​អតីត​កម្មករ​កម្ពុជា​ថា​ក្រុមហ៊ុន​ដាំ​ឈើ​នៅ​ប្រទេស​ស៊ុយអែត​មិន​បើក​ប្រាក់ខែ​​

ដោយ៖​ ណាត សុភាព​ | ថ្ងៃចន្ទ ទី25 ឧសភា 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

តំណាង​កម្ម​ករ​ដែល​មក​តវ៉ា​នៅ​ស្ថានទូត​ស៊ុយ​អែត ផ្តល់បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មានកាលពី​ព្រឹកមិញ (រូបថត៖ ទេព សូនី)

អតីត​កម្មករ​កម្ពុជា​ដែល​រងគ្រោះ​នៅ​ប្រទេស​ស៊ុយ​អ៊ែត នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រមូលផ្តុំ​នៅ​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា ដើម្បី​ទាមទារ​ឲ្យ​ស្ថាប័ន​នេះ​ជួយ​ពន្លឿន​ដោះស្រាយ​បញ្ហា​ប្រាក់ខែ​ជូន​ពួកគេ ខណៈ​ក្រុមហ៊ុន​ដាំ​កូន​ឈើ​នៅ​ប្រទេស​នេះ​ប្រកាស​ក្ស័យធន មិន​បើក​ប្រាក់ខែ​ឲ្យ​ពួក​គេ​ចំនួន​៦​ខែ​មក​ហើយ ។ 

តំណាង​អតីត​កម្មករ​ទាំងនោះ បច្ចុប្បន្ន​នេះ​រស់នៅ​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ លោក ឡុង សម្ផស្ស ប្រាប់​អ្នកយក​ព័ត៌មាន VOD នៅក្បែរ​ស្ថានទូត​នោះ​ថា ក្រុមហ៊ុន​ដាំ​កូនឈើ​ឈ្មោះ Skogsvardsarbetare hos Botnia Skong AB នៅ​ប្រទេស​ស៊ុយអែត មិន​ព្រម​ផ្តល់​ប្រាក់ខែ​ចំនួន​៦​ខែ​ឲ្យ​ពួកគេ​ប្រមាណ​ជាង​៥០​នាក់ ដែល​ក្នុង​មួយ​នាក់ អាច​ទទួល​បាន​សរុប​ចាប់ពី​២០០០ ដល់​៦០០០​ដុល្លារ ។ លោក​បញ្ជាក់ថា «​សំនូមពរ​ដែល​យើង​ចង់បាន គឺ​គ្រាន់តែ​យើង​ដាក់​ក្នុង​លិខិត​ហ្នឹងហើយ ថា​យើង​សូម​ឲ្យ​ស្ថានទូ​តរក​ដំណោះស្រាយ ឬ​ជួយ​រក​ដោះស្រាយ​បញ្ហា​ពួកយើង បើ​មាន​សំណង​អី​ពី​រដ្ឋាភិបាល ទាក់ទង​នឹង​ក្រុមហ៊ុន​ប្រកាស​ក្ស័យ​ធុន ហើយ​ប្រាក់ខែ​ដែល​យើង​នៅ​មិនទាន់​បាន​ទទួល​នោះ គឺ​សូម​ឲ្យ​សង​ចំពោះ​មុខ​កម្មករ​យើង​ដែល​ថា​នៅ​មិនទាន់​បាន​ទទួល​នោះ​» ។​

បើ​តាម​តំណាង​កម្មករ លោក នី ប៊ុន​ណែ​ត ដែល​ជួប​មន្ត្រី​ស្ថានទូត​នៅ​ព្រឹក​នេះ អះអាងថា ករណី​នេះ​ស្ថានទូត​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ស្ថានទូត​នោះទេ ។ ប៉ុន្តែ​លោក​ថា មន្ត្រី​ស្ថានទូត​នោះ​បាន​សន្យាថា នឹង​ជួយ​រក​ដំណោះស្រាយ​ជូន​ពួកគេ ។​

ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សំរាប់​សហគមន៍ លោក មឿន តុលា មានប្រសាសន៍ថា បើ​ក្រុមហ៊ុន​នោះ​គេចវេស​មែន រដ្ឋាភិបាល​ស៊ុយអែត​ត្រូវតែ​ជំរុញ​ទៅ​ក្រុមហ៊ុន​នោះ​ឲ្យ​បើក​ប្រាក់ខែ​ឲ្យ​កម្មករ​ទាំងនោះ ។ លោក​ថា​ជឿថា បើ​រដ្ឋាភិបាល​ស៊ុយអែត​មាន​ឆន្ទៈ​ដោះស្រាយ នោះ​បញ្ហា​នឹងត្រូវ​បញ្ចប់ ។ លោក​ថា «​ខ្ញុំ​គិថា រដ្ឋាភិបាល​ស៊ុយអែត​នោះ គួរតែ​ចាត់វិធានការ​តឹងរ៉ឹង ក្រៅពី​ការបង់ប្រាក់​ខែ គួរតែ​មាន​ផាកពិន័យ​អី​ផ្សេងៗ​ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន​ស៊ុយអែត​ហ្នឹង ចេះ​តែ​បន្ត​រំលោភច្បាប់ ឬ​រំលោភ​សិទ្ធិ​កម្មករ​តទៅ​ទៀត​» ។​

ដោយឡែក ក្រុម​អតីត​កម្មករ​អះអាងថា ពួក​គាត់​ទទួល​រង​នូវ​ភាពអយុត្តិធម៌​ច្រើន​ដូចជា ក្រុមហ៊ុន​មិន​បើក​ប្រាក់ខែ​ឲ្យ ហើយ​មាន​តំណាង​ក្រុមហ៊ុន​មេធាវី​ឯកជន​ធនាគារ​មេគង្គ​(JBL Mekong) ឈ្មោះ លោក ម៉ា សំបូ​ណា កាលពី​ថ្ងៃ​២៣ ខែ​ឧសភា ឆ្នាំ​២០១៥ បាន​ហៅ​ទូរ​សព្ទ​ទៅ​កម្មករ​ជាង​៣០​នាក់​ឲ្យទៅ​ចុះហត្ថលេខា​លើ​លិខិត​មួយ​ដែល​មាន​សរសេរ​អក្សរ​ស៊ុយអែត ដោយ​ខ្លឹមសារ​ថា កម្មករ​ទទួលស្គាល់​ជំពាក់​ប្រាក់​ពី​ក្រុមហ៊ុន​ចាប់ពី​២០០០ ដល់​៦០០០​ដុល្លារ​ថែម​ទៀត ខណៈ​ប្រាក់ខែ​ចំនួន​៦​ខែ​មិន​ទាន់​បើក​ឲ្យ​ផង ។​

VOD មិនអាច​សុំ​ការបំភ្លឺ​បន្ថែម​ពី​លោក​មេធាវី ម៉ា សំបូ​ណា បានទេ ។ ប៉ុន្តែ​ជំនួយការ​របស់​លោក​គឺ​លោក លី អះអាងថា មេធាវី ម៉ា សំបូ​ណា ពិតជា​បាន​ហៅ​ទូរ​សព្ទ​ទៅ​អតីត​កម្មករ​ទាំងនោះ​ឲ្យមក​ចុះហត្ថលេខា​មែន ប៉ុន្តែ​ពួកគេ​មក​តែ​១១​នាក់​តែ​ប៉ុណ្ណោះ ។ លោក​ថា​នៅក្នុង​ខ្លឹមសារ​លិខិត​នោះ​ក្រុមហ៊ុន​បាន​ប្រាប់​មេធាវី​ថា ឲ្យ​អតីត​កម្មករ​ទាំងនោះ​ចុះហត្ថលេខា​លើ​លិខិត​នោះ ព្រោះ​ពួកគេ​ជំពាក់​លុយ​ក្រុមហ៊ុន​ពេល​ធានា​ពួកគេ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​នោះ ។ លោក​ថា ហេតុនេះ​ពេល​ក្រុមហ៊ុន​បើក​ប្រាក់ខែ​ឲ្យ​ពួកគេ​ហើយ គឺ​ពួកគេ​ត្រូវ​ទូទាត់​សង​ប្រាក់​ដែល​ជំពាក់​ក្រុមហ៊ុន​វិញ​ភ្លាម ។ លោក​ថា «​ខាង​ក្រុមហ៊ុន​ហ្នឹង គេ​បាន​មក​ពឹងពាក់​មេធាវី ដើម្បី​ឲ្យ​ខាង​កម្មករ​ដែល​ជំពាក់​លុយ​ហ្នឹង គឺ​នៅ​ពេល​ដែល​បាន​លុយ​មក​ត្រូវ​សង​លុយ​ដែល​បាន​ខ្ចី​មុន ដែល​ក្រុមហ៊ុន​បើក​ឲ្យ​មុន​ហ្នឹង ប្រគល់​ឲ្យ​ក្រុមហ៊ុន​វិញ ព្រោះ​រាល់​ថ្ងៃ​ហ្នឹង​ក្រុមហ៊ុន​ក្ស័យធន​ហើយ​» ។​

​ទោះជា​យ៉ាងនេះក្តី ក្រុម​អតីត​កម្មករ ព្រមាន​ថា ពួកគេ​នឹង​ប្តឹង​មេធាវី​ដែល​យក​លិខិត​ឲ្យ​ពួក​គេ​ចុះ​ហត្ថលេខា​ដោយ​សរសេរ​ជា​អក្សរ​ស៊ុយអែត ដែល​ពួកគេ​មិន​ចេះ​អាន ប៉ុន្តែ​មាន​ខ្លឹមសារ​ថា ពួក​គេ​ជំពាក់​បំណុល​ក្រុមហ៊ុន​ទៅវិញ​នោះ ៕

​សូម​សរសេរ​មក​លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com



អតីតកម្មករខ្មែរធ្វើការនៅស៊ុយអ៊ែតទាមទារឲ្យក្រុមហ៊ុនដាំកូនឈើបើកប្រាក់ខែ (វីដេអូ)​

ដោយ៖​ វិចិត្រ​ | ថ្ងៃចន្ទ ទី25 ឧសភា 2015, 05:15 PM
http://vodhotnews.com

អតីតកម្មករខ្មែរធ្វើការនៅស៊ុយអ៊ែតទាមទារឲ្យក្រុមហ៊ុនដាំកូនឈើបើកប្រាក់ខែ



What Next?

Recent Articles