​ពលរដ្ឋ​ថា​វៀតណាម​មក​បំផ្លាញ​ដំណាំ​កសិករ​ខ្មែរ​ជា​ថ្មី​លើ​ដី​មាន​ជម្លោះ​នៅ​ខេត្ត​ត្បូងឃ្មុំ​​

ដោយ៖​ ឡាយ សា​មាន​​ | ថ្ងៃចន្ទ ទី25 ឧសភា 2015
http://vodhotnews.com


ពល​រដ្ឋ​ចង្អុលបង្ហាញ​ពី​កន្លែង​ដែល​អាជ្ញាធរ​វៀតមាន​ បាញ់​ថ្នាំ​បំផ្លាញដំណាំ​របស់​ពួក​គេ​ កាលពី​ខែ​មេសា​កន្លង​មក (រូបថត៖ ឡាយ សាមាន)

​ពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ អាះអាងថា អាជ្ញាធរ​វៀតណាម​បាន​ចុះ​មក​ហាមឃាត់ និង​ជាន់​ដំណាំ​ស្រូវ​ជាថ្មី នៅ​ពេល​ពួកគេ​ចុះ​ដកស្មៅ​នៅ​ក្បែរ​គុម្ព​ស្រូវ​ដែល​នៅ​សេសសល់​ពី​ការបាញ់​ថ្មាំពុល​បំផ្លាញ​ដំណាំ​កសិករ​ខ្មែរ​ ពី​សំណាក់​អាជ្ញាធរ​វៀតណាមកាលពី​ខែមេសា ​។​

​ពលរដ្ឋ​មា្ន​ក់​ដែល​ឋិត​នៅក្នុង​ហេតុការណ៍​នោះ អ្នកស្រី ញៀន សុខន មាន​ផ្ទៃដី​ដាំ​ដំណាំ​ទំហំ៣​ហិកតា នៅលើ​ដី​មាន​ជម្លោះប្រាប់ VOD ថាកាលពី​ថ្ងៃ​ទី២៣ ខែ​ឧសភា វេលា​ម៉ោង​ប្រមាណ៨ព្រឹក នៅពេល​បងស្រី​របស់​ខ្លួន​ចុះ​បោចស្មៅ​នៅក្បែរ​គុម្ព​ស្រូវ ស្រាប់តែ​អាជ្ញាធរ​វៀតណាម​មាន​គ្នា៣​នាក់ បាន​មក​ហាមឃាត់ឈានដល់​មាន​ការប្រតាយប្រតប់​គ្នា ​។ អ្នកស្រី​បន្ត​ថា គ្រា​នោះ​គាត់​ក៏​បាន​ទៅ​ជួយ​បងស្រី​របស់​ខ្លួន និង​ទាមទារ​សម្ភារ​មកវិញ​ដូចជា​កាំបិត​ដែល​អាជ្ញា​វៀតណាម​ដកហូត​នាពេលនោះ ​។

​បើ​តាម​ការអះអាង​របស់​អ្នកស្រី ញៀន សុខន វៀតណាម​មិន​ត្រឹមតែ​ហាមឃាត់​មិន​ឲ្យ​គាត់​ចុះ​ទៅ​តំបន់​ដាំ​ដំណាំ​នោះទេ ថែម​ទាំង​ជាន់​ដំណាំ​ស្រូវ​របស់​គាត់​ដែល​នៅ​សេសសល់​ពី​ការបាញ់​ថ្មាំពុ​លរបស់​អាជ្ញាធរ​វៀត​ណា​ម​កន្លង​មក​ផង​ដែរ ​។ យ៉ាងណាក៏ដោយ ពលរដ្ឋ​រូបនេះ​អះអាងថា គាត់​នឹង​ទៅ​ធ្វើ​ដំណាំ​នៅលើ​ដី​នោះ​ដដែល ព្រោះ​គាត់​ពុំ​មាន​ដី​បង្កបង្កើន​ផល​ក្រៅពី​ដី​មាន​ជម្លោះ​នោះ​ទេ​ ។​

VOD មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អភិបាល​ស្រុក​មេមត់ លោក ចេង ប៊ុន​ណា​រ៉ា បាន​នៅឡើយ​ទេ​ដោយ​ទូរសព្ទ​ចូល​គ្មាន​អ្នក​ទទួល​ ។​

​ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​កម្ពុជា​លោក ម៉ៅ ពិសេស បង្ហាញ​ការសោកស្តាយ និង​ថ្កោលទោស​ទង្វើ​របស់​អាជ្ញាធ​រ​វៀតណាម​ដែល​បាន​មក​ហាមឃាត់​កសិករ​ខ្មែរ​ទៅ​តំបន់​នោះ​ជាថ្មី​ ។ យ៉ាងណា​ក៏​ដោយ​លោកអំពាវនាវ​ដល់​រដ្ឋាភិបាល ​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ និង​ដោះស្រាយ​ឲ្យបាន​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព​ ។

​លោក ម៉ៅ ពិសេស សង្កត់ធ្ងន់​ថា ទង្វើ​របស់​វៀតណាម​នា​ពេលនេះ បង្ហាញឲ្យឃើញ​កាន់តែ​ច្បាស់​ថា វៀតណាម​កំពុង​ឈ្លានពាន​ទឹកដី​កម្ពុជា ​។ ជាង​នេះ​ទៅ​ទៀត​លោក អះអាងថា តាម​លក្ខណៈ​ភូមិសាស្ត្រ និង​ការចុះពិនិត្យ​ផ្ទាល់ ដី​នៅ​តំបន់​នោះ​ពិត​ជា​របស់​ខ្មែរ​ពិតមែន ​។ 

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី១៩ ​ខែមេសា​ ឆ្នាំ២០១៥កន្លងទៅ អាជ្ញាធរ​វៀតណាមបាន​ដឹកនាំ​ពលរដ្ឋ​របស់​ខ្លួន​ចុះ​បាញ់​ថ្នាំពុល​ បំផ្លាញ​ដំណាំ​កសិករ​ខ្មែរ​ម្តង​រួចមក​ហើយ ​នៅ​ភូមិ​ជើង ឃុំ​ជា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ ។ ការបាញ់​ថ្នាំពុល​នេះ ធ្វើឲ្យ​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​មាន​៩​គ្រួសារ និង​៣២​គ្រួសារ​ប៉ះពាល់​តិចតួច​ក្នុងចំណោម​ប្រជា​ពល​សរុប​ប្រមាណ​១១០​គ្រួសារ ៕  

សូមសរសេរមកលោក ឡាយ សា​មាន​ តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

2 Responses to "​ពលរដ្ឋ​ថា​វៀតណាម​មក​បំផ្លាញ​ដំណាំ​កសិករ​ខ្មែរ​ជា​ថ្មី​លើ​ដី​មាន​ជម្លោះ​នៅ​ខេត្ត​ត្បូងឃ្មុំ​​"

  1. oengveasna says:

    ប្រជាជនកម្ពុជាទាំងមូលត្រូវដឹងនៅពេលទៅបោៈឆ្នោត,បើយើងចង់ក្ររហាម,លំបាកវេទនាបន្តទៀត,ត្រូវជ្រើសរើសអ្នកថ្មីអាចអោយជីវភាពយើងរីកចំរើន,ធូរធារ,មានបាន,កុំរើសអ្នកដដែលៗ,ច្រំដែលៗ,ក្រមួយជីវិត,,,,,,,,,,,។

  2. oengveasna says:

    នៅក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃ្,គេមិនសូវអោយយើងហ៊ានបញ្ចេញមតិយោបល់ច្រើនទេ,គេបំបិទសិទ្ឋិសេរីភាពយើងគ្រប់យ៉ាង,,,,,វាស្រដៀងនឹងសម័យប៉ុលពតដែរ,ដែលមានពាក្យស្លោករបស់ប៉ុលពតថាៈ ” លាក់ការបានខ្ពស់,រស់បានយូរ “,,,។ អ្នកណាហ៊ានបញ្ចេញមតិយោបល់នឹងត្រូវចាប់ដាក់គុក,បាញ់សម្លាប់,,,,,,ជាដើម។ល។។។។។។