​ក្រសួង​ពាក់ព័ន្ធ​ថា​មិន​ទាន់​បាន​លិខិត​លោក ផៃ ស៊ីផា​ន ដែល​ស្នើឲ្យ​ចាត់ការ​អ្នកលេង​ហ្វេស​ប៊ុក​​

ដោយ៖​ ឡាយ សា​មាន​ | ថ្ងៃចន្ទ ទី25 ឧសភា 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​ក្រសួង​ពាក់ព័ន្ធ​ចំនួន​ពីរ នៅ​ថ្ងៃ​ចន្ទ​នេះ​បញ្ជាក់ថា មិនទាន់​បាន​ទទួល​លិខិត​របស់​លោក ផៃ ស៊ីផា​ន ដែល​ស្នើឲ្យ​ចាត់វិធានការ​តាម​ផ្លូវច្បាប់ និង​ផ្លូវ​បច្ចេកទេស​លើ​អ្នកលេង​ហ្វេ​ស​ប៊ុក​មួយចំនួន​ដែល​លោក​ចាត់ទុកថា បរិហារកេរ្តិ៍​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ។​

លិខិត​របស់​លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី កាល​ថ្ងៃទី ២១ ខែ​ឧសភា ឆ្នាំ​២០១៥ បាន​ផ្ញើ​ទៅ​កាន់​ក្រសួង​ក្រសួងមហាផ្ទៃ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បីឲ្យ​ចាត់វិធានការ​តាម​ផ្លូវច្បាប់ និង​ផ្លូវ​បច្ចេកទេស​លើ​អ្នកលេង​ហ្វេ​ស​ប៊ុក​មួយចំនួន ដែល​លោក​ហៅថា​ជា «​ជន​អគតិ និង​អសីលធម៌​» ករណី​ប្រមាថ និង​វាយប្រហារ​បរិហារកេរ្តិ៍​ទៅ​លើ​មន្ត្រីរាជការ និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ។​

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័​គ្រ ប្រាប់ VOD ថា មកដល់​ព្រឹក​ថ្ងៃទី​២៥ ខែ​ឧសភា​នេះ លោក​មិន​ទាន់​ទទួល​លិខិត​នោះទេ ។ តែ​នៅ​ពេល​អ្នកសារព័ត៌មាន VOD សួរថា បើ​ទទួលបាន​លិខិត តើ​ក្រសួង​នឹង​ចាត់​ធាន​ការ​បែបណា អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់ថា លោក​មិនមែន​ជា​អ្នក​សម្រេច​នោះ​ទេ ។ លោក​ថា «​ពូ​មិនមែន​សម្រេច​ឯណា​ក្មួយ អ្នកនាំពាក្យ មិនមែន​អ្នក​សម្រេច អរគុណ​!» ។​

ចំណែក​អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​លោក មាស ប៉ូ ប្រាប់ VOD យ៉ាងខ្លី​ថា លោក​មិន​ទាន់​ទទួល​បាន​លិខិត​នោះទេ ខណៈ​លោក​អះអាង​ថា​កុំ​ពុង​ជាប់​ប្រជុំ ។​

​ករណីនេះ អ្នកវិភាគ​ព្រឹត្តការណ៍​សង្គម​លោក អ៊ូ វីរៈ យល់ថា លោក​ទទួលស្គាល់​ថា​អ្នកលេង​ហ្វេ​ស​ប៊ុក​មួយចំនួន ពិតជា​បាន​បញ្ចេញមតិ​ហួស​ព្រំដែន​កំណត់​ពិតមែន ។ តែ​លោក​ថា ប្រសិនបើ​រដ្ឋាភិបាល​ចាត់វិធានការ​លើ​បញ្ហា​នេះ គួរ​អនុវត្ត​លើ​គ្រប់​បុគ្គល​ទាំងអស់ មិនមែន​ធ្វើ​ឡើង​ចំពោះ​តែ​អ្នក​រិះគន់​មន្ត្រី​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ពោល​ការពារ​គ្រប់​បុគ្គល​ស្មើៗ​គ្នា​ដែល​រង​ការជេប្រមាថ ។ លោក​ថា «​ប៉ុន្តែ​ទោះ​បី​យ៉ាង​ម៉េច​ក៏ដោយ ខ្ញុំ​ទទួលស្គាល់ថា មាន​កម្រិត​ក្នុង​សេរីភាព​បញ្ចេញមតិ​ហ្នឹង គួរតែ​មាន​កម្រិត​ផងដែរ ហើយ​បើ​មាន​បុគ្គល​មួយចំនួន​គាត់​ប្រើ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​គាត់​លើស​កម្រិត​ហ្នឹង គួរ​ទទួល​ទោស​ដូច​គ្នា ។ កន្លែង​ហ្នឹង​មួយ​តាម​ពិត​គួរ​ទទួលទោស​ខ្លះ​ដែរ ហើយ​ខ្ញុំ​សូម​ស្វាគមន៍​បើសិន​មាន​ការស៊ើបអង្កេត​ពិត​ប្រាកដ ដើម្បី​ឆន្ទៈ​ក្នុង​ការការពារ​កិត្តិយស​បុគ្គល មិនមែន​ត្រឹមតែ​រដ្ឋាភិបាល ឬ​ប្រមុខរដ្ឋ ត្រូវការពារ​បុគ្គល​គ្រប់ៗ​រូប​ស្មើ​សិទ្ធិ​គ្នា ខ្ញុំ​ស្វាគមន៍​» ។​

​បែប​នេះ​ក្តី​លោក អ៊ូ វីរៈ បន្ថែមថា ជា​ទូទៅ​ក្នុង​ពិភពលោក គេ​ឲ្យ​សិទ្ធិសេរីភាព​បញ្ចេញម​តិ​ធំ​ជាង​កិត្តិយស​ឯកជន ។ តែ​បើ​តាម​អ្នកវិភាគ​រូបនេះ រាល់​ការបញ្ចេញមតិ​លក្ខណៈ​បែប​រិះគន់​ទូទៅ និង​រិះគន់​បែប​ស្ថាបនា​ពួកគេ​មិន​ត្រូវ​បាន​ដាក់ទោស​នោះទេ ទាល់តែ​បុគ្គល​នោះ​រិះគន់​បែប​ជេ​ប្រមាថ និង​ពាក្យ​អសុរោះ ។ 

VOD មិនអាច​សុំ​ការ​អត្ថា​ធី​ប្បាយ​បន្ថែម​ពី​លោក ផៃ ស៊ីផា​ន ជា​ម្ចាស់​លិខិត​នោះ​បាន​នៅឡើយ​ទេ ដោយ​ទូរ​សព្ទ​ចូល​គ្មាន​អ្នកទទួល ។ ប៉ុន្តែ​លិខិត​របស់​លោក​បាន​លើកឡើង​ថា​ក្នុង​រយៈពេល​ថ្មីៗ​នេះ លោក​បាន​សង្កេត​ឃើញ​ជ​ន​មួយចំនួន​ប្រើប្រាស់​ប្រព័ន្ធ​សង្គម ដោយ​ប្រើ​ពាក្យ​អសុរោះ ប្រមាថ​មាក់ងាយ បំផ្លើស​(​អក្សរ និង​រូបភាព​) និង​វាយ​បរិហារកេរ្តិ៍​ដល់​មន្ត្រីរាជការ​ដែល​ជា​ថ្នាក់ដឹកនាំ​មួយចំនួន ។ លោក​បន្ត​ថា​ពាក្យ​ទាំងនោះ​មាន​ចែង​នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​កម្ពុជា និង​មាន​ទម្ងន់​ទោស​ជា​ធរមាន​ស្រាប់ ៕ 

សូម​សរសេរ​មក​លោក ឡាយ សា​មាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles