Mon, 25 May 2015
ហុង រស្មី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ចំពោះក្រុមជួរមុខមានអ្នកលេងគុនខ្មែរមុខខ្មៅ មនុស្សព្រៃជិះសេះ តាឥសីជិះសេះ ស្នំមុខព្រាយ យមរាជព្រមទាំងអ្នកជិះកង់លក់ម៉ាំមុខខ្មោច និងតួអង្គជាច្រើនទៀតផ្ដើមយាត្រាស្រែកកោកកាកអមដោយរទេះគោដឹកផលានុផលប្រជាកសិករ ដង្ហែតាមដងផ្លូវឆ្ពោះទៅកាន់ទីឋានស័ក្ដិសិទ្ធិនៃអាស្រមលោកតា កាហ៊េ ឬព្រីងក្អែក ជាមេព័ទ្ធផ្លូវងងឹត។
ទំនៀមទម្លាប់ដង្ហែលោកតា ព្រីងក្អែក ត្រូវបានប្រារឰឡើងរៀងរាល់ថ្ងៃទី ៤ និងទី ៥កើត ខែជេស្ឋដើម្បីបួងសួងសុំសេចក្ដីសុខ និងទឹកភ្លៀងសម្រាប់បង្កបង្កើនផលរបស់ប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចម្ងាយប្រមាណ ២ គីឡូម៉ែត្រពីច្រកចូលវត្ដប្រាសាទ។
ជាមួយនឹងប្រពៃណីដូនតាពីបរមបុរាណគួរឲ្យចាប់អារម្មណ៍អ្នកដំណើរតាមដងផ្លូវ អ្នកលក់ដូរក្នុងផ្សារ និងសិស្សានុសិស្ស នាំគ្នាទាញយកទូរស័ព្ទមកថតផ្ដិតយករូបភាពកម្រនេះ ខណៈនារីៗវ័យក្មេងខ្លះស្រែកភ័យញ័រខ្លួនចំប្រប់នូវការបន្លាចរបស់តួអង្គយមរាជ។
ជូនពរដល់អ្នកចូលបច្ច័យបណ្ដើរ និងផ្ដល់បទសម្ភាសបណ្ដើរ លោកតាអាចារ្យ សុខ អាយុ ៧៣ ឆ្នាំ ជាចាស់ទុំ និងអ្នករៀបចំពិធីហែលោកតា ព្រីងក្អែក ម្នាក់ រៀបរាប់អំពីប្រវត្ដិត្រួសៗថា៖ «អ្នកខ្លះនិយាយថា បុណ្យនេះត្រូវបានធ្វើឡើងតាំងពីសម័យលោកតាកាហ៊េ ឬបក្សីចាំក្រុងមកម្ល៉េះ តែយើងគ្មានឯកសារបញ្ជាក់ទេ»។
លោកតា ឲ្យដឹងថា៖ «យើងប្រារឰក្នុងគោលបំណងបួងសួងសុំទឹកភ្លៀងនៅពេលបិទវគ្គរដូវប្រាំង និងដើមរដូវវស្សា។ ប្រជាពលរដ្ឋក្នុងសហគមន៍មានជំនឿយ៉ាងខ្លាំងចំពោះបរមីលោកតាព្រីងក្អែកនេះ ពីព្រោះយើងសុខសប្បាយជានិច្ច»។
ចាស់ព្រឹទ្ធាចារ្យរូបនេះ បានបន្ថែមថា ប៉ុន្ដែឥឡូវនេះ មានការប្រែប្រួលខ្លះ ដោយសារក្នុងសហគមន៍នេះលែងសម្បូរសត្វសេះ និងគោ ជំនួសដោយគ្រឿងចក្រ គ្រឿងយន្ដដែលនាំឲ្យបាត់ការកម្សាន្ដមួយផ្នែក។
ឆ្លើយនឹងសំណួរថា តើការតុបតែងខ្លួនប្លែកៗនោះមានគោលបំណងអ្វី លោកតាប្រាប់ថា សំខាន់គ្រាន់តែចង់បង្កើតការសប្បាយរីករាយ ដោយសារលោកតាព្រីងក្អែកត្រូវការ។
ដោយបានចូលរួមកម្មវិធីតាំងពីកុមារភាព តួអង្គអ្នកលេងគុនខ្មែរ លោក អឿន គីមអេង អាយុ ៣១ ឆ្នាំ និងស្រីស្នំ លោក កក្កដា អាយុ ២៨ ឆ្នាំ បានរៀបរាប់ស្រដៀងគ្នាថា ពួកគេមិនភ្លេចមកចូលរួមបុណ្យដូនតានេះទេ ហើយរមែងតុបតែងខ្លួនជាតួអង្គប្លែកៗរៀងរាល់ឆ្នាំ។
ពាក់ព័ន្ធនឹងភាពល្បីរន្ទឺនៃទំនាក់ទំនងរវាងពិធីបុណ្យហែលោកតាព្រីងក្អែកទៅនឹងល្បែងស៊ីសងអ៊ឹកធឹក លោកតាជាគណកម្មការរៀបចំពិធីដែលមិនចង់បញ្ចេញឈ្មោះ បានឲ្យដឹងថា៖ «តាំងពីដូនតារៀងមក ក្រុមអ្នកលេងល្បែងស៊ីសង ដូចជា បៀ អាប៉ោង និងបាល់ទះជាដើមបានខំស្កាត់មកជួបគ្នាស្ទើរទូទាំងប្រទេសរយៈពេល ១៥ ថ្ងៃមុនពិធីចាប់ផ្ដើម។ ប៉ុន្ដែកាលពី ៤ ឬ ៥ ឆ្នាំមុន សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបិទល្បែងទាំងអស់ ទើបឥឡូវនេះ ពិធីហែលោកតាគ្មានការលេងល្បែងស៊ីសងទៀតឡើយ។ បើមាន ពួកគេគ្រាន់តែលេងលួចលាក់តិចតួចប៉ុណ្ណោះ»។
ទោះយ៉ាងណា ទិដ្ឋភាពជាក់ស្ដែងមិនតិចជាង ២០ រោងទេ ជាទីកន្លែងលេងល្បែងស៊ីសងទាំងអស់ ហើយពួកគេលេងទាំងបើកចំហទៀតផង។
មហាជនសម្ដែងការងឿងឆ្ងល់ថា នេះអាចជាមូលហេតុដែលពិធីបុណ្យភូមិមួយនេះត្រូវការកងទាហានស្ថិតក្នុងឈុតប៉ារ៉ា ស្ពាយអាវុធវែងសឹងគ្រប់ដៃ មកយាមកាម និងថែរក្សាសន្ដិសុខហើយមើលទៅ។
ទោះយ៉ាងណា ថ្លែងពីអនាគតនៃពិធីបុណ្យដង្ហែលោកតា ព្រីងក្អែក លោកតា សុខ បានបង្ហាញក្ដីបារម្ភថា៖ «ពិធីបុណ្យហែលោកតាព្រីងក្អែកនេះមិនដឹងជាអាចបន្ដដល់ពេលណាទៀតនោះទេ ដោយសារដីស្រែមួយចំនួនដែលធ្លាប់ជាទីកន្លែងរៀបចំពិធីយ៉ាងធំដុំ កាន់តែរួមតូចទៅៗដែលមានឈ្មួញគេចុះមកទិញជាបណ្ដើរៗ»៕