ដោយ៖ ស៊ុន ណារិន | ថ្ងៃចន្ទ ទី25 ឧសភា 2015
http://vodhotnews.com
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបានស្នើឲ្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ចាត់វិធានការចំពោះការបើកបររថយន្តក្រុងធំៗនៅលើផ្លូវជាតិលេខ១ ដោយរកឃើញថាអ្នកបើកបរភាគច្រើនជាជនជាតិវៀតណាមមិនគោរពច្បាប់បើកបរនៅកម្ពុជានោះទេ។
លិខិតរបស់តំណាងរាស្រ្តមណ្ឌលកណ្តាល និងស្វាយរៀង គឺលោក អ៊ូ ច័ន្ទឫទ្ធិ និង លោក គង់ សភា ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ ឲ្យដឹងថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែកើតមានឡើងជារៀងរាល់ថ្ងៃ នៅទូទាំងប្រទេសដែលបំផ្លាញទ្រប្យសម្បត្តិសាធារណៈ ទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងឆក់យកអាយុជីវិតប្រជាពលរដ្ឋកម្ពុជា។ លិខិតបន្តថាកត្តាដែលបណ្តាលឲ្យមានគ្រោះថ្នាក់មានដូចជាបើកបរពេលស្រវឹង បើកបរលើសល្បឿនកំណត់ ការបើកបរមិនយោគយល់អធ្យាស្រ័យគ្នា មិនពាក់មួយសុវត្ថិភាព ដឹកកលើសទម្ងន់ និងភាពធូររលុងរបស់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធជាដើម។ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបានស្នើសុំចាត់វិធានការ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូគោកថ្មី ឲ្យបានម៉ឺងម៉ាត់ នៅតាមបណ្តោយផ្លូវជាតិលេខ១ ជាពិសេសរថយន្តក្រុងធំៗដឹកអ្នកដំណើរភ្នំពេញ ហូជីមិញ ដែលបើកបរដោយជនជាតិវៀតណាម។
បើតាមលិខិតនោះ តំណាងរាស្រ្តបានលើកឡើងថា«ជាក់ស្តែង រថយន្តក្រុងធំៗ ដែលធ្វើចរាចរណ៍នៅលើផ្លូវជាតិលេខ១ បើកបរដោយជនជាតិវៀតណាម ដែលអ្នកបើកបរទាំងនោះ តែងតែបើកបរដោយល្បឿនលឿន មិនគោរពច្បាប់ចរាចរណ៍របស់ប្រទេសកម្ពុជាហើយភាគច្រើនមិនមានប័ណ្ណបើកបរត្រឹមត្រូវនោះទេ»។ លិខិតបានលើកឡើងពីករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ដែលបានកើតឡើងកាលពីថ្ងៃទី១៩ខែឧសភា បណ្តាលឲ្យប្រជាពលរដ្ឋខ្មែរ១៩នាក់ ស្លាប់ ដោយសារការបើកបរធ្វេសប្រហែសរបស់ជនជាតិវៀតណាម។
VODមិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បីអត្ថាធិប្បាយលើបញ្ហានេះបាននៅឡើយទេ។
គួរបញ្ជាក់ថា ថ្មីៗនេះ រដ្ឋសភាបានអនុម័តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលមានការផាកពិន័យតឹងរ៉ឹងជាងមុន។ ច្បាប់នេះអាចនឹងត្រូវប្រកាសដាក់ឲ្យប្រើប្រាស់ជាធរមាន នៅខែមិថុនា ខាងមុខនេះ។
តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ឲ្យដឹងថាក្នុងឆ្នាំ២០១៤កន្លងទៅ ចំនួនគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង១២ភាគរយ បណ្តាលឲ្យមនុស្សស្លាប់ចំនួន២ពាន់នាក់ និងរងរបួសជាង៨ពាន់នាក់ គឺមានការកើនឡើងប្រមាណ១៥ភាគរយ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com