ដោយ៖ អុិត សូធឿត | ថ្ងៃចន្ទ ទី25 ឧសភា 2015
http://vodhotnews.com
ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ ក្នុងឆ្នាំ២០១៤កន្លងទៅ (រូបពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា)
ផ្លូវមួយចំនួននៅក្នុងរាជធានីភ្នំពេញនឹងត្រូវបិទផ្អាកចរាចរណ៍នៅព្រឹកថ្ងៃអាទិត្យ ទី ៣១ ខែឧសភានេះ ដើម្បីសុវត្ថិភាពកីឡាករ កីឡាការនីជាតិ និងអន្តរជាតិជាង៤០០០នាក់ ដែលនឹងចូលរួមក្នុងទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ អបអរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ។
សេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាចេញផ្សាយនៅថ្ងៃនេះឲ្យដឹង ផ្លូវដែលត្រូវបិទនៅថ្ងៃអាទិត្យនេះរួមមាន ផ្លូវ២៤០ និងផ្លូវនរោត្ដមពីវិមានឯករាជ្យដល់វត្តភ្នំ ឆ្ពោះទៅផ្លូវ៤៧ ដល់គល់ស្ពានជ្រោយចង្វា នឹងត្រូវបិទចរាចរណ៍ពីម៉ោង៥និង៤០នាទី ដល់ម៉ោង៧ព្រឹក ។ ចំណែកនៅត្រើយខាងកើត ផ្លូវទន្លេសាប ផ្លូវមេគង្គ និងផ្លូវកែវចិន្តា នឹងត្រូវបិទចរាចរណ៍ពីម៉ោង៦និង៣០នាទី ដល់ម៉ោង៨ព្រឹក ។
សេចក្ដីជូនដំណឹងបន្តទៀតថា ផ្លូវស៊ីវត្ថិ (ផ្លូវមាត់ទន្លេ) ពីស្ពានជ្រោយចង្វា មកផ្លូវបត់ចូលកោះពេជ្រ និងផ្លូវសុធារស នឹងត្រូវបិទចរាចរណ៍ពីម៉ោង ៧ ដល់ម៉ោង៩ព្រឹក ។
សាលារាជធានីភ្នំពេញ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលជាអ្នករៀបចំព្រឹត្តការណ៍ក៏បានអំពាវឲ្យមានការយោគយល់ពីប្រជាពលរដ្ឋទាំងអស់ដោយស្មារតីអត់ធ្មត់ និងចូលរួមអបអរសាទរ ព្រមទាំងលើកទឹកចិត្តដល់អត្តពលិកជាតិ និងអន្តរជាតិនៅតាមដងផ្លូវ ៕

សូមសរសេរមកលោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com