ដោយ ខែ សុណង
2015-04-16
RFA

ក្រុមយុវជនក្មេងៗ នាំគ្នាប្រគំស្គរដៃ ហើយនាំគ្នាស្រែកច្រៀងចម្រៀងប្របកៃ និងនាំគ្នារាំកំសាន្តនៅមុខប្រាសាទអង្គរវត្ត។ RFA/Hang Savyouth
នៅក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្រុមហ៊ុនផលិតកម្មមួយចំនួនបានផលិតបទចម្រៀងថ្មីៗជាច្រើន ដែលជាបទប្រពៃណីខ្មែរ ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ប៉ុន្តែបទចម្រៀងមួយក្នុងចំណោមបទទាំងនោះ មានតែបទភិសវង់ទេដែលគេតែងឮតែនៅពេលបុណ្យចូលឆ្នាំតែប៉ុណ្ណោះ។
តើបទចម្រៀងភិសវង់នេះមានអត្ថន័យខ្លឹមសារបែបណា?
អ្នកស្រី ខែ សុណង សូមរៀបរាប់ជូននូវបទចម្រៀងភិសវង់ក្នុងពេលបុណ្យចូលឆ្នាំនេះដូចតទៅ៖
«ចម្រៀងភិសវង់»
ភិសវង់ គឺជាឃ្លាបន្ទរនៅក្នុងបទចម្រៀងដែលគេលើកយកមកច្រៀងសប្បាយ និងបន្ទរនារដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
«ចម្រៀងភិសវង់»
ពាក្យភិសវង់ ដែលគេតែងច្រៀងបន្ទរនេះ គឺគេបានឮជាច្រើនតាំងពីបរមបុរាណជាច្រើនជំនាន់មកហើយ ប៉ុន្តែពុំមានការចងក្រង ឬកត់ត្រាទុក ថាមានការតាក់តែងឡើងតាំងពីពេលណា ឆ្នាំណា ឬសម័យណានោះទេ។
អ្នកស្រាវជ្រាវមរតកវប្បធម៌អរិយធម៌ខ្មែរ អ្នកស្រី កែវ ណារុំ បានធ្វើការសន្និដ្ឋានថា ពាក្យភិសវង់ គឺមានន័យសម្រាប់ច្រៀងលាគ្នា នៅពេលពួកគេជួបជុំកម្សាន្តជាមួយគ្នាយ៉ាងអស់ចិត្តអស់ចង់។ អាចមានន័យមួយទៀតថា គួរឲ្យស្រឡាញ់ គួរឲ្យស្នេហា ប្អូន ឬបងភិសវង់។ គេច្រៀងសម្រាប់រដូវបុណ្យចូលឆ្នាំ៖ «ភិសវង់ៗនេះ គឺគេលេងឆ្អែតឆ្អន់ហើយគេឈប់សម្រាក គេលាគ្នា គេរាំជាហ្វូង»។
ស្រដៀងគ្នានេះដែរ ពាក្យនេះក៏មានបកស្រាយនៅក្នុងវចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត។ ពាក្យភិសវង់នេះ បានពន្យល់ថា គួរឲ្យចាប់ចិត្តស្រឡាញ់ គួរឲ្យស្នេហា បង ឬប្អូនភិសវង់ គួរឲ្យភិសវង់។
អ្នកស្រី កែវ ណារុំ បានអះអាងថា ពាក្យភិសវង់ចេញពីបទមួយ គឺបទប្របកៃ ដែលគេយកមកច្រៀងដោយបង្កប់អត្ថន័យជ្រាលជ្រៅ ដោយពោលផ្ដោះផ្ដង ចំអែចំអន់គ្នា៖ «វាចេញពីបទមួយប្របកៃ។ ប្របមានន័យថា អែបជិត ផ្គាប់ផ្គុន ហើយកៃនេះមានន័យថា គន្លឹះបានសេចក្ដីថា សម្រាប់លេងលែបខាយផ្ដោះផ្ដង។ សរុបសេចក្ដីមក បទនេះន័យថា ឆ្កឹះឲ្យធ្លាយសំណើច»។
បើនិយាយអំពីភាពពេញនិយមវិញ អ្នកស្រី កែវ ណារុំ បានបញ្ជាក់ទៀតថា ថ្វីត្បិតតែពាក្យនេះជាពាក្យពីរោះពិសា ភិសវង់ឮ ឬមានប្រជាប្រិយភាពតែពេលរដូវបុណ្យចូលថ្មីប៉ុណ្ណោះ ពុំមានអ្នកប្រាជ្ញ ឬកវីនិពន្ធណាយកមកប្រើច្រើននោះទេ។ ពាក្យនេះ បានបង្កប់ទៅដល់អត្ថន័យស្រឡាញ់រាប់អាន និងស្នេហានៅពេលជួបជុំកំលោះក្រមុំ។ ក្នុងគ្រាដែលកំលោះក្រមុំពីទីជិតឆ្ងាយទៅជួបជុំគ្នាលេងល្បែងល្បាំប្រជាប្រិយ ឬរាំកម្សាន្តជាដើមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនោះ៖ «ខ្មែរយើងមានទំនៀមទម្លាប់តឹងតែងណាស់ចំពោះស្រី និងប្រុសក្រមុំកំលោះ ប៉ុន្តែមានលក្ខណៈមួយលោកបើកឱកាសក្នុងពេលចូលឆ្នាំ។ អាចចេញទៅលេងជួបប្រុសស្រីអីបាន ដើម្បីបង្កលក្ខណៈឲ្យគេមើលគ្នាឃើញ»។
«ចម្រៀងភិសវង់»
ពាក្យភិសវង់ គឺជាពាក្យទំយើបង្កប់អត្ថន័យសរសើរឲ្យមានភាពសប្បាយរីករាយ នៅក្នុងពិភពនៃបទចម្រៀងប្រជាប្រិយខ្មែរ។ ពាក្យនេះដែរ ក្រៅអំពីគេស្ដាប់ឮនៅក្នុងបទចម្រៀងរបស់កវីនិពន្ធជំនាន់ដើម ដែលបានបន្សល់ទុកជាមរតកច្រើនជំនាន់មកហើយនោះ គេពុំសូវមានឃើញកវីនិពន្ធជំនាន់ក្រោយៗ យកពាក្យភិសវង់នេះមកប្រើក្នុងទំនុកបទចម្រៀងផ្សេងៗទៀតនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ទំនៀមទម្លាប់នៃពិធីស្រង់ព្រះនៅតាមទីអារាមមួយចំនួនក្នុងរាជធានីភ្នំពេញ
- រយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីក្នុងខេត្តស្វាយរៀង
- ពលរដ្ឋខ្មែរនៅឯនាយសមុទ្រជូនពរឆ្នាំថ្មីដល់ពលរដ្ឋខ្មែរនៅប្រទេសកម្ពុជា
- តើរឿងកបិលមហាព្រហ្មនិងធម្មបាលកុមារបង្កប់នូវខ្លឹមសារអ្វីខ្លះដល់សង្គមមនុស្ស?
- សម្ភាសលោកសាស្ត្រាចារ្យ សួន ឱសថ អំពីអត្ថន័យនៃថ្ងៃចូលឆ្នាំទាំងបី
- យុវជនខេត្តស្វាយរៀងភាគច្រើនមិនចាប់អារម្មណ៍លេងល្បែងប្រជាប្រិយ
- ក្រុមរបាំត្រុដិកុមារកំព្រាប្ដេជ្ញារក្សាទម្រង់របាំនេះឲ្យគង់វង្ស
- សកម្មភាពទូទៅក្នុងក្រុងភ្នំពេញថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំ
- កសិករបន់ស្រន់ឲ្យឆ្នាំថ្មីមានទឹកភ្លៀងច្រើន
យើងសុំគាំទ្រនូវចំណាប់អារម្មណ៍របស់អត្ថបទនេះ។
ចម្រៀងបទភិសវង់ ដែលជាកេរ្ត៍ដំណែលខ្មែរ គេតែលេង គេតែងច្រៀងក្នុងពេលបុណ្យចូលឆ្នាំ ខ្មែរ ជាមួយបទចម្រៀងចោលឈូង និង ចម្រៀងជាច្រៀងក្នុងរបាំត្រុត សុទ្ធជាបតិក័ណ្ឌអរូបីយ ដែលខ្មែរត្រូវខិតខំថែរក្សាកុំឲ្យបាត់ពីវប្បធម៌ជាតិយើង ឲ្យសោះុ។
ប្រយ័ត្នកេរ្ត៍ដណែលនេះ ត្រវបានថៃគេយកទៅធ្វើជាកេរ្ត៍របស់គេ ។
យើងឃើក្នុងការផ្សាយពាណិជ្ជកម្មទរទស្សន៍ ពីវ៉ុល ចូលឆ្នាំ របស់ផលិតកម្មមួយចនួន គឺយើងមិនបានឮ ចម្រៀងទាំនេះ ទេ។ តែផ្ទុយទៅវិញ ទៅជាឃើញ ចម្រៀងឆ្កួតឡប់ របស់នាង ពេជ្រសោភា ទៅវិញ ក្រៅពីនោះ វាបែរទៅជាយកចម្រៀង និងចង្វាករាំវង់ថស មកធ្វើជាសិល្បៈខ្មែរ ទៅវិញ។ បើមិនអញ្ចឹងទេ គឺគេខ ធ្វើស្លេងឲយរណ្តឺនបែបថៃ ទៅទៀត។
យើងមិនអភិរក្សហួសហេតុទេ ។ តែសុំមើលឲ្យច្បាស់រវាងចិន កូរ៉េ និង ជប៉ុន ដែលមានមុខមាត់ប្រហែលគ្នា តែបើគេថតកុនបុរាណ គឺគេបានបង្ហាញច្បាស់ពីលក្ខណៈដើមរបស់គេ ឲ្យយើងស្គាល់ថា ណាមួយជាកូរ៉េ ណាមួយជាចិន។ គឺមិនច្រឡំទេ។ គេការពាអត្តសញ្ញាណនៃជាតិរបស់យ៉ាងច្បាប់។
សូមសរសើរសហភាពសហព័ន្ធយុវជន ក្នុងការរៀបចំកម្មវិធីតន្ត្រីចម្រុះជាតិសាសន៍ដែលមាន ១៦ ប្រទេស ចូលរួម រួមទាំងកម្ពុជា ផង។ ល្អណាស់ ដែលយើងបានបង្ហាញអត្តសញ្ញាណជាតិដ៏ល្អ មិនច្រឡំនឹងគេ ហើយក៏សំដែងបានល្អ ទទួលបានការគាំទ្រ និងការទះដៃកងរំពង។
ល្អណាស់ ការរៀបចំនេះ ! ទន្ទឹមនឹងបរិកាសដែលអ្នកនយោបាយយើងបានបង្កើតនូវបរិយាកាសដ៏ល្អក្នុងសន្តិភាពឲ្យប្រជាជនរសនៅ ហើយយើងបានរៀបចំកម្មវិធីសាមគ្គីចម្រុះជាតិសាសន៍ ប្រទេសក្នុងតំបន់ផង និង ក្រៅតំបន់ផង ឲ្យមកសប្បាយរួមគ្នា ចែករំលែកវប្បធម៌ និងចែករំលែកការយោគយល់ ការរាប់អានគ្នារវាងជាតិមួយនឹងមួយ យ៉ាងល្អ។ កម្ពុជាបានបង្ហាញខ្លួនជាស្នូលនៃសន្តិភាពក្នុងតំបន់ និងលើពិភពលោក តាមរយៈការប្រកាន់នូវទស្សនៈ « វប្បធម៌សន្ទនា» គឺល្អណាស់។
ពុំមានប្រទេសណា កំពុងដើរលើផ្លូវនេះ ទេ គឺមានតែកម្ពុជា!
សូមអបអរ ជាមួយនឹងការខិតខំរបស់អ្នកនយោបាយកម្ពុជា ៕