ដោយ៖ ម៉ី រ៉ាឌី និងឃុន ណៃហៀក | ថ្ងៃចន្ទ ទី25 ឧសភា 2015
http://vodhotnews.com
ជ្រលងអារ៉ែង គឺជាកន្លែងដ៏ស្រស់ស្អាតមួយ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកោះកុង នៅភាគនិរតីនៃប្រទេសកម្ពុជា។ មានប្រភេទសត្វព្រៃ ដ៏កម្រ ហើយព្រៃឈើ ដ៏ស្រស់ត្រកាលចុងក្រោយនៅក្នុងប្រទេសកម្ពុជា ហើយវាជា កន្លែងដែលជនជាតិដើមភាគតិចជងកំពុងតែរស់នៅក្នុងភាពសុខដុមជាមួយបរិស្ថានជុំវិញខ្លួនរបស់គេ នៅក្នុងជ្រលងភ្នំនេះ។ ជាពិសេស តំបន់នេះជាព្រលឹងនៃព្រៃឈើចុងក្រោយ និងជាជម្រកសម្រាប់សត្វព្រៃដ៏កម្រមួយចំនួនដូចជា សត្វក្រពើភ្នំ ត្រីនាគ ដំរីធំៗ និងជនជាតិដើមភាគតិចជងប្រមាណ ១៥០០នាក់ ដែលរស់នៅទីនោះតាំពីយូរយារណាស់មកហើយ។
ពីមួយថ្ងៃទៅមួយថ្ងៃ មានមនុស្សម្នាជាច្រើនចាប់ផ្តើមយកចិត្តទុកដាក់ និងស្គាល់តំបន់មួយនេះ ចាប់តាំងពីមានការរវាងក្រុមហ៊ុន Sinohydro និងប្រជាជននៅក្នុងតំបន់នោះ អំពីរឿងការសាងសង់ទំនប់វារីអគ្គិសនីបានក្នុងអំឡុងពេលពីរឆ្នាំចុងក្រោយនេះ ត្រូវបានផ្សព្វផ្សាយតាមរយ:ប្រព័ន្ធសង្គមហ្វេសប៊ុកយ៉ាងផុសផុល ក៏ដូចជាមានការចូលរួមពីអង្គការសង្គមស៊ីវិលផងដែរ។ ក្នុងការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់នោះ ប្រជាពលរដ្ឋអាចនឹងត្រូវបណ្តេញចេញពីលំនៅដ្ឋាន និងដីស្រែចម្ការរបស់ពួកគេទៅ ដោយមិនមានការពិគ្រោះយោបល់ពីប្រជាពលរដ្ឋក្នុងការស្វែងរកសំណងណាមួយឲ្យបានសមស្រប។
កាលពីថ្ងៃទី ១៣ ១៤ និង១៥ ខែឧសភា ឆ្នាំ២០១៥ ក្រុមយុវជនសន្តិភាពនៃវិទ្យាស្ថានសន្តិភាពកម្ពុជាបានចុះទៅផ្ទាល់ដើម្បីជួប និងសួរនាំពីបញ្ហា និងក្តីកង្វល់របស់ប្រជាជននៅទីនោះ ក៏ដូចជាទេសភាពដ៏ស្រស់ស្អាតផងដែរ។ មានបងប្រុសម្នាក់សូមមិនបញ្ចេញឈ្មោះ បាននិយាយថា“អាជ្ញាធរមិនមានអើពើជាមួយសុខទុក្ខរបស់ពួកយើង ពីព្រោះមានតែពួកយើងទេដែររួមគ្នាទប់ស្កាត់ចិនមកសាងសង់ទំនប់ ខណ:ពេលដែលអាជ្ញាធរជួយចិនមកប្រឆាំងនឹងយើង”។ រហូតមកដល់បច្ចុប្បន្ននេះ ប្រជាជននៅទីនោះកំពុងជួបនៅកង្វះខាតនៅហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀនជាដើម។
ទោះបីជាប្រជាពលរដ្ឋជួបបញ្ហាយ៉ាងនេះក្តី ពួកគាត់អាចរករស់នៅបានយ៉ាងសុខសាន្តតាមរយ:ការធ្វើស្រែ និងដាំដំណាំតាមបែបវិលជុំ បរបាញ់សត្វ និងនេសាទជាដើម។ កាន់តែពិសេសជាងនេះទៅទៀតនោះប្រជាជនអាចរកចំណូលបានពីភ្ញៀវទេសចរណ៍ដែលចូលទៅទស្សនានៅទីនោះ តាមរយ:ការផ្តល់សេវាកម្ម ម៉ូតូឌុប ចុងភៅ ផ្ទះស្នាក់ និងអ្នកមគ្គុទេស។ ពីប្រជាពលរដ្ឋមួយក្រុមរស់នៅទីនោះបានឲ្យដឹងថា ទីនោះមិនមែនមានត្រឹមតែសត្វកម្រនោះទេ តែមានតំបន់ពិសេសៗមួយចំនួនទៀតដូចជា ឆាយពៅ៩ ភ្នំម្រេចកង្កែប ឆាយ៉ូ ឆាយតាប៉ាង វាលស្រែខួច ក្នុងក្រពើ និងដងស្ទឹងអារ៉ែង ដែលអាចឲ្យភ្ញៀវទេសចរណ៍ចូលទស្សនាបានដោយសប្បាយរីករាយពីទេសភាពធម្មជាតិពិតៗពីតំបន់នេះ។

ផ្ទះប្រជាពលរដ្ឋនៅតំបន់អារ៉ែង (រូបភាពដោយឃុន ណៃហៀក)
អានអត្ថបទ…
តាមរយ:ការរីកចម្រើននៃសក្តានុពលអេកូទេសចរណ៏នៃតំបន់នេះពីមួយថ្ងៃទៅមួយថ្ងៃ ពួកយើងមើលឃើញថា ប្រជាពលរដ្ឋភាគច្រើនចាប់ផ្តើមស្គាល់កាន់តែច្បាស់ពី សម្រស់ធម្មជាតិ ក៏ដូចជាកេរ្តិ៍ដំណែលរបស់ដូនតាដែលបន្សល់ទុកនៅទីនោះ ហើយបញ្ហាគម្រោងនៃការសាងសង់ទំនប់វារីអគ្គិសនីក៏មានការថមថយមួយកម្រិតដែរ ហើយថែមទាំងអាចផ្តល់ចំណូលឲ្យប្រជាពលរដ្ឋនៅតំបន់នោះ ដើម្បីអភិវឌ្ឍសហគមន៍ពួកគាត់ផងដែរ។ តាមរយ:ទំនោរមួយនេះយើងឃើញថាការបញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនី ហើយងាកទៅរកការអភិវឌ្ឍអេកូទេសចរណ៍ធម្មជាតិវិញ គឺជាជម្រើសដ៏ល្អបំផុត ដើម្បីជួយដល់សហគមន៍ ជនជាតិដើមភាគតិចជង អភិរក្សព្រៃឈើរបស់យើងនិង សត្វព្រៃដ៏កម្រ ក៏ដូចជាថែរក្សាបរិស្ថានរបស់យើង ដើម្បីធានាសុខុមាលភាពរបស់មនុស្សជំនាន់ក្រោយ និងភាពសុខដុមរមនារបស់ពួកគេ។
ជាចុងក្រោយក្នុងនាមពួកខ្ញុំជាយុវជនសន្តិភាពម្នាក់នៃអង្គការវិទ្យាស្ថានសន្តិភាពនៃកម្ពុជា សូមសំណូមពរឲ្យក្រសួងពាក់ពន្ធនានា និងថ្នាក់ដឹកនាំ លុបគម្រោងសាងសង់វារីអគ្គិសនីនៅតំបន់អារ៉ែង ហើយប្តូរមកជាអភិវឌ្ឍអេកូទេសចរណ៍វិញ៕
ដោយ ម៉ី រ៉ាឌី និងឃុន ណៃហៀក
សរសេរមកកាន់ ឃុន ណៃហៀក តាមរយៈnayheak.khun@gmail.com

នាយករដ្ឋមន្ត្រីគួរតែ ស្តាប់ ពិចារណា និងយកយោបល់រាស្រ្ត អង្ការក្រៅរដ្ឋាភិបាល ធ្វើជាមូលដ្ឋាននៃការសំរេចចិត្ត ព្រោះពួកគេមើលឃើញផលប្រយោជន៍រួមជាធំ ជាជាងស្តាបទីប្រឹក្សានៅក្បែខ្លួន ដែមើលឃើញតែផលប្រយោជន៍ផ្ទាល់ខ្លួន បើមិនប្តូរចរន្តនយោបាយទេ អនាគតនិងដូច លោក កាដាហ្វី