Mon, 25 May 2015
ភ្នំពេញប៉ុស្តិ៍
បន្ទាយមានជ័យៈ លោក ង៉ោ ម៉េងជ្រួន អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត បានធ្វើរបាយការណ៍មួយជូនលោក អភិបាលខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងបាតុកម្មហិង្សារបស់កម្មករអូសរទេះនៅចំណុចមុខការិយាល័យគយ រដ្ឋាករ ក្រុងប៉ោយប៉ែត នៅថ្ងៃចន្ទនេះ ថាបានសង្កេតឃើញ មន្ត្រីគណបក្សសង្រ្គោះជាតិ និងមនុស្សចំនួនទៀតជាអ្នកដឹកនាំ ធ្វើបាតុកម្មនោះ។
យោងតាមរបាយការណ៍ លោក ង៉ោ ម៉េងជ្រួន បានសរសេរថា លោក ចៅ វាសនា ចៅសង្កាត់រងទី២ សង្កាត់ប៉ោយប៉ែត មកពីគណបក្សសង្រ្គោះជាតិ លោក ឌិន ពុទ្ធី ប្រធានសមាគមន៍អភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ប៉ោយប៉ែត និងគូកនមួយចំនួនដែលមិនបានស្គាល់អត្តសញ្ញាណ ជាអ្នកដឹកនាំក្នុងកិច្ចដំណើរការបាតុកម្មនោះ។
សូមបញ្ជាក់ថា នៅវេលាម៉ោង ៩ព្រឹកថ្ងៃចន្ទនេះ ក្រុមកម្មករអូសរទេះ បានធ្វើបាតុកម្មបិទផ្លូវជាតិលេខ៥ នៅចំណុចមុខការិយាល័យ និងរដ្ឋាករក្រុងប៉ោយប៉ែត ដោយទាមទារមិនឲ្យមានការបង់ពន្ធសម្រាប់ទំនិញដែលមានចំនួន ៣០កេសក្នុងមួយជើង និងស្នើសុំឲ្យលោក ឈួន ហៃ ប្រធានការិយាល័យគយ និងរដ្ឋាករចេញមកធ្វើការដោះស្រាយ។ ប៉ុន្តែបាតុកម្មនោះ បានឈានដល់អំពើហិង្សា និងបានបណ្តាលឲ្យមនុស្ស ៤នាក់រងរបួសធ្ងន់ស្រាល។
បើតាមរបាយការណ៍របស់អភិបាលក្រុងប៉ោយប៉ែត កងកម្លាំងប្រដាប់ក្រុង បានបាញ់បង្អើលឡើងលើចំនួន ៤ គ្រាប់ដោយអាវុធខ្លី ដើម្បីទប់សភាពការណ៍កំពុងធ្ងន់ធ្ងរ។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍