ដោយ៖ ញឹម សុខន | ថ្ងៃចន្ទ ទី25 ឧសភា 2015
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មន្ត្រីសង្គមស៊ីវិលអះអាងថា មន្ត្រីនគរបាលមួយរូបនៅក្រុងបាវិត ខេត្តស្វាយរៀង ដែលអតីតអភិបាលក្រុងបាវិត ឈូក បណ្ឌិត ធ្លាប់ឆ្លើយដាក់ថា ជាប់ពាក់ព័ន្ធនឹងសំណុំរឿងបាញ់កម្មករឲ្យរងរបួស៣នាក់ កាលពីជាង៣ឆ្នាំមុននោះ ត្រូវសមត្ថកិច្ចចាប់ខ្លួនហើយ បន្ទាប់ពីសាលាដំបូងខេត្តនេះ បានចេញដីកាជាថ្មីទៀតឲ្យតាមចាប់ខ្លួន ។
មន្ត្រីសម្របសម្រួលរបស់អង្គការលីកាដូ ប្រចាំខេត្តស្វាយរៀង លោក នុត បូព៌ណ្ណារ័ត្ន ឲ្យ VOD ដឹងនៅថ្ងៃចន្ទ ទី២៥ ខែឧសភានេះថា នាយផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋានក្រុងបាវិត លោក ស ចន្ថា ពេលនេះកំពុងត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត ។ លោកថា «និយាយរួមរឿងគាត់ គេទម្លាក់កំហុសលើគាត់ ដំបូងគេឲ្យ ឈូក បណ្ឌិត រួចខ្លួនលើកលែងទោស ឈូក បណ្ឌិត លើកលែងការចោទប្រកាន់ ឈូក បណ្ឌិត ក្រោយមកទម្លាក់កំហុសលើ ស ចន្ថា ដល់ពេលមានមេធាវីប្តឹងមកឧទ្ធរណ៍ បានគេឲ្យចោទ ឈូក បណ្ឌិត ឡើងវិញ» ។
មន្ត្រីសង្គមស៊ីវិលរូបនោះឲ្យដឹងទៀតថា អំឡុងឆ្នាំ២០១៣ លោក ស ចន្ថា ត្រូវចៅក្រមសាលាដំបូងខេត្តស្វាយរៀង ចោទថាបានប្រើប្រាស់អាវុធខុសច្បាប់ និងផ្តន្ទាទោស៦ខែ បន្ទាប់ពីតុលាការរកមិនឃើញថា មន្ត្រីរូបនោះបានដកកាំភ្លើងខ្លីបាញ់កម្មករឲ្យរងរបួស ដូចការឆ្លើយដាក់របស់ជនជាប់ចោទ ឈូក បណ្ឌិត ។
ជនជាប់ចោទ ឈូក បណ្ឌិត ត្រូវតុលាការរកឃើញថា បានដកកាំភ្លើងខ្លីរបស់ខ្លួន បាញ់រះទៅលើក្រុមកម្មករធ្វើបាតុកម្មនៅរោងចក្រមួយ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ខេត្តស្វាយរៀង កាលពីឆ្នាំ២០១២ បង្កឲ្យមានស្ត្រីជាកម្មករ៣នាករងរបួសធ្ងន់ ។
ព្រឹត្តិការណ៍បាញ់បង្ក្រាបនោះ តុលាការបានចោទប្រកាន់ខ្មាន់កាំភ្លើង ឈូក បណ្ឌិត ពីបទបង្ករបួសស្នាមដោយអចេតនា នឹងផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ១៨ខែ និងបង្គាប់ឲ្យសងជំងឺចិត្តដល់ស្ត្រីរងគ្រោះទាំង៣នាក់ សរុប៣៨លានរៀល ។
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀល លោក ហ៊ឹង ប៊ុនជា អះអាងថា ករណីនេះលោកបានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់ខ្លួនលោក ស ចន្ថា និងលោក ឈូក បណ្ឌិត មកផ្តន្ទាទោសតាមសាលក្រមឆ្នាំ២០១៣ បន្ទាប់ពីសាលដីការបស់តុលាការកំពូលចូលជាស្ថាពរ ។
VOD មិនអាចទាក់ទងស្នងការខេត្តស្វាយរៀង លោក កឹង ឃន ដើម្បីបញ្ជាក់ថា តើវិធានការតាមចាប់ខ្លួន លោក ឈូក បណ្ឌិត ដែលបានរស់នៅក្រៅសំណាញ់ច្បាប់ច្រើនឆ្នាំមកហើយនោះ មកផ្តន្ទាទោសតាមសាលដីកាស្ថាពរនោះ ឬក៏យ៉ាងណាទេ ដោយលោកអះអាងថាជាប់រវល់ ។ លោកបញ្ជាក់ថា «ខ្ញុំជាប់ប្រជុំលោកអើយ តេៗ(ហៅទូរសព្ទ)យ៉ាងហ្នឹង» ។
ប្រធានកម្មវិធីសិទ្ធិការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា ដែលតាមដានករណីនេះ បង្ហាញការខកចិត្តចំពោះសមត្ថកិច្ចគ្មានសមត្ថិភាពអាចចាប់ ឈូក បណ្ឌិត មកផ្តន្ទាទោសបាន បើទោះបីកន្លងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ធ្លាប់អះអាងថា ជនដៃដល់បាញ់កម្មករនៅក្រុងបាវិតមានតែលោក ឈូក បណ្ឌិត តែម្នាក់ក៏ដោយ ។ លោកថា «អ្វីដែលជាអយុត្តិធម៌ហ្នឹង គឺវាទ្វេគ្រោះ ទី១ កម្មករបីនាក់ដែលរកការបាញ់ដោយលោក ឈូក បណ្ឌិត ហ្នឹងហើយ ទី២ លោក ស ចន្ថា ហ្នឹងអត់បានប្រព្រឹត្តបទល្មើសអីផង កាលពីហ្នឹងមានន័យថា អត់បានបាញ់ អត់បានវ៉ៃកម្មករផង បែរជារងគ្រោះដោយសារគេចោទប្រកាន់ទៅវិញ ទោះយ៉ាងណាក៏ដោយ ទោសកំហុសដែលតុលាការដាក់ចុងក្រោយនេះ គឺពីបទកាន់កាប់អាវុធខុសច្បាប់ហ្នឹង វាជារឿងមួយដែលសង្គមស៊ីវិលមិនសាទរទេ គួរតែមានការអនុវត្តច្បាប់នៃការគ្រប់គ្រងអាវុធជាតិផ្ទុះ ឲ្យមានប្រសិទ្ធភាព» ។
ប៉ុន្តែទាំងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក ទាំងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ធថារិទ្ធ ធ្លាប់ប្រាប់ VOD ថា ជនជាប់ចោទលោក ឈូក បណ្ឌិត នឹងមិនអាចរស់នៅក្រៅសំណាញ់ច្បាប់បានទេ ដោយគ្រាន់តែការតាមចាប់នោះ ត្រូវការពេលវេលាជាក់លាក់ណាមួយ ។
យ៉ាងនេះក្តីស្ត្រីជាកម្មការនី ដែលរងរបួសដោយគ្រាប់កាំភ្លើងមានអ្នកស្រី កែវ នា ប៊ុន ចិន្តា និងនុត សាខន អះអាងដូចគ្នាថា ពួកគេមានជំនឿតិចតួចបំផុតថាទណ្ឌិត ឈូក បណ្ឌិត នឹងត្រូវចាប់ខ្លួនមកផ្តន្ទាទោស ដើម្បីបានផ្តល់សំណងដល់ពួកគេ បើមន្ត្រីជាន់ខ្ពស់មួយរូបក្នុងជួរគណបក្សប្រជាជនកម្ពុជា នៅតែប្រើឥទ្វិពលរារាំងកិច្ចការតុលាការ និងសមត្ថកិច្ចនោះ ៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com