ងៃទី១៧មេសា
- គ.ជ.បថ្មីនឹងជ្រើសរើសអគ្គលេខាធិការក្រោយចូលឆ្នាំ
- សង្គមស៊ីវិលនិងអ្នកវិភាគរិះគន់វប្បធម៌សន្ទនារបស់មេដឹកនាំបក្សជាប់ឆ្នោតទាំងពីរ
- អ្នកនយោបាយចង់ឲ្យប្រជាពលរដ្ឋគេចផុតពីការភ័យខ្លាចក្នុងឆ្នាំថ្មី
- បក្សសង្គ្រោះជាតិអះអាងថាមិនប្ដូរជំហរនិងគោលដៅក្នុងការចរចា
- នាយករដ្ឋមន្ត្រីនិងមេបក្សប្រឆាំងចូលរួមបើកពិធីអង្គរសង្ក្រាន្តនៅខេត្តសៀមរាប
- ប្រធានគ.ជ.បថ្មីលោក ស៊ិក ប៊ុនហុក សរសើរការងាររបស់គ.ជ.បចាស់
- តុលាការដោះលែងសកម្មជនបក្សសង្គ្រោះជាតិ៥នាក់និងព្រះសង្ឃ៣អង្គ
- អ្នកនយោបាយបង្ហាញមោទនភាពចំពោះវប្បធម៌សន្ទនានៅមុនពិធីបុណ្យចូលឆ្នាំថ្មី
ឲ្យតាំងទីលំនៅទួលក្រសាំងទៅព្រោះដីធំនិជិតសម្តេចស្រួលមើលការខុសត្រូវ។
yes you are right 100% easy for mr P-M look after’