ដោយ ប្រាជ្ញ ចេវ
2015-05-25
RFA

ប្រធានគណៈកម្មការទី២នៃរដ្ឋសភា ទទួលបន្ទុកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម លោក ជាម យៀប ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននាវិមានរដ្ឋសភា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥។ RFA/Brach Chev
ប្រធានគណៈកម្មការទី២នៃរដ្ឋសភា ព្រមានដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុណាដែលផ្ដល់ប្រាក់កម្ចីគ្មានច្បាប់អនុញ្ញាត ថានឹងប្រឈមមុខចំពោះផ្លូវច្បាប់ ឬក៏ត្រូវលុបចេញពីបញ្ជី ឬបិទមិនឲ្យដំណើរការតទៅទៀត។ អ្នកវិភាគសេដ្ឋកិច្ចគាំទ្រចំណាត់ការនេះ និងទាមទារឲ្យអនុវត្តច្បាប់នេះដោយមិនប្រកាន់បក្ខពួក។
ការបញ្ចប់ការសួរដេញដោល រវាងគណៈកម្មការទី២រដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច អស់រយៈពេលជិត ៤ម៉ោងនៅមន្ទីររដ្ឋសភា នៅថ្ងៃទី២៥ ខែឧសភា។ ក្នុងឱកាសនោះរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ថា នឹងចំណាត់លើស្ថាប័នមីក្រូហិរញ្ញវត្ថុគ្មានច្បាប់ទាំងឡាយណាដែលកំពុងផ្ដល់ប្រាក់កម្ចី។
ប្រធានគណៈកម្មការទី២ នៃរដ្ឋសភាទទួលបន្ទុកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម លោក ជាម យៀប ថ្លែងក្រោយជួបរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចថា ប្រសិនបើស្ថាប័នមីក្រូហិរញ្ញវត្ថុដែលនៅតែបន្តការងាររបស់ខ្លួនដោយគ្មានច្បាប់អនុញ្ញាត ប្រឈមនឹងការបញ្ឈប់អាជីវកម្ម ឬក៏ត្រូវទទួលទោសទណ្ឌក្នុងច្បាប់ជាធរមាន។
លោក ជាម យៀប បន្តទៀតថា ប្រព័ន្ធច្បាប់របស់រដ្ឋមានគ្រប់គ្រាន់អស់ហើយ ដើម្បីដាក់សម្ពាធស្ថាប័នទាំងនោះ៖ «ការគ្រប់គ្រងរបស់យើងគឺអ្វីដែលចែងក្នុងច្បាប់ យើងមានតុលាការដើម្បីរៀបចំធ្វើយ៉ាងណាសម្រួលរឿងនេះ»។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ដែលយល់ព្រមមកឆ្លើយបំភ្លឺនៅរដ្ឋសភា មិនបានផ្ដល់បទសម្ភាសន៍ឲ្យអ្នកសារព័ត៌មាន ដោយក្នុងពេលលោក ជាម យៀប កំពុងផ្ដល់បទសម្ភាសន៍ លោករដ្ឋមន្ត្រី និងមន្ត្រីហែហម នាំគ្នាចេញស្ងាត់ៗ តាមទ្វារក្រោយ។
ទាក់ទងករណីនេះដែរ អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ លោក ស្រី ចន្ធី គាំទ្រចំណាត់ការដោយលោកយល់ថា ឃើញនៅពេលដែលស្ថាប័នផ្ដល់ប្រាក់កម្ចីទាំងអស់មានច្បាប់ត្រឹមត្រូវ គឺងាយគ្រប់គ្រង ងាយត្រួតពិនិត្យនៃការអនុវត្តរបស់ស្ថាប័នផ្ដល់ប្រាក់កម្ចីទាំងនោះ។
លោក ស្រី ចន្ធី មើលឃើញថា ការចរាចរស្ថាប័នមីក្រូហិរញ្ញវត្ថុគ្មានច្បាប់អនុញ្ញាតនេះ ធ្វើឲ្យពលរដ្ឋជំពាក់បំពុលស្ថាប័ននីមួយៗកាន់តែច្រើនទៅៗ ស្របពេលស្ថាប័នមានការប្រាក់ខ្ពស់៖ «សំខាន់ត្រូវមានការគ្រប់គ្រង បើបណ្ដោយគាត់ គាត់យកការប្រាក់ថ្លៃពេកជាប់បំណុលបង់មិនបាន»។
កន្លងមកប្រជាពលរដ្ឋនៅតាមទីជនបទមួយចំនួនបានរត់ចោលផ្ទះសម្បែង ឬស្រុកកំណើត ព្រោះតែជំពាក់ប្រាក់ស្ថាប័នផ្ដល់ប្រាក់ទាំងនោះ។ អ្នកខ្លះត្រូវគេរឹបអូសផ្ទះសំបែង ព្រោះជំពាក់បំណុលច្រើនស្ថាប័ន។
ចំណែកអភិបាលខេត្តកណ្ដាល លោក ម៉ៅ ភារុណ ដែលឡើងកាន់តំណែងថ្មី ប្រាប់ថា លោកពុំទាន់ទទួលរបាយការណ៍ថា នៅក្នុងខេត្តកណ្ដាល មានស្ថាប័នមីក្រូហិរញ្ញវត្ថុដែលដំណើរការដោយគ្មានច្បាប់នោះទេ។ ទោះបែបនេះក្តី លោកអភិបាលខេត្តថា លោកសើរើពិនិត្យឡើងរាល់ស្ថាប័នទាំងនោះ។
លោក ម៉ៅ ភារុណ ថា កន្លងមកខេត្តពុំទាន់ទទួលបញ្ជាពីរដ្ឋាភិបាល ឬធនាគារជាតិ ទាក់ទងស្ថាប័នផ្ដល់ប្រាក់កម្ចីណាមួយនៅឡើយទេ៖ «នៅកណ្ដាលមិនទាន់មានរបាយការណ៍ណាថា ស្ថាប័នគ្មានច្បាប់នៅឡើយទេ បើគ្មានច្បាប់យើងនឹងអនុវត្តតាមវិធាន»។
ជាញឹកញាប់ ធនាគារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំថ្នាក់ក្រោមជាតិឲ្យធ្វើការតាមដានទៅលើស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងឡាយណាកំពុងដំណើរការផ្ដល់ប្រាក់កម្ចី។ ដើម្បីអនុវត្តការងារនេះទទួលបានប្រសិទ្ធភាព អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ លោក ស្រី ចន្ធី ទាមទារឲ្យមានកម្លាំង និងធនធានមនុស្សគ្រប់គ្រាន់ និងអនុវត្តទៅលើស្ថាប័ននានា គ្មានការរើសអើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក ហ៊ុន សែន ជំរុញឲ្យគ្រប់ស្ថាប័នរដ្ឋចាយវាយថវិកាឲ្យបានត្រឹមត្រូវ
- អ្នកសេដ្ឋកិច្ចរិះគន់រដ្ឋាភិបាលថាមិនទាន់គ្រប់គ្រងទំនិញខូចគុណភាពបាននៅឡើយ
- លោក ហ៊ុន សែន អំពាវនាវឲ្យមានការវិនិយោគជើងហោះហើរមកកម្ពុជាបន្ថែមទៀត
- អាជ្ញាធរខេត្តព្រះសីហនុណែនាំអ្នកផ្ដល់សេវាទេសចរណ៍ឲ្យកំណត់តម្លៃសមរម្យ
- ប្រជាកសិករនៅបាត់ដំបងត្អូញត្អែរចំពោះតម្លៃដំឡូងមីចុះថោក
- ពាងយក្សជួយកាត់បន្ថយការងារលំបាករបស់ស្ត្រីជនជាតិដើមភាគតិចនៅរតនគិរី
- ពលរដ្ឋនៅកំពង់ចាមស្នើអាជ្ញាធរជួយស្វែងរកក្របីដែលចោរលួចជិត៣០ក្បាល
- លោក សុខ អាន៖ ប្រទេសមានការអភិវឌ្ឍជឿនលឿនទាមទារពលរដ្ឋទទួលការអប់រំខ្ពស់
- “ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាខ្ពស់មិនឆ្លុះបញ្ចាំងពីជីវភាពពលរដ្ឋជាក់ស្ដែង”